ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន និងមន្រ្តីនាំពាក្យបក្សនេះ បានខ្វែងគំនិតគ្នា អំពីលោក គង់ គាំ ដែលអតីតជាប្រធានគណបក្ស សម រង្ស៊ី។ លោក សុខ ឥសាន អះអាងថា លោក គង់ គាំ ជាចារកម្មសម្ងាត់របស់គណបក្ស ប្រជាជនកម្ពុជា រីឯលោក ហ៊ុន សែន ប្រកែកថា មិនមែនទៅវិញ។
ចំពោះសាមីខ្លួនលោក គង់ គាំ វិញ បញ្ជាក់ថា រូបលោក ជាចារកម្ម មែន ឬមិនមែននោះ អាស្រ័យលើពលរដ្ឋជាអ្នកវិនិច្ឆ័យ។
អនុប្រធានគណបក្សសង្រ្គោះជាតិ អះអាងថា លោក គង់ គាំ បានផ្លាស់ប្ដូរជំហរនយោបាយរបស់ខ្លួនគាំទ្រការបោះឆ្នោត កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ ដែលជាការរៀបចំឡើងដោយលោក ហ៊ុន សែន នោះ គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្ស សង្រ្គោះជាតិ ឲ្យដឹងថា គ្មានអ្វីចម្លែកទេ សម្រាប់អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង ដែលប្ដូរជំហររបស់ខ្លួន ទៅគាំទ្រលោក ហ៊ុន សែន នោះ ព្រោះថា មន្រ្តីគណបក្ស សង្រ្គោះជាតិ មួយចំនួនចាំឆក់ឱកាស និងផ្លាស់ប្ដូរជំហររបស់ខ្លួន ដើម្បីបុណ្យស័ក្ដិ អំណាច និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ជាជាងគិតអំពីផលប្រយោជន៍ជាតិជាធំ៖ «លោក ហ៊ុន សែន គាត់បានឆ្លើយតបផ្ទុយពីលោក សុខ ឥសាន ព្រោះលោក គង់ គាំ បាននិយាយគាំទ្រគោលនយោបាយរបស់គាត់ តែលោក សុខ ឥសាន គាត់មិនដឹងរឿងហ្នឹងទេ ព្រោះគាត់មិនជ្រៅលើរឿងហ្នឹងទេ ព្រោះរឿងហ្នឹងលោក ហ៊ុន សែន ជាអ្នករៀបចំ»។
ការលើកឡើងរបស់លោក អេង ឆៃអ៊ាង នេះ នៅក្រោយពីលោក ហ៊ុន សែន និងលោក សុខ ឥសាន បានឆ្លើយឆ្លងគ្នានៅក្នុងសារព័ត៌មានគាំទ្ររបបរបស់លោកកាលពីថ្ងៃទី៤ វិច្ឆិកា។ លោក សុខ ឥសាន បានសរសេរនៅក្នុងប្រព័ន្ធតេឡេហ្រ្គាម (Telegram) ថា អស់រយៈពេលជាច្រើនទសវត្សមកនេះ មហាជននៅមានការងឿងឆ្ងល់ចំពោះលោក គង់ គាំ ដែលជាអតីតមន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាជនកម្ពុជា បានផ្ដាច់ខ្លួនមកចូលរួមជាមួយគណបក្សប្រឆាំងរបស់លោក សម រង្ស៊ី។ ក៏ប៉ុន្តែការងឿងឆ្ងល់នេះ បានលាតត្រដាង តាមរយៈកូនប្រុសពៅរបស់លោក គង់ គាំ បានបង្កើតគណបក្ស ឆន្ទៈខ្មែរ ដែលមិនមែនជារឿងចៃដន្យនោះទេ។
លោក បន្ថែមថា បើគ្មានការផ្ដួចផ្ដើមគំនិតពីលោក គង់ គាំទេ បង្កើតបក្សនេះក៏មិនអាចទៅរួចដែរ។ ហើយការបោះឆ្នោត កាលពីថ្ងៃទី២៩ កក្កដានោះ លោក គង់ គាំ ក៏បានបង្ហាញជំហរការគាំទ្រការបោះឆ្នោតនេះដែរ។ ចំណុចទាំងអស់នេះ លោក សុខ ឥសាន បញ្ជាក់ថា លោក គង់ គាំ ជារនុកក្នុងគណបក្ស ប្រជាជនកម្ពុជា ឬអាចជា CIA ឬជាភ្នាក់ងារសម្ងាត់របស់គណបក្ស ប្រជាជនកម្ពុជា ដែលចូលទៅក្នុងជំរុំរបស់គណបក្សប្រឆាំងតាំងពីយូរមកហើយ។
រីឯលោក ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានបដិសេធការលើកឡើងរបស់លោក សុខ ឥសាន ភ្លាមៗ ថា លោក គង់ គាំ គាំទ្រការបោះឆ្នោតនេះ គឺចេញពីឆន្ទៈរបស់លោកផ្ទាល់ មិនមែនជារនុកក្នុងរបស់គណបក្សលោកនោះឡើយ។
ទាក់ទងនឹងបញ្ហានេះ លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៊ី មិនបានបំភ្លឺថា តើលោកជាភ្នាក់ងារសម្ងាត់របស់គណបក្ស ប្រជាជនកម្ពុជាមែន ឬមិនមែននោះទេ៖ «គាត់ហៅខ្ញុំជា CIA ហ្នឹងវាមានវិជ្ជមាន និងអវិជ្ជមាន គឺខ្ញុំសូមអរគុណឯកឧត្តម សុខ ឥសាន ដែលនៅទុកខ្ញុំថា នៅតែរាប់អានខ្ញុំធម្មតានៅក្នុងបក្ស ប្រជាជនកម្ពុជា ហើយជ្រុងអវិជ្ជមានហ្នឹងបានកាលណាខ្ញុំជា CIA របស់គណបក្ស ប្រជាជនកម្ពុជា បានធ្វើឲ្យទំនុកចិត្តរបស់គណបក្ស សម រង្ស៊ី និងពលរដ្ឋមកលើខ្ញុំហ្នឹងមានការខួចខាត»។
លោក អេង ឆៃអ៊ាង បន្ថែមថា ចិត្តមនុស្សអាចមានការប្រែប្រួលជំហរនយោបាយនៅនាទីចុងក្រោយបាន ដែលជាចរិកធម្មជាតិរបស់មនុស្ស ដើម្បីមហិច្ឆតាអំណាច ឬទ្រព្យសម្បត្តិ ដូចជាករណី លោក គង់ គាំ ជាដើម ដែលលោកត្រូវការភាពស្របច្បាប់ពីការបោះឆ្នោតក្លែងក្លាយ ដែលលោកត្រូវអូសទាញអ្នកឱកាសនិយម ដើម្បីមកគាំទ្រការបោះឆ្នោតនេះ៖ «ជនផ្ដាច់ការ លោក ហ៊ុន សែន ធ្វើអ្វីៗ តាមអំពើចិត្ត ដោយសារកម្ពុជាសំបូរមនុស្សឱកាសនិយម និងអាត្មានិយម។ មនុស្សឱកាសនិយមចាប់យកឱកាសពីលោក ហ៊ុន សែន ដើម្បីយកប្រយោជន៍ផ្ទាល់ខ្លួន មនុស្សអាត្មានិយម មិនមែនមិនដឹងថាលោក ហ៊ុន សែន ធ្វើខុសទេ គឺដឹង ប៉ុន្តែសុខចិត្តឈឺចាប់ ខាំចិត្តឈរឱបដៃមើលការឈឺចាប់នោះ»។
ចំពោះការដែលលោក គាំទ្រ ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នោះ លោក បញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា ក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១មក កម្ពុជា គឺមានរបបមួយ ដែលកំណត់អាណត្តិរៀបចំការបោះឆ្នោត ៥ឆ្នាំម្ដង។ នៅត្រង់ចំណុចនេះ លោក គង់ គាំ សង្កត់ធ្ងន់ថា ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដានោះ មិនមែនជាការបោះឆ្នោតក្លែងក្លាយទេ គឺមានមនុស្សទៅបោះឆ្នោតជាក់ស្ដែង៖ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញបានចែងថា កម្ពុជាបានរៀបចំការបោះឆ្នោតទៀងទាត់រៀងរាល់ ៥ឆ្នំាម្ដង ដូច្នេះការបោះឆ្នោតកាលពីថ្ងៃទី២៩ ក្កដា ខ្ញុំថា ជាការបោះឆ្នោតត្រឹមត្រូវ»។
ទោះបីជាយ៉ាងនេះក្ដី នៅក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ នៅក្រោយពេលលោក គង់ គាំ ផ្ដាច់ខ្លួនចេញពីគណបក្ស ប្រជាជនកម្ពុជា មកចូលរួមជាមួយគណបក្ស សម រង្ស៊ី នរណាក៏ដឹងដែរថា លោក គង់ គាំ គឺជាមេដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្សប្រឆាំង ដែលតែងរិះគន់របបលោក ហ៊ុន សែន ជាពិសេស រិះគន់ការបោះឆ្នោតចំនួន ៥អាណត្តិកន្លងមកនេះ។ ពេលខ្លះលោក គង់ គាំ ក៏ហៅលោក ហ៊ុន សែន ជាមេដឹកនាំផ្ដាច់ការទៀតផង។ លោក គង់ គាំ ត្រូវបានគណបក្ស សម រង្ស៊ី ជ្រើសរើសឲ្យធ្វើជាប្រធានគណបក្ស សម រង្ស៊ី នៅក្រោយពេលគណបក្សនេះ និងគណបក្សសិទ្ធិមនុស្សរូបរួមគ្នា បង្កើតជាគណបក្ស សង្រ្គោះជាតិ ហើយលោក ក៏ជាអតីតសមាជិកមជ្ឈិមបក្សគណបក្ស ប្រជាជនកម្ពុជា តែលោកបានផ្ដាច់ខ្លួនចេញពីបក្សនេះ តាំងពីឆ្នាំ១៩៩១ មក។
អ្នកវិភាគនយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ការផ្លាស់ប្ដូរជំហរនយោបាយរបស់អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង គឺលោក គង់ គាំ នៅពេលនេះ គឺជាការធ្វើឡើងទាំងបង្ខំចិត្ត ដោយសារតែមានការគាបសង្កត់ពីលោក ហ៊ុន សែន និងការគំរាមកំហែងផង បន្លំបន្លាច រួមទាំងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនផងនោះ។ លោក គឹម សុខ បញ្ជាក់ថា លោក ហ៊ុន សែន នឹងប្រើយុទ្ធសាស្រ្តបែបនេះទៀត ក្នុងបំណងកម្ទេចបក្សប្រឆាំង ដើម្បីបន្តអំណាចទៅមុខទៀត៖ «ការប្រកាសប្ដូរជំហរ ១៨០អង្សារបស់លោក គង់ គាំ គឺគាត់ធ្វើឡើងដោយបង្ខំចិត្តទេ ទី១ ដើម្បីសន្តិសុខផ្ទាល់ខ្លួន ទី២ ដើម្បីសន្តិសុខ គ្រួសារ និងទី៣ ដើម្បីសន្តិសុខទ្រព្យ បើសិនជាគាត់មិនធ្វើទេ គាត់អាចនឹងប្រឈមនឹងបញ្ហាណាមួយក្នុងចំណោមបញ្ហាទាំងបីហ្នឹង»។
នេះមិនមែនជាលើកទី១ ទេ ដែលគេមើលឃើញថា លោក ហ៊ុន សែន ប្រើយុទ្ធសាស្រ្តបំបែក ដើម្បីគ្រប់គ្រង លោកធ្លាប់បានលេងល្បែងនយោបាយនេះ ជោគជ័យតាំងពីជំនាន់គណបក្ស ហ្វ៊ុនស៊ិនប៉ិច ដែលលោកបានកម្ទេចគណបក្សរាជានិយមមួយនេះ តាមរយៈការផ្ដល់បុណ្យស័ក្ដិ បន្លំបន្លាច និងផ្ដល់ផលប្រយោជន៍ ដើម្បីបំបែកកម្លាំង ហ្វ៊ុនស៊ិនប៉ិច រហូតដល់គណបក្ស ដែលធ្លាប់គ្រប់គ្រងអំណាចរបស់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ រហូតដល់បាត់បង់អាសនៈនៅក្នុងសភា។
អ្នកវិភាគនយោបាយ លោក គឹម សុខ លើកឡើងថា នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ លោក ហ៊ុន សែន កំពុងទ័លច្រកនយោបាយការបរទេស និងមានទំនាក់ទំនងការទូតមិនល្អជាមួយប្រទេសប្រកាន់របបប្រជាធិបតេយ្យ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ដូចជា ការប្រឈមនឹងការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបជាដើម។ លោក គឹម សុខ បញ្ជាក់ថា នៅក្នុងស្ថានភាពបែបនេះ គណបក្សប្រឆាំងមិនត្រូវលេងតាមល្បែងរបស់លោក ហ៊ុន សែន ដែលកំណត់ផ្លូវឲ្យដើរនោះឡើយ គឺត្រូវកំណត់ពីទិសដៅជាតិឲ្យច្បាស់ ហើយត្រូវរួមកម្លាំងគ្នា ដើម្បីទាមទារយុត្តិធម៌ជូនគណបក្ស សង្រ្គោះជាតិ និងត្រូវទាមទារយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
