ឧបការី​រង​ក្រសួង​ការ​បរទេស​អាមេរិក​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ពីរ​ថ្ងៃ

ឧបការី​រង​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​ផ្នែក​លទ្ធិប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ លោក ស្កត់ បឺសប៊ី (Scott Busby) នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​២ ខែ​មិថុនា ខាង​មុខ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ឧសភា ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ទស្សនកិច្ច​នេះ លោក ស្កត់ បឺសប៊ី នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​មាន​ដូចជា អំពី​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល អំពី​សិទ្ធិ​ការងារ និង​អំពី​ប្រធានបទ​ផ្សេង​ទៀត ទាក់ទង​នឹង​សិទ្ធិ​មនុស្ស។

ដំណើរ​ទស្សនកិច្ច​របស់ លោក ស្កត់ បឺសប៊ី ធ្វើ​ឡើង​ចំ​ពេល​ដែល​អង្គការ​សង្គម​ស៊ីវិល កំពុង​រិះគន់​ទៅ​លើ​ដំណើរ​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។ ដំណើរ​ទស្សនកិច្ច​នេះ ក៏​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ព្រមាន​ទៅ​លើ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា មិន​ឲ្យ​រិះគន់​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​របស់​រដ្ឋាភិបាល។ ជាមួយ​គ្នា​នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William Todd) ក៏​ត្រូវ​បាន​ក្រសួង​ការ​បរទេស ចាត់​ទុក​ថា ព្រហើន​ខ្លាំង ដោយសារ​តែ​លោក​បាន​រិះគន់​សេចក្តី​ព្រាង​ច្បាប់​របស់​រដ្ឋាភិបាល​នៅ​លើ​បណ្ដាញ​សារព័ត៌មាន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច លោក ស្កត់ បឺសប៊ី លោក​ក៏​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។