ចលនា​ខ្មែរ​ម្ចាស់​ស្រុក​ពិនិត្យ​ការ​គោរព​សន្ធិសញ្ញា​ក្រុង​ប៉ារីស

សាខា​នៃ​ចលនា​ខ្មែរ​ម្ចាស់​ស្រុក នៅ​ទីក្រុង Sydney ប្រទេស​អូស្ត្រាលី នឹង​រៀបចំ​សន្និបាត​អន្តរ​ជាតិ​លើក​ទី​៣ របស់​ចលនា​ខ្មែរ​ម្ចាស់​ស្រុក នៅ​ថ្ងៃ​ទី​៥ ទី​៦ ខែ​សីហា​ខាង​មុខ​នេះ។

អង្គ​សន្និបាត​អន្តរ​ជាតិ​លើក​ទី​៣ របស់​ចលនា​ខ្មែរ​ម្ចាស់​ស្រុក ផ្ដោត​លើ​ប្រធាន​បទ​ចំនួន ១៣​ចំណុច ជា​សំខាន់។ ប្រធាន​បទ​៥​ដំបូង រួម​មាន​អំពី​បទ​វិភាគ​របស់​វាគ្មិន​ពី​ប្រទេស​អូស្ត្រាលី កម្ពុជា និង​សហ​រដ្ឋ​អាមេរិក ទាក់​ទិន​នឹង​វិបត្តិ​សង្គម​ធំៗ នៅ​កម្ពុជា ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​សុក្រ​ក្នុង​សប្ដាហ៍​នេះ។ ប្រធាន​បទ​៨​ផ្សេង​ទៀត​នឹង​ត្រូវ​លើក​យក​មក​ជជែក​ពិភាក្សា​ជា​បន្ត​បន្ទាប់​មក​ទៀត។ ក្នុង​នោះ​រួម​មាន បញ្ហា​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ក្រោយ​ពី​មាន​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ និង​រិះរក​ដំណោះ​ស្រាយ ដើម្បី​ឈាន​ទៅ​រក​សេរីភាព​ជូន​ប្រជា​ជាតិ​ខ្មែរ តាម​រយៈ​ច្បាប់​អន្តរ​ជាតិ។ អង្គ​សន្និបាត​ទាំង​ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍​នេះ នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ឯ​មហា​វិទ្យាល័យ NEW SOUTH WALES នៅ​ទីក្រុង Sydney ប្រទេស​អូស្ត្រាលី។

លោក​ស្រី​បណ្ឌិត ចាក់ សាខុន ប្រធាន​ចលនា​ខ្មែរ​ម្ចាស់​ស្រុក​មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​តាម​ទូរស័ព្ទ​មក​ថា វាគ្មិន​សំខាន់ៗ ដែល​នឹង​ចូល​រួម​មាន​ទាំង​អស់ ១២​នាក់ ៖ «មាន​មន្ត្រី​តំណាង​តុលាការ​កំពូល​អូស្ត្រាលី និង​វាគ្មិន​អ្នក​បច្ចេកទេស​ពី​មហា​វិទ្យា​ល័យ​មួយ​ចំនួន និង​ពី​អង្គការ​សហ​ប្រជា​ជាតិ​ខ្លះ​មក​ចូល​រួម»

កិច្ច​ប្រជុំ​នៅ​ថ្ងៃ​អាទិត្យ​នឹង​រៀបចំ​ឡើង​នៅ​ឯ​វត្ត​កេតនៈ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង Sydney ប្រទេស​អូស្ត្រាលី។ លោក ប៊ុន ហ៊ាង​អ៊ឹង តំណាង​ឲ្យ​ខ្មែរ​ម្ចាស់​ស្រុក​ប្រចាំ​ទីក្រុង Sydney មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ថា អ្នក​ចូល​រួម​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ អាច​មាន​ច្រើន ៖ «អាច​មាន​ពី​៣ ដល់​៤​រយ​នាក់​ឯណោះ។ សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា មាន​សារសំខាន់​ច្រើន​ដល់​ខ្មែរ រួម​មាន​ការពារ​បូរណភាព​ដែន​ដី បញ្ឈប់​បញ្ហា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ដើម»

លោក​ស្រី​បណ្ឌិត ចាក់ សាខុន បញ្ជាក់​ថា ខ្មែរ​ម្ចាស់​ស្រុក​រៀបចំ​អង្គ​សន្និបាត​អន្តរ​ជាតិ​បែប​នេះ បាន​៣​លើក រួម​ទាំង​នៅ​លើក​នេះ​ផង ហើយ​ក៏​គ្រោង​នឹង​បន្ត​រៀបចំ ២​ទៀត នៅ​ក្នុង​ឆ្នាំ​២០១១ ឲ្យ​បាន​ទាំង​អស់ ៥​អង្គ​សន្និបាត ក្នុង​បំណង​ជួយ​ដល់​កម្ពុជា ៖ «ពិនិត្យ​នូវ​កាល​វេលា។ ទី​៤ ធ្វើ​នៅ​ញីវយ៉ក ទី​៥ ធ្វើ​នៅ​ប៉ារីស ដើម្បី​ឲ្យ​គេ​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្មែរ»