ស្ថានទូត​អាមេរិក និង​ចិន​នៅ​កម្ពុជា​បង្ហោះ​សារ​ចោទ​ប្រកាន់​គ្នា​រឿង​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា

ដោយ ថន ថារ៉ូ
2019-02-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។
អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី ថ្លែង​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

ស្ថានទូត​សហរដ្ឋអាមេរិក និង​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បង្ហោះ​សារ​ចោទ​គ្នា​ទៅវិញទៅមក ពី​រឿង​លូកដៃ​ចូល​បង្កើត​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ក្នុង​ចន្លោះ​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៩។ អ្នក​សិក្សា​ស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម ថា មហាអំណាច​ទាំងពីរ សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នៅ​ពី​ក្រោយខ្នង​នៃ​ការ​បង្កើត​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ដូចគ្នា។

អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី អះអាង​ថា ទាំង​ចិន និង​សហរដ្ឋអាមេរិក សុទ្ធតែ​បាន​រួម​ចំណែក​គាំទ្រ​ជា​សព្វាវុធ ស្បៀង អាហារ នយោបាយ​ការទូត ឱ្យ​អ្នកនយោបាយ​ខ្មែរ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដល់​១៩៧៩​។ បណ្ឌិត មាស នី ថា ក្រៅពី​ការ​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក គឺ​យោធា​ចិន បាន​ដឹង​សព្វាវុធ និង​ស្បៀង​ជាច្រើន ឆ្លងកាត់​ពី​កំពង់ផែ ខេត្ត​ព្រះសីហនុ ឆ្លងកាត់​តាម​ខេត្ត​ស្វាយរៀង ដើម្បី​ជួយឧបត្ថម្ភ​ដល់​ក្រុម​វៀតណាម និង​អ្នកជំនាញការ​ចិន ជាច្រើន ដែល​មាន​វត្តមាន​នៅ​តាម​ការដ្ឋាន និង​ទំនប់​ធំៗ ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម។ លោក មាស នី ថា សហរដ្ឋអាមេរិក​វិញ​ក៏​បាន​ជួយ​សព្វាវុធ និង​ជ្រោមជ្រែង​ខ្លាំង​ដល់​រដ្ឋអំណាច​សេនាប្រមុខ លន់ នល់៖ «អ៊ីចឹង​!!​ខ្ញុំ​គិត​ថា អ្នកដឹកនាំ​ខ្មែរ​យើង​នេះ គឺ​មិនមែន​ត្រឹម តែ​ក្នុង​ជំនាន់​សព្វថ្ងៃ ដែល​យើង​ឃើញ​ថា ម្ខាង​រត់​ទៅ​រក​ចិន ម្ខាង​រត់​ទៅ​រក​សហរដ្ឋ​អាមេរិក​នេះ​។ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​៦០ (១៩៦០) ក៏​យើង​ឃើញច្បាស់​ណាស់​ហើយ​។ ការណ៍​ដែល​យើង​ធ្វើ​ស្អី មាន​ជម្លោះ គ្នាឯង ហើយ​រត់​ទៅ​រក​អ្នកជិតខាង​នេះ គឺ​សុទ្ធតែ​អ្វី​ដែល​យើង​ជំពាក់​គុណ​គេ (​បរទេស​) បាទ»

ការ​លើកឡើង​របស់​អ្នក​តាមដាន​សង្គម​នេះ ក្រោយពេល​ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​កម្ពុជា បាន​បង្ហោះ​សារ លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផ្លូវការ​ខ្លួន កាលពី​ថ្ងៃ​ទី​៣០ មករា ថា សហរដ្ឋអាមេរិក​មិន​បាន​ពាក់ព័ន្ធ នៅ​ក្នុង​រដ្ឋប្រហារ នាំ​ឱ្យ​លោក លន់ នល់ ឡើង​កាន់​អំណាច​ទេ។ ស្ថានទូត​អាមេរិក សរសេរ​ថា ផ្ទុយទៅវិញ មាន​ភស្តុតាង​យ៉ាង​ច្រើន ដែល​បង្ហាញ​ថា រដ្ឋាភិបាល​ចិន បាន​គាំទ្រ​យ៉ាងសកម្ម ដល់​របប​ខ្មែរក្រហម ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ និង​ក្នុង​រយៈកាល ក្រោយពី​នោះ​មក។

ចំណែក​ស្ថានទូត​ចិន ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​វិញ កាលពី​ថ្ងៃ​ទី១ កុម្ភៈ បាន​ឆ្លើយតប​វិញ​ដែរ​ថា ក្នុង​ពេល​ថ្មីៗ​នេះ ស្ថានទូត​ប្រទេស​មហាអំណាច​មួយ​ប្រចាំ​កម្ពុជា​បាន​លើកឡើង​ជា​សាធារណៈ​ថា ប្រទេស​ខ្លួន​មិន​មាន​ជាប់​ទាក់ទង​អ្វី ជាមួយ​រដ្ឋប្រហារ​សម័យ លន់ នល់ នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពីដើម​ទសវត្សរ៍​ទី​៧០​ទេ។ ស្ថានទូត​ចិន អះអាង​ថា រដ្ឋប្រហារ​ដែល​នាំ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​រ៉ាំរ៉ៃ អស់​រយៈពេល​យ៉ាង​យូរ គឺ​ដោយសារតែ ទីភ្នាក់ងារ​សំងាត់​អាមេរិក ស៊ី​.​អាយ​.​អេ “CIA”​

ការ​ចោទ​គ្នា​រវាង​ស្ថានទូត​ទាំងពីរ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ការិយាល័យ​របស់​ប្រធាន​កិច្ចការ​សម្ងាត់​អាមេរិកាំង (Office of the Director of National Intelligence) ដែល​ជា​បណ្ដុំ​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិកាំង​ចំនួន ១៧​ស្ថាប័ន ក្នុង​នោះ​រួម​ទាំង​ភ្នាក់ងារ ស៊ី​.​អាយ​.​អេ (CIA) ផង បាន​ចេញ​របាយការណ៍​វាយតម្លៃ ការ​គំរាមកំហែង ជា​សាកល​ប្រចាំ​ឆ្នាំ ២០១៩ ដោយ​វាយតម្លៃ​ថា ការ​រអិល​ធ្លាក់​របស់​កម្ពុជា​ចូល​ទៅ​ក្នុង​របប​គ្រប់គ្រង​បែប​ផ្ដាច់ការ​និយម បណ្ដាល​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់គ្រង​បាន​ទាំងស្រុង​នូវ​អំណាច​នីតិប្បញ្ញត្តិ​របស់​ប្រទេស​នេះ​។ គណបក្ស​កាន់អំណាច​នឹង​អាច ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​អាច​បណ្ដាល​ឱ្យ​មាន​វត្តមាន​យោធា​ចិន នៅ​ក្នុង​ប្រទេស​នេះ​បាន។ របាយការណ៍​នេះ ត្រូវ​បាន​មន្ត្រី​របប​ក្រុងភ្នំពេញ បដិសេធ​ចោល​ភ្លាមៗ​។ ក្រសួង​ការពារជាតិ​កម្ពុជា​ក៏បាន​អញ្ជើញ​ឱ្យ​សហរដ្ឋអាមេរិក​មក​ស៊ើបអង្កេត​នៅ​កម្ពុជា​ជុំវិញ​បញ្ហា​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​កម្ពុជា។

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​អាមេរិក និង​ចិន ជុំវិញ​បញ្ហា​ចោទ​គ្នា​ទៅវិញទៅមក​បាន​នៅឡើយ​ទេ នៅ​ថ្ងៃ​ទី​២ កុម្ភៈ​នេះ។

បណ្ឌិត មាស នី យល់ថា មូលហេតុ​ដែល​នាំ​ឱ្យ​ស្ថានទូត​មហាអំណាច​ទាំងពីរ​នេះ រុញច្រាន​កំហុស​ដាក់គ្នា ដោយសារតែ​ការ​ចេញ​របាយការណ៍​របស់​ភ្នាក់ងារ​កិច្ចការ​សម្ងាត់​អាមេរិក​ថ្មីៗ នេះ រក​ឃើញ​ភាព​មិន​ប្រក្រតី​កើតឡើង​នៅ​កម្ពុជា។ បណ្ឌិត មាស នី បារម្ភ​ថា នេះ​ជា​សញ្ញា​នៃ​ការ​ងើបឡើង​វិញ នៃ​សង្គ្រាមត្រជាក់​នៅ​កម្ពុជា រវាង​ប្រទេស​មហាអំណាច​ទាំងពីរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

sokhan ros

ពី Washington

I go along with MEAS NY idea ......
the President Washington of the U S A is the best Leader . Kampuchea learning from the books of Washington State so Cambodians
people want to have their leader fabulous l
like Washington State.....they are so proud to be the leader voting by their people..
and also the President of the United States They are so fair by their people....

Feb 05, 2019 04:54 PM

គេហទំព័រ​ទាំងមូល