អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងថា ការណ៍ដែលរដ្ឋាភិបាលបញ្ជាទិញរថយន្តធុនធំជិត ៣០០គ្រឿងសម្រាប់វិស័យយោធាពីប្រទេសចិនក្នុងស្ថានភាពកំពុងមានវិបត្តិសេដ្ឋកិច្ច និងការរាតត្បាតជំងឺកូវីដ-១៩ គឺជាការខ្ជះខ្ជាយលុយ និងមិនគិតពីការលំបាករបស់ពលរដ្ឋ។ ប៉ុន្តែមន្ត្រីបក្សកាន់អំណាចថា នេះជាខ្ទង់ចំណាយតិចតួចប៉ុណ្ណោះ ហើយថា កម្ពុជាត្រូវការពង្រឹងវិស័យយោធាដែរ។
អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា បញ្ហាចំពោះមុខរបស់កម្ពុជានៅពេលនេះ គឺពលរដ្ឋគ្មានអង្ករច្រកឆ្នាំង ដូច្នេះរដ្ឋាភិបាលគួរចំណាយថវិកាដែលខ្លួនមាន ទៅដោះស្រាយបញ្ហាពលរដ្ឋសិន។ ពួកគេថែមទាំងរិះគន់ថា ការបញ្ជាទិញរថយន្តធុនធំជិត ៣០០គ្រឿង សម្រាប់ពង្រឹងអំណាចរបស់ក្រុមគ្រួសារលោក ហ៊ុន សែន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក លោក អ៊ុំ សំអាន និយាយថា រដ្ឋាភិបាលគួរកែទម្រង់សមត្ថកិច្ចយោធានៅពេលក្រោយ។
លោកបន្តថា ទោះការទិញនេះមិនមែនជាថវិកាជាតិក្ដី ប៉ុន្តែនេះជាការការខ្ជះខ្ជាយថវិកា៖ «ត្រូវដោះស្រាយវិបត្តិសេដ្ឋកិច្ច ត្រូវជួយទៅកម្មករ ដែលអត់ការងារធ្វើ ត្រូវជួយប្រជាពលរដ្ឋដែលអត់បាយហូប ដែលកំពុងប្រឈមមុខដោយសារជំងឺកូវីដ - ១៩ ជារឿងសំខាន់ជាងការយកលុយទាំងនោះទៅទិញឡានយោធា»។
អាស៊ីសេរីបានបានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាត និងអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប៉ុន្តែទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកទទួលនៅ ថ្ងៃទី១៣ ខែមិថុនា។
ប៉ុន្តែ អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា ឱ្យសារព័ត៌មានថ្មីៗ ដឹងកាលពីថ្ងៃទី១២ ខែមិថុនា ថា ថវិកាសម្រាប់ទិញរថយន្តធុនធំចំនួន ២៩០គ្រឿង ពីប្រទេសចិននេះមិនមែនជាលុយរដ្ឋទេគឺបានមកតាមរយៈផ្ដល់ពីសប្បុរសជននានា តាមការអំពាវនាវរបស់លោក ហ៊ុន សែន។ ទោះយ៉ាងណាអ្នកនាំពាក្យរូបនេះ មិនទាន់ឱ្យដឹងពីចំនួនលុយដែលត្រូវចំណាយក្នុងការទិញសម្ភារៈយោធានេះទេ។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យអាស៊ីសេរីដឹងថា ការបញ្ជាទិញត្រឹមរថយន្តជិត ៣០០គ្រឿង មិនច្រើនទេ ហើយជាសណ្ដាចិត្តរបស់សប្បុរសជនដែលគេមិនភ្លេចគុណគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាល និងបានធ្វើឱ្យអ្នកទាំងនោះរកស៊ីមាន។ លោកបន្តថា បើទោះជាប្រទេសជួបបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែការបំពេញកង្វះខាតនៃផ្នែកយោធាក៏ជារឿងដែលមិនអាចបំភ្លេចបានដែរ៖ «កូវីដមកមែនខ្វះខាតមែន ក៏ប៉ុន្តែកងទ័ពក៏មិនអាចខ្វះខាតបានដែររឿងកិច្ចការពារប្រទេសត្រូវតែមានអ៊ីចឹងមានគេជួយមក យើងត្រេកអរ ! យើងអរគុណដល់សប្បុរសជននានាដែលបានជួយ»។
អ្នកវិភាគនយោបាយនិងសង្គមលោក គឹម សុខ រិះគន់ថា ពេលនេះពលរដ្ឋកំពុងជួបការលំបាក ប៉ុន្តែរដ្ឋាភិបាលបែរជាយកធនធានរបស់ខ្លួនមានទៅទំនុកបម្រុងចិន ដែលជាថ្នូរនឹងការការពារអំណាចរបស់ក្រុមលោក ហ៊ុន សែន។ លោកថា គ្មានមេដឹកនាំប្រទេសណាមួយ គេចំណាយលើយោធាក្នុងពេលពលរដ្ឋជួបការលំបាកបែបនេះទេ។ ទង្វើរបស់រដ្ឋាភិបាលបែបនេះគឺជារូបភាពមួយនៃការពឹងចិនឱ្យការពារអំណាចប៉ុណ្ណោះ៖ «ទោះបីជាលុយនោះជាប្រភពជាតិ ឬសប្បុរសជនក៏ដោយ គេត្រូវសន្សំលុយជួយប្រជាពលរដ្ឋសិន ហើយបើត្រូវការពារជាតិកម្លាំងឈ្លានពានពីបរទេសជិតខាងស្ថានភាពកម្ពុជាគួរទិញយន្តហោះ ឬអាវុធធន់ធ្ងន់មិនមែនឡានយោធាបែបនេះធ្វើឱ្យតែខាតលុយទេ»។
រដ្ឋាភិបាលកម្ពុជាតែងចំណាយលុយរាប់លានដុល្លារ បញ្ជាទិញអាវុធពីចិន កាលពីឆ្នាំ២០១៣ កម្ពុជាបានទិញឧទ្ធម្ភាគចក្រចំនួន ១២គ្រឿង ប្រភេទ Zhi-9 (Z-9) ពីប្រទេសចិន។ ចិនឱ្យកម្ពុជាខ្ចីថវិកាជិត២រយលានដុល្លារ សម្រាប់ទិញយន្តហោះទាំង ១២គ្រឿងនោះ។ កម្ពុជាមានគម្រោងទិញយន្តហោះចម្បាំងពីចិនក្នុងប៉ុន្មានឆ្នាំខាងមុខទៀត។ មន្ត្រីបក្សប្រឆាំងតែងរិះគន់ថា រដ្ឋាភិបាលចំណាយយ៉ាងច្រើននេះ គឺដើម្បីការពារអំណាចរបស់ខ្លួន និងទុកបង្ក្រាបពលរដ្ឋខ្លួនឯងប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។