យុវជន​មួយ​ក្រុម​បង្កើត​គណបក្ស​នយោបាយ​ថ្មី​សម្រាប់​ជួយ​យុវជន​ខ្លួន​ឯង

ដោយ ឡេង ម៉ាលី
2015-12-24
Share
សន្និសីទ​កាសែត គណបក្ស​យុវជន​កម្ពុជា ៦២០ ប្រធាន​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ (កណ្ដាល) ធ្វើ​សន្និសីទ​កាសែត នា​រាជធានី​ភ្នំពេញ នៅ​​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Leng Maly

យុវជន​មួយ​ក្រុម ប្រកាស​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​សម្រាប់​ជួយ​ខ្លួន​ឯង បន្ទាប់​ពី​មើល​ឃើញ​ថា គណបក្ស​ដទៃ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​ខ្លួន។ គណបក្ស​ប្រជាជន​កម្ពុជា ស្វាគមន៍​ចំពោះ​គណបក្ស​ថ្មី​នេះ។

លោក ពេជ្រ ស្រស់ ដែល​ជា​ប្រធាន​ស្ថាបនិក​គណបក្ស​ថ្មី ឈ្មោះ​ថា គណបក្ស​យុវជន​កម្ពុជា (Cambodian Youth Party) ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ធ្នូ ថា ការ​សម្រេច​បង្កើត​បក្ស​នេះ គឺ​លោក​មិន​ចង់​ឲ្យ​យុវជន​ពឹង​បក្ស​ដទៃ ដែល​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដល់​យុវជន។

លោក ពេជ្រ ស្រស់ ប្រៀបធៀប​ថា គណបក្ស​យុវជន​កម្ពុជា គឺ​ជា​ផ្ទះ​មួយ​សម្រាប់​យុវជន ដែល​ចង់​ចូលរួម​ក្នុង​នយោបាយ ដើម្បី​ឈាន​ដល់​មាន​សំឡេង​នៅ​សភា៖ «ឥឡូវ​នេះ យើង​មាន​ផ្ទះ​ខ្លួន​ឯង យើង​មាន​កន្លែង​ឈរ​ខ្លួន​ឯង។ យើង​មាន​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​ដោយ​ខ្លួន​ឯង។ យើង​មាន​ឱកាស​ឈាន​ចូល​ប្រឡូក​នយោបាយ​ដោយ​ខ្លួន​ឯង មិន​បាច់​ចាំ​គេ​លើក​តម្កើង​ពី​នរណា​ទាំងអស់ ដោយ​ហេតុ​យុវជន គឺ​ជា​ទំពាំង​ស្នង​ឫស្សី ប៉ុន្តែ​បើ​ចេតនា​មិន​ជួយ​លើក​ទំពាំង ទំពាំង​នោះ​ក៏​មិន​អាច​ដុះ​លូតលាស់​បាន​ដែរ។ ចំណុច​នេះ ទើប​ខ្ញុំ ពេជ្រ ស្រស់ សម្រេច​ចិត្ត​បង្កើត​គណបក្ស​យុវជន​នេះ​ឡើង»

លោក ពេជ្រ ស្រស់ ប្រកាស​ថា ទិសដៅ​គោល​នយោបាយ​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ដឹក​នាំ​ដោយ​គណបក្ស​យុវជន​កម្ពុជា មាន ៥​ចំណុច ដូចជា ការ​ពង្រឹង​វិស័យ​អប់រំ និង​សុខាភិបាល​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ លើក​កម្ពស់​យុវជន​គ្រប់​កិច្ច​ការងារ​ក្នុង​សង្គម​ជាតិ ព្រម​ទាំង​ធានា​ឲ្យ​យុវជន​មាន​ការងារ​ធ្វើ ទទួល​បាន​ប្រាក់​បៀវត្ស​សម​តាម​សមត្ថភាព និង​អត្រា​បៀវត្ស​តាម​ទីផ្សារ។ ចំពោះ​យុវជន​ក្រីក្រ​មាន​បំណង​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​យុវជន​កម្ពុជា ផ្ដល់​ប្រាក់​កម្ចី​ដោយ​មិន​យក​ការ​ប្រាក់ ស្វែងរក​ទីផ្សារ និង​កំណត់​តម្លៃ​ទីផ្សារ​លក់​ចេញ​នៃ​ផលិតផល​កសិកម្ម​ជូន​កសិករ​តាម​តម្លៃ​ទីផ្សារ​ក្នុង​តំបន់។ ប្រជាពលរដ្ឋ​មាន​អាយុ​ចាប់​ពី ២៥​ឆ្នាំ ទៅ ៤៥​ឆ្នាំ គ្មាន​ការងារ​ធ្វើ​ក្នុង​រយៈពេល ៣​ខែ រដ្ឋាភិបាល​ដឹក​នាំ​ដោយ​គណបក្ស​យុវជន​កម្ពុជា នឹង​ផ្ដល់​ប្រាក់​សង្គ្រោះ​បឋម​ចំនួន ១៦​ម៉ឺន​រៀល (១៦០.០០០​រៀល) ក្នុង​មួយ​ខែ និង​ទី​៥ រៀបចំ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​មាន​និយាម​សមរម្យ​ក្នុង​សង្គម​ប្រចាំ​ថ្ងៃ។

លោក ពេជ្រ ស្រស់ មាន​ប្រសាសន៍​ថា គោល​នយោបាយ​ទាំង​៥ នេះ គឺ​ជា​កត្តា​មូលដ្ឋាន​ដែល​ធ្វើ​ឲ្យ​យុវជន​ចូលរួម​ចលនា​គណបក្ស​នយោបាយ​យុវជន​កម្ពុជា៖ «ដូច្នេះ​ទាំងអស់​នេះ គឺ​ជា​គន្លឹះ​ដែល​ឲ្យ​យុវជន​គិត ហើយ​មក​រក​គាំទ្រ​គណបក្ស​យុវជន​កម្ពុជា។ យើង​ធ្វើ​ខ្លួន​យើង។ យើង​ឈប់​ឈប់​រំពឹង​គេ ព្រោះ​រំពឹង​គេ​តាំង​ពី​ឆ្នាំ​១៩៩៣ រហូត​មក​ដល់​សព្វថ្ងៃ​នេះ គឺ​យើង​រំពឹង​បាន​តែ​ខ្យល់ បាន​តែ​ការ​សន្យា ប៉ុន្តែ​លទ្ធផល គឺ​អត់​មាន»

ការ​ប្រកាស​បើក​គណបក្ស​យុវជន​កម្ពុជា គឺ​ជា​គណបក្ស​ថ្មី​ទី​៣ នៅ​ក្នុង​ឆ្នាំ​២០១៥ បន្ទាប់​ពី​គណបក្ស​មូលដ្ឋាន និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។ គណបក្ស​ទាំង​នេះ សុទ្ធតែ​បង្ហាញ​ជំហរ​ប្រកួត​ប្រជែង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​ជា​យូរ​មក​ហើយ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ស្វាគមន៍​ចំពោះ​យុវជន​ដែល​បង្កើត​បក្ស​ថ្មី​នេះ ហើយ​លោក​យល់​ឃើញ​ថា នេះ​ជា​ការ​អនុវត្ត​សិទ្ធិ​ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​កម្មវិធី​គោល​នយោបាយ​ចំពោះ​យុវជន​ខ្លាំង ជាពិសេស​ការ​ទាក់ទាញ​ការ​វិនិយោគ​ផ្ដល់​ទីផ្សារ​ការងារ​ដល់​យុវជន​រាប់​សែន​នាក់៖ «គឺ​រាជ​រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហ្នឹង បាន​គិតគូរ​អំពី​លទ្ធភាព​ការងារ និង​អនាគត​យុវជន ព្រោះ​យើង​តម្កល់​យុវជន​ជា​ទំពាំង​ស្នង​ឫស្សី។ អ៊ីចឹង​បាន​យើង​ឃើញ​ហើយ សម្រាប់​អាណត្តិ​ទី​៤ អាណត្តិ​ទី​៥ បន្តបន្ទាប់​មក​ហ្នឹង គឺ​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំងក្លា​ចំពោះ​យុវជន​របស់​យើង ជាពិសេស គឺ​ការ​តែង​តាំង​យុវជន​ដែល​មាន​សមត្ថភាព និង​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ជា​អ្នក​ដឹក​នាំ​ស្ថាប័ន​របស់​រដ្ឋ​ជា​បន្តបន្ទាប់។ អា​ហ្នឹង​យើង​ឃើញ​ជាក់ស្ដែង​ហើយ»

លោក​បដិសេធ​ចំពោះ​បញ្ហា​ដែល​គេ​សង្ស័យ​ថា គណបក្ស​ប្រជាជន​កម្ពុជា ជា​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​បង្កើត​បក្ស​ថ្មី ដើម្បី​បំបែក​សំឡេង​បក្ស​ប្រឆាំង ដោយ លោក សុខ ឥសាន ហៅ​ការ​ចោទ​ប្រកាន់​បែប​នេះ​ជា​វប្បធម៌​លាប​ពណ៌។

មុន​នឹង​ប្រកាស​បង្កើត​គណបក្ស​យុវជន​កម្ពុជា លោក ពេជ្រ ស្រស់ បាន​ចូលរួម​ជាមួយ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ រយៈពេល ២​ខែ។

កាល​ពី​ថ្ងៃ​ទី​២១ ធ្នូ ក្រសួង​មហាផ្ទៃ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់ លោក ពេជ្រ ស្រស់ តំណាង​ស្ថាបនិក​គណបក្ស​យុវជន​កម្ពុជា ដោយ​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ បាន​ទទួល​រួច​ហើយ​លិខិត​ស្នើសុំ​បង្កើត​គណបក្ស​យុវជន​កម្ពុជា (គ.យ.ក)។ ក្រសួង​មហាផ្ទៃ ណែនាំ​ថា ដើម្បី​ទទួល​សុពលភាព ត្រូវ​បំពេញ​បែបបទ និង​លក្ខខណ្ឌ​ដូច​មាន​ចែង​ក្នុង​ជំពូក​ទី​៥ មាត្រា​២០ នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។

លោក ពេជ្រ ស្រស់ ឲ្យ​ដឹង​ថា លោក​មាន​លក្ខន្តិកៈ រចនាសម្ព័ន្ធ​រួច​រាល់​ហើយ ហើយ​នឹង​ដាក់​ជូន​បែបបទ​ទាំង​នេះ​ទៅ​ក្រសួង​មហាផ្ទៃ នៅ​ខែ​បន្ទាប់៕

សូម​ស្ដាប់​បទសម្ភាសន៍​បន្ថែម​ទៀត ជាមួយ​នឹង​លោក ពេជ្រ ស្រស់ ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល