អាជ្ញាធររបបលោក ហ៊ុន សែន នៅមូលដ្ឋាន នៅតែបន្តធ្វើទុក្ខបុកម្នេញមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ដោយគំរាមកំហែងពួកគាត់ មិនឲ្យអនុវត្តសិទ្ធិនយោបាយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ មន្ត្រីគណបក្សសង្គ្រោះជាតិ ចាត់ទុកទង្វើបែបនេះ ថាជាការបង្ហាញឲ្យឃើញកាន់តែច្បាស់ អំពីចរិតនៃមន្ត្រី ដែលគ្រប់គ្រងដោយមេដឹកនាំផ្ដាច់ការ។
មន្ត្រីគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋាន ត្រូវបានអាជ្ញាធរកោះហៅ ទៅសាកសួរជាបន្តបន្ទាប់ ក្នុងរយៈពេលពីរសប្ដាហ៍ចុងក្រោយនេះ និងបង្ខំឲ្យពួកគាត់ផ្ដិតមេដៃ សន្យាថា ឈប់ធ្វើសកម្មភាពនយោបាយ បើទោះបីការគំរាមកំហែងនេះ រំលោភរដ្ឋធម្មនុញ្ញកម្ពុជាយ៉ាងណាក្តី។
មេឃុំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ នៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល លោក ប៉ូ ប៊ុនរឿន អះអាងថា លោកត្រូវប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំនេះ គំរាមកំហែងបង្ខំឲ្យធ្វើកិច្ចសន្យាផ្ដិតមេដៃ ឈប់ធ្វើសកម្មភាពនយោបាយតទៅទៀត។ លោកអះអាងថា មន្ត្រីនគរបាលមូលដ្ឋានប្រាប់ថា ពួកគាត់មិនអាចធ្វើសកម្មភាពនយោបាយគាំទ្រគណបក្សសង្គ្រោះជាតិបានតទៅទៀតទេ ដោយសារគណបក្សនេះត្រូវបានរម្លាយបាត់ទៅហើយ។ ក្រោយផ្ដិតមេដៃរួច លោក ប៉ូ ប៊ុនរឿន ប្រាប់អាស៊ីសេរី កាលពីរាត្រីថ្ងៃទី២២ ខែធ្នូ ថាបើលោកមិនព្រមផ្ដិតទេ ពួកគេនឹងធ្វើទុក្ខបុកម្នេញលោកជាក់ជាមិនខាន៖ «គេឲ្យខ្ញុំហ្នឹង ធ្វើលក្ខខណ្ឌ ឲ្យឈប់ជួបជុំគ្នា ឈប់បង្ហោះអ្វីផ្សេងៗទៀត បើមានសកម្មភាពនេះទៀត គេនឹងចាត់ការតាមផ្លូវច្បាប់»។
ការគំរាមកំហែងរបស់អាជ្ញាធរមូលដ្ឋាននេះ ធ្វើឡើងក្រោយពេលមន្ត្រីគណបក្សសង្គ្រោះជាតិ នៅមូលដ្ឋាន ស្រុកពញាឮ ខេត្តកណ្ដាល ជាង ៣០នាក់ មានទាំងមេឃុំជាប់ឆ្នោតគណបក្សនេះ និង មន្ត្រីប្រតិបត្តិស្រុករបស់គណបក្សសង្គ្រោះជាតិផង បានជួបជុំគ្នាជិតឆ្លងឆ្នាំ កាលពីថ្ងៃទី២០ ខែធ្នូ ដើម្បីពិសាអាហារ និងជជែកសំណេះសំណាលគ្នាលេង និងផ្ញើសារអបអរសាទរ និងគាំទ្រការរៀបចំក្បាលម៉ាស៊ីនគណបក្សសង្គ្រោះជាតិថ្មី ដែលមានលោក សម រង្ស៊ី ជាប្រធានស្ដីទី។ កាលពីសប្ដាហ៍មុន មន្ត្រីគណបក្សសង្គ្រោះជាតិនៅតាមខេត្តជាច្រើននាក់បានប្រកាសថា ពួកគេនឹងបន្តគាំទ្រលោក សម រង្ស៊ី ប្រសិនបើលោកវិលត្រឡប់មកកម្ពុជា។ ពួកគេអះអាងថា សកម្មជនបក្សប្រឆាំងនឹងទៅទទួលលោក សម រង្ស៊ី ទោះបីមានការចាប់ដាក់គុកក៏ដោយ។
អាជ្ញាធរខេត្តកណ្តាល បានរៀបចំកោះហៅមន្ត្រីបក្សប្រឆាំងជាប្រព័ន្ធដើម្បីទៅគំរាមកំហែង។
ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិស្រុកពញាឮ លោក ម៉ៅ ឌីយ៉ាម៉ង់ ក៏ទទួលបានលិខិតកោះហៅ ឲ្យចូលទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់លួង ដែលលោកត្រូវបង្ហាញខ្លួន នៅថ្ងៃអាទិត្យ ទី២៣ ខែធ្នូនេះ។ លោក ម៉ៅ ឌីយ៉ាម៉ង់ ចាត់ទុកលិខិតកោះហៅនេះ ជាទម្រង់នៃការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញមួយ មកលើសកម្មជនគណបក្សប្រឆាំងនៅមូលដ្ឋាន ព្រោះអាជ្ញាធរមិនចង់ឲ្យពួកគាត់ជួបជុំគ្នា សំណេះសំណាល សម្ដែងមតិ ទទួលស្គាល់លោក សម រង្ស៊ី ជាប្រធានស្តីទីរបស់គណបក្សនេះ។ លោក ឌី យ៉ាម៉ង់ បន្ថែមថា ការរារាំងរបស់អាជ្ញាធរបែបនេះ គឺជាការប្រព្រឹត្តិរំលោភរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងអំពីសិទ្ធិសេរីភាពខាងផ្នែកនយោបាយ និង សិទ្ធិសេរីភាពរបស់គណបក្សប្រឆាំង។ លោកអះអាងថា លោកមិនខ្លាច នឹងតស៊ូបន្តទៀត ទោះជារងការធ្វើទុក្ខបុកម្នេញឥតស្រាកស្រាន្តយ៉ាងណាក៏ដោយ៖ «បើតាមឧត្ដមគតិរបស់ខ្ញុំ ខ្ញុំមិនផ្ដិតមេដៃទេ ព្រោះខ្ញុំអត់ខុស។ សកម្មភាពរបស់ខ្ញុំមិនខុសនឹងរដ្ឋធម្មនុញ្ញទេ។ ខ្ញុំធ្វើអ្វីៗ ដើម្បីតែផលប្រយោជន៍ជាតិ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។ ដូច្នេះខ្ញុំត្រូវតែហ៊ានពុះពារគ្រប់ឧបសគ្គ ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រទេសខ្មែរហ្នឹងរីកចម្រើន។ ពួកខ្ញុំធ្វើអ្វីៗទៅតាមច្បាប់ ដោយអត់ប្រើអំពើហិង្សាទេ»។
ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរបបលោក ហ៊ុន សែន រម្លាយ និងបណ្តេញអង្គការសង្គមស៊ីវិល និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការតស៊ូមតិតាមវិធីអហិង្សា ដើម្បីអនុវត្តសិទ្ធិនយោបាយនេះ រងការហាមឃាត់យ៉ាងតឹងរ៉ឹង។ ទោះបីជា របបក្រុងភ្នំពេញមួយរយះចុងក្រោយនេះ ហាក់បីដូចជាបន្ទន់ឥរិយាបថថា នឹងបើកលំហលទ្ធិប្រជាធិបតេយ្យឡើងវិញក៏ដោយ ក៏ការធ្វើទុក្ខបុកម្នេញ លើសេរីភាពជួបប្រជុំបែបនេះ នៅតែបន្តកើតមានដដែល។
អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង មិនភ្ញាក់ផ្អើលនឹងចំណាត់ការរបស់អាជ្ញាធរមូលដ្ឋានទេ ព្រោះរបៀបរបបដឹកនាំ បែបផ្ដាច់ការ គឺមានលំនាំបែបនេះឯង។ លោក អេង ឆៃអ៊ាង ថារបបលោក ហ៊ុន សែន ថាគណបក្សសង្គ្រោះជាតិជាខ្មោចទៅហើយ ប៉ុន្តែ នៅតែខ្លាចខ្មោចគណបក្សប្រឆាំង មិនលស់ថ្ងៃ ទើបបន្តធ្វើទុក្ខបុកម្នេញលើមន្ត្រីគណបក្សនេះ ជាប់ជាប្រចាំ។ លោកបន្តថា មានតែការផ្លាស់ប្ដូររបៀបដឹកនាំបែបសព្វថ្ងៃ តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌មួយទេ ទើបអាចស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញបាន។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺ ពីមន្ត្រីអធិការដ្ឋាននគរបាលស្រុកពញាឮ ជុំវិញរឿងនេះបាននៅឡើយទេ កាលពីថ្ងៃទី២២ ធ្នូ។
ក្រោយរងសម្ពាធអន្តរជាតិ ជាពិសេសហភាពអឺរ៉ុប ដែលទាមទារឲ្យរបបលោក ហ៊ុន សែន ស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ជាថ្នូរនឹងការមិនដកការអនុគ្រោះពន្ធ របបលោក ហ៊ុន សែន ចេញសេចក្ដីថ្លែងការណ៍កាលពីដើមខែ ធ្នូនេះ ដោយប្រកាសថា នឹងបើកចំហសិទ្ធិសេរីភាពខាងនយោបាយ អង្គការសង្គមស៊ីវិល និងសារព័ត៌មានឡើងវិញ សកម្មជនគណបក្សប្រឆាំង នៅតាមមូលដ្ឋាន នៅខេត្តមួយចំនួន ចាប់ផ្ដើមជួបជុំគ្នា សម្ដែងមតិ ដែលត្រូវបានហាមឃាត់អស់ជាងមួយឆ្នាំមកហើយនេះ។ ប៉ុន្តែ ការសម្ដែងមតិនេះ រងការបង្ក្រាបភ្លាមៗដែរ។
បីថ្ងៃមុននេះ អាជ្ញាធររបបលោក ហ៊ុន សែន បានកោះហៅសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ៨នាក់ ទៅសាកសួរនៅការិយាល័យប៉ូលិស ឃុំអរិយក្សត្រ ខេត្តកណ្ដាល ក្រោយពីសកម្មជនទាំងនោះ បានជួបប្រជុំគ្នា ក្នុងគោលបំណងបង្ហាញជំហររបស់ខ្លួន តាមមូលដ្ឋានគាំទ្រលោក សម រង្ស៊ី ជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ។
ការប្រកាសនៅលើក្រដាសថា ចង់បើកចំហសេរីភាពពលរដ្ឋ ប៉ុន្តែការអនុវត្តជាក់ស្ដែងអាជ្ញាធរ បែរជានៅតែធ្វើទុក្ខបុកម្នេញពលរដ្ឋ ក្នុងការអនុវត្តសិទ្ធិនយោបាយរបស់ខ្លួនបែបនេះ ត្រូវបានអ្នកវិភាគ ថារបបលោក ហ៊ុន សែន កំពុងបង្ហាញឲ្យមជ្ឈដ្ឋានទូទៅ មានភាពមន្ទិលសង្ស័យ អំពីចេតនាពិតនៃរបបនេះ ដែលអាចមានចិត្តជាទេវទត្ត តែមាត់ជាទេវតា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
