អ្នកវិភាគ​ថា ទាល់​តែ​ដាក់​ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ទើប​មាន​ដំណោះស្រាយ​នយោបាយ

0:00 / 0:00

អ្នកវិភាគ​គោលនយោបាយ​លើកឡើង​ថា ទាល់តែ​ដាក់ទណ្ឌកម្ម​របប​លោក ហ៊ុន សែន ទើប​មាន ដំណោះស្រាយ​នយោបាយ ដែល​ឈាន​ទៅ​ដោះលែង​លោក កឹម សុខា និង​ស្ដារ​ប្រជាធិបតេយ្យ ឡើងវិញ។

អ្នក​ជំនាញ​ខាង​កិច្ចការ​ទំនាក់ទំនង​ការទូត និង​គោលនយោបាយ​ការបរទេស​លោក​សាស្ត្រាចារ្យ បណ្ឌិត អៀ សុផល ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិច ថា​”​ជា​កិច្ច​ចាប់ផ្ដើម គឺ​ត្រូវ​ដាក់​ទណ្ឌកម្ម​ជាក់លាក់​ណាមួយ​សិន។ សំខាន់​បំផុត​គឺ​ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម។ បន្ទាប់​មក​ទៀត​គឺ​កុំ​ទទួល​ស្គាល់​របប​លោក ហ៊ុន សែន តាមរយៈ​ការ​ព្យួរ​អាសនៈ​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​”​។ លោក​បញ្ជាក់​បន្ថែម​ថា ការណ៍​គ្រាន់តែ​ចេញ​សេចក្ដីថ្លែងការណ៍​មិន​សូវ​មាន​ប្រសិទ្ធភាព​ដូច​ការ​ចាត់​វិធានការ​ជាក់ស្ដែង​នោះ​ឡើយ។ លោក​ថា “​ធ្វើ​មាន​ប្រសិទ្ធភាព​ជាង​ថា​”​។

ការ​លើកឡើង​របស់​អ្នកវិភាគ​គោលនយោបាយ​នេះ គឺ​ស្រប​ពេល​ដែល​លោក រ៉ែនដល ឆ្រាយវើរ៍ (Randle Schriver) ឧបការី​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ ទី​៧ ខែ​សីហា បាន​ស្នើ​អោយ​មាន​ការ​ដោះលែង ប្រធាន​គណបក្សប្រឆាំង ដែល​ត្រូវ​របប​លោក ហ៊ុន សែន ចាប់​ដាក់​ក្នុង​ពន្ធនាគារ​។ ថ្លែង​នៅ​ឯ​វិទ្យាស្ថាន​សហគ្រាស​អាមេរិក​(American Enterprise Institute)​ដោយមាន​ការ​ព្រួយបារម្ភ ពី​និន្នាការ​នយោបាយ​នៅ​កម្ពុជា លោក រ៉ែនដល ឆ្រាយវើរ៍ បន្ត​ថា គោលនយោបាយ​សហរដ្ឋអាមេរិក​សម្រាប់​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​សម្រាប់​តែ​តំបន់​មួយ​ដែល​សេរី និង​បើកទូលាយ សំដៅ​ដល់​ការ​គោរព​អធិបតេយ្យភាព និង​សេរីភាព​របស់​ពលរដ្ឋ ខណៈ​ដែល​មានការ​ចូល​រួម​ពី​អន្តរជាតិ​តាមរយៈ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម។ លោក​បញ្ជាក់​ថា ដោយសារ​ប្រទេស​ចិន​កាន់​តែ​មាន​សមត្ថភាព និង​ឥទ្ធិពល​ខ្លាំង សហរដ្ឋអាមេរិក​ត្រូវតែ​ផ្ដល់​នូវ​ជម្រើស​ផ្សេង​ដែល​ប្រសើរ​ជាង​នេះ។ បន្ទាប់ពី​បាន​ហៅ​ការបោះឆ្នោត​នៅ​កម្ពុជា​ថា​ក្លែងក្លាយ​លោក រ៉ែនដល ឆ្រាយវើរ៍ បញ្ជាក់​ជាថ្មី​ម្ដងទៀត​ពី​សេចក្ដីថ្លែងការណ៍​របស់​សេត​វិមាន​ដែល​ថា សហរដ្ឋអាមេរិក​នឹង​ចាត់វិធានការ​ជាច្រើន​បន្ថែម​ទៀត។

បើទោះជា​យ៉ាងណា​អ្នកនាំពាក្យ​ទីស្ដីការ​គណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា​ការ​ស្នើ​សុំ​របស់​ឧបការី​ការពារ​ជាតិ​អាមេរិក​រូប​នេះ​គឺ​ខុស​ទិសដៅ ព្រោះ​សំណុំ​រឿងក្ដី​លោក កឹម សុខា ពុំ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ឡើយ គឺ​កំពុង​ស្ថិត​ក្នុង​នីតិវិធី​របស់​តុលាការ។

បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​រួម​នឹង​សហរដ្ឋអាមេរិក​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការបោះឆ្នោត​នៅ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៩ ខែក​ក្កដា ថា​មិន​សេរី យុត្តិធម៌ និង​មិន​តំណាង​ឱ្យ​ឆន្ទៈ​ពិតប្រាកដ​របស់​ពលរដ្ឋ​ខ្មែរ​ឡើយ។

ជុំវិញ​នឹង​សម្ពាធ​អន្តរជាតិ​នេះ​ដែរ លោក​បណ្ឌិត អៀ សុផល បន្ត​ថា លោក ហ៊ុន សែន ហាក់​ដូចជា​មិនទាន់​ថ្លែង​សារ ផ្គើន​ឲ្យ​អន្តរជាតិ​ប្រញាប់​ដាក់ទណ្ឌកម្ម​កម្ពុជា ដូច​កាល​មុន​បោះឆ្នោត​នោះ​ទេ។ លោក​បណ្ឌិត អៀ សុផល ក៏​រង់ចាំ​មើល​ដែរ ថា​តើ​លោក ហ៊ុន សែន ហ៊ាន​បបួល​អន្តរជាតិ ឲ្យ​ប្រញាប់​ដាក់ទណ្ឌកម្ម​លើ​របប​លោក​ឬទេ។ បើ​លោក ហ៊ុន សែន ហ៊ាន​បបួល​ឲ្យ​អន្តរជាតិ ដាក់ទណ្ឌកម្ម​ឲ្យ​ឆាប់ នោះ​មានន័យថា លោក ហ៊ុន សែន មិន​ជឿ​ថា អន្តរជាតិ​ហ៊ាន​ដាក់ទណ្ឌកម្ម​របប​លោក​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។