ពលរដ្ឋខ្មែរនៅកូរ៉េ ប្រារព្ធពិធីបុណ្យខួប ៣ឆ្នាំ នៃឃាតកម្មបណ្ឌិត កែម ឡី
2019.07.07

ប្រជាពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង នាំគ្នាប្រារព្ធពិធីបុណ្យរម្លឹកខួប ៣ឆ្នាំ នៃឃាតកម្មលោក បណ្ឌិត កែម ឡី។ ពួកគេបង្ហាញក្ដីនឹករលឹក និងផ្ញើសារទាមទារឱ្យរបបក្រុងភ្នំពេញស្វែងរកឃាតក ពិត។
ប្រជាពលករ សិស្សនិស្សិត និងស្ត្រីរៀបការប្ដីនៅកូរ៉េ ប្រមាណជាង ១០០នាក់ នៅថ្ងៃទី៧ ខែកក្កដា បានរៀបចំពិធីបុណ្យខួប៣ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅទីក្រុងអាន់សាន់ ប្រទេសកូរ៉េខាងត្បូង ដើម្បីឧទ្ទិសបុណ្យកុសល និងបង្ហាញការនឹករលឹកដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់លោកបណ្ឌិត កែម ឡី ចំពោះសង្គមជាតិកម្ពុជា។
អនុប្រធានចលនាគណបក្សសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក ព្រំ រ័ត្ន រៀបរាប់ថា ពិធីបុណ្យខួប៣ឆ្នាំនេះ គឺបាននិមន្តព្រះសង្ឃរាប់បាត្រ និងទេសនាដើម្បីឧទ្ទិសកុសលផលបុណ្យ ទាំងឡាយដល់ដួងវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។ បន្ទាប់មកទៀត អ្នកចូលរួមកម្មវិធីបុណ្យ បានសំណេះសំណាលគ្នា និងរៀបរាប់អំពីជីវប្រវត្តិលោកបណ្ឌិត កែម ឡី ព្រមទាំងសូត្រកំណាព្យ អំពីវីរភាពរបស់លោកបណ្ឌិត ដើម្បីដាស់តឿនស្មារតីយុវជនឱ្យបន្តទាមទារលទ្ធិប្រជាធិបតេយ្យនិង ការផ្លាស់ប្តូរនៅកម្ពុជា៖ «ក្រុមយុវជននៅកូរ៉េខាងត្បូងគោរពស្រលាញ់នូវវីរភាពរបស់អ្នក ស្នេហាជាតិ ដែលហ៊ាននិយាយការពិតនៅក្នុងសង្គម ហ៊ានបើកបង្ហាញឲ្យពលរដ្ឋបានយល់ដឹងអំពី ភាពចន្លោះប្រហោងនៃការដឹកនាំរបស់រដ្ឋាភិបាល»។
លោក ព្រំ រត្ន័ បន្តក្នុងពិធីបុណ្យខួបនេះ យុវជននៅកូរ៉េខាងត្បូង ក៏ផ្ញើសារទាមទារឱ្យរបបក្រុងភ្នំពេញរបស់លោក ហ៊ុន សែន បើកការស៊ើបអង្កេតដើម្បីរកអ្នកពាក់ព័ន្ធ ឬអ្នកនៅពីក្រោយខ្នងឃាតកម្មលើបណ្ឌិត កែម ឡី ព្រោះពលរដ្ឋខ្មែរ មិនជឿថា មានតែឃាតកម្នាក់ ឈ្មោះជួបសម្លាប់នោះទេ៖ «ក្នុងនាមជាយុវជននៅកូរ៉េខាងត្បូង គឺយើងចង់ឲ្យបង្ហាញនូវអង្គចងចាំដែលជាកាមេរ៉ាសុវត្ថិភាព ដើម្បីឲ្យយើងបានដឹងថា តើមានបុគ្គលណាខ្លះ ដែលនៅពីក្រោយខ្នង និងចង់ដឹងថា តើឃាតកពិត គឺជានរណា តើជា ជួប សម្លាប់ ឬជាបុគ្គលណាផ្សេង?»។
យុវជនខ្មែរនៅកូរ៉េមួយរូបទៀត គឺលោក ឯក ចេស្តា រៀបរាប់ថា លោក បណ្ឌិត កែម ឡី នៅតែស្ថិតក្នុងក្រអៅបេះដូងកូនខ្មែរភាគច្រើន ព្រោះលោកបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិនិងប្រជាពលរដ្ឋពិតប្រាកដ។ លោកបន្តថា មូលហេតុដែលចូលរួមធ្វើបុណ្យគម្រប់ខួប៣ឆ្នាំនេះ ដើម្បីឧទ្ទិស បុណ្យ និងបង្ហាញការគោរពដឹងគុណដល់លោកបណ្ឌិត កែម ឡី ព្រមទាំងមានក្តីប្រាថ្នាឱ្យវីរបុរសម្នាក់នេះ កើតជាខ្មែរទៀត៖ «ខ្ញុំសោកស្ដាយធនធានមនុស្សដ៏ល្អរបស់កម្ពុជា ជាពិសេស លោកបណ្ឌិត កែម ឡី តែម្ដង ដែលខ្ញុំចងចាំមិនភ្លេចនូវវីរភាពរបស់គាត់។ ប្រសិនបើគាត់នៅមាន ជីវិត គាត់នឹងបន្តរូតវាំងននសង្គមកម្ពុជាឲ្យប្រជាពលរដ្ឋបានយល់បានដឹងច្រើននូវអ្វីដែលសង្គម សព្វថ្ងៃកំពុងលាក់បាំង»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយដ៏មានប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក្នុងទីក្រុងភ្នំពេញ។ អំពើឃាតកម្មនេះ តុលាការបានផ្ដន្ទាទោស អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែសាធារណជននៅតែមិនអស់ចិត្តនៅឡើយ ព្រោះពួកគេសុទ្ធតែជឿថា អឿត អាង មិនអាចធ្វើរឿងនេះបានតែម្នាក់ឯងនោះឡើយ។ ទំនងជាដើម្បីបញ្ចៀសការរិះគន់ តុលាការក្រុងភ្នំពេញបានសម្រេចបំបែកសំណុំរឿងនេះជាពីរ ដើម្បីស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត យកមកកាត់ ទោស ក៏ប៉ុន្តែតុលាការខកខានមិនបានផ្តល់ព័ត៌មានស្ដីពីការវិវឌ្ឍនៃសំណុំរឿងទីពីរនេះឡើយរហូតមកដល់ពេលនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់អាស៊ីសេរីថា សំណុំរឿងទីមួយដែលផ្ដោតលើការកាត់ទោសបុគ្គល អឿត អាង បានបិទបញ្ចប់ហើយ ចំណែកសំណុំរឿងទី២ កំពុងឋិតក្នុងដំណើរ ការស៊ើបសួរ ដើម្បីស្វែងរកភាគីពាក់ព័ន្ធ ឬអ្នកនៅពីក្រោយ។ លោកបន្តថា យោងតាមនីតិវិធីរបស់តុលាការ កាលណាសំណុំរឿងឋិតក្នុងដំណាក់កាលស៊ើបសួរ គឺចៅក្រមស៊ើបសួរ មានឆន្ទានុសិទ្ធិក្នុងការផ្សព្វផ្សាយ ឬមិនផ្សព្វផ្សាយនូវព័ត៌មានស្ដីពីការវិវឌ្ឍនៃសំណុំរឿងទីពីរ ដើម្បីជៀសវាងការប៉ះពាល់ភាពសម្ងាត់នៃការស៊ើបអង្កេតរួមមានភស្តុតាង សាក្សី និងខ្សែអាត់វីដេអូពីកាមេរ៉ាសុវត្ថិភាពជាដើម៖ «ប៉ុន្តែជាគោលការណ៍ច្បាប់ភាគីពាក់ព័ន្ធមានមេធាវី និងសាច់ញាតិ អាចស្នើសុំពិនិត្យមើលបាន។ បើមានការស្នើសុំជាផ្លូវការ គឺចៅក្រមស៊ើបសួរនឹងសម្រេចថា តើ អនុញ្ញាត ឬមិនអនុញ្ញាត ហើយបើអនុញ្ញាតត្រឹមកម្រិតណា ចៀសវាងដល់ភាពសម្ងាត់នៃការស៊ើបអង្កេត ប៉ុន្តែកន្លងមកតាមដឹង ដូចជាមិនមានការស្នើសុំជាផ្លូវការអីទេ ពីខាងសាច់ញាតិនោះទេមានតែ អត្ថាធិប្បាយតាមសារព័ត៌មាន»។
ដំណើររកយុត្តិធម៌ក្នុងសំណុំរឿងបណ្ឌិត កែម ឡី ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ វាយតម្លៃថា មិនមានភាពពេញលេញ និងមិនអាចទទួលយកបានតាំងពីដំបូង ហើយការដែលមន្ត្រីក្រសួងយុត្តិធម៌ ប្រើពាក្យថា អាជ្ញាធរនិងតុលាការ កំពុងបន្តស៊ើបអង្កេតនោះ គឺគ្រាន់តែដើម្បីកុំឱ្យមាន ការរិះគន់តែប៉ុណ្ណោះ ប៉ុន្តែការពិត ពួកគេគ្មានឆន្ទៈពិតប្រាកដឡើយ។
ប្រធានមូលនិធិបណ្ឌិត កែម ឡី គឺលោក សៅ កុសល លើកឡើងថា ថ្វីដ្បិតតែលោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់រយៈពេល៣ឆ្នាំហើយក្ដី ប៉ុន្តែសង្គមស៊ីវិល ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ ទាំងមន្ត្រីរាជការ សិស្សនិស្សិត និងព្រះសង្ឃជាដើម នៅតែរន្ធត់ សោកស្ដាយនិង នៅតែគោរពស្រលាញ់ដល់វីរភាពរបស់លោកបណ្ឌិត កែម ឡី ម៉្លោះហើយទើបមានពិធីបុណ្យខួប ៣ឆ្នាំ និងការទាមទាររកយុត្តិធម៌ជូនបណ្ឌិត កែម ឡី ស្ទើរគ្រប់ទីកន្លែងទាំងក្នុងប្រទេសកម្ពុជា និងនៅឯក្រៅប្រទេស៕