កម្ពុជា នៅសល់រយៈពេលតែ ១១ខែទៀតតែប៉ុណ្ណោះ មុននឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA ដោយសារតែរបបនេះនៅតែរឹងទទឹងមិនព្រមស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។ អ្នកវិភាគបញ្ជាក់ថា របបក្រុងភ្នំពេញ ត្រូវតែចេញមុខទទួលខុសត្រូវ ក្នុងការដោះស្រាយបញ្ហានានា ដើម្បីបញ្ចៀសកម្ពុជាពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ដ៏សំខាន់របស់សហភាពអឺរ៉ុបនេះ។
អ្នកវិភាគនយោបាយ បណ្ឌិត មាស នី ថ្លែងក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរីកាលពីថ្ងៃ អង្គារ ទី ០៦ វិច្ឆិកា សង្កត់ធ្ងន់ៗថា របបក្រុងភ្នំពេញ ត្រូវតែហ៊ានប្រឈមចេញមុខដោះស្រាយបញ្ហានៅចំពោះមុខ ដើម្បីបញ្ចៀសកម្ពុជាពីវិបត្តិបណ្តាលមកពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនេះ៖ « ទោះបីជាគណបក្សទាំងពីរហ្នឹង អ្នកណាធ្វើខុសធ្ងន់ខុសស្រាលយ៉ាងម៉េចក៏ដោយ ប៉ុន្តែកាលណាប្រទេសមួយ ឈានចូលទៅក្នុងវិបត្តិនយោបាយ រហូតដល់មានការគាបសង្កត់ពីបរទេស វានៅតែជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលដដែលទេ ហើយបើយើងមើលទៀត នៅក្នុងការបោះឆ្នោតចុងក្រោយនេះ គឺមានបក្សតែមួយទេ ហើយរដ្ឋាភិបាលត្រូវមានតួនាទីមួយក្នុងការប្រឈម ដើម្បីដោះស្រាយនូវបញ្ហាដែលកំពុងតែកើតមាន ដូចជាការព្យួរនូវការអនុគ្រោះពន្ធអីនេះ គឺមិនមែនជាតួនាទីអ្នកណាមួយទេ ហើយក៏មិនមែនជាឱកាស ដែលគណបក្សណាមួយត្រូវអះអាងយកត្រូវរៀងខ្លួនទេ ត្រូវរដ្ឋាភិបាលត្រូវតែទទួលខុសត្រូវ ហើយត្រូវប្រឈមក្នុងការដោះស្រាយថា តើត្រូវនាំនាវាប្រទេសមួយនេះ ចេញច្រកណា ដើម្បីឲ្យគេចផុតអំពីវិបត្តិដែលយើងមានសព្វថ្ងៃ ហើយការព្យួរនូវការអនុគ្រោះពន្ធនេះ »។
ការលើកឡើងនេះ គឺស្របពេលដែលក្រុមអ្នកនយោបាយខ្មែរកំពុងចោទដាក់គ្នាទៅវិញទៅមកជុំវិញករណីកំហុសឆ្គង ដែលបណ្តាលឲ្យសហភាពអឺរ៉ុបឈានទៅរកចំណាត់ការជាក់ច្បាស់យ៉ាងដូច្នេះ ចៀសជាងនាំគ្នាស្វែងរកដំណោះស្រាយរួមជាធ្លុងមួយ ដើម្បីផលប្រយោជ៍រួមរបស់ពលរដ្ឋខ្មែរ។ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានបរាជ័យចរចាជាមួយសហភាពអឺរ៉ុប ក្នុងការស្វែងរកដំណោះស្រាយ ដើម្បីបញ្ចៀស កុំឲ្យសហភាពអឺរ៉ុបបន្តនីតិវិធីឈានទៅរកការដកប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា ក្នុងជំនួបទ្វេភាគីមួយជាមួយមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្ស៊ីក។ សហភាពអឺរ៉ុប ទុករយៈពេលឲ្យរបបក្រុងភ្នំពេញកែលម្អ និងស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញមិនលើសពី ១២ខែគិតចាប់ពីថ្ងៃជូនដំណឹង កាលពីដើមខែតុលាកន្លងទៅនេះ ប្រសិនបើមិនចង់ទទួលរងនូវផលវិបាកធ្ងន់ធ្ងរណាមួយនោះ។
លោកបណ្ឌិត មាស នី ថ្លែងបន្តថា ផ្អែកតាមរដ្ឋធម្មនុញ្ញកម្ពុជា ព្រមទាំង ខ និងលក្ខខណ្ឌនានា ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ រដ្ឋាភិបាលណាក៏ដោយដែលកើតចេញក្រោយពីការបោះឆ្នោតនេះ ត្រូវតែមានតួនាទីក្នុងការធានាឲ្យមានឯកភាពជាតិទាំងមូល។ លោកបន្តថា ដរាបណាមានការបរាជ័យ ក្នុងការធ្វើឲ្យមានការឯកភាពជាតិ ការទទួលខុសត្រូវនេះ នឹងធ្លាក់មកជាបន្ទុក និងកំហុសរបស់អ្នកនយោបាយខ្មែរ។
ដូចគ្នានេះដែរ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ថ្លែងថា ផ្អែកតាមលក្ខខណ្ឌនានាដាក់ចេញជាបន្តបន្ទាប់ដោយសហភាពអឺរ៉ុប មេដឹកនាំរបបក្រុងភ្នំពេញ គឺជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះវិបត្តិ ដែលចាំបាច់ ត្រូវតែនាំគ្នាដោះស្រាយ៖ « បើយើងមើលទៅអ្នកដែលទទួលខុសត្រូវខ្ពស់បំផុត គឺអ្នកដឹកនាំរដ្ឋាភិបាលកម្ពុជានោះហើយ ពីព្រោះយើងមើលឃើញលក្ខខណ្ឌសហភាពអឺរ៉ុបបានដាក់មកឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលហ្នឹង ធ្វើការសម្របសម្រួលឲ្យមានការលើកលែងទោសលោក សម រង្ស៊ី ដោះលែងលោក កឹម សុខា ឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ឲ្យក្រុមប្រឹក្សាឃុំសង្កាត់ ហើយផ្តល់សិទ្ធិទៅដល់អ្នកនយោបាយទាំង ១១៨នាក់ ហើយមានការរៀបចំការបោះឆ្នោត មានសិទ្ធិសម្រាប់អង្គការសង្គមស៊ីវិល ក៏ដូចជាសារព័ត៌មានឯករាជ្យបានផ្សាយឡើងវិញ។ នេះជាលក្ខខណ្ឌដែលគេដាក់ឲ្យរដ្ឋាភិបាលទទួលយក »។
លោក រ៉ុង ឈុន បន្តថា ប្រសិនបើរបបក្រុងភ្នំពេញទទួលយកនូវលក្ខខណ្ឌនានា ដែលសហភាពអឺរ៉ុបបានដាក់ចេញនោះ ពេលនោះប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប នឹងមិនត្រូវបានដកពីកម្ពុជានោះទេ។
ជុំវិញការស្វែងរកដំណោះស្រាយនេះ លោកបណ្ឌិត មាស នី នៅតែមើលឃើញថា ដរាបណាអ្នកនយោបាយខ្មែរ មានសុច្ឆន្ទៈនយោបាយពិតប្រាកដ ក្នុងការស្វែងរកដំណោះស្រាយជារួមដើម្បីរក្សាឯកភាពជាតិមែននោះ នោះបញ្ហាទាំងនេះ នឹងមិនត្រូវការចំណាយពេលវេលាយូរ ដើម្បីដោះស្រាយនោះឡើយ។ លោកបណ្ឌិត មាស នី ផ្តល់អនុសាសន៍ថា អ្នកនយោបាយ គួរជៀសវាងយកកំហឹងផ្ទាល់ខ្លួន ឬទំនាស់បុគ្គលមកប្រើ តាមរយៈការបញ្ចេញពាក្យសម្តីបង្ហាញពីកំហឹងរបស់ខ្លួន ព្រោះលោកថា ពេលខ្លះពាក្យសម្តីទាំងនេះ នឹងមិនត្រឹមតែធ្វើឲ្យខាតបង់ប្រយោជន៍របស់បុគ្គលពាក់ព័ន្ធនោះទេ តែថែមទាំងខាតប្រយោជន៍សម្រាប់សង្គមជាតិ ឬពេលខ្លះ រហូតដល់បណ្តាលឲ្យខូចដល់កិត្តិយសរបស់ប្រទេសជាតិទាំងមូលផងដែរ។
ប្រសិនបើសហភាពអឺរ៉ុបសម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះនាពេលដ៏ខ្លីខាងមុខនេះមែន នោះកម្ពុជាប្រឈមនឹងការតម្រូវឲ្យបង់ពន្ធក្នុងមួយឆ្នាំៗ មិនតិចជាង ៧០០លានដុល្លារ លើរាល់មុខទំនិញទាំងអស់ ដែលត្រូវនាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ កម្មករនិយោជិតមិនតិចជាង ៧សែននាក់ នឹងត្រូវប្រឈមនឹងការបាត់បង់ការងារធ្វើ ខណៈពលរដ្ឋខ្មែរជាង ២លាននាក់បន្ថែមទៀត នឹងទទួលរងផលប៉ះពាល់ដោយប្រយោល ដែលការណ៍នេះក៏អាចបង្កហានិភ័យធ្ងន់ធ្ងរដល់ប្រព័ន្ធធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅពេលដែលពលរដ្ឋទាំងនោះមិនអាចរកប្រាក់ដោះបំណុលរបស់ពួកគេបាន។ អ្នកជំនាញព្រមានថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនេះ នឹងរឹតតែរុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ចូលក្នុងដំណើរធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ហើយកម្ពុជានឹងនៅតែមិនអាចរួចផុតពីស្ថានភាពជាប្រទេសមានការអភិវឌ្ឍន៍តិចតួចបំផុត ឬ LDC បាននោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
