គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នគ្រប់គ្រងគោលនយោបាយពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានកំណត់យកថ្ងៃទី២៩ ខែមករា ជាកាលបរិច្ឆេទចុងក្រោយ តម្រូវឱ្យរដ្ឋាភិបាលនៃរដ្ឋសមាជិកទាំង២៨ របស់ខ្លួន ផ្ដល់ភ្លើងខៀវ ឬការគាំទ្រ ចំពោះការឈានទៅរកការសម្រេចគោលនយោបាយដកហូតប្រព័ន្ធអនុគ្រោះពន្ធពិសេស «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA ពីកម្ពុជា។ ការកំណត់កាលបរិច្ឆេទនេះ ធ្វើឡើងក្រោយពីស្នងការពាណិជ្ជកម្មអឺរ៉ុប បានជជែកទ្វេភាគីជាមួយប្រមុខការទូតកម្ពុជា កាលពីថ្ងៃទី២១ មករា ជុំវិញលទ្ធភាពនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា។
សារព័ត៌មានពាណិជ្ជកម្មអាមេរិក Bloomberg រាយការណ៍ថា សហភាពអឺរ៉ុប កំពុងបន្តចំណាត់ការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជា មួយជំហានទៅមុខបន្ថែមទៀត ដែលហេតុការណ៍នេះកាន់តែរំកិលជិតដល់ការសម្រេចជាស្ថាពរនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ។
សារព័ត៌មាននេះផ្សាយកាលពីថ្ងៃទី២២ មករា សរសេរថា ផ្អែកតាមប្រភពពីមន្ត្រីពីររូបដែលដឹងច្បាស់អំពីដំណើរការនេះ ហើយនិយាយដោយសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា គណៈកម្មការអឺរ៉ុប បានស្នើសុំការគាំទ្រពីបណ្ដារដ្ឋាភិបាលសមាជិករបស់ខ្លួន ឱ្យផ្ដល់ភ្លើងខៀវត្រឹមថ្ងៃទី២៩ មករា ដើម្បីឈានទៅរកការសម្រេចគោលនយោបាយ ដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ ពីកម្ពុជា តែម្ដង ដោយសារតែរបបក្រុងភ្នំពេញ បានរំលោភសិទ្ធិមនុស្ស និងរម្លាយប្រជាធិបតេយ្យនៅកម្ពុជា។ យ៉ាងណាក៏ដោយ សារព័ត៌មានដដែលនេះថា តាមរយៈការផ្តល់ភ្លើងខៀវ ឬការគាំទ្រចំពោះគោលនយោបាយដកហូតប្រព័ន្ធអនុគ្រោះពន្ធ តាមរយៈប្រទេសសមាជិករបស់ខ្លួននេះហើយ គណៈកម្មការអឺរ៉ុប នៅត្រូវការពេលវេលាដល់ទៅ ១២ខែទៀត ទើបអាចឈានទៅសម្រេចជាផ្លូវការក្នុងការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះតែម្ដង។
អាស៊ីសេរី មិនទាន់អាចទាក់ទងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនៃរបបលោក ហ៊ុន សែន បាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
ក៏ប៉ុន្តែ កន្លងមករបបក្រុងភ្នំពេញ បានបង្កើនការប្រុងប្រយ័ត្នខ្លាំងចំពោះព័ត៌មានពាក់ព័ន្ធនឹងការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ ជាពិសេសក្រោយពេលសហភាពអឺរ៉ុប បានសម្រេចយកពន្ធលើអង្ករកម្ពុជា ដែលជាសំណុំរឿងដាច់ដោយឡែកមួយទៀត។ របបនេះ បានព្រមាន ចាត់វិធានការម៉ឺងម៉ាត់ និងគ្រប់រូបភាព ចំពោះសារព័ត៌មាន និងអ្នកអត្ថាធិប្បាយទាំងឡាយណា ដែលរបបនេះយល់ថា ព្យាយាមបង្កើតទស្សនៈអវិជ្ជមាន និងបំភ័ន្តមតិសាធារណជន ជុំវិញរឿងសហភាពអឺរ៉ុបដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ តាមរយៈការបង្កើតជាព័ត៌មានមិនពិត។
ការសម្រេចរំកិលសំណុំរឿងដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ដើម្បីសុំការគាំទ្រពីបណ្ដារដ្ឋសមាជិករបស់សហភាពអឺរ៉ុបនេះ ដោយគណៈកម្មការអឺរ៉ុបនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃក្រោយពីមានជំនួបជជែកគ្នាទ្វេភាគីមួយរវាងស្នងការពាណិជ្ជកម្មអឺរ៉ុប អ្នកស្រី សេស៊ីលីយ៉ា ម៉ាស្ត្រុម ជាមួយប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក កាលពីថ្ងៃទី២១ មករា ស្របពេលដែលមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អឺរ៉ុបលើកទី២២ ។ ក្នុងជំនួបនោះ អ្នកស្រីបានជជែករឿងកិច្ចព្រមព្រៀងផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនេះ ជាមួយនឹងលោក ប្រាក់ សុខុន ហើយក៏បានលើកឡើងអំពីលទ្ធភាពនៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះពីកម្ពុជាដែរ។ អ្នកស្រី ក៏បានបញ្ជាក់ឡើងវិញដដែលអំពីកង្វល់នានា របស់សហភាពអឺរ៉ុប ជុំវិញបញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា។ យ៉ាងណាក៏ដោយ អ្នកស្រីថា សហភាពអឺរ៉ុបនៅតែបន្តរក្សាបើកចំហឱ្យមាននូវកិច្ចសន្ទនាជាមួយកម្ពុជា មុននឹងឈានទៅរកការសម្រេចជាស្ថាពរលើការដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ នាពេលអនាគត ឬយ៉ាងណានោះ។
កាលពីដើមខែតុលា ឆ្នាំ២០១៨ សហភាពអឺរ៉ុប បានជូនដំណឹងជាផ្លូវការដល់ភាគីកម្ពុជា ជាផ្លូវការអំពីចំណាត់ការនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ឬ EBA ពីកម្ពុជា ក្រោយរបបក្រុងភ្នំពេញនៅតែរឹងទទឹងមិនព្រមស្ដារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សឡើងវិញនៅកម្ពុជា ដោយបានរៀបចំព្រឹត្តិការណ៍បោះឆ្នោតដែលត្រូវសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា «ជាការបោះឆ្នោតក្លែងក្លាយ» រួចមក។
កន្លងមកមានប្រទេសចំនួន ៣ហើយ ដែលសហភាពអឺរ៉ុបធ្លាប់បាន សម្រេចដកហូតប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់ខ្លួន ក្នុងនោះមានប្រទេស មីយ៉ាន់ម៉ា ឬភូមា (Myanmar) ប្រទេសបែលឡារូស (Belarus) និងប្រទេសស្រីលង្កា (Sri Lanka) ដោយសារតែប្រទេសទាំងនេះ បានរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ និងរំលោភបំពានសិទ្ធិការងារជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
