ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ លោក លី គួង ទទួល​បាន​គោរមងារ​ជា​អ្នក​ឧកញ៉ា

ម្ចាស់​ក្រុមហ៊ុន​កាស៊ីណូ​នៅ​ខេត្ត​ព្រះសីហនុ លោក លី គួង ដែល​រង​ការ​ចោទប្រកាន់​ថា បាន​ឃុំខ្លួន​មនុស្ស​ខុសច្បាប់ ត្រូវ​បាន​ព្រះមហាក្សត្រ​នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ កាលពី​ថ្ងៃទី​២០ ខែ​មិថុនា ត្រាស់បង្គាប់​ដំឡើង​គោរមងារ ពី​ឧកញ៉ា ទៅជា​អ្នកឧកញ៉ា តាម​ការ​ស្នើសុំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

កំណត់ហេតុ​របស់​ក្រសួង​ពាណិជ្ជកម្ម បង្ហាញថា លោក លី គួង គឺជា​ម្ចាស់​ក្រុមហ៊ុន សាជីវកម្ម​ពាណិជ្ជកម្ម Big House ដែល​គ្រប់គ្រង​កាស៊ីណូ​ចំនួន​២ និង​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ម្ចាស់​បរិវេណ​អគារ ហួង លី នៅ​ខេត្ត​ព្រះសីហនុ។

ទីភ្នាក់ងារ​សារព័ត៌មាន​អង់គ្លេស​ឈ្មោះ​ប៊ី​ប៊ី​ស៊ី (BBC) កាលពី​ខែមីនា ឆ្នាំ​២០២៣ កន្លង​មក​នេះ បាន​ចងក្រង​ឯកសារ​ជាច្រើន ផ្សព្វផ្សាយ​ពី​បរិវេណ​អគារ​ហួង លី ថា ជា​កន្លែង​ប្រតិបត្តិ​ការ​បោកប្រាស់ បង្ខាំង​មនុស្ស​ខុសច្បាប់ ធ្វើ​ទារុណកម្ម និង​ការ​ជួញដូរ​មនុស្ស។ ក៏ប៉ុន្តែ​លោក លី គួង បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​ទាំង​នេះ ដោយ​លើកឡើង​ថា ក្រុមហ៊ុន​លោក ប្រតិបត្តិការ​ជំនួញ​ស្របច្បាប់។ ចំណែក​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ បដិសេធ​ឆ្លើយ​តប​ចំពោះ​ការ​សាកសួរ​របស់​អ្នកកាសែត​នៃ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJa) កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ដោយ​អះអាង​ថា លោក​ពុំ​ស្គាល់ លោក លី គួង និង​មិន​ចង់​និយាយ​ពី​បញ្ហា​នេះ​ឡើយ។

សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (CamboJa) ក៏បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃទី​២៧ ខែ​មិថុនា ថា លោក លី គួង មិន​បាន​ប្រាប់​ពី​ចំនួន​ទឹកប្រាក់​ដែល​ម្ចាស់​ក្រុមហ៊ុន​រូប​នេះ បាន​ផ្តល់​ដល់​រដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បី​ទទួល​បាន​គោរមងារ​ជា អ្នក​ឧកញ៉ា​នោះ​ឡើយ។ នៅ​ប្រទេស​កម្ពុជា ដើម្បី​ទទួល​បាន​តួនាទី​ឧកញ៉ា គឺ​ត្រូវ​ឧបត្ថម្ភ​ប្រាក់​ដល់​រដ្ឋាភិបាល ចំនួន ៥០​ម៉ឺន​ដុល្លារ។

រដ្ឋាភិបាល​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​១៥ ខែមិថុនា បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំឆ្នាំ​ស្ដីពី​ការ​ជួញដូរ​មនុស្ស ដោយ​បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា បន្ត​ជាប់​ក្នុង​ចំណាត់ថ្នាក់​កម្រិត​ទី​៣ ទាប​បំផុត​ចំនួន​២​ឆ្នាំ​ជាប់ៗ​គ្នា ដោយសារតែ​កម្ពុជា​មិន​បាន​គោរព​ពេញលេញ តាម​បទដ្ឋាន​អប្បបរមា បរាជ័យ​ក្នុង​ការ​លុបបំបាត់​ការ​ជួញដូរ​មនុស្ស ប្រព្រឹត្ត​អំពើពុករលួយ និង​និទ្ទណ្ឌភាព​របស់​មន្ត្រី​រដ្ឋាភិបាល ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។