មន្ត្រីសង្គមស៊ីវិល ចាត់ទុកការគំរាមបញ្ចេញរឿងអាស្រូវបន្ថែមទៀតរបស់មន្ត្រីបក្សប្រឆាំង ថាជារឿងឥតប្រយោជន៍ មិនមានអ្វីចំណេញដល់ប្រទេសជាតិនោះទេ។ ការថ្លែងបែបនេះរបស់មន្ត្រីសង្គមស៊ីវិល ធ្វើឡើងភ្លាមៗបន្ទាប់ពីម្ចាស់គណនេយ្យហ្វេសប៊ុក (Facebook) ឈ្មោះ រឿងពិត CNRP កាលពីថ្ងៃទី៧ មីនា បានគំរាមបញ្ចេញរឿងអាស្រូវរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយរូបទៀត គឺលោក អេង ឆៃអ៊ាង បើលោកនៅតែចេញមុខនិយាយការពារអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីរឿងអាស្រូវស្នេហានោះ។
អស់ពីបញ្ចេញខ្សែអាត់សំឡេងរឿងអាស្រូវស្នេហា ដែលម្ចាស់គណនេយ្យហ្វេសប៊ុកម្នាក់អះអាងថា ជារបស់ លោក កឹម សុខា និងស្រីស្នេហ៍របស់លោកនោះ ពេលនេះម្ចាស់គណនេយ្យហ្វេសប៊ុកដដែល បានគំរាមបញ្ចេញរឿងអាស្រូវរបស់មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងមួយរូបទៀត គឺលោក អេង ឆៃអ៊ាង។
ក្នុងលិខិតគំរាម ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ រឿងពិត CNRPប្រាប់ លោក អេង ឆៃអ៊ាង កុំឲ្យព្រហើន និងត្រូវឈប់ព្រហើនតទៅទៀត ក្នុងការនិយាយជាសាធារណៈ និងជាមួយអ្នកកាសែត ត្រូវដកខ្លួនឲ្យផុតពី លោក កឹម សុខា ដោយត្រូវឈប់ជាបន្ទាន់ក្នុងការចេញមកនិយាយជួយការពារ និងបិទបាំងរឿងអាស្រូវរបស់ លោក កឹម សុខា ជាពិសេសការនិយាយបង្វែររឿងអាស្រូវពិតរបស់ លោក កឹម សុខា ទៅរឿងផ្សេង ដោយទុកឲ្យ លោក កឹម សុខា ទទួលខុសត្រូវតែម្នាក់ឯង។
ម្ចាស់គណនេយ្យហ្វេសប៊ុកដដែលបញ្ជាក់ថា បើ លោក អេង ឆៃអ៊ាង មិនធ្វើតាមគេទេ គេនឹងបញ្ចេញរឿងអាស្រូវរបស់ លោក អេង ឆៃអ៊ាង ឲ្យសាធារណជនដឹងដូចករណី លោក កឹម សុខា ដែរ។
បើទោះបីជារហូតមកទល់ពេលនេះ លោក អេង ឆៃអ៊ាង មិនទាន់មានប្រតិកម្មតបផ្លូវការក្តី ប៉ុន្តែ លោក អេង ឆៃអ៊ាង ហាក់មិនព្រឺនឹងការគំរាមនេះឡើយ។ ភ្លាមៗក្រោយទទួលបានលិខិតគំរាមនេះ លោក អេង ឆៃអ៊ាង បានសរសេរនៅទំព័រហ្វេសប៊ុករបស់លោកថា លោកមានកិត្តិយសដោយទទួលបានលិខិតព្រមានមួយច្បាប់ ដែលគេយកមកដល់គេហដ្ឋាន។
ចំណែកនៅថ្ងៃទី៨ មីនា ដែលជាទិវាសិទ្ធិនារីអន្តរជាតិ លោក អេង ឆៃអ៊ាង បង្ហោះរូបថតនៅលើទំព័រហ្វេសប៊ុក ដែលមានរូបលោក និងភរិយាដែលអង្គុយញញឹមទន្ទឹមគ្នា ហើយបានសរសេរដោយស្រង់សម្ដីភរិយារបស់លោក ដែលនិយាយហាក់ឌឺដងទៅកាន់អ្នកគំរាមបញ្ចេញរឿងអាស្រូវ លោក អេង ឆៃអ៊ាង ថា ថ្ងៃនេះភរិយាលោកបាននិយាយថា គាត់សប្បាយចិត្តណាស់ព្រោះឥឡូវនេះមានអ្នកដទៃ បានជួយតាមដាន និងឃ្លាំមើលពីសកម្មភាពឯកជនប្ដីគាត់ ដែលធ្វើឲ្យគាត់អស់កង្វល់។
ដោយឡែកនៅលើទំព័រហ្វេសប៊ុករបស់ម្ចាស់គណនេយ្យ រឿងពិត CNRP វិញ ម្ចាស់គណនេយ្យរូបនេះ បានបញ្ចេញខ្សែអាត់សំឡេងដែលរូបគេអះអាងថាជារបស់ លោក កឹម សុខា នោះ ដល់ភាគទី១៩ ហើយនៅថ្ងៃទី៨ មីនា។
មន្ត្រីការពារសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) លោក អំ សំអាត បញ្ចេញទស្សនៈថា គេមិនគួរយករឿងបុគ្គលមកធ្វើជារឿងធំនោះឡើយ។ លើសពីនេះ លោកថា អ្នកនយោបាយ ឬតំណាងរាស្ត្រ ក៏គ្មានពេលមកគិតពីរឿងបុគ្គលនោះដែរ។ លោកថា អ្វីដែលសំខាន់ គឺគេមើលទៅលើការបំពេញការងារ និងតួនាទីរបស់អ្នកនយោបាយក្នុងការបម្រើប្រទេសជាតិទៅវិញទេ៖ « ខ្ញុំគិតថាវាល្អ ប្រសិនជាអ្នកនយោបាយ អ្នកដឹកនាំទាំងអស់ យើងកុំរវល់ជាមួយនឹងរឿងមិនមានប្រយោជន៍ ពីព្រោះការគំរាម ប្រសិនបើដល់អាយុជីវិតប៉ះពាល់ដល់រាងកាយ សមត្ថកិច្ចត្រូវតែចាត់វិធានការហើយ ប៉ុន្តែគំរាមរឿងមិនបានប្រយោជន៍ កុំទៅរវល់ជាមួយ បើយើងរវល់ ភាគវាចេះតែមាន »។
ចាប់តាំងពីមានការផ្សព្វផ្សាយខ្សែអាត់សំឡេងរឿងអាស្រូវស្នេហា ដែលម្ចាស់ផ្សព្វផ្សាយថាជារបស់ លោក កឹម សុខា និងស្រីកំណាន់មក គណបក្សសង្គ្រោះជាតិ ហាក់មិនចាប់អារម្មណ៍ ឬយកចិត្តទុកដាក់ឆ្លើយតបអ្វីឡើយ ដោយពួកគេចាត់ទុកថាជារឿងឥតប្រយោជន៍សម្រាប់គណបក្ស។
ថ្លែងក្នុងពិធីជួបជុំមន្ត្រីមូលដ្ឋាននារាជធានីភ្នំពេញ កាលពីថ្ងៃទី៦ មីនា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រាប់ទៅកាន់មន្ត្រី និងអ្នកគាំទ្ររបស់ខ្លួនថា កុំខ្វល់ខ្វាយរឿងអត់ប្រយោជន៍ រឿងដែលមានប្រយោជន៍ គឺការបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
