អង្គការជនពិការកម្ពុជា លើកឡើងថា ជនពិការកម្ពុជា នៅតែមិនទាន់មានសិទ្ធិចូលរួមការបោះឆ្នោតដោយពេញលេញបាននៅឡើយ និងនៅតែប្រឈមនឹងបញ្ហាចុះឈ្មោះ និងពិនិត្យឈ្មោះបោះឆ្នោត ដោយសារមិនទាន់មានតារាងប្រភេទពិការភាពជនពិការនៅឡើយ។ ទន្ទឹមគ្នានេះ អង្គការជនពិការកម្ពុជា និងតំណាងជនពិការ ខកចិត្តចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបដិសេធសំណើរបស់ខ្លួនដែលសុំឲ្យដាក់ប្រភេទពិការភាពទៅក្នុងបញ្ជីបោះឆ្នោតថ្មី។
អង្គការជនពិការកម្ពុជា និងជនពិការ ស្នើជាថ្មីទៀតឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បែងចែកប្រភេទតារាងប្រភេទពិការភាពក្នុងបញ្ជីបោះឆ្នោតថ្មី ដើម្បីបង្កភាពងាយស្រួយសម្រាប់មន្ត្រីការិយាល័យបោះឆ្នោត និងជនពិការនៅពេលទៅបោះឆ្នោត។
ការលើកឡើងរបស់អង្គការជនពិការនៅពេលនេះ នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីខួប ៧ឆ្នាំនៃការអនុម័តប្រើជាផ្លូវការនូវច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលរៀបចំនៅថ្ងៃទី៤ ខែកក្កដា។
នាយកប្រតិបត្តិនៃអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន មានប្រសាសន៍ថា នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មីមិនទាន់បានបែងចែកប្រភេទពិការភាព ដែលជាហេតុធ្វើឲ្យពិបាករកឃើញចំនួនជនពិការពិតជាក់ស្ដែងដែលមានសិទ្ធិបោះឆ្នោត និងធ្វើឲ្យជនពិការកម្ពុជា នៅតែបាត់សិទ្ធិបោះឆ្នោត។ ទន្ទឹមគ្នានេះ លោកសោកស្ដាយដែល គ.ជ.ប បដិសេធសំណើសុំចែកប្រភេទពិការភាពនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី បើទោះជាអង្គការលោកបានលើកពីបញ្ហាប្រឈមរបស់ជនពិការក្នុងការបោះឆ្នោតយ៉ាងណាក្តី។
អ្នកធ្វើការពាក់ព័ន្ធនឹងជនពិការរូបនេះយល់ថា ការបដិសេធនេះមិនត្រឹមតែប៉ះពាល់ដល់សិទ្ធិប៉ុណ្ណោះទេ វានឹងបង្កការលំបាកដល់ជនពិការនៅកម្ពុជា។ លោកជំរុញឲ្យ គ.ជ.ប ថ្មី ត្រូវតែពិចារណាឡើងវិញ ព្រមទាំងកែប្រែប្រវត្តិសាស្ត្រធ្វើយ៉ាងណាបន្ថែមតារាងប្រភេទឈ្មោះជនពិការ ដោយមានបញ្ជាក់ប្រភេទពិការភាពទៅក្នុងបញ្ជីបោះឆ្នោតថ្មី៖ « យើងចង់ឲ្យ គ . ជ . ប ថ្មី បង្កើតប្រវត្តិសាស្ត្រមាន គ . ជ . ប ថ្មី ដូច គ . ជ . បចាស់ ដដែលទេ ហើយកុំឲ្យខ្មាសគេនៅពេលគេសួរ តើមានជនពិការប៉ុន្មាននាក់បានទៅបោះឆ្នោត ? មានពិការភាពអីខ្លះ ? តែគាត់បែរជាឆ្លើយថាអត់ដឹងទៅវិញ។ ឥឡូវនេះយើងខ្ញុំឲ្យ គ . ជ . ប ដាក់តែ ២ទេ បើគាត់ដាក់តែពីរ គឺប្រភេទពិការជើង និងពិការភ្នែកសិនទៅ ចង់ គ . ជ . ប គួរតែគិតគូរបញ្ហានេះផង »។
ទន្ទឹមគ្នានេះ តំណាងជនពិការជួយខ្លួនឯងមកពីខេត្តកំពង់ចាម លោក សយ សុខន បារម្ភថា ការបដិសេធរបស់ គ.ជ.ប មិនព្រមដាក់ប្រភេទពិការភាពទៅក្នុងបញ្ជីបោះឆ្នោតថ្មី នឹងអាចធ្វើឲ្យជនពិការកម្ពុជា រារែកក្នុងការទៅបោះឆ្នោតនៅអាណត្តិថ្មីនេះ៖ « ចង់ឲ្យ គ . ជ . ប ពិចារណាឡើងវិញ។ តើការដាក់តារាងបែងចែកប្រភេទពិការភាព តើវាពិតជាធ្ងន់ធ្ងរសម្រាប់ គ . ជ . ប មែនអត់ ?»។
ឆ្លើយតបទៅនឹងការលើកឡើងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា មូលហេតុបដិសេធមិនដាក់ប្រភេទពិការភាពទៅក្នុងបញ្ជីបោះឆ្នោតថ្មី ដោយសារផ្អែកលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងនៅមានជនពិការខ្លះនៅតែលាក់លៀមពីអត្តសញ្ញាណរបស់ខ្លួន។ លោកអះអាងថា បញ្ហានេះមិនប៉ះពាល់ដល់សិទ្ធិជនពិការកម្ពុជា ក្នុងការបោះឆ្នោតនោះទេ៖ « ទីមួយ ទិដ្ឋភាពច្បាប់ មិនបានតម្រូវឲ្យ គ . ជ . ប ដាក់នោះទេ។ ទីពីរ កត្តាបច្ចេកទេស ជនពិការខ្លះនៅតែលាក់លៀមពីអត្តសញ្ញាណរបស់ខ្លួន តែបើសិនជាលិខិតបញ្ជាក់ពីប្រភេទពិការភាព គ . ជ . ប អាចនឹងពិចារណាចំណុចនេះ »។
សង្គមស៊ីវិលធ្វើការផ្នែកការពារជនពិការមើលឃើញថា កន្លងមកពេលបោះឆ្នោតម្តងៗ ជនពិការជួបបញ្ហាប្រឈមជាច្រើន មានដូចជា ការិយាល័យបោះឆ្នោតនៅឆ្ងាយ មិនមានជម្រាល មិនមាននិមិត្តសញ្ញាសម្គាល់ ពិបាកលើការចុះឈ្មោះបោះឆ្នោត មិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរ កង្វះព័ត៌មានអក្សរស្ទាប និងភាសាសញ្ញាសម្រាប់ជនពិការគថ្លង់ និងងងឹតភ្នែក ជាដើម។
អង្គការជនពិការកម្ពុជា និងជនពិការ នៅតែយល់ថា ការបន្ថែមតារាងប្រភេទឈ្មោះជនពិការដោយមានបញ្ជាក់ប្រភេទពិការភាពទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី គឺជាការលើកកម្ពស់សិទ្ធិជនពិការ ដើម្បីមានឱកាសចូលរួមបោះឆ្នោត ព្រោះថា ជនពិការមានប្រមាណជាង ១៥% ដែលស្មើនឹង ១,៥លាននាក់នៅក្នុងប្រទេសកម្ពុជា៕
វីដេអូ៖ អង្គការជនពិការខកចិត្តចំពោះនីតិវិធីរបស់គ.ជ.ប
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
