លោក ទៀ បាញ់៖ ញត្តិមេបញ្ជាការទាហានស្នើទម្លាក់លោក កឹម សុខា ជាសិទ្ធិបុគ្គល
2015.10.28
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថា ញត្តិរបស់លោក គន់ គីម ស្នើទម្លាក់លោក កឹម សុខា ពីតំណែងអនុប្រធានសភា គឺជាសិទ្ធិរបស់បុគ្គល។
លោក ទៀ បាញ់ ថ្លែងដូច្នេះប្រាប់ដល់អ្នកកាសែត បន្ទាប់ពីទទួលដំណើរមកដល់ពីប្រទេសបារាំង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា។
លោកថា យោធាជាមនុស្សដូចគ្នានឹងមនុស្សទូទៅដែរ ដូច្នេះគេមានអារម្មណ៍ចេះឈឺ ចេះឃ្លាន និងមានសិទ្ធិគាំទ្រ និងមិនពេញចិត្តនឹងអ្នកណាម្នាក់ដែរ៖ «គេគាំទ្រមានកំហុសអី? សុំសួរមើល ឥឡូវទាំងអស់គ្នាគាំទ្រ អារឿងហ្នឹងអត់មានអីខុសទេ ដូច្នេះការបញ្ចេញមតិរបស់គេមិនបានប្រព្រឹត្តអំពើហិង្សាអ្វីទាំងអស់ នេះគឺជាសិទ្ធិរបស់គេ។ យោធាជាមនុស្សដូចគ្នា មានអារម្មណ៍ចេះឈឺ ចេះឃ្លានដូចតែគ្នា។ ទាហានអព្យាក្រឹត្យក្នុងតំណែងប៉ុណ្ណោះ តែក៏មានសិទ្ធិគាំទ្រ និងមិនពេញចិត្តនឹងអ្នកណាម្នាក់ដែរ»។
បន្ទាប់ពីបាតុកម្មទាមទារឲ្យអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចុះចេញពីតំណែងអនុប្រធានទី១រដ្ឋសភា កាលពីថ្ងៃទី២៦ ខែតុលា អនុប្រធានទី១ គណៈបញ្ជាការឯកភាពសមរភូមិព្រំដែនកម្ពុជា-ថៃ នាយឧត្ដមសេនីយ៍ គន់ គីម បានដាក់ញត្តិស្នើប្រធានរដ្ឋសភាឲ្យដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានរដ្ឋសភា។
យ៉ាងណាក៏ដោយចុះ ច្បាប់ស្ដីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ត្រង់មាត្រា ៩ ចែងថា យោធិនត្រូវមានអព្យាក្រឹតភាពក្នុងមុខនាទី និងក្នុងសកម្មភាពការងារ ហើយត្រូវបានហាមឃាត់ការប្រើមុខងារ និងសម្ភារៈរបស់រដ្ឋដើម្បីបម្រើសកម្មភាពនយោបាយ៕