"របប​លោក ហ៊ុន សែន ងាក​មក​ផ្គាប់ចិត្ត​អឺរ៉ុប​រឿង EBA ព្រម​ទាំង​រក្សា​ផលប្រយោជន៍​ឱ្យ​ចិន"

ដោយ មាន ឫទ្ធិ
2019.03.02
Share on WhatsApp
Share on WhatsApp
អ៊ុំ សំអាន ៦២០ លោក អ៊ុំ សំអាន តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ មណ្ឌល​សៀមរាប ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី២២ ខែ​ឧសភា ឆ្នាំ​២០១៥។
RFA

របប លោក ហ៊ុន សែន នៅសល់​ពេល​មិន​ដល់​មួយ​ឆ្នាំ​ស្រួលបួល​ទេ ដើម្បី​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ ស្របតាម​លក្ខខណ្ឌ​ដាក់​ចេញ​ដោយ​សហភាព​អឺរ៉ុប ប្រសិនបើ​មិន​ចង់​បាត់បង់ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ។ តើ​របប​លោក ហ៊ុន សែន បាន​ចាត់​វិធានការណ៍​អ្វីខ្លះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចង់​បាន​របស់​សហ​ភាព​អឺរ៉ុប?

ចាប់​តាំង​ពី​ថ្ងៃ១២ កុម្ភៈ​មក របប​លោក ហ៊ុន សែន ហាក់​សកម្ម​ជាង​ពេល​ណាៗ​ទាំងអស់ ឆ្លើយតប​ទៅ​នឹង​ភាព​អសកម្ម​នានា​នៅ​ក្នុង​សង្គម ជាពិសេស​ទាក់ទង​នឹង​បញ្ហា​ដំណោះស្រាយ​របស់​កម្មករ​និយោជិក បញ្ហា​ដីធ្លី និង​បញ្ហា​អំពើពុករលួយ​។ ចំណាត់​ការ​ទាំងអស់​នេះ ធ្វើឡើង​ក្រោម​អ្វីមួយ​ដែល​របប​លោក ហ៊ុន សែន ហៅថា​ជា​ការ​អនុវត្ត​កំណែទម្រង់​ស៊ីជម្រៅ​តាមរយៈ​អភិក្រម​ចំនួន ៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់​។ ក្នុង​រយៈពេល​មិន​ដល់ ១ ខែ​ស្រួលបួល​ផង លោក​បាន​ចាត់​ចំណាត់​ការ​លេចធ្លោ​ចំនួន​បី​គួរ​ឱ្យ​កត់សម្គាល់​។ ដំបូង​ឡើយ លោក​ប្រកាស​ផ្ដល់​មេធាវី​ឥតគិតថ្លៃ​ដល់​ក្រុម​កម្មករ​និយោជិក ដែល​មាន​វិវាទ​ក្ដីក្ដាំ​ការងារ ដោយ​លោក​ប្រកាស​ចេញថ្លៃ​ចំណាយ​ខ្លួនឯង​មិន​តិច​ជាង ៥០ ម៉ឺន​ដុល្លារ​។ ទន្ទឹម​នឹង​នេះ លោក​បាន​ប្រកាស​អារ​សាច់​ស្អុយ​ដក​គ្រវាត់​ចោល ឬ​បញ្ជា​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​លើ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ពីរ​រូប ដែល​បាន​សម្ញែង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​តាម​បណ្ដាញ​សង្គម សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ពុករលួយ ក្នុង​នោះ​មាន​មេ​កងរាជអាវុធហត្ថ​ខេ​ត្រ​រតនគិរី​លោក គឹម រស្មី និង​ស្នងការ​រង​នគរបាល​ខេត្ត​កណ្តាល លោក ស្រេង សុខា។ ចុងក្រោយ​នេះ លោក​បាន​ឈាន​ទៅ​ដក​អភិបាលរង​ខេត្ត​ព្រះសីហនុ​ពីររូប ពាក់ព័ន្ធ​នឹង​អំពើ​បង្ក្រាប​ដោយ​ហិង្សា​លើ​ករណី​វិវាទ​ដីធ្លី​ខេត្ត​ព្រះសីហនុ ហើយ​កំពុង​បន្ត​ស៊ើបអង្កេត​លើ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ប្រចាំ​ខេត្ត​នេះ​មួយ​រូប​ទៀត។

ព្រឹត្តិការណ៍​ទាំងអស់​នេះ មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ឡើយ​។ អ្នក​នយោបាយ និង​ជា​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដ៏​លេចធ្លោ​មួយ​រូប ខាង​ឃ្លាំមើល​បញ្ហា​ព្រំដែន លោក អ៊ំ សំអាន មើលឃើញ​ថា បើ​កុំ​តែ​មាន​សម្ពាធ​ដាក់ទណ្ឌកម្ម​ខាង​ផ្នែក​សេដ្ឋកិច្ច​ពី​សហភាព​អឺរ៉ុប និង សហរដ្ឋអាមេរិក​តាម​រយៈ​ការពិចារណា​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP នោះ​ទេ ម្ល៉េះ​សម​របប​លោក ហ៊ុន សែន នឹង​មិន​ខ្ចី​អើពើ​ដោះស្រាយ​បញ្ហា​ដីធ្លី ឬ​បញ្ហា​អសកម្ម​នានា​នៅ​ក្នុង​សង្គម​នោះ​ទេ។ លោក​ថា ដំណោះស្រាយ ឬ​កំណែទម្រង់​ចុង​ក្រោយពី​សំណាក់​របប​លោក ហ៊ុន សែន នេះ គ្រាន់តែ​ជា​ឆាកល្ខោន​ដើម្បី​បោក​បញ្ឆោត​ពលរដ្ឋ និង​អន្តរជាតិ​តែប៉ុណ្ណោះ ហើយ​ពុំ​មែន​ជា​ដំណោះស្រាយ​យូរអង្វែង​នោះ​ឡើយ​។ លោក​បន្ត​ថា លោក ហ៊ុន សែន ធ្វើ​នេះ​ដើម្បី​រក្សា និង​ការពារ​អំណាច​របស់​លោក ក្រុម​គ្រួសារ និង​បក្ខពួក​តែប៉ុណ្ណោះ៖ «បាទ​! ប្រសិនបើ​អត់​មានការ​ដាក់ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ពី​អាមេរិក និង​ពី​សហគមន៍​អឺរ៉ុប​នោះ​ទេ គាត់​មិន​ធ្វើ​ទេ​។ យើង​ឃើញ​ហើយ​កន្លងមក មានការ​បាញ់សម្លាប់​ប្រជាពលរដ្ឋ​ឱ្យ​មាន​របួស និង​ស្លាប់​នៅ​ខេត្ត​ក្រចេះ ហើយ​នឹង​បាញ់សម្លាប់​ឱ្យ​មាន​របួស​ដល់​កម្មករ​នៅ​ផ្លូវ​វេងស្រេង​ជាដើម គ្មាន​ការស្រាវជ្រាវ ឬ​ដាក់ទណ្ឌកម្ម​ទៅលើ​អ្នក​ដែល​បាញ់​ហ្នឹង​ទេ បង្ក​ឱ្យ​ស្លាប់ ឬ​របួស​ដល់​ពលរដ្ឋ​កន្លងមក​។ ជាក់ស្ដែង គឺ​គាត់​មិនបាន​ចាត់​វិធានការណ៍​ស្របច្បាប់​ទៅលើ​មន្ត្រី​ទាំងអស់​ហ្នឹង​ទេ​។ ប៉ុន្តែ គាត់​ធ្វើ​ហ្នឹង​គ្រាន់តែ​ជា​បាយឡុកបាយឡ ឬក៏​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។ មិន​យូរ​អង្វែង​នោះ​ទេ​។ គាត់​ធ្វើ​ហ្នឹង​រយៈពេល​ខ្លី ហើយ​គាត់ ឈប់​ធ្វើ​ទៀតហើយ»

ចំណែក អ្នកវិភាគ​នយោបាយ​បណ្ឌិត មាស នី មើល​ឃើញ​ពី​ចេតនា​ចំនួន​បី​ធំៗ នៅ​ពីក្រោយ​ចំណាត់​ការ​ចុងក្រោយ​របស់​លោក ហ៊ុន សែន នេះ ដែល​ឆ្លុះ​ឱ្យ​ឃើញ​ថា លោក ហ៊ុន សែន ពិតជា​មានការ​ព្រួយបារម្ភ​រឿង​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។ បើ​តាម​បណ្ឌិត មាស នី បំណង​ទី ១ គឺ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប ដើម្បី​ផ្គាប់ចិត្ត​ផ្គាប់​ថ្លើម​សហភាព​អឺរ៉ុប កុំ​ឱ្យ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ បំណង​ទី ២ គឺ លោក ហ៊ុន សែន ធ្វើ​ដើម្បី​ស្ដារ និង​ទាក់ទាញ​ប្រជាប្រិយភាព​របស់​គណបក្ស​កាន់អំណាច​របស់​លោក ដោយសារ​គណបក្ស​នេះ បាត់បង់​ប្រជាប្រិយ​ភាព​ខ្លាំង​ពី​ប្រជាពលរដ្ឋ ជាពិសេស​ក្នុង​រឿង​វិវាទ​ដីធ្លី ព្រៃឈើ និង​ធនធានធម្មជាតិ ដូច​ឆ្លុះបញ្ចាំង​ក្នុង​លទ្ធផល​បោះឆ្នោត​ឆ្នាំ ២០១២ ២០១៣ និង ២០១៧ កន្លងទៅ។ ក៏ប៉ុន្តែ អ្វី​ដែល​សំខាន់​នោះ បណ្ឌិត មាស នី មើល​ឃើញ​នូវ​បំណង​ទី​បី​នៃ​ការ​ប្រឹងប្រែង​ធ្វើ​កំណែ​ទម្រង់​របស់​លោក ហ៊ុន សែន នេះ ក៏​ដើម្បី​រួមចំណែក​ជួយ​ថែរក្សា​ផលប្រយោជន៍​ធំ​របស់​មហា​យក្ស​ចិន ដែល​បាន​កេង​ចំណេញ​នៅ​ពីក្រោយ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប​នេះ៖ «យើង​ដឹង​ហើយ​ថា ចិន​បាន​ដាក់​ទុន​សន្ធឹកសន្ធាប់​ណាស់​នៅ​កម្ពុជា​។ អ៊ីចឹង​បើសិនជា​រដ្ឋាភិបាល​ដើរ​ខុស​ក្នុង​ច្រក​ណាមួយ ដែល​ធ្វើ​ឱ្យ​ខូចប្រយោជន៍​របស់​ចិន​នោះ នោះ​ខ្ញុំ​គិត​ថា ក៏​នឹង​មាន​ការ​ធ្វើ​ឱ្យ​លំបាក ឬ​ផល​ប៉ះពាល់​ទៅលើ​ទំនាក់ទំនង​របស់​ចិន និង​កម្ពុជា នៅ​ពេល​អនាគត​ដែរ​។ ពីព្រោះ​ចិន​គេ​មក​ស្រុក​ខ្មែរ​យើង​ក៏​គេ​ចង់​ចំណេញ​ដែរ តែ​បើសិនជា​យើង​ធ្វើ​ឱ្យ​គេ​ខាត​នោះ ខ្ញុំ​គិត​ថា គេ​ក៏​នឹង​អាច​ដូរ​ទៅលើ​ការ​យល់ឃើញ​របស់​គេ​លើ​ទំនាក់ទំនង​ដែរ»

ដូច​តាម​ការវិភាគ​របស់​បណ្ឌិត មាស នី ចុង​ក្រោយ​នេះ ជា​លើកទីមួយ​ក្នុង​ទំនាក់ទំនង​-​កម្ពុជា​ចិន លោក ហ៊ុន សែន កាលពី​ថ្ងៃទី១ មីនា បាន​ចេញ​មុខ​មក​ថ្លែង​ការពារ យកចិត្ត​យកថ្លើម​ជំនួស​ចិន​ខុស​ប្រក្រតី។ លោក ហ៊ុន សែន ថា ចិន​មិន​មាន​ចេតនា​ចង់​ត្រួតត្រា​កម្ពុជា​នោះ​ទេ​។ ការ​ថ្លែង​នេះ ក្រោយពី​មានការ​រិះគន់​កាន់តែ​ខ្លាំង​ឡើងៗ​ថា ចិន​កំពុង​ដាក់​អាណានិគម​សម័យ​ទំនើប​នៅ​កម្ពុជា ដោយ​ប្រើ​យុទ្ធសាស្ត្រ​អន្ទាក់​បំណុល ឥទ្ធិពល​សេដ្ឋកិច្ច និង​នយោបាយ​របស់​ខ្លួន។

លោក អ៊ំ សំអាន ក៏​យល់ស្រប​ដែរ​ថា ការណ៍​ដែល​លោក ហ៊ុន សែន ចេញមុខ​មក​និយាយ​យកចិត្តយកថ្លើម​ចិន​នេះ ព្រោះ​លោក ហ៊ុន សែន កំពុង​ទទួលរង​សម្ពាធ​ពី​មហា​យក្ស​ចិន​ផង ដែល​មិន​ចង់​ឃើញ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប​នេះ ព្រោះ​ធ្វើ​ឱ្យ​ខាត​ប្រយោជន៍​ខ្លួន​ខ្លាំង ដោយសារ​ប្រទេស​នេះ​យកឈ្មោះ​កម្ពុជា ធ្វើជា​ឈ្នាន់​ក្នុង​ការ​វិនិយោគ​របស់​ខ្លួន នាំ​ចេញទៅ​អឺរ៉ុប និង​អាមេរិក៖ «អ្នកវិនិយោគទុន​នៅ​កម្ពុជា ភាគច្រើន​ជា​ជនជាតិ​ចិន​។ ដូច្នេះ​បើ​សិន គេ​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប និង GSP របស់​សហភាព​អឺរ៉ុប​ទៅ វា​អាច​មាន​ការ​ប៉ះពាល់​ដល់​រោងចក្រ​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា ហើយ​ក្រុមហ៊ុន​នោះ​អាច​ដក​ទៅ​ប្រទេស​ផ្សេងទៀត ឬ​ទៅ​ប្រទេស​ចិន​វិញ​។ អ៊ីចឹង​វា​អាច​ប៉ះពាល់​ទៅដល់​អ្នកវិនិយោគទុន​ចិន​នៅ​កម្ពុជា​។ យើង​ដឹង​ហើយ​ថា ចិន​ក៏​ពឹង​ទៅលើ​ទីផ្សារ​សហភាព​អឺរ៉ុប និង​អាមេរិក​នោះ​ដែរ ដោយ​គាត់​នាំ​សំលៀកបំពាក់ និង​ផលិតផល​មួយ​ចំនួន​ទៅ​អឺរ៉ុប និង​អាមេរិក​។ ដូច្នេះ យើង​មិន​អាច​នាំ​សំលៀកបំពាក់​ទៅ​លក់​នៅ​ចិន​បាន​នោះ​ទេ ព្រោះ​ចិន​ខ្លួនឯង​ពឹង​ទៅលើ​ទីផ្សារ​សហភាព​អឺរ៉ុប និង​អាមេរិក»

ក្រៅពី​កត្តា​ទាំងអស់​នេះ បណ្ឌិត មាស នី មើល​ឃើញ​ពី​យុទ្ធសាស្ត្រ​មួយទៀត​ដែល​លោក ហ៊ុន សែន កំពុង​ប្រើ​អូស​បន្លាយ​ពេលវេលា មុននឹង​អនុញ្ញាត​ឱ្យ​មាន​ការចរចា​នយោបាយ​ណាមួយ​ដើម្បី​បញ្ចៀស​សហភាព​អឺរ៉ុប ឬ​អាមេរិក ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ លោក​ថា យុទ្ធសាស្ត្រ​នោះ គឺ​ការ​បន្ត​ធ្វើ​យ៉ាងណា​ឱ្យ​គណបក្សប្រឆាំង​ចុះ​ខ្សោយ​ងើប​លែង​រួច មុននឹង​អ្វីៗ​នឹង​អាច​វិល​ត្រលប់​មក​រក​ប្រក្រតី​ភាព​ឡើងវិញ​បាន៖ «អ្វី​ដែល​ជា​សូចនាករ​នៃ​ជ័យជម្នះ​របស់​រដ្ឋាភិបាល នៅ​ក្នុង​ការ​បញ្ចៀស​នូវ​ការ​ព្យួរ EBA នោះ គឺ​មាន​ពីរ ទី​មួយ​ការ​ធ្វើ​កំណែ​ទម្រង់​មួយ​ដែល​ជោគជ័យ​ដែល​ធ្វើ​ឱ្យ​សហគមន៍​អឺរ៉ុប​អាច​ទុក​ចិត្ត​បាន​។ ទី​ពីរ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យ​មាន​លំនឹង​ដើម្បី​ឱ្យ​ការ​វិនិយោគ​ចិន​នៅ​កម្ពុជា​មាន​ភាព​រលូន រក្សា​នូវ​ផលប្រយោជន៍​របស់​ចិន​។ ក៏ប៉ុន្តែ​ដៃ​ម្ខាង​ទៀត ក៏​ត្រូវ​មាន​ធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​គូ​បដិបក្ខ​របស់​ខ្លួន​ត្រូវ​ចុះ​ខ្សោយ មុននឹង​អ្វីៗ​អាច​វិល​មក​ធម្មតា​វិញ​។ សេណារីយ៉ូ​នេះ គឺ​កំពុងតែ​ដើរ​តាម​ផ្លូវ​ហ្នឹងហើយ បើ​សិន​កំណែទម្រង់​បាន​ជោគជ័យ។ ក៏ប៉ុន្តែ​កម្លាំង​គូ​បដិបក្ខ​ប្រឆាំង​នៅតែ​ខ្លាំង​នោះ វា​ស្ថិត​នៅតែ​ជា​កត្តា​ដែល​នាំ​ឱ្យ​គណបក្ស​កាន់អំណាច​មាន​ការ​ព្រួយបារម្ភ​ដដែល​ជា​ដដែល​ទេ​បាទ!»

លោក​បណ្ឌិត មាស នី ព្រមាន​ថា​ប្រសិនបើ គណបក្ស​ប្រឆាំង​មិន​យល់​ពី​យុទ្ធសាស្ត្រ​អស់​ទាំងនេះ​របស់​លោក ហ៊ុន សែន នោះ​ទេ ហើយ​មិន​ព្រម​រៀន​សូត្រ​ពី​បទ​ពិសោធន៍​អតីតកាល ហើយ​នៅតែ​បន្ត​បែកបាក់​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​នោះ នោះ​គណបក្ស​នេះ​នឹង​បាត់បង់​ការ​ទុកចិត្ត​ពី​ពលរដ្ឋ​ខ្មែរ និង​ការ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​ជា​រួម​នោះ។

នៅមុន​និង​ក្រោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ព្រមាន​ដាក់ទណ្ឌកម្ម​ដកហូត​ប្រព័ន្ធ​របស់​ខ្លួន​នេះ របប​លោក ហ៊ុន សែន បាន​លាប​ពណ៌​ក្រុម​ប្រឆាំង​ថា ធ្វើការ​បម្រើ​ឱ្យ​នយោបាយ​ប្រទេស​លោក​ខាងលិច ប្រឆាំង​ផល​ប្រយោជន៍​ពលរដ្ឋ​ខ្មែរ​ទូទៅ​ក្នុងស្រុក ដោយ​បបួលគ្នា​ឱ្យ​បរទេស​ប្រាក់ជំនួយ​។ របប​នេះ ថែមទាំង​ឈាន​ទៅ​ចោទ​ទង្វើ​សហភាព​អឺរ៉ុប និង​ប្រទេស​លោក​ខាងលិច ក្នុង​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ថា ជា​​ការ​រំលោភ​អធិបតេយ្យ​របស់​ខ្លួន ទាំង​ដែល​ធ្វើជា​មិន​យល់ថា ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងនេះ សុទ្ធ​តែ​មាន​ដាក់​លក្ខខណ្ឌ​ច្បាស់លាស់​អំពី​ការ គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ និង​ថា​ការ​ផ្តល់​ឱ្យ​នេះ ជា​ផ្នែក​មួយ​នៃ​សកម្មភាព​មនុស្សធម៌ ដើម្បី​ជួយសង្គ្រោះ​ក្រុម​ប្រទេស​ក្រីក្រ ឬ​មានការ​អភិវឌ្ឍន៍​តិចតួច ឱ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ​នោះ​។​

ក៏ប៉ុន្តែ របប​នេះ មិនបាន​លើកឡើង​មួយ​ម៉ាត់​ឡើយ និង​ធ្វើជា​បំភ្លេច​ចោល​ទាំងស្រុង នូវ​រឿង​ដែល​ខ្លួន​បាន​បង្កើត​ដើមចម​នៃ​បញ្ហា​។ ដើមចម​នោះ គឺ​គ្មាន​អ្វី​ក្រៅពី​ការ​រម្លាយ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស តាមរយៈ​ការរៀបចំ​ព្រឹត្តិការណ៍​ឆ្នោត​ក្លែងក្លាយ ក្រោយ​រម្លាយ​បក្ស​ប្រឆាំង និង​ប្លន់​អាសនៈ​បក្ខ​នេះ តំណាង​ឱ្យ​ឆន្ទៈ​ពលរដ្ឋ​ខ្មែរ​ជាង​ពាក់​កណ្តាល​​នគរ​។ បន្ថែម​ពី​នេះ របប​នេះ​ក៏បាន​បើក​ការ​បង្ក្រាប និង​ធ្វើទុក្ខបុកម្នេញ​យ៉ាង​ចាស់ដៃ មក​លើ​អង្គការ​សង្គម​ស៊ីវិល បណ្ដាញ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សំឡេង​រិះគន់​ដទៃ​។​

កម្ពុជា​នឹង​ត្រូវ​ខាតបង់​មិន​តិច​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក​ឡើយ​ក្នុង​មួយឆ្នាំៗ ប្រសិនបើ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ខ្លួន​។ នេះ មិនទាន់​រាប់បញ្ចូល​បន្ថែម​ពីលើ​បន្ទុក​ខាតបង់​ពី​ការ​តម្រូវ​ឱ្យ​បង់ពន្ធ​អង្ករ​ទៅ​អឺរ៉ុប​ក្នុង​មួយ​ឆ្នាំ​មិន​តិច​ជាង ៥០ លាន​ដុល្លារ​អាមេរិក ការខាតបង់​ការ​អនុគ្រោះ​ពន្ធ​ជាមួយ​អង់គ្លេស​ប្រសិនបើ​ប្រទេស​នេះ​ដក​ខ្លួន​ចេញពី​សហភាព​អឺរ៉ុប ដែល​អាច​នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​រអិល​ធ្លាក់ខ្លួន​ក្រ​វិញ​យ៉ាង​ឆាប់រហ័ស​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។