អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីចោទលោក ហ៊ុន សែន ថាជាមេដឹកនាំពុករលួយស្ទើរផុតលេខ
2014.02.27
អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានប្រសាសន៍ថា លោកទ្រាំលែងបាននឹង លោក ហ៊ុន សែន ទៀតហើយ។ នៅក្នុងបទនិពន្ធរបស់លោកមួយ ដែលចុះផ្សាយលើទំព័រទស្សនៈពិភពលោក កាលពីថ្ងៃទី២៦ កុម្ភៈ នេះ លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ប្រើសម្ដីធ្ងន់ៗចោទ លោក ហ៊ុន សែន ថាជាមេដឹកនាំផ្តាច់ការ មេដឹកនាំពុករលួយស្ទើរផុតលេខ ហើយលោកអំពាវនាវអោយសហគមន៍អន្តរជាតិ បកអាក្រាតអំពើទាំងនោះដោយចេញមុខ និងអោយបើកការស៊ើបអង្កេតទៅលើអំពើរំលោភបំពានទាំងអំបាលម៉ានពីសំណាក់ លោក ហ៊ុន សែន និងដៃជើងរបស់ លោក ហ៊ុន សែន។
លោក ជុន ច័ន្ទបុត្រ សូមប្រែសម្រួលអត្ថបទនេះទាំងស្រុងជូនលោកអ្នកនាងដូចតទៅ៖
រដ្ឋាភិបាលកម្ពុជា បានគេចខ្លួនរួចទៀតហើយពីការសម្លាប់មនុស្ស។ នោះមិនមែនជាអំពើប្រល័យពូជសាសន៍ដូចដែលបានបង្កឡើងដោយពួកខ្មែរក្រហម នៅទសវត្ស៧០ នោះទេ។ ហើយក៏មិនមែនដូចការសម្លាប់មនុស្សដែលកំពុងតែកើតមានដូចនៅប្រទេសស៊ីរី ឬក៏ដូចអ្វីដែលកើតឡើងនៅប្រទេសអ៊ុយក្រែន វេណេហ្ស៊ុយអេឡា ថៃ បង់ក្លាដេស ដែលយើងឃើញលើទំព័រសារព័ត៌មាននាពេលថ្មីៗនោះទេ។ តែទោះជាទម្រង់ណាក៏ដោយ ការសម្លាប់មនុស្ស គឺជាការសម្លាប់មនុស្ស ពលរដ្ឋកម្ពុជា ត្រូវក្រុមប្រដាប់អាវុធតម្រង់ចុងកាណុងបាញ់សម្លាប់តែម្តង។
កាលពីថ្ងៃទី៣ ខែមករា កន្លងទៅនេះ កម្មកររោងចក្រកាត់ដេរ ៥នាក់ ត្រូវគេបាញ់សម្លាប់នៅពេលដែលពួកគាត់ធ្វើបាតុកម្មទាមទារប្រាក់ខែ ដែលអាចអោយពួកគាត់អាចរស់នៅសមរម្យបាន។ មនុស្សជាច្រើនទៀតរងរបួស ដោយសារគ្រាប់កាំភ្លើង និងដោយសារការវាយដំ។ ជាង ២០នាក់ទៀត ត្រូវគេចាប់ដាក់គុកដោយមិនមានការកាត់ក្តី។ ហើយអំពើនេះ កើតឡើងបន្ទាប់ពីមានការបង្ក្រាបបង្ហូរឈាមទៅលើអ្នកធ្វើបាតុកម្មចំពោះការបោះឆ្នោត ដែលពោរពេញទៅដោយភាពមិនប្រក្រតី ហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីខាងគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកបានគ្របដណ្ដប់ជីវភាពនយោបាយកម្ពុជា អស់ជាង ៣០ឆ្នាំមកហើយនោះ ឈ្នះជាថ្មីម្តងទៀត។
ការសម្លាប់មនុស្សនាពេលថ្មីៗនេះ ធ្វើអោយគេនឹកឃើញឡើងវិញនូវបែបផែនសម្លាប់មនុស្សពាក់ព័ន្ធនឹងអំពើហិង្សានយោបាយ ដែលកើតឡើងញឹកញាប់ពេកណាស់នៅកម្ពុជា នៅរាល់ដំណាក់កាលសំខាន់ៗមួយចំនួន ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។ ទោះបីជាក្រោយពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលមិនគ្រាន់តែមានគោលបំណងនាំសន្តិភាពដល់កម្ពុជា ទេ តែនាំមកនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជូនប្រជាជាតិមួយ ដែលរងទុក្ខវេទនាជាយូរមកហើយនោះផងដែរ។ គ្មានប្រទេសណាមួយនៅលើពិភពលោកយើងនេះ សមនឹងទទួលបានចំណុចទាំងបីនេះដូចជាប្រទេសកម្ពុជា ដែលធ្លាប់ហែកហួរអស់រយៈពេលពីរទសវត្ស ដោយសារការទម្លាក់គ្រប់បែកអាមេរិកាំង ដោយសារសង្គ្រាមស៊ីវិល ដោយសារការប្រល័យពូជសាសន៍នៃរបបដ៏ព្រៃផ្សៃនៃពួកខ្មែរក្រហម ដោយសារការឈ្លានពានរបស់វៀតណាម ហើយនិងដោយសារសង្គ្រាមស៊ីវិលជាថ្មីម្តងទៀត ដែលជាលទ្ធផលបានសម្លាប់មនុស្សប្រមាណ ២លាននាក់នោះទេ។
មានសេចក្តីសង្ឃឹមខ្ពស់ណាស់ថា ប្រទេសកម្ពុជា អាចនឹងដើរលើមាគ៌ាផ្លាស់ប្ដូរមួយតាមផែនការសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលនាំអោយមានកងកម្លាំងរក្សាសន្តិភាពដ៏ធំសម្បើម និងមានការបោះឆ្នោតមួយដ៏មានសន្តិភាពនៅឆ្នាំ១៩៩៣។
សេចក្តីសង្ឃឹមទាំងនោះសម្រេចបានផ្នែកខ្លះ។ របបខ្មែរក្រហមត្រូវសាបរលាប ហើយគ្រោះថ្នាក់ពីសង្គ្រាមស៊ីវិលក៏ថមថយតាមនោះដែរ។ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលបានជំនួយដ៏រឹងមាំពីបរទេស និងពីការបណ្ដាក់ទុនរបស់ចិន បានកើនឡើង ថ្វីត្បិតតែនៅដើរមិនទាន់ប្រទេសជិតខាងក្នុងតំបន់ ព្រមទាំងនៅមានកង្វល់ពីអំពើពុករលួយ និងអស្ថិរភាពនយោបាយ ដែលបញ្ចៀសមិនអោយកម្ពុជា ឈានដល់សក្ដានុពលភាពពេញលេញបានក៏ដោយចុះ។
ក៏ប៉ុន្តែ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស នោះមក មិនបានល្អទេ។ ការគប់គ្រាប់បែកលើក្បួនបាតុកម្មដឹកនាំដោយ លោក សម រង្ស៊ី កាលពីខែមីនា ឆ្នាំ១៩៩៧ បានសម្លាប់មនុស្សអស់ ១៦នាក់ និងរបួសជាង ១០០នាក់។ នៅខែកក្កដា ឆ្នាំនោះដែរ ក្រោយពីមានការចែកអំណាចដ៏ស្មុគស្មាញជាមួយទ្រង់ រណឫទ្ធិ នៃគណបក្សរាជានិយម លោក ហ៊ុន សែន បានធ្វើរដ្ឋប្រហារបង្ហូរឈាមមួយដែលអ្នកប្រឆាំងនឹងលោកត្រូវរត់ភៀសខ្លួនទៅបរទេស អ្នកខ្លះត្រូវគេចាប់ខ្លួន អ្នកខ្លះត្រូវគេធ្វើទារុណកម្ម អ្នកខ្លះទៀតត្រូវគេសម្លាប់ចោល ដោយគ្មានឆ្លងកាត់ការកាត់ទោសតាមច្បាប់អ្វីទាំងអស់។
ក៏ប៉ុន្តែ រឿងរ៉ាវទាំងអស់នេះមិនសូវទទួលប្រតិកម្មពីសហគមន៍អន្តរជាតិប៉ុន្មានទេ។ នេះមកពី លោក ហ៊ុន សែន មាននៅសល់ធនធាននយោបាយគ្រប់គ្រាន់លើឆាកអន្តរជាតិ ពីការដែលគាត់បានប្រឆាំងនឹងរបបខ្មែរក្រហម និងតួនាទីរបស់គាត់ក្នុងដំណើរការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយទន្ទឹមគ្នានោះដែរ លោក សម រង្ស៊ី ត្រូវគេមើលឃើញថា នៅមានគុណវិបត្តិច្រើន ហើយខាងមេដឹកនាំខាងរាជានិយមឯណោះវិញ ត្រូវគេមើលឃើញថា អសមត្ថភាព។ ម៉្យាងទៀត នាដំណាក់កាលនោះ ការនឿយណាយនឹងបញ្ហាកម្ពុជា ពីសំណាក់មេដឹកនាំបរទេសមួយចំនួន ក៏ដើរតួនាទីសំខាន់ណាស់ដែរក្នុងការដែលធ្វើអោយគេមិនសូវអើពើពីសកម្មភាពរបស់ លោក ហ៊ុន សែន ប៉ុន្មាន។ ខ្ញុំខ្លួនឯង ក៏គិតថា អ្វីដែលកើតឡើងខុសពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នោះ ជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ ហើយអ្នកដទៃទៀតក៏គិតដូចខ្ញុំដែរ។
តាំងពីពេលនោះមក ដោយរក្សាប្រជាធិបតេយ្យតែសម្បកក្រៅ លោក ហ៊ុន សែន បានក្ដោបក្ដាប់អំណាចគ្រប់បែបយ៉ាងទាំងអស់ជារបៀបជនផ្តាច់ការ ដោយស្ទើរតែមិនយកចិត្តទុកទាល់តែសោះដល់សិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការជួបជុំ ហើយដាក់ការបង្ក្រាបដោយហិង្សា ដើម្បីការពារអំណាចលោក និងបក្សរបស់លោក។
សកម្មភាពទាំងអស់នេះ បានកើតឡើងជាមួយគ្នានឹងអំពើពុករលួយ ក្នុងកម្រិតដ៏គួរអោយរន្ធត់មួយ ដោយកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ១៦០ ក្នុងចំណោមប្រទេស១៧៥ ដែលអង្គការតម្លាភាពអន្តរជាតិបានស្រាវជ្រាវ។ នៅមានសេចក្តីរាយការណ៍នានា ដែលមិនអាចផ្ទៀងផ្ទាត់បាន តែទំនងជាការពិតថា មានមនុស្សប្រមាណ ២០នាក់ ឬច្រើនជាងនេះ ដែលជិតស្និទ្ធបំផុតជាមួយ លោក ហ៊ុន សែន ម្នាក់ៗមានលុយច្រើនជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិក តាមការលួចជាតិ តាមសកម្មភាពរកស៊ីខុសច្បាប់ និងតាមការផ្តល់កុងត្រាផ្សេងៗរបស់រដ្ឋ ទៅអោយបក្ខពួករបស់ខ្លួន។ នៅមានការបង្កើតបណ្ដាញគ្រប់គ្រងនយោបាយដ៏ធំសម្បើម គួរអោយអស់សំណើចមួយទៀត ដែលតាមការរាប់នាពេលថ្មីៗនេះឃើញថា រដ្ឋមន្ត្រី និងរដ្ឋលេខាធិការនៃរដ្ឋាភិបាលកម្ពុជា មានចំនួនដល់ទៅ ២៤៤នាក់។
អស់រយៈពេលជាយូរមកហើយដែល លោក ហ៊ុន សែន និងដៃជើងរបស់លោកតែងតែគេចរួចពីការដែលពួកគាត់ប្រព្រឹត្តអំពើហិង្សា រំលោភសិទ្ធិមនុស្ស អំពើពុករលួយ បោកប្រាស់ក្នុងការបោះឆ្នោត និងក្នុងប្រព័ន្ធផ្សព្វផ្សាយ ដោយគ្មានការតតាំងទាំងពីខាងក្នុង និងពីខាងក្រៅ។ ក៏ប៉ុន្តែ ការផ្លាស់ប្ដូរចាប់ផ្ដើមមានហើយនៅកម្ពុជា នាដំណាក់កាលនេះ។ គណបក្សប្រឆាំងដែលអាចជឿទុកចិត្តបាន គឺគណបក្សសង្គ្រោះជាតិ បានកើតឡើងក្រោមការដឹកនាំរបស់ លោក សម រង្ស៊ី (ដែលពេលនេះបានក្លាយជាអ្នកដឹកនាំរបស់ជាតិ ជាជាងជាអ្នកដែលប្រឆាំងនឹងវៀតណាម តែមួយមុខនោះ) ហើយលោកទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋ។ ជាងនេះទៅទៀត យុវជនក្មេងៗដែលស្ទាត់ជំនាញក្នុងការប្រើបណ្ដាញទំនាក់ទំនងសង្គមជាច្រើន ក៏នាំគ្នាចេញមុខទាមទារអោយមានការប្ដូររដ្ឋាភិបាល។
លើឆាកអន្តរជាតិវិញ ក៏មានចាប់ផ្ដើមមានការដាក់សម្ពាធ ថ្វីត្បិតតែនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ ជាឧទាហរណ៍ លោក អិដ រ៉យស៍ (Ed Royce) ប្រធានគណៈកម្មាធិការកិច្ចការអន្តរជាតិនៃសភាអាមេរិកាំង បានសុំអោយ លោក ហ៊ុន សែន លាលែងពីតំណែង។ សេចក្តីសម្រេចចិត្តថ្កោលទោសរបប លោក ហ៊ុន សែន ត្រូវបានចេញដោយសភាជាតិនៃប្រទេសមួយចំនួន ហើយមានប្រទេសជាច្រើនទៀតដាក់បញ្ចូលការរិះគន់រដ្ឋាភិបាលកម្ពុជា របស់ខ្លួនជាផ្លូវការ នៅពេលដែលក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បើកកិច្ចប្រជុំពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សរបស់កម្ពុជា នៅទីក្រុងហ្សឺណែវ កាលពីប៉ុន្មានសប្ដាហ៍កន្លងទៅនេះ។
ក៏ប៉ុន្តែ សំឡេងថ្លែងរិះគន់ច្រើនណាស់ត្រូវបានស្ងប់បាត់សំឡេងទៅវិញ។ ការថ្លែងរិះគន់របស់ប្រទេសអូស្ត្រាលី ជាដើម ធាក់ថយក្រោយវិញ ដើម្បីជៀសវាងកុំអោយស្តាប់ទៅវាគ្រោតគ្រាតពេក ដោយគេខិតខំរៀបពាក្យយ៉ាងណាអោយការរិះគន់ទាំងឡាយ ប្រហាក់ប្រហែលគ្នាទៅនឹងការលើកសរសើរ។ ឧទាហរណ៍ គេសរសេរថា គេមានការព្រួយបារម្ភចំពោះការប្រើអំពើហិង្សាហួសហេតុទៅលើបាតុករ តែទន្ទឹមនឹងនោះ ក៏គេថា គេស្វាគមន៍ចំពោះការប្ដេជ្ញារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការកែទម្រង់ការបោះឆ្នោត ជាដើម។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ថ្មី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) បានប្រើសម្ដីដូចជារដ្ឋមន្ត្រីការបរទេសដទៃទៀតធ្វើអ៊ីចឹងដែរ គឺគាត់ជៀសវាងការនិយាយបែបណាដែលមិនចំណេញ ហើយប្រកាន់យកទ្រឹស្ដីចាប់ដៃជាជាងកៀសដៃសមភាគីរបស់អ្នកស្រីចេញ។ នៅពេលដែលអ្នកស្រីជួបជាមួយ លោក ហ៊ុន សែន នៅភ្នំពេញកាលពីថ្ងៃទី២២ កន្លងទៅនេះវាហាក់ដូចជាគ្មានការរិះគន់ធំដុំអ្វីណាមួយ ដែលអ្នកស្រីបានលើកឡើងទេ ទោះបីជាអូស្ត្រាលី ជាប្រទេសដែលឈរក្នុងស្ថានភាពខ្ពស់មួយនៅកម្ពុជា ដោយសារតួនាទីជាប្រវត្តិសាស្ត្រដែលអូស្ត្រាលី បានចូលរួមក្នុងដំណើរការស្វែងរកសន្តិភាព ដែលមានន័យថា សម្ដីណាមួយរបស់អូស្ត្រាលី អាចនឹងត្រូវគេយកចិត្តទុកដាក់ក៏ដោយចុះ។
តាមពិតទៅ អាចមានរបៀបធ្វើការទូតរបៀបស្ងប់ស្ងាត់ ដើម្បីលើកទឹកចិត្តអោយមានការផ្លាស់ប្ដូរ។ ប៉ុន្តែ នៅពេលដែលប្រទេសណាមួយប្រព្រឹត្តកំហុសអាក្រក់ច្រើនគ្រប់គ្រាន់ និងប្រព្រឹត្តកំហុសអាក្រក់ទាំងនោះក្នុងពេលយូរគ្រប់គ្រាន់ ក៏តម្រូវអោយមានការស្រែកអោយគេឯងគ្រប់គ្នាឮៗដែរ។
ខ្ញុំធ្លាប់ស្គាល់ លោក ហ៊ុន សែន និងធ្លាប់ធ្វើការជាមួយលោកបានល្អពីមុនមក។ ខ្ញុំតែងតែខំទប់ចិត្តមិនរិះគន់លោកខ្លាំងៗជាសាធារណៈទេ រហូតមកដល់ពេលនេះ ដោយខ្ញុំគិតថា ខ្ញុំនៅមានសង្ឃឹមនៅឡើយចំពោះរូបលោក និងរដ្ឋាភិបាលរបស់លោក។ ក៏ប៉ុន្តែ អំពើរបស់លោកវាហួសពីការទទួលយកបានហើយនៅពេលនេះ។ នេះ គឺជាពេលដែលសហគមន៍អន្តរជាតិយកឈ្មោះមេដឹកនាំរដ្ឋាភិបាលកម្ពុជា ទាំងនេះទៅបកអាក្រាត ទៅធ្វើការស៊ើបអង្កេត និងដាក់ទណ្ឌកម្មហើយ។
លោកអ្នកនាងទើបនឹងបានអាន និងស្តាប់ស្នាដៃនិពន្ធមួយរបស់ លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី និងជាស្ថាបនិកមួយរូបនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ សូមជម្រាបថា ទស្សនៈ ឬយោបល់ទាំងនេះ ជារបស់អ្នកនិពន្ធផ្ទាល់ មិនឆ្លុះបញ្ចាំងពីទស្សនៈ ឬជំហររបស់វិទ្យុអាស៊ីសេរី ទេ៕