សហភាពអឺរ៉ុប គូសបញ្ជាក់ជាថ្មីម្តងទៀត ចង់ឃើញអាជ្ញាធរកម្ពុជា ចាត់វិធានការណ៍ជាបន្ទាន់ បើកចំហរលំហរនយោបាយ បង្កើតឲ្យមាននូវលក្ខខណ្ឌចាំបាច់នានាដើម្បីឲ្យមានគណបក្សប្រឆាំងតាមបែបប្រជាធិបតេយ្យ និងជឿទុកចិត្តបាន ហើយចាប់ផ្តើមដំណើរការផ្សះផ្សារជាតិតាមរយៈកិច្ចសន្ទនា ដោយពិតប្រាកដ និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ មន្ត្រីរដ្ឋាភិបាល បដិសេធការចង់ឲ្យមានការផ្សះផ្សារជាតិឡើងវិញនេះ។
ក្រៅពីគូសបញ្ជាក់ពីចំណុចសំខាន់ៗ ចង់ឃើញឲ្យមានការបើកលំហរនយោបាយ និងផ្សះផ្សារជាតិឡើងវិញនេះ សហភាពអឺរ៉ុបបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ផ្សាយកាលពីថ្ងៃទី១១ វិច្ឆិកាថា «យើងចង់ឃើញឲ្យមានការដោះលែងលោក កឹម សុខា ទាំងស្រុង និងមានការផ្តល់សិទ្ធិនយោបាយឲ្យលោកឡើងវិញ ដើម្បីឲ្យលោក កឹម សុខា អាចបំពេញតួនាទីពេញលេញក្នុងជីវិតនយោបាយរបស់លោក»។ សហភាពអឺរ៉ុប ក៏រំពឹងចង់ឃើញអាជ្ញាធរកម្ពុជា ផ្តល់សិទ្ធិនយោបាយដល់គ្រប់សមាជិកគណបក្សប្រឆាំងទាំងអស់ដែលត្រូវបានហាមប្រាមមិនឲ្យធ្វើនយោបាយ និងឲ្យមានការដោះលែងសមាជិក ក្រុមអ្នកគាំទ្រ និងសកម្មជនគណបក្សប្រឆាំងទាំងអស់ ដែលអាជ្ញាធរកម្ពុជាបានចាប់ និងឃុំខ្លួនពួកគេជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ។
ការចេញសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុបនេះ ធ្វើឡើងមួយថ្ងៃមុនពេលដែលសហភាពអឺរ៉ុប នៅថ្ងៃទី១២ វិច្ឆិកា ចេញផ្សាយរបាយការណ៍វាយតម្លៃបឋមអំពីការរកឃើញរបស់ខ្លួនថា តើត្រូវឈានទៅដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ឬក៏អត់។ ខណៈពីរថ្ងៃមុននេះ ចៅក្រមតុលាការក្រុងភ្នំពេញ បានបន្ធូរបន្ថយលក្ខខណ្ឌលើលោក កឹម សុខា ពីការឃុំខ្លួនក្នុងផ្ទះ ដោយអនុញ្ញាតឲ្យលោកអាចដើរហើរក្នុងប្រទេសបាន តែហាមប្រាមមិនឲ្យលោកធ្វើនយោបាយ និងធ្វើដំណើរទៅក្រៅប្រទេសបានឡើយ។ សហភាពអឺរ៉ុប ថា សេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ កែសម្រួលលក្ខខណ្ឌនៃការឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា នាពេលនេះ គឺជាជំហ៊ានដំបូង ក្នុងទិសដៅត្រូវមួយ។ ក៏ប៉ុន្តែ សហភាពអឺរ៉ុបថា លោក កឹម សុខា នៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល ហើយថា សំណុំរឿងរបស់លោក មិនត្រូវបានបិទបញ្ចប់នៅឡើយទេ ដោយសារលោកត្រូវបានហាមប្រាមមិនឲ្យចូលរួមក្នុងសកម្មភាពនយោបាយដដែល។
ឆ្លើយតបនឹងសេចក្តីថ្លែងការរបស់សហភាពអឺរ៉ុបនេះ ដូចសព្វមួយដង អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីកាលពីថ្ងៃទី១១ វិច្ឆិកា ថា ករណីលោក កឹម សុខា និងមន្ត្រីបក្សប្រឆាំងដទៃទៀត គឺជាកិច្ចការរបស់តុលាការ។ លោកថា ការបន្ធូរបន្ថយលក្ខខណ្ឌមកលើលោក កឹម សុខា នេះ មិនជាប់ពាក់ព័ន្ធនឹងសម្ពាធ ឬគោលនយោបាយណាមួយនោះទេ។ លោក ផៃ ស៊ីផាន ព្រលយថា លោក ហ៊ុន សែន អាចនឹងស្នើទៅព្រះមហាក្សត្រឲ្យលើកលែងទោសលោក កឹម សុខា បាន នៅពេលដែលលោក កឹម សុខា ត្រូវបានតុលាការកាត់ទោសរួចរាល់៖ « ការចង់បានពីភាគីដទៃទៀត គឺយើងស្វាគមន៍ មិនមែនជារឿងមិនស្វាគមន៍នោះទេ ក៏ប៉ុន្តែត្រូវតែអនុវត្តនីតិវិធីឲ្យបានចប់ចុងចប់ដើម អាស្រ័យដោយរដ្ឋធម្មនុញ្ញកម្ពុជាហ្នឹង មានចន្លោះមួយទៀតក្នុងន័យនយោបាយបន្ទាប់ពីការវិនិច្ឆ័យហើយរបស់តុលាការ គឺមានតែនាយករដ្ឋមន្ត្រីទេ លោកមានបុព្វសិទ្ធិក្នុងការស្នើសុំទៅព្រះមហាក្សត្រដើម្បីព្រះរាជទានលើកលែងទោសនេះឯង »។
យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន បដិសេធចំពោះការចង់ឃើញឲ្យមានការផ្សះផ្សាជាតិឡើងវិញពីសំណាក់ភាគីសហភាពអឺរ៉ុប ដោយលោកថា រដ្ឋាភិបាលមិនអាចទៅផ្សះផ្សារជាតិជាមួយនឹងក្រុម ដែលលោកហៅថា «ជាអ្នកចង់ធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល» នោះទេ។
ផ្ទុយពីការលើកឡើងរបស់លោក ផៃ ស៊ីផាន នេះ អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ថា របបនេះមិនអាចជៀសផុតពីការមិនព្រមផ្សះផ្សាជាតិពីសំណាក់គ្រប់ភាគីនោះទេ។ អ្នកស្រីថា ការបន្ធូបន្ថយករណីលោក កឹម សុខា តែឯង មិនអាចដោះស្រាយរឿងវិបត្តិ EBA នេះបានទេ ព្រោះនៅមានលក្ខខណ្ឌជាច្រើនទៀតដែលសហភាពអឺរ៉ុបបានដាក់ចេញ និងទាមទារ៖ « លោក ហ៊ុន សែន គាត់ធ្វើនេះ គឺនៅក្នុងសេណារីយ៉ូរបស់គាត់ទៀតហើយ។ គឺជាយុទ្ធវិធី ជាយុទ្ធសាស្ត្ររបស់គាត់នៅក្នុងការបំបែកឲ្យគណបក្សសង្គ្រោះជាតិបែកគ្នា ឲ្យលោកប្រធាន កឹម សុខា នៅឆ្ងាយពីលោកប្រធានស្តីទី សម រង្ស៊ី ឲ្យយើងខ្ញុំនៅឆ្ងាយពីប្រទេសជាតិ។ ខុសហើយ ខុសស្រលះ។ ជាតិរបស់យើង គឺយើងទាំងអស់គ្នាត្រូវកសាងជាមួយគ្នា ហើយត្រូវមានការផ្សះផ្សារជាតិ មិនបាច់ចាំមកបំបែកគណបក្សសង្គ្រោះជាតិ។ គណបក្សសង្គ្រោះជាតិអត់បែកជាដាច់ខាត»។
មន្ត្រីសង្គមស៊ីវិល និងជានាយកប្រតិបត្តិអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ពុំមានសុទិដ្ឋិនិយមទេថា របាយការណ៍វាយតម្លៃរបស់សហភាពអឺរ៉ុប នឹងមានភាពវិជ្ជមាននោះ ដោយសារតែមានការកើនឡើងករណីការចាប់ខ្លួន ធ្វើទុក្ខបុកម្នេញមកលើសកម្មជនគណបក្សប្រឆាំង ព្រមទាំងការចល័តទ័ពជាដើម៖ « ការឆ្លើយតបរបស់រដ្ឋាភិបាលនាពេលនេះ ហាក់បីដូចជាមិនបានឆ្លើយទៅនឹងអ្វីដែលគេចង់បានឡើយ។ អ៊ីចឹងលទ្ធផលនៃការរក្សាប្រព័ន្ធអនុគ្រោះពន្ធនេះ គឺហាក់ដូចជាមិនមានជាវិជ្ជមានសោះ។ ខ្ញុំហាក់ដូចជាបារម្ភខ្លាំងមែនទែន។ ជារឿងមួយសោកស្តាយដែលអន្តរជាតិ គេទៅជាជំរុញឲ្យយើងព្យាយាមផ្សះផ្សារជាតិទៅវិញ។ នេះជាចំណុចសំខាន់ដែលយើង ក្នុងនាមជាតិខ្លួនយើងៗគួរពិចារណាមើលថាតើយើងឈ្លោះគ្នាដល់ណា ? នេះជាចំណុចមួយធ្វើឲ្យអន្តរជាតិគេបារម្ភពីជាតិយើងជំនួសយើងទៅវិញនោះ»។
សម្រាប់លោក រ៉ុង ឈុន វិញ ក៏យល់ឃើញដែរថា ការបន្ធូរបន្ថយបន្តិចបន្ទួចរបស់របបក្រុងភ្នំពេញនេះ មិនអាចយកទៅទូទាត់នឹងលក្ខខណ្ឌ៥ចំណុច ដែលសហភាពអឺរ៉ុបទាមទារនោះទេ ក្នុងនោះមានការដោះលែងលោក កឹម សុខា ការធ្វើឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ការលុបបម្រាមដើម្បីឲ្យមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ១១៨រូបធ្វើនយោបាយឡើងវិញបាន ការផ្តល់តំណែងដល់ក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិ ៥០០៧នាក់ និងការរៀបចំការបោះឆ្នោតឡើងវិញ៖ «សហភាពអឺរ៉ុបក៏នៅមានភ្ជាប់លក្ខខណ្ឌបន្ថែមលើ៥ចំណុចហ្នឹង ដូចជា លក្ខខណ្ឌការងារកម្មករផងដែរ ក៏ដូចជាលក្ខខណ្ឌសារព័ត៌មានដែលតម្រូវឲ្យមានការផ្សាយឡើងវិញផងដែរ។ ប៉ុន្តែ យើងពិនិត្យមើលជាក់ស្តែង រដ្ឋាភិបាលមិនទាន់បានដោះស្រាយនូវរាល់ចំណុចទាំងអស់នេះនៅឡើយទេ។ ដូច្នេះ គ្រាន់តែជាការបន្ធូរបន្ថយបន្តិចបន្តួច អ៊ីចឹងមិនអាចរក្សា EBA បានទេ បើសិនជារដ្ឋាភិបាលកម្ពុជា មិនព្រមធ្វើការសម្រុះសម្រួលឲ្យបានទាន់ពេលវេលា»។
លោក រ៉ុង ឈុន អំពាវនាវឲ្យអ្នកនយោបាយតម្កល់ផលប្រយោជន៍ជាតិជាធំ ជាជាងគិតតែពីផលប្រយោជន៍បុគ្គល ដើម្បីដោះស្រាយបញ្ហានយោបាយនៅកម្ពុជានេះ៖ « ដើម្បីបញ្ចប់នូវវិបត្តិនយោបាយនៅកម្ពុជា ត្រូវតែធ្វើការសម្របសម្រួលទាំងវត្តមានលោក សម រង្ស៊ី វត្តមានលោក កឹម សុខា។ អ្នកនយោបាយខ្មែរទាំងអស់ត្រូវតែចូលរួមជីវិតនយោបាយ ឬធ្វើនយោបាយឡើងវិញ។ សូមឲ្យអ្នកនយោបាយទាំងអស់ ត្រូវតែតម្កល់នូវផលប្រយោជន៍ជាតិជាធំ កុំយករឿងបញ្ហាបុគ្គល បញ្ហារឿងផ្ទាល់ខ្លួន ទៅធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ។ នេះជារឿងមួយគ្រោះថ្នាក់បំផុតសម្រាប់ប្រជាជាតិខ្មែរយើង»។
ក្រោយរបបក្រុងភ្នំពេញរម្លាយគណបក្សប្រឆាំង និងជម្នះបង្កើតរដ្ឋាភិបាល និងរដ្ឋសភាឯកបក្ស តាមរយៈការបោះឆ្នោត «ក្លែងក្លាយ» រួចមក សហភាពអឺរ៉ុប បានចាប់ផ្តើមដំណើរការនីតិវិធីដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ» ហៅកាត់ថា EBA កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីដាក់សម្ពាធមកលើរបបនេះឲ្យងាកមកស្តារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ នៅថ្ងៃទី១២ វិច្ឆិកា សហភាពអឺរ៉ុបនឹងចេញផ្សាយរបាយការណ៍វាយតម្លៃចំពោះការរកឃើញរបស់ខ្លួន ជុំវិញបញ្ហារំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារនៅកម្ពុជា ដែលជាឯកសារគោលក្នុងការយកទៅសម្រេចចិត្តថាតើត្រូវដក ឬមិនត្រូវដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ។ របបក្រុងភ្នំពេញមានរយៈពេលមួយខែ ដើម្បីឆ្លើយតបទៅនឹងការរកឃើញនេះ។ បន្ទាប់មក សហភាពអឺរ៉ុប នឹងធ្វើសេចក្តីសម្រេចចិត្តចុងក្រោយ ថាតើត្រូវដកហូតប្រព័ន្ធអនុគ្រោះពន្ធនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ ប្រសិនបើសហភាពអឺរ៉ុប សម្រេចដកហូតហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា នោះការគិតពន្ធជាផ្លូវការពីកម្ពុជា នឹងចាប់ផ្តើមពីពាក់កណ្តាលខែសីហា ឆ្នាំ២០២០ តទៅ។ ស្ថាប័នអន្តរជាតិធំៗ រួមមានធនាគារពិភពលោក (World Bank) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) សុទ្ធតែបានព្រមានព្រមៗ គ្នាថា សេដ្ឋកិច្ចកម្ពុជា នឹងប្រឈមនឹងការធ្លាក់ចុះពី ៧ភាគរយនៅឆ្នាំ២០១៩ នេះ មកនៅ ៦,៨ភាគរយ នៅឆ្នាំ២០២០ ដោយសារតែភាពមិនប្រាកដប្រជានៃការដកហូតប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។ កម្ពុជាអាចនឹងខាតបង់រហូតដល់ទៅជិត ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ប្រសិនបើសហភាពអឺរ៉ុបសម្រេចយកពន្ធលើរាល់មុខទំនិញទាំងអស់របស់កម្ពុជាមែននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។