តុលាការ​​ខេត្ត​បាត់ដំបង​លើក​ពេល​សាកសួរ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​ទៅ​ពេល​ក្រោយ​

តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង​​បាន​​លើក​ពេល​សាកសួរ​ជំទប់​ទី១ ឃុំ​ព្រែក​ជីក​​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក សំ បូរី ដោយ​គ្មាន​ថ្ងៃ​កំណត់ ស្រប​ពេល​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​ប្រមាណ ២០០នាក់ ប្រមូល​ផ្គុំ​គ្នា​នៅ​ខាង​មុខ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​កញ្ញា ដើម្បី​តាម​ដាន​សវនាការ​ និង​គាំទ្រ​លោក សំ បូរី។

​​មេធាវី​ការពារ​ក្ដី​ឱ្យលោក​ សំ បូរី​ គឺ ​លោក​ សំ សុគង់​ ប្រាប់​អាស៊ី​សេរី​​នៅ​រសៀល​ថ្ងៃ​ទី៨ កញ្ញា​ថា ​​​​​ព្រះរាជអាជ្ញា​រង​​​​​អម​សាលាដំបូង​ខេត្ត​​បាត់ដំបង​ គឺ​លោក ឈិន សុផុន​ បាន​​ប្រាប់​លោក​និង​កូន​ក្ដី​របស់​លោក​​​​ សុំ​ពន្យារ​​​សាកសួរ​នៅ​ពេល​ក្រោយ​វិញ​ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​​ពេលវេលា​ជាក់លាក់​នោះ​ទេ​។​លោក​ បញ្ជាក់​ថា ការ​លើក​ពេល​នេះ​នឹង​​ធ្វើ​​ប៉ះពាល់​ដល់​សិទ្ធិ​​កូន​ក្ដី​របស់​លោក​ ពីព្រោះ​លោក​ សំ បូរី បាន​គោរព​ច្បាប់​ ដោយ​ចូល​បំភ្លឺ​​តាម​ការ​​កោះហៅ​​របស់​តុលាការ៖ «អីចឹង​ខ្ញុំ​ជា​មេធាវី​ការពារ​ក្ដី​ឱ្យ​គាត់​ សុំ​ឱ្យ​តុលាការ​ និង​អាជ្ញាធរ​ ជា​ពិសេស​លោក ព្រះរាជអាជ្ញា​ហ្នឹង​ទម្លាក់​បទ​ចោទ​ ឬ​ក៏​តម្កល់​រឿង​ហ្នឹង​ទុក​អត់​ចាត់ការ​ កុំ​ឱ្យ​រឿង​ហ្នឹង​មាន​ការ​វែង​ឆ្ងាយ​ កុំ​ឱ្យ​ប៉ះពាល់​​អារម្មណ៍​របស់​កូន​ក្ដី » ​​​​​

ជំទប់​ទី​១​ឃុំ​ព្រែក​ជីក​ ស្រុក​រុក្ខ​គិរី លោក សំ បូរី ​​ត្រូវ​បាន​​មន្ត្រី​តុលាការ​កោះ​ហៅ​​សាកសួរ​ពី​ដំណើរ​រឿង​​បរិហារកេរ្តិ៍​សាធារណៈ​និង​ញុះញង់​​ ​តាម​បណ្ដឹង​របស់​មេឃុំ​​ព្រែក​ជីក។

កាល​ពី​ចុង​កក្កដា​ ជំទប់​ទី១ ឃុំ​ព្រែក​ជីក​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក សំ បូរី ត្រូវ​បាន​អាជ្ញាធរ​កោះ​ហៅ​ចូល​បំភ្លឺ​ចំនួន២ លើក​រួច​មក​ហើយ​ ដោយ​លើក​ដំបូង​នៅ​សាលាឃុំ​ព្រែក​ជីក និង​លើក​ទី២ បំភ្លឺ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខគិរី។ មេឃុំ​ព្រែក​ជីក​បាន​​​ចោទ​ប្រកាន់​លោក​​​ថា​ ​បាន​បង្ហោះ​សារ​​​មួល​បង្កាច់​អាជ្ញាធរ​ខុស​ពី​ការ​ពិត។ ការ​ចោទ​ប្រកាន់​បែប​នេះ បន្ទាប់​ពី​លោក សំ បូរី​ បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា មាន​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​​នៅ​ឃុំ​ព្រែក​ជីក ជីវភាព​​​ក្រីក្រ​រក​ព្រឹក​ខ្វះ​ល្ងាច​​ ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​ដាក់​ឈ្មោះ​ពលរដ្ឋ​រូប​នេះ​​​​​ក្នុង​បញ្ជី​ជន​ក្រីក្រ​ ដើម្បី​ទទួល​ប្រាក់​ឧបត្ថម្ភ​​​​ពី​រដ្ឋាភិបាល​នោះ​ឡើយ។ មេឃុំ​ព្រែក​ជីក​លោក ប៊ុត បឿន ​​​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​បរិហារកេរ្តិ៍​​​អាជ្ញាធរ​ធ្វើ​ឱ្យ​ស្អុយ​ឈ្មោះ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង​ លោក ​យិន ម៉េងលី ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​តាម​យាយី​សកម្មជន​គណបក្ស​ប្រឆាំង​​យក​ឈ្នះ​យក​ចាញ់​ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ លោក​ថា ការ​បង្ហោះ​សារ​របស់​លោក សំ បូរី គឺ​ជា​ការ​សម្ដែង​មតិ​​របស់​ពលរដ្ឋ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ ដូច្នេះ​គឺ​មិន​ខុស​​ច្បាប់​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។