អង្គការសង្គមស៊ីវិល សហជីព និងបណ្ដាញយុវជនមួយចំនួនបានជួបជុំគ្នា នៅមុខស្ថានទូតមីយ៉ាន់ម៉ា (Myanmar) ឬភូមាប្រចាំរាជធានីភ្នំពេញនៅថ្ងៃទី១២ កុម្ភៈនេះ ដើម្បីដាក់ញត្តិបង្ហាញការមិនគាំទ្ររដ្ឋប្រហារយោធា។ ក្រុមសង្គមស៊ីវិលទាំងនេះ គាំទ្រដល់ពលរដ្ឋភូមាទាំងអស់ ដែលកំពុងទាមទារសេរីភាព និងលំហប្រជាធិបតេយ្យរបស់ពួកគេ។ មន្ត្រីរដ្ឋាភិបាលកម្ពុជាយល់ថា សកម្មភាពក្រុមអង្គការសង្គមស៊ីវិលនេះ ប្រាសចាកពីជំហររបស់រដ្ឋាភិបាលអាស៊ាន និងផ្ទុយពីលក្ខន្តិកៈរបស់សង្គមស៊ីវិល។
ក្រុមអង្គការសង្គមស៊ីវិលកម្ពុជាចំនួន៥៩ ធ្វើញត្តិរួមគ្នាទាមទារឱ្យក្រុមមេដឹកនាំរដ្ឋប្រហារយោធាភូមា ដោះលែងអ្នកស្រី អ៊ុង សានស៊ូជី និងថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិលមួយចំនួនទៀត ដែលត្រូវបានចាប់ខ្លួនក្នុងអំពើរដ្ឋប្រហារ កាលពីសប្ដាហ៍មុន។ ក្រុមសង្គមស៊ីវិលទាំងនេះ គាំទ្រដល់ការតស៊ូរបស់ពលរដ្ឋភូមា ដើម្បីប្រឆាំងរដ្ឋប្រហារយោធា និងដើម្បីកសាងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា ក្រុមសង្គមស៊ីវិលមិនគាំទ្ររដ្ឋប្រហារយោធានោះទេ ប៉ុន្តែនៅឈរខាងប្រជាពលរដ្ឋភូមា ដែលកំពុងទាមទារសិទ្ធិសេរីភាពរបស់ពួកគេ ដើម្បីលំហប្រជាធិបតេយ្យ។ អ្នកស្រីបន្តថា រដ្ឋាភិបាលប្រទេសអាស៊ានទាំងអស់គួរតែចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការដណ្ដើមអំណាចដោយប្រដាប់អាវុធបែបនេះ ដោយមិនត្រូវនៅស្ងៀម ក្រោមហេតុផលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងសមាជិកដទៃនោះទេ៖ « លើកឡើងនៅបញ្ហាដែលប្រទេសភូមា ដែលកំពុងប្រឈមនេះ រដ្ឋាភិបាលមិនគួរនៅតែរក្សាជំហរភាពស្ងៀមស្ងាត់ ហើយជ្រើសរើសនូវការហេតុផលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះទេ ព្រោះថា អ្វីដែលយើងឃើញបច្ចុប្បន្ន គឺជាការបំពានទៅលើធម្មនុញ្ញអាស៊ាន » ។
កាលពីថ្ងៃទី១ កុម្ភៈ មេដឹកនាំយោធាភូមា គឺលោក ម៊ីន អ៊ុងឡាំង (Min Aung Hlaing) បានដឹកនាំកងកម្លាំងប្រដាប់អាវុធធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីគណបក្សរបស់អ្នកស្រី អ៊ុង សានសូជី ដែលបានឈ្នះឆ្នោតភ្លូទឹកភ្លូកដីនៅភូមា កាលពីចុងឆ្នាំ២០២០។ មេដឹកនាំស៊ីវិលជាប់ឆ្នោតជាច្រើនរូប រួមទាំងអ្នកស្រី អ៊ុង សានសូជី (Aun San SuuKyi)ផង ត្រូវបានចាប់ឃុំខ្លួន។ ផ្ដើមចេញពីអំពើរដ្ឋប្រហារនេះ ប្រជាពលរដ្ឋភូមាគ្រប់ស្រទាប់វណ្ណៈ បានផ្ទុះការតវ៉ាទ្រង់ទ្រាយធំនៅទូទាំងប្រទេស។
ជុំវិញអំពើរដ្ឋប្រហារយោធានៅភូមានេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន លើកឡើងថា រដ្ឋាភិបាលកម្ពុជាមានជំហរមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ានឡើយ។ លោកចោទថា ក្រុមសង្គមស៊ីវិលកំពុងធ្វើសកម្មភាព ប្រាសចាកពីជំហររបស់រដ្ឋាភិបាល ពីជំហររបស់អាស៊ាន និងពីផ្ទុយលក្ខន្តិកៈរបស់សង្គមស៊ីវិល៖ « យើងមិនមែនចៅក្រម យើងអត់មានសមត្ថកិច្ចវិនិច្ឆ័យទៅលើការងារផ្ទៃក្នុងរបស់គេទេ យើងនឹងធ្វើតាមរបៀបវិជ្ជាជីវៈ ជាសមាជិករបស់អាស៊ាន ឆ្លើយតបនឹងធម្មនុញ្ញរបស់អាស៊ាន គឺប្រធានរបស់អាស៊ានកោះហៅជុំគ្នា រួចជជែកគ្នា ហើយចេញសេចក្ដីថ្លែងការណ៍ ព្រោះយើងឈរលើភាពជាឯកច្ឆាន ហើយខ្ញុំសោកស្ដាយណាស់ ដែលសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលគួរគោរពវិន័យរបស់អាស៊ាន » ។
ការលើកឡើងបែបនេះរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ត្រូវបានច្រានចោលដោយក្រុមសង្គមស៊ីវិល។
សមាជិកបណ្ដាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា លើកឡើងថា ក្រុមអង្គការសង្គមស៊ីវិលធ្វើញត្តិ និងដាក់ញត្តិនេះទៅស្ថានទូតភូមា គឺដើម្បីបង្ហាញពីស្មារតីសាមគ្គីភាពជាមួយពលរដ្ឋភូមា។ លោកថា ក្រុមសង្គមស៊ីវិលកម្ពុជាស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងនៅជាមួយពលរដ្ឋភូមាក្នុងការតស៊ូទាមទារយកលទ្ធិប្រជាធិបតេយ្យមកវិញ។ លោកបញ្ជាក់ថា ក្នុងនាមជាពលរដ្ឋអាស៊ាន ក្រុមសង្គមស៊ីវិលកម្ពុជាមានសិទ្ធិពេញលេញក្នុងការធ្វើសកម្មភាពគាំទ្រដល់ពលរដ្ឋភូមាដែលជាពលរដ្ឋអាស៊ានដូចគ្នា៖ « ក្រុមណាមួយ ដើម្បីមានចេតនាណាអ្វីផ្សេងទេ វាជាឆន្ទៈជាស្មារតីរបស់អង្គការសង្គមស៊ីវិល ក្នុងប្រទេសកម្ពុជាយើង ដែលនិយាយបានថា យើងមានទំនាក់ទំនងមិត្តភាពជាមួយសង្គមស៊ីវិលដែលនៅប្រទេសភូមា ហើយយើងបង្ហាញជំហរស្មារតីសាមគ្គីភាពជាមួយគ្នា » ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព មានប្រសាសន៍ថា ធម្មនុញ្ញអាស៊ានបានកំណត់ថា ប្រទេសសមាជិកនីមួយៗ ប្ដេជ្ញាចិត្តចំពោះនីតិរដ្ឋ គោលការណ៍សិទ្ធិមនុស្ស និងអភិបាលកិច្ចល្អ។ ដូច្នេះនៅពេលមានរដ្ឋប្រហារបែបនេះ អាស៊ានមានកាតព្វកិច្ចត្រួតពិនិត្យ និងត្រូវធានាថា ទង្វើបែបនេះ មិនត្រូវបានលើកទឹកចិត្តនោះឡើយ។ ជាពិសេសអាស៊ានត្រូវតែធ្វើយ៉ាងណា ឱ្យមានបរិយាកាសប្រជាធិបតេយ្យជូនប្រជាពលរដ្ឋភូមាវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។