បុរស​៣​នាក់​សារភាព​ថា​ជា​អ្នក​បង្ក​របួស​ស្នាម​លើ​តំណាង​រាស្ត្រ​​បក្ស​ប្រឆាំង​២នាក់

0:00 / 0:00

សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ឲ្យ​ដឹង​ថា ជន​ដៃ​ដល់​មួយ​ចំនួន​ដែល​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ​ទៅ​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា កន្លង​ទៅ បាន​ចូល​សារភាព​ទទួល​ទោស​កំហុស​ចំពោះ​មុខ​ច្បាប់​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣ វិច្ឆិកា។ ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា បាន​សាទរ​ចំពោះ​ភាព​ក្លាហាន​របស់​ជន​ដៃ​ដល់ ប៉ុន្តែ​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​មុខ​អ្នក​បញ្ជា​ពី​ក្រោយ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក​ឧត្តមសេនីយ៍ ខៀវ សុភ័គ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អង្គារ ទី​៣ វិច្ឆិកា ថា យ៉ាង​ហោច​ណាស់​មាន​ជន​ដៃ​ដល់​ចំនួន​បី​រូប បាន​ចូល​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ។ លោក​បន្ត​ថា សមត្ថកិច្ច​នឹង​បញ្ជូន​ខ្លួន​ជន​ដៃ​ដល់​ទាំង​បី​នាក់ ទៅ​តុលាការ​នៅ​ថ្ងៃ​ពុធ ទី​៤ វិច្ឆិកា៖ «ល្ងាច​មិញ​នេះ​ម៉ោង​ប្រហែល​ជិត​ប្រាំ​ទៅ​ហើយ មាន​ជន​ដៃ​ដល់​បី​រូប​ដែល​បាន​បង្ហាញ​ខ្លួន​ចំពោះ​មុខ​គណៈកម្មការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ។ ឥឡូវ​នេះ កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​គណៈកម្មការ​យើង​ទេ ដើម្បី​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​នៅ​ព្រឹក​ស្អែក​នេះ»

ជន​ដៃ​ដល់​ទាំង​បី​នាក់​នេះ ទី​មួយ​មាន​ឈ្មោះ ចាយ សារិទ្ធ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ​នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ ទី​២ ឈ្មោះ ម៉ៅ ហឿន ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មាន​ទីលំនៅ​នៅ​ឃុំ​ព្រែកខ្សាយ ស្រុក​ពាមរក៍ ខេត្ត​ព្រៃវែង។ ទី​៣ ឈ្មោះ សុត វណ្ណនី ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​កំពង់សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

លោក ខៀវ សុភ័គ អះអាង​ថា មនុស្ស​ដែល​ចូល​សារភាព​ទាំង​បី​នាក់​នេះ ជា​ជន​ដៃ​ដល់​ជាង​គេ​ក្នុង​អំពើ​ហិង្សា​ទៅ​លើ​អ្នក​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ «តាម​ដែល​បង​ដឹង​មាន​អ្នក​ពាក់​ពួក​ក្រហម​មួយ អ្នក​ដែល​ពាក់​ស្បែក​ជើង​ហ្នឹង​មួយ ហើយ​និង​អ្នក​ទាត់​ហ្នឹង​មួយ។ ហ្នឹង​ជា​អ្នក​ដៃ​ដល់​ជាង​គេ ក្រៅ​ពី​ហ្នឹង​មិន​ដៃ​ដល់​ទេ គ្រាន់​តែ​ហេកហកៗ​នឹង​គេ​នឹង​ឯង​ទេ»

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ជំរុញ​ឲ្យ​ម្ចាស់​ផេក​ហ្វេសប៊ុក (Facebook page) ទាំងឡាយ​ដែល​មាន​ភស្តុតាង​ជា​រូប​ថត ឬ​ជា​វីដេអូ ដែល​ថត​មុខ​ជន​ដៃ​ដល់​ក្នុង​អំពើ​ហិង្សា​ក្បែរ​មន្ទីរ​រដ្ឋសភា មក​ប្រគល់​ឲ្យ​សមត្ថកិច្ច ដើម្បី​កំណត់​មុខ​សញ្ញា​បន្ថែម៖ «ហ្វេសប៊ុក​គេ​ធ្វើ​អី​ក៏​បាន​ដែរ។ ដូច​ឈ្មោះ ក អ៊ីចឹង គេ​សង្ស័យ​ហើយ​ដូរ​ទៅ​ឈ្មោះ ខ វិញ ក៏​មាន​ដែរ។ សមត្ថកិច្ច​អំពាវនាវ​ឲ្យ​ម្ចាស់​ផេក​ទាំងអស់ ដែល​បាន​ថត​ផ្ទាល់​ហ្នឹង សូម​ឲ្យ​វីដេអូ​ដើម​របស់​លោក​យក​មក​ឲ្យ​គណៈកម្មការ​របស់​យើង ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ការ​សន្និដ្ឋាន និង​ចោទ​ប្រកាន់​តាម​ផ្លូវ​ច្បាប់»

ទោះ​ជា​យ៉ាង​ណា កន្លង​មក​គេ​ឃើញ​ក្រសួង​មហាផ្ទៃ ចាត់​ការ​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ភ្លាមៗ​ដាក់​ពន្ធនាគារ ដោយ​ប្រើប្រាស់​សារ និង​រូបភាព​ដែល​ជន​សង្ស័យ​បាន​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ករណី​ទាំង​នោះ​រួម​មាន អ្នក​សរសេរ​សារ​គំរាម​សម្លាប់ លោក សុខ ទូច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​អ្នក​សរសេរ​គំរាម​សម្លាប់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

ជុំវិញ​ការ​ចូល​សារភាព​របស់​ជន​ដៃ​ដល់​ទាំង​នេះ លោក ញ៉យ ចំរើន ដែល​ជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​របស់​ក្រុម​បាតុករ ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្ដែង​ការ​កោត​សរសើរ​ដល់​ភាព​ក្លាហាន​របស់​ជន​ដៃ​ដល់ ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​សមត្ថកិច្ច​វែក​មុខ​អ្នក​បញ្ជា​ឲ្យ​មាន​អំពើ​ហិង្សា​នេះ​កើត​ឡើង៖ «អរគុណ​ណាស់ ហ្នឹង​យើង​សរសើរ​ដែល​ក្លាហាន​ហ៊ាន​មក​សារភាព​ហ្នឹង តើ​ខ្ញុំ​ចង់​ដឹង​ថា តើ​មាន​អ្នក​ណា​នៅ​ពី​ក្រោយ​រឿង​ហ្នឹង? ខ្ញុំ​មិន​ជឿ​ថា​អ្នក​ទាំងអស់​ហ្នឹង​សុខៗ​មាន​អ៊ីចឹង​កើត​ឡើង​ទេ ព្រោះ​យើង និង​ក្រុម​បី​នាក់​ហ្នឹង មិន​ដែល​មាន​ទំនាស់​អ្វី​ជាមួយ​គ្នា​ទេ ហើយ​សឹង​ថា​មក​សម្លាប់​យើង​ទៅ​ហើយ។ ដូច្នេះ ខ្ញុំ​សង្ស័យ​ថា វា​មាន​អ្នក​នៅ​ពី​ក្រោយ​ហ្នឹង​ទៅ​ទៀត។ អ៊ីចឹង ខ្ញុំ​ចង់​ដឹង​ថា តើ​មាន​អ្នក​ណា​នៅ​ពី​ក្រោយ​ហ្នឹង ហើយ​ចាប់​យក​មក​កាត់​ទោស​តាម​ផ្លូវ​ច្បាប់»

ក្រុម​បាតុករ​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​តុលា បាន​នាំ​គ្នា​ស្រែក​ទាមទារ​ឲ្យ​ដក​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចេញ​ពី​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា។ ក្រុម​បាតុករ បាន​ចាប់​អូស​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន ចេញ​ពី​រថយន្ត ហើយ​ព្រួត​គ្នា​ចោមរោម​វាយ​ទាត់​ធាក់​យ៉ាង​សាហាវ បណ្ដាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ហើយ​ដួល​សន្លប់​នៅ​ហ្នឹង​កន្លែង។

បាតុកម្ម​ហិង្សា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ហ៊ុន សែន ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ក្នុង​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​អាទិត្យ ថា បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​នៅ​បារាំង គឺ​ជា​សិទ្ធិ​របស់​ពលរដ្ឋ ចំណែក​បាតុកម្ម​ប្រឆាំង លោក កឹម សុខា នៅ​ភ្នំពេញ ក៏​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ដូច​គ្នា។

មជ្ឈដ្ឋាន​សាធារណៈ​ជាតិ និង​អន្តរជាតិ ចាត់​ទុក​សម្ដី​របស់ លោក ហ៊ុន សែន ថា​អាច​ជា​ការ​បញ្ឆេះ​កំហឹង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ហិង្សា។

ជុំវិញ​ការ​ចូល​សារភាព​របស់​ជន​ដៃ​ដល់​ដែល​បង្ក​របួស​ស្នាម​ធ្ងន់ធ្ងរ​ដល់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ដែរ អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត អះអាង​ថា គ្មាន​អ្វី​ចម្លែក​នោះ​ទេ​ចំពោះ​ការ​ចូល​សារភាព​របស់​ជន​ដៃ​ដល់​នៅ​ពេល​នេះ ដោយសារ​គណៈកម្មការ​ស៊ើប​អង្កេត​របស់​ក្រសួង​មហាផ្ទៃ បាន​ទុក​លទ្ធភាព​ឲ្យ​ពួក​គេ​ចូល​បង្ហាញ​ខ្លួន ជា​ជាង​ធ្វើ​ការ​ចាប់​ខ្លួន​តែ​ម្តង៖ «គណៈកម្មការ​នេះ​បាន​ប្រកាស​ជា​បន្តបន្ទាប់​ថា​ពិបាក​ក្នុង​ការ​ស៊ើប​អង្កេត ហើយ​សូម​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​ហ្នឹង​ចូលរួម​ផ្តល់​ភស្តុតាង។ ទីបំផុត យើង​ឃើញ​ថា ជន​ពាក់ព័ន្ធ​បាន​ចូល​សារភាព ហើយ​មិន​បាន​ទៅ​ណា​ឆ្ងាយ​ទេ បើ​យើង​មើល​ទៅ។ អ៊ីចឹង​ហើយ ដែល​យើង​អាច​មើល​ឃើញ​ថា ជា​ការ​ទុក​លទ្ធភាព​ឲ្យ​អ្នក​ហ្នឹង​ចូល​សារភាព។ បើ​សិន​ជា​យើង​គិត​លើ​ឆន្ទៈ​ក្នុង​ការ​ស៊ើប​អង្កេត​ពិត​ប្រាកដ អ្នក​ទាំងអស់​គ្នា​ហ្នឹង គឺ​រយៈពេល​មួយ​អាទិត្យ​មិន​បាច់​ចូល​សារភាព ក៏​គណៈកម្មការ​គេ​ចាប់​បាន​ដែរ»

លោក​បន្ត​ថា ការ​ចូល​សារភាព​របស់​ជន​ដៃ​ដល់ អាច​ធ្វើ​ទៅ​បាន គឺ​ដោយសារ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា កន្លង​ទៅ ក្រោយ​ពេល​លោក​វិល​ត្រឡប់​ពី​ប្រទេស​បារាំង។

កន្លង​ទៅ​មាន​ជន​ដៃ​ដល់​មួយ​ចំនួន បាន​ចូល​ខ្លួន​សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ ចំពោះ​អំពើ​ហិង្សា​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ ក្រោយ​ពី​មាន​បញ្ជា​របស់ លោក ហ៊ុន សែន ដូចជា​ករណី លោក​ឧកញ៉ា សុខ ប៊ុន បង្ក​របួស​ស្នាម​លើ កញ្ញា សាសា និង​ករណី លោក ឈូក បណ្ឌិត ដែល​បាន​បាញ់​កម្មការិនី​បី​នាក់​ឲ្យ​របួស​ធ្ងន់​នៅ​ខេត្ត​ស្វាយរៀង ជាដើម។

ទោះ​ជា​យ៉ាង​ណា ផ្អែក​តាម​សាក្សី​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ជា​អ្នក​បើក​រថយន្ត​ដឹក​កង​អង្គរក្ស លោក ហ៊ុន សែន ពី​ខេត្ត​កណ្តាល ក្រុម​អង្គរក្ស​របស់​នាយក​រដ្ឋមន្ត្រី​ប្រមាណ ២០០​នាក់ បាន​ចូលរួម​ក្នុង​បាតុកម្ម​បណ្ដេញ លោក កឹម សុខា ពី​តំណែង ហើយ​រូបភាព​វីដេអូ​ផ្សាយ​ពាស​ពេញ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ថា ជន​ដៃ​ដល់​មាន​គ្នា​ច្រើន​លើស​ពី ៣​នាក់។

អំពើ​និទ្ទណ្ឌភាព​មាន​កម្រិត​ខ្ពស់​នៅ​កម្ពុជា ក្នុង​នោះ​មាន​ករណី​ជាច្រើន​ដែល​ជន​ដៃ​ដល់​មិន​ត្រូវ​បាន​វែក​មុខ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច។ ករណី​ទាំង​នោះ​រួម​មាន ឃាតកម្ម​លើ​មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ឆ្នាំ​២០០៤ ករណី​សម្លាប់​រង្គាល​កងទ័ព​រាជា​និយម​ហ៊្វុនស៊ិនប៉ិច ករណី​អ្នក​បញ្ជា​ឲ្យ​បោក​គ្រាប់​បែក​មុខ​រដ្ឋសភា កាល​ពី​ឆ្នាំ​១៩៩៧ ការ​បាញ់​សម្លាប់​តារា​ភាពយន្ត អ្នកស្រី ពិសិដ្ឋ ពិលីកា ការ​បាញ់​ប្រហារ​តារា​ចម្រៀង កញ្ញា ទូច ស៊ុននិច ការ​សម្លាប់​ព្រះសង្ឃ សំ ប៊ុនធឿន ការ​ជះ​ទឹក​អាស៊ីត​លើ អ្នកស្រី តាត ម៉ារីណា ការ​សម្លាប់​អ្នក​កាសែត ឬ​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។