លោក ហ៊ុន សែន ជំរុញ​ឲ្យ​គ.ជ.ប​ថ្មី​ធ្វើ​ការ​ឲ្យ​ឯករាជ្យ

ដោយ ទីន ហ្សាការីយ៉ា
2015-04-09
Share
សភា គ.ជ.ប ៣០៥ សភា​បោះ​ឆ្នោត​គាំទ្រ​សមាសភាព​បេក្ខជន គ.ជ.ប ៩​រូប​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៥។
RFA/Rann Samnang

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថ្មី ត្រូវ​ផ្ដាច់​ខ្លួន​ចេញ​ពី​គណបក្ស​នយោបាយ ទោះ​បី​ជា​សមាសភាព​ទាំង ៨​រូប​ជ្រើស​ចេញ​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ក៏ដោយ។

ក្រៅ​ពី​នេះ​ទៀត ទាំង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បាន​ឯកភាព​គ្នា​មិន​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​មាន​បញ្ហា​ទៀត​នោះ​ឡើយ ដោយ​លោក​ទាំង​ពីរ​ជំរុញ​ឲ្យ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​នេះ ត្រូវ​ប្រកាន់​ជំហរ​ឯករាជ្យ អព្យាក្រឹត មិន​ត្រូវ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​គណបក្ស​នយោបាយ​ណា​មួយ​នោះ​ឡើយ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យ​បញ្ចប់​វប្បធម៌​នយោបាយ "ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី" ឲ្យ​បាន​សម្រាប់​អ្នក​នយោបាយ​ខ្មែរ ទោះ​បី​ជា​ទស្សនៈ​ផ្សេង​គ្នា​ក្ដី។

លោក ហ៊ុន សែន ងើប​ថ្លែង​ភ្លាមៗ​ដូច្នេះ នៅ​បន្ទាប់​ពី​អង្គ​សភា​បាន​បោះឆ្នោត​ជា​កញ្ចប់​អនុម័ត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទាំង ៩​រួប ដោយ​សំឡេង​គាំទ្រ ១១៣ លើ ១១៧​សំឡេង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ថា លទ្ធផល​ឈាន​មក​ដល់​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី​នេះ​បាន គឺ​ដោយសារ​តែ​វប្បធម៌​សន្ទនា​ដែល​ផ្ដួចផ្ដើម​ពី​រួប​លោក និង​លោក សម រង្ស៊ី នៅ​ក្រោយ​ពី​កិច្ច​ព្រមព្រៀង​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ កក្កដា។

លោក ហ៊ុន សែន បញ្ជាក់​ថា សមាជិក គ.ជ.ប ថ្មី​ទាំង​អស់ ទោះ​កើត​ចេញ​ពី​គណបក្ស​ណា​ក៏ដោយ ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ គ្មាន​ពាក់ព័ន្ធ​នឹង​គណបក្ស​ណា​មួយ​នោះ​ទេ ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​ឯករាជ្យ​ឲ្យ​បាន​ពិត​ប្រាកដ៖ «យើង​មិន​ធ្វើ​ត្រូវ​ត្រឹម​កម្រិត​ថ្នាក់​ជាតិ​ទេ ត្រូវ​ធ្វើ​រឿង​នេះ​ដល់​ថ្នាក់​ក្រោម​ជាតិ នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី ត្រូវ​តែ​បញ្ចប់​ជា​ស្ថាពរ​នៅ​ក្នុង​ទឹក​ដី​កម្ពុជា ហើយ​យើង​គ្មាន​ជម្រើស​ណា​ក្រៅ​ពី​រួម​រស់​ជាមួយ​គ្នា ទោះ​បី​ជា​មាន​ទស្សនៈ​ផ្សេង​គ្នា ក៏ប៉ុន្តែ​យើង​ជា​ខ្មែរ​ដែល​រស់នៅ​លើ​ទឹក​ដី​ដ៏​កំសត់​នេះ ហើយ​មាន​ភារកិច្ច​ដើម្បី​កសាង​ទឹក​ដី​នេះ​ឲ្យ​ក្លាយ​ជា​ទឹក​ដី​ដ៏​សម្បូរ​សប្បាយ​ឲ្យ​ប្រជាជន​មាន​សេចក្ដី​សុខ»

នៅ​ក្រោយ​ពី​លោក ហ៊ុន សែន ថ្លែង​ចប់​ភ្លាម​ដោយ​លោក​ចង់​ឲ្យ​គណបក្ស​ទាំង​ពីរ​ធ្វើ​ការ​ជាមួយ​គ្នា​តាំង​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ក្រោម​ជាតិ​នោះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឡើង​ថ្លែង​គាំទ្រ​វិញ​ភ្លាម​ថា លោក​ឲ្យ​អ្នកនយោបាយ​បំភ្លេច​ចោល​រឿង​អតីតកាល​ដែល​ធ្វើ​មិន​ល្អ​ដាក់​គ្នា ដែល​អ្នកដឹកនាំ​តែងតែ​ឈ្លោះ​គ្នា​នោះ។ លោក សម រង្ស៊ី សង្ឃឹម​ថា គ.ជ.ប ថ្មី​នេះ នឹង​កំណត់​ជោគវាសនា​ប្រទេស​ជាតិ​ឲ្យ​រុងរឿង​តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ៖ «លោក​ជំទាវ​ឯកឧត្តម (សមាជិក គ.ជ.ប​ថ្មី) អត់​មាន​ចំណង​ជាមួយ​គណបក្ស​ណា​ទៀត ហើយ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ ដូច្នេះ សុំ​ត្រិះរិះ​ពិចារណា​ដោយ​ខ្លួន​ឯង​រាល់​សេចក្ដី​សម្រេច សុំ​ឈរ​លើ​ច្បាប់ ឈរ​លើ​គតិយុត្តិធម៌​ស្វែងរក​ភាព​សុក្រឹត ផ្ដល់​យុត្តិធម៌​ជូន​ប្រជារាស្ត្រ​ខ្មែរ មិន​ឲ្យ​មាន​ភាព​សម្លុត ការ​ទិញ​ទឹក​ចិត្ត​មក​លើ​លោក​ជំទាវ​ឯកឧត្តម​ទេ»

​ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី បាន​សាទរ​ចំពោះ​អ្នក​នយោបាយ​ចង់​ឲ្យ​បញ្ឈប់​វប្បធម៌​សងសឹក​គ្នា​របស់​អ្នក​នយោបាយ​នេះ ក៏ប៉ុន្តែ​ដើម្បី​ឲ្យ​បញ្ឈប់​វប្បធម៌​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច​ទឹក​ហោច​ស្រមោច​​ស៊ី​ត្រី​នោះ លុះត្រាតែ​រដ្ឋាភិបាល​ត្រូវ​ធ្វើ​អំពើ​ល្អ​ពី​ឥឡូវ​ទៅ។

នៅ​ក្នុង​សម័យ​ប្រជុំ​នីតិកាល​ទី​៥ របស់​រដ្ឋសភា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ មេសា នេះ គឺ​អង្គ​សភា​បាន​អនុម័ត​ជា​កញ្ចប់​ទាំង ៩​រួប ដោយ​សំឡេង​គាំទ្រ ១១៣ លើ ១១៧​សំឡេង។ សមាជិក​ទាំង ៩​រូប​ដែល​សភា​បោះ​ឆ្នោត​អនុម័ត​នោះ គឺ​លោក ស៊ិក ប៊ុនហុក មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ជា​ប្រធាន គ.ជ.ប និង​លោក គួយ ប៊ុនរឿន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​អនុប្រធាន គ.ជ.ប ថ្មី​នេះ។

ចំពោះ​សមាជិក​ គ.ជ.ប វិញ មាន​លោក មាន សទិ លោក រ៉ុង ឈុន លោក ឌុច សន លោក ហ៊ីង ធីឫទ្ធិ លោក ឯម សូផាត អ្នកស្រី តែ ម៉ានីរ៉ុង និង​លោក​បណ្ឌិត ហង្ស ពុទ្ធា។

​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ស៊ិក ប៊ុនហុក ដែល​ត្រូវ​បាន​សភា​បោះឆ្នោត​ជ្រើសតាំង​ជា​ប្រធាន គ.ជ.ប ថ្មី​នោះ បាន​ប្ដេជ្ញា​ចិត្ត​ថា លោក​នឹង​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​ឲ្យ​ឯករាជ្យ​ពិត​ប្រាកដ ដោយ​ផ្អែក​លើ​ច្បាប់​បោះ​ឆ្នោត​ថ្មី​ដែល​បាន​កែប្រែ​រួច​ហើយ​នោះ៖ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ហ្នឹង នៅ​ពេល​ទឹក​កំពុង​ឡើង​ចឹង កុំ​ឲ្យ​ត្រី​ស៊ី​ស្រមោច​ពេក រាល់​ថ្ងៃ​នេះ​ត្រី​កំពុង​ស៊ី​ស្រមោច អ្នក​តស៊ូ​មតិ អ្នក​សិទ្ធិ​មនុស្ស ត្រូវ​បាន​គេ​បង្ក្រាប ចឹង​ត្រី​របស់​រដ្ឋាភិបាល​ហ្នឹង​កុំ​ស៊ី​សម្រោច​ពេក ដើម្បី​កុំ​ឲ្យ​ស្រមោច​ស៊ី​ត្រី​វិញ»។

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ពេល​សភា​បាន​បញ្ចប់​កិច្ចប្រជុំ​នៅ​វិមាន​រដ្ឋសភា​ថា សមាជិក គ.ជ.ប ទាំង ៩​រួប​នេះ នឹង​ត្រូវ​ទៅ​ស្បថ​នៅ​មុខ​ព្រះ​ភ័ក្ត្រ​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែ​មេសា ហើយ​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ខាង​មុខ គេ​នឹង​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​តំណែង​ពី​សមាជិក គ.ជ.ប ចាស់​មក​ឲ្យ​សមាជិក គ.ជ.ប ថ្មី​នៅ​ទីស្ដីការ គ.ជ.ប ក្នុង​បរិវេណ​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល