លោក ហ៊ុន សែន បញ្ជាក់​ថា គ្មាន​ការ​ដោះ​លែង​លោក កឹម សុខា ដូច​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី

ដោយ ថន ថារ៉ូ
2018.11.07
ហ៊ុន សែន កឹម សុខា ៣០៥ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
RFA

លោក ហ៊ុន សែន បញ្ជាក់​​ថា គ្មាន​គម្រោង​ដោះ​លែង​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា ដូច​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នោះ​ទេ។ អ្នក​វិភាគ​យល់​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន នេះ គឺ​បង្ហាញ​ថា ការ​ឃុំ​ខ្លួន​លោក កឹម សុខា ជា​ចេតនា​នយោបាយ​សុទ្ធសាធ​មិន​មែន ជា​ការ​អនុវត្ត​ច្បាប់​នោះ​ទេ ហើយ​វា​បាន​ធ្វើ​ប៉ះ​ពាល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​យ៉ាង​ខ្លាំង។

ថ្លែងក្នុងពិធីជួបជាមួយកម្មករ​នៅ​ខេត្ត​តាកែវ មេ​ដឹក​នាំ​របប​ទីក្រុង​ភ្នំពេញ លោក ហ៊ុន សែន ប្រកាស ឌឺដង​ទៅ​លោក សម រង្ស៊ី ថា លុះ​ត្រា​តែ​សេះ​ដុះ​ស្នែង ទើប​ករណី​ដោះ​លែង​លោក កឹម សុខា អាច​កើត​ឡើង។ លោក ហ៊ុន សែន អះអាង​បន្ថែម​ថា លោក​គ្មាន​សិទ្ធិ​ចុះ​ហត្ថលេខា​ថ្វាយ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​លោក កឹម សុខា នោះ ទេ ព្រោះ​លោក កឹម សុខា នៅ​ពេល​នេះ​មិន​ទាន់ ត្រូវ​តុលាការ​កាត់​ទោស ហើយ​សាលក្រម​មិន​ទាន់​ចូល​ស្ថាពរ​នៅ​ឡើយ៖ «ឥឡូវអ្នកឯងចាំមើល ជាពិសេសអ្នកគាំទ្រអាម្សៀ​ហ្នឹង (សម រង្ស៊ី) ចាំ​មើល​ទៅ។ ខ្ញុំ​ផ្ញើ​សារ​ដ៏​ខ្លី​មួយ​ថា ចាំ​សេះ​ដុះ​ស្នែង បាន​វា​កើត។ តែ​អា​នេះ​ប្រហែល​ជា​ជូន​កាល​វា​នឹក​ឃើញ​ស្អី​មួយ វា​ស្ត្រេស​វា មួយ​ថ្ងៃៗ វា​ដេក​រក​គិត​តែ​ពី​អា​រឿង​ក្បូន​ខូច។ ជូន​កាល​វា​បង្ហោះ​លេង​ចឹង​ទៅ ប្រហែល​វា​បង្ហោះ​យក​ឡៃក៍ (Like) យ៉ាង។ ប៉ុន្តែ​អា​បង្ហោះ​ភូត​នេះ​ខាត​ទេ​ណា។ គេ​ថា ហ៊ុន សែន ទទួល​សម្ពាធ​អន្តរជាតិ ដោះ​លែង។ ឥឡូវ​អញ​មិន​ដោះ​លែង ហ្អែង​ធ្វើ​អី​អញ និយាយ​ចឹង​ហ្មង ហ្អែង​ធ្វើ​អី​អញ»

កាលពីថ្ងៃ​ទី៦ ខែ​វិច្ឆិកា អតីត​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា ទទួល​បាន​ព័ត៌មាន​ពី​ផ្ទៃក្នុង​គណបក្ស ប្រជាជន​កម្ពុជា ថា លោក ហ៊ុន សែន នឹង​ដោះ​លែង​លោក កឹម សុខា នៅ​ថ្ងៃ​ទី២៩ ខែ​ធ្នូ ២០១៨ ក្នុង​ឱកាស​ខួប​ទី២០ នៃ "នយោបាយ​ឈ្នះៗ" ដែល​លោក ហ៊ុន សែន តែងតែ​យក​មក​អួតអាង។ លោក សម រង្ស៊ី បន្ថែម​ថា ការ​ពិត​ការ​ដោះលែង​លោក កឹម សុខា នេះ គឺ​ធ្វើ​ឡើង​ក្រោម​សម្ពាធ​អន្តរជាតិ​សុទ្ធសាធ ហើយ​ជា​ជំហាន​ទី១ ដើម្បី​ចៀសវាង​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ពី​សហភាព​អឺរ៉ុប។ ជំហាន​ទី២ ដែល​លោក ហ៊ុន សែន កំពុង​តែ​ទីទើ​នៅ​ឡើយ គឺ​ការ​បើក​ផ្លូវ​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ ដំណើរ​ការ​ឡើង​វិញ។

ទាក់ទិន​ករណី​នេះ មេធាវី​ការពារ​ក្តី​លោក កឹម សុខា អ្នកស្រី ម៉េង សុធារី និង​លោក ផែង ហេង បដិសេធ​មិន​ឆ្លើយ​តប​ជាមួយ​អាស៊ី​សេរី​នោះ​ទេ ដោយ​បង្វិល​ឲ្យ​ទៅ​សួរ​មេធាវី​មួយ​រូប​ទៀត គឺ​លោក ផាន់ ច័ន្ទសក្តិ ប៉ុន្តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

រីឯប្រធានក្រុម​អ្នក​វិភាគ​វ័យ​ក្មេង កញ្ញា លី ស្រីស្រស់ យល់​ថា ការ​ប្រកាស​របស់​លោក ហ៊ុន សែន ជា​ថ្មី​នេះ គឺ​បង្ហាញ​កាន់​តែ​ច្បាស់​ថា ការ​ឃុំ​ខ្លួន​លោក កឹម សុខា គឺ​ជា​ចេតនា​នយោបាយ មិន​មែន​ជា​ចេតនា​អនុវត្ត​ច្បាប់​នោះ​ទេ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​យ៉ាង​ខ្លាំង។

ទោះយ៉ាងណាក្តី​កញ្ញា ស្នើសុំ​ឲ្យ​មេ​ដឹក​នាំ​នយោបាយ​ខ្មែរ​មាន​ឆន្ទៈ ដោះ​ស្រាយ​នយោបាយ​ពិត​ប្រាកដ ដូច​ជា ដោះ​លែង​លោក កឹម សុខា ជា​ដើម ដើម្បី​មាន​ឱកាស​ចរចា​ជាមួយ​សហគមន៍​អ៊ឺរ៉ុប ​ឲ្យ​បន្តប្រព័ន្ធ​អនុគ្រោះ​ពន្ធ​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាជន និង​ប្រទេស​ជាតិ៖ «សូម​ពិនិត្យ​មើល​ទៅ​លើ​សម្បទាន ដែល EUបាន​ដាក់​ជូន ហើយ​សម្បទាន​នោះ យើង​ដឹង​ហើយ ដូចជា ការ​បើក​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​បើក​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មាន​សិទ្ធិ​សេរីភាព ការ​ដោះ​លែង​មេ​បក្ស​ប្រឆាំង និង​សំខាន់​មួយ ការ​អនុញ្ញាត​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ទាំង ១១៨នាក់ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ អ៊ីចឹង​ចំណុច​ទាំង​អស់​នេះ គឺ​សំខាន់​ដែល EUធ្វើ​យ៉ាង​ឲ្យ​កម្ពុជា​អនុវត្ត​ទាល់​តែ​បាន។ ថ្មីៗ នេះ យើង​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​ហាក់​ដូច​ជា​បើក​ភ្លើង​ខៀវ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សេរីភាព​អង្គការ​សង្គម​ស៊ីវិល ប៉ុន្តែ​នៅ​រឿង​នយោបាយ​មិន​ទាន់​មាន​សញ្ញា​ភ្លើង​ខៀវ​នោះ​ទេ»

លោក កឹម សុខា កំពុង​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​នៅ​ក្នុង​​ផ្ទះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្បត់​ជាតិ បន្ទាប់​ពី​លោក ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន នៅ​​ពាក់​កណ្តាល​អា​ធ្រា​ត្រ​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ ២០១៧ នឹង​បា​នប​ញ្ជួ​ន​ខ្លួន​ទៅ​ឃុំឃាំង​នៅ​ឯ​​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ អស់​រយៈពេល​ជាង ១ឆ្នាំ។

សហគមន៍​អន្តរជាតិ និង​អង្គការ​សិទ្ធិ​មនុស្ស​ជា​ច្រើន​បាន​ថ្កោលទោស ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ។ សហរដ្ឋ​អាមេរិក និង​សហគមន៍​អ៊ឺរ៉ុប បាន​ព្រមាន​ថា បើ​ពុំ​មាន​ការ ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ស្តារ​ប្រជាធិបតេយ្យ តាម​រយៈ​ដោះ​លែង​លោក កឹម សុខា និង​ឲ្យ​ គណបក្ស សង្គ្រោះ​ជាតិ ដំណើ​ការ​ឡើង​វិញ​នោះ​ទេ គឺ​នឹង​ពង្រីក​ទណ្ឌកម្ម​កាន់​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ជា​ពិសេស នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ «គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ» EBAពី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។