លោក ហុង លីម គ្រោង​ជំរុញ​សភា​អូស្ត្រាលី​ដាក់​លោក ហ៊ុន សែន ក្នុង​បញ្ជី​ខ្មៅ

ដោយ តាំង សារ៉ាដា
2016.08.16
ហុង លីម ២០១៦ ៨៥៥ តំណាងរាស្ត្រ​ខ្មែរ-អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី តាម​អ៊ីនធឺណិត (Internet) កាល​ពី​ថ្ងៃ​ទី​៣ ខែ​សីហា ឆ្នាំ​២០១៦។
Photo: RFA

តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី គ្រោង​ជំរុញ​ឲ្យ​សភា​សហព័ន្ធ​របស់​ប្រទេស​អូស្ត្រាលី ដាក់​លោក ហ៊ុន សែន ក្នុង​បញ្ជី​ស្បែក​ខ្មៅ និង​អ្នក​សមគំនិត​ក្នុង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដទៃ​ទៀត មិន​ឲ្យ​ចូល​ប្រទេស​អូស្ត្រាលី។ ប៉ុន្តែ​តំណាងរាស្ត្រ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​កាន់​អំណាច​កម្ពុជា អះអាង​ថា កម្ពុជា​មិន​បារម្ភ​ចំពោះ​ការ​គំរាម​នេះ​ទេ ហើយ​ថា រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អូស្ត្រាលី កំពុង​មាន​ទំនាក់ទំនង​ល្អ។

សមាជិកសភា​ខ្មែរ​-អូស្ត្រាលី​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ពី​ខាង​គណបក្ស​ពលករ​លោក ហុង លីម គ្រោង​បញ្ចុះ​បញ្ចូល​តំណាងរាស្ត្រ​សហព័ន្ធ​ពី​ខាង​គណបក្ស​របស់​លោក​ធ្វើ​ច្បាប់​មួយ​ដាក់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​លោក ហ៊ុន សែន និង​បក្សពួក​មួយ​ចំនួន​ក្នុង​បញ្ជី​ស្បែក​ខ្មៅ​ហាម​មិន​ឲ្យ​ចូល​ប្រទេស​អូស្ត្រាលី។

លោក​បន្ត​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ៖ «ខ្ញុំ​នឹង​ធ្វើ​ការ​សាកសួរ​អ្នក​នយោបាយ​ទាំង​អស់​ខាង​គណបក្ស​ខ្ញុំ​ថា តើ​គេ​អាច​ធ្វើ​ការ​ដាក់​ទណ្ឌកម្ម​ដូច​អ្វី​ដែល​ខ្ញុំ​ចង់​បាន​ធ្វើ​យ៉ាង​ម៉េច​ទាមទារ​កុំ​ឲ្យ​លោក ហ៊ុន សែន ចូល​ទៅ​ស្រុក​ទាំង​អស់​ហ្នឹង​បាន​ដោយសារ​អំពើ​ពុករលួយ»

ឆ្លើយ​តប​នឹង​គំនិត​ដាក់​លោក ហ៊ុន សែន និង​បុគ្គល​មួយ​ចំនួន​ក្នុង​បញ្ជី​ខ្មៅ​អូស្ត្រាលី​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ប្រតិកម្ម​ថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​មិន​អាច​ធ្វើ​អ្វីៗ ទៅ​តាម​ការ​ចង់​បាន​របស់​លោក ហុង លីម នោះ​ទេ ដោយសារ​អូស្ត្រាលី មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា៖ «ខ្ញុំ​យល់​ថា នេះ​គឺ​ជា​អធិបតេយ្យភាព​របស់​ប្រទេស​អូស្ត្រាលី បើ​គាត់​យល់​ឃើញ​ថា យ៉ាង​ណា​គឺ​គាត់​សម្រេច​យ៉ាង​នោះ​ហើយ​គាត់​មិន​អាច​ធ្វើ​តាម​លោក​សមាជិក​រដ្ឋសភា​នោះ​ទេ ហើយ​កន្លង​ទៅ​យើង​ធ្លាប់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី។ ខ្ញុំ​យល់​ថា រឿង​អូស្ត្រាលី នេះ​មិន​ដែល​វាយ​តម្លៃ​អាក្រក់​ពី​សម្ដេច ហ៊ុន សែន ទេ»

កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា លោក ហុង លីម បាន​ហៅ​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​ថា ជា​របប​តិរច្ឆាន ក្រោយ​ពី​មាន​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ឯករាជ្យ​កាល​ពី​ខែ​កក្កដា កន្លង​ទៅ។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​រដ្ឋាភិបាល​កម្ពុជា បាន​ប្រតិកម្ម​តប​លោក ហុង លីម ជា​ខ្លាំង ហើយ​ទាមទារ​ឲ្យ​លោក​សុំ​ទោស​ជា​សាធារណៈ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រសួង​ការ​បរទេស​កម្ពុជា បាន​ចាត់​ទុក​រូប​លោក​ថា ជា​ជន​មិន​ត្រូវ​បាន​ស្វាគមន៍​ថែម​ទៀត​ផង។

លោក ហុង លីម បដិសេធ​ព័ត៌មាន​ថា លោក​គ្រោង​ធ្វើ​ដំណើរ​ទៅ​កម្ពុជា។ លោក​អះអាង​ថា លោក​នឹង​ទៅ​កម្ពុជា លុះ​ត្រា​តែ​របប​តិរច្ឆាន​បច្ចុប្បន្ន ត្រូវ​បាន​ផ្លាស់ប្ដូរ៖ «ខ្ញុំ​អត់​មាន​គោលបំណង​ទៅ​ទេ។ ប្រសិនបើ​ខ្ញុំ​ទៅ​នៅ​ពេល​នេះ ច្បាស់​ជា​គេ​ក្រញឹប​ខ្ញុំ​ហើយ ពីព្រោះ​គេ​ថា មិន​អោយ​ទទួល​ខ្ញុំ​ទេ ដូច្នេះ​ខ្ញុំ​ឯ​ណា​ចង់​ទៅ​ពេល​នេះ។ ខ្ញុំ​បាន​និយាយ​ជា​សាធារណៈ​ថា ខ្ញុំ​នៅ​តែ​មាន​ចិត្ត​ចង់​ទៅ​ស្រុក​ខ្ញុំ​វិញ​ដដែល ប៉ុន្តែ​ខ្ញុំ​មិន​អាច​ទៅ​វិញ​នៅ​ពេល​នេះ​ទេ ដូច្នេះ​ខ្ញុំ​នឹង​មាន​ឱកាស​បាន​ទៅ​នៅ​ពេល​មាន​ការ​ផ្លាស់​របប​តិរច្ឆាន​នេះ​បាទ!»

លោក​បន្ត​ថា នៅ​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​សីហា ខាង​មុខ​នេះ សហគមន៍​ខ្មែរ​ក្នុង​រដ្ឋ​វ៉ិកតូរីយ៉ា នឹង​បើក​វេទិកា​សាធារណៈ​មួយ​ដើម្បី​ស្វែង​រក​លទ្ធភាព​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ដាក់​សម្ពាធ​ដល់​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​ជំរុញ​ឲ្យ​រដ្ឋសភា​អូស្ត្រាលី បិទ​ទិដ្ឋាការ​មិន​ឲ្យ​លោក ហ៊ុន សែន និង​មន្ត្រី​កំពូលៗ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ចូល​ប្រទេស​អូស្ត្រាលី បាន។ លោក​រំពឹង​ថា វេទិកា​នោះ​នឹង​មាន​មនុស្ស​រាប់​រយ​នាក់​ចូលរួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។