លោក ហ៊ុន សែន ប្រកាស​ជំហរ​មិន​លូក​ដៃ​ចូល​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

0:00 / 0:00

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ​ជា​ថ្មី​នូវ​ជំហរ​នយោបាយ​របស់​កម្ពុជា ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង នោះ​គឺ​កម្ពុជា មិន​លូក​ដៃ​ចូល​ក្នុង​ជម្លោះ​នេះ​ឡើយ។ លោក ហ៊ុន សែន ប្រកាស​ជំហរ​របស់​កម្ពុជា ដូច​នេះ នៅ​ក្នុង​ពិធី​រំឭក​ខួប ៦៥​ឆ្នាំ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ មិថុនា។

ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ជា​ប្រធាន​រឿង​អន្តរជាតិ​តែ​មួយ​គត់​ដែល​ប្រមុខ​រដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន លើក​យក​មក​និយាយ​ដើម្បី​បង្ហាញ​ពី​ជំហរ​នយោបាយ​ការ​បរទេស​របស់​កម្ពុជា ចំពោះ​ជម្លោះ​នេះ។

ថ្លែង​ចំពោះ​មុខ​ប្រមុខ​ការទូត​នានា​ដែល​ចូលរួម​ក្នុង​ពិធី ជាពិសេស​ប្រមុខ​ការទូត​ប្រទេស​ចិន និង​វៀតណាម ដែល​ជា​ប្រទេស​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ លោក ហ៊ុន សែន ប្រកាស​ថា គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ជា​បញ្ហា​អធិបតេយ្យ​រវាង​បណ្ដា​ប្រទេស​ដែល​មាន​ការ​ពាក់ព័ន្ធ​ក្នុង​ជម្លោះ មិន​មែន​ជា​បញ្ហា​រវាង​ប្រទេស​ចិន និង​សមាគម​អាស៊ាន​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ លោក ហ៊ុន សែន ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ដែល​មាន​ការ​ពាក់ព័ន្ធ ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​ដោយ​សន្តិវិធី ដោយ​លោក​បញ្ជាក់​ថា មាន​តែ​ប្រទេស​ពាក់ព័ន្ធ​ប៉ុណ្ណោះ ទើប​មាន​លទ្ធភាព​ដោះស្រាយ​ជម្លោះ​នេះ អាស៊ាន​គ្មាន​លទ្ធភាព​ធ្វើ​ជំនួស​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នោះ​ទេ។

លើស​ពី​នេះ លោក ហ៊ុន សែន ក៏​ប្រកាស​អំពាវនាវ​ឲ្យ​ប្រទេស​មិន​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ជម្លោះ បញ្ឈប់​ការ​ជ្រៀតជ្រែក​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង និង​ឈប់​យក​បញ្ហា​នេះ​ធ្វើ​ជា​ឧបករណ៍​ត​ថ្លៃ ឬ​ជា​ចំណាប់​ខ្មាំង​នៅ​ក្នុង​សម័យ​ប្រជុំ​ថ្នាក់​តំបន់ និង​អន្តរជាតិ​នានា។ លោក ហ៊ុន សែន បញ្ជាក់​ថា អាស៊ាន​មាន​កិច្ចការ​ច្រើន​ណាស់​ដែល​ត្រូវ​ធ្វើ មិន​មែន​មាន​តែ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ឡើយ៖ « កម្ពុជា ធ្លាប់​ជា​ជន​រងគ្រោះ​នៃ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ម្តង​ហើយ​ម្តង​ទៀត តាម​រយៈ​ការ​ចោទ​ប្រកាន់​ដោយ​អយុត្តិធម៌ ហើយ​សង្ឃឹម​ថា​ប្រទេស​ផ្សេង​ទៀត​ដែល​គ្មាន​ការ​ពាក់ព័ន្ធ នឹង​មិន​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​ដូច​កម្ពុជា នោះ​ទេ »

បើ​ទោះ​ជា​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​លោក ហ៊ុន សែន ធ្លាប់​ត្រូវ​បាន​វៀតណាម លើក​បន្តុប​ឲ្យ​ឡើង​កាន់​អំណាច​ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ​ក៏ដោយ ប៉ុន្តែ​នៅ​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ លោក ហ៊ុន សែន ហាក់​មិន​បាន​បង្ហាញ​ជំហរ​គាំទ្រ​តាម​ការ​ចង់​បាន​របស់​វៀតណាម និង​ប្រទេស​ក្នុង​សមាគម​អាស៊ាន​មួយ​ចំនួន​ទៀត ដែល​ចង់​ឃើញ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ត្រូវ​បាន​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​រួម​រវាង​អាស៊ាន និង​ចិន ឡើយ។

លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា នឹង​ប្រឆាំង​ចំពោះ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ណា​មួយ​របស់​អាស៊ាន ដែល​គាំទ្រ​សាល​ដីកា​របស់​តុលាការ​មជ្ឈត្តការ (Permanent Court of Arbitration) ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ឡើយ ព្រោះ​កម្ពុជា ចាត់​ទុក​ថា វា​គឺ​ជា​ការ​ឃុបឃិត​នយោបាយ​ដ៏​អាក្រក់​បំផុត ដែល​លទ្ធផល​អាច​នឹង​នាំ​ទៅ​ដល់​ការ​បែក​បាក់​រវាង​ប្រទេស​អាស៊ាន​គ្នា​ឯង​ផង និង​រវាង​អាស៊ាន និង​ចិន ផង។

ការ​ប្រកាស​ជំហរ​របស់​កម្ពុជា នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង នៅ​ក្នុង​ពិធី​រំឭក​ខួប ៦៥​ឆ្នាំ​របស់​គណបក្ស​មួយ​ដែល​គេ​ដឹង​គ្រប់​គ្នា​ថា ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​របស់​វៀតណាម ដូច​នេះ ប្រហែល​ជា​ប្រមុខ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បង្ហាញ​ឲ្យ​គេ​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​ប្រទេស​ណា​មួយ​ឡើយ ជាពិសេស​ប្រទេស​វៀតណាម តែ​ម្តង​នៅ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

កាល​ពី​ពេល​ថ្មីៗ​នេះ កម្ពុជា ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ដែល​ថា កម្ពុជា បាន​បំផ្លាញ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​របស់​អាស៊ាន ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​ក្នុង​ទីក្រុង​គុនមីញ (Kunming) ប្រទេស​ចិន និង​នៅ​ភ្នំពេញ​កាល​ពី​ឆ្នាំ​២០១២។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា កំហុស​គឺ​មក​ពី​ប្រទេស​វៀតណាម និង​ហ្វីលីពីន ទៅ​វិញ​ទេ ដែល​បដិសេធ​មិន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​រួម ដោយសារ​អាស៊ាន​មិន​បាន​បញ្ចូល​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ទៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​២០១២ នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។