មន្ត្រី​បក្ស​ប្រឆាំង​៨​រូប​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ

0:00 / 0:00

បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧​រូប និង​សកម្មជន​មួយ​រូប​ដែល​ជាប់​ពន្ធនាគារ​ព្រៃ​ស មួយ​អាទិត្យ​មក​ហើយ​នោះ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ នៅ​ល្ងាច​ថ្ងៃ​ទី​២២ កក្កដា។ មាន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​ពាន់​នាក់ ចេញ​ទៅ​ទទួល​ស្វាគមន៍​អ្នក​ទាំង​នោះ។

អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​រាប់​ពាន់​នាក់ បាន​ស្រែក​ជយឃោស និង​ស្វាគមន៍​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៧​រូប និង​សកម្មជន​មួយ​រូប ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ព្រៃ​ស​នៅ​វេលា​ម៉ោង ៤ និង ៤០​នាទី ល្ងាច​ថ្ងៃ​ទី​២២ កក្កដា។

រី​ឯ​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ចំនួន ៧​រូប និង​សកម្មជន​មួយ​រូប ដែល​បាន​ចេញ​ពី​ពន្ធនាគារ​នោះ​វិញ សុទ្ធតែ​មាន​ទឹក​មុខ​រីករាយ​នៅ​ពេល​ដែល​ទទួល​បាន​ការ​ស្វាគមន៍​ពី​អ្នក​គាំទ្រ​របស់​ខ្លួន។ ក្ដី​រំភើប​ពី​ការ​ដោះលែង​នោះ ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខ្លះ​ស្រែក​យំ និង​ស្ទុះ​ទៅ​អោប​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ។

អ្នក​តំណាង​រាស្ត្រ​ជា​បុរស​ត្រូវ​បាន​គេ​រៀបចំ​ដោះលែង​តាម​ច្រក​ទ្វារ​ពន្ធនាគារ​ ម១ ដែល​នៅ​ច្រក​ខាង​ត្បូង។ ដោយ​ឡែក​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ជា​ស្ត្រី​តែ​ម្នាក់​គត់ ក្នុង​ចំណោម​អ្នក​តំណាង​រាស្ត្រ​ ដែល​ជាប់​ឃុំ​ទាំង ៧​រូប គឺ​អ្នកស្រី មូរ សុខហួរ ត្រូវ​បាន​ដោះលែង​តាម​ច្រក​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ដែល​នៅ​ច្រក​ខាង​ជើង។

នៅ​ក្នុង​ហ្វូង​អ្នក​គាំទ្រ​កកកុញ​ដែល​រង់ចាំ​ទទួល​អ្នកស្រី​នៅ​ច្រក​ចេញ​ពី​ពន្ធនាគារ អ្នកស្រី មូរ សុខហួរ ថ្លែង​សារ​នយោបាយ​ថា ពេល​នេះ​ជា​ពេល​ដែល​ខ្មែរ​ត្រូវ​រួម​សាមគ្គី​គ្នា​តែ​មួយ ហើយ​អ្នកស្រី​ហៅ​ការ​ចរចា​នយោបាយ​រវាង​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២២ កក្កដា ថា ជា​ការ​ចរចា​សម្រាប់​ជាតិ​ទាំង​អស់​គ្នា។

អ្នកស្រី​ថ្លែង​អំណរ​គុណ​ដល់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​តស៊ូ​រហូត​មក​ដល់​ពេល​នេះ៖ «ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ ដ៏​ស្មោះ​ដល់​បង​ប្អូន​បាន​តស៊ូ​យូរ​ណាស់​មក​ហើយ ហើយ​បង​ប្អូន​ជា​អ្នក​រងគ្រោះ។ ក៏​ប៉ុន្តែ អ្វី​ដែល​បងប្អូន​ចង់​បាន ក៏​ដូច​ជា​យើង​ខ្ញុំ​ជា​អ្នក​តំណាង​រាស្ត្រ​ចង់​បាន​ដែរ គឺ​យុត្តិធម៌។ ខ្ញុំ​មាន​ជំនឿ​ច្បាស់​ណាស់​ថា យើង​នឹង​កសាង​ឱ្យ​ប្រទេស​ជាតិ​យើង​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​សិទ្ធិ​សេរីភាព គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ស្មើ​គ្នា។ ខ្ញុំ​មាន​ជំនឿ ហើយ​ខ្ញុំ​រឹតតែ​មាន​កម្លាំង​ខ្លាំង​ទៅ​ទៀត នៅ​ក្នុង​ការ​បម្រើ​បង​ប្អូន​ក្នុង​នាម​ជា​អ្នក​តំណាងរាស្ត្រ»

ក្នុង​ដំណើរ​ដែល​មើល​ទៅ​នៅ​តែ​ក្លាហាន ឆ្ពោះ​ទៅ​ចូល​រួម​ជាមួយ​ក្រុម​អ្នក​តំណាងរាស្ត្រ​ផ្សេង​ទៀត​ដែល​នៅ​ច្រក​ម្ខាង​ទៀត​នោះ អ្នកស្រី​បាន​ស្រែក​ច្រៀង​ចម្រៀង​ស្នេហា​ជាតិ គឺ​បទ "ជន​ជាតិ​ខ្មែរ​កើត​នៅ​លើ​ដី​ខ្មែរ"។

ទាក់ទង​នឹង​ការ​ដោះលែង​នេះ​ដែរ មេធាវី​ការពារ​ក្ដី​ឱ្យ​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ដែល​ជាប់​ឃុំ​ទាំង​នោះ​បញ្ជាក់​ថា ពួក​លោក​មិន​បាន​ទទួល​ ឬ​ឃើញ​ដីកា​របស់​តុលាការ​ទេ។ ក៏​ប៉ុន្តែ លោក​ពួក​បញ្ជាក់​ថា នៅ​ពេល​ដោះលែង​នោះ គឺ​មាន​លិខិត​បង្គាប់​ពី​ខាង​ពន្ធនាគារ​ឱ្យ​ដោះលែង ដោយ​យោង​តាម​ដីកា​របស់​តុលាការ។

ដោយ​ឡែក​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា ការ​ដោះលែង​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ គឺ​ជា​ការ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​របស់​តុលាការ។ ក៏​ប៉ុន្តែ លោក​មាន​ប្រសាសន៍​ទៀត​ថា ការ​ដោះ​លែង​នោះ​ក៏​ជា​ចំណែក​មួយ​ពី​លទ្ធផល​នៃ​កិច្ច​ចរចា​រួម​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។