រដ្ឋសភាសម្រេចបោះឆ្នោតលើកដៃគាំទ្រឲ្យតុលាការបន្តសំណុំរឿងតំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដោយសំឡេង៦៣ នៃសមាជិករដ្ឋសភាបក្សអំណាចដែលចូលរួមប្រជុំ នៅរសៀលថ្ងៃទី១២ មេសា។

ចំណែកលោក ហ៊ុន សែន ក៏ប្រកាសពីខេត្តសៀមរាបនៅក្នុងពិធីសំណេះសំណាលជាមួយ យោធិនពិការ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ហ៊ុន សែន ៣១៧គូលេន ថា នឹងមិនបោះឆ្នោតឱ្យតុលាការផ្អាកនីតិវិធី ទៅលើករណីនេះនោះទេ។ លោក ហ៊ុន សែន ក៏ប្រកាស និងព្រមានសាជាថ្មីដោយបញ្ជាឲ្យចាប់ខ្លួនអ្នកណានៅតែហ៊ាននិយាយថា ផែនទីក្លែងក្លាយ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា កាលពីព្រឹកមិញ សមាជិករដ្ឋសភាពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ថ្លែងថា លោកគាំទ្រឲ្យតុលាការបន្តនីតិវិធី ព្រោះ ករណីលោក អ៊ុំ សំអាន គឺជាបទល្មើសជាក់ស្ដែងពាក់ព័ន្ធនឹងការផ្សព្វផ្សាយរឿងព្រំដែន នៅលើបណ្ដាញហ្វេសប៊ុកជាបន្តបន្ទាប់។
លោក ឈាង វុន ចាត់ទុកថា ទង្វើរបស់លោកអ៊ុំ សំអាន ដែលមានសញ្ជាតិអាមេរិក គឺបង្កឲ្យមាន បញ្ហាប្រឈមជាមួយប្រទេសជិតខាង និងធ្វើឲ្យមហាជន មានការយល់ច្រឡំ ដើម្បីទាញយកសន្លឹក ឆ្នោតពីបក្សនយោបាយផ្សេងៗ។
ចំពោះសំណើរបស់ស្ថានទូតអាមេរិក ដែលសុំឲ្យពន្យល់ពីការចាប់ខ្លួនលោក អ៊ុំ សំអាន នោះ ត្រូវ បានលោក ឈាង វុន បដិសេធដោយបញ្ជាក់ថា រដ្ឋសភា គ្មានកាតព្វកិច្ចត្រូវពន្យល់ទៅស្ថានទូតនោះទេ។
ទោះយ៉ាងណាគណបក្សសង្គ្រោះជាតិ អ្នកច្បាប់ សង្គមស៊ីវិល នៅតែចាត់ទុកការចាប់ខ្លួនតំណាង រាស្ត្រគណបក្សសង្គ្រោះជាតិថា ផ្ទុយពីរដ្ឋធម្មនុញ្ញ។ ពួកគេថាសកម្មភាពតំណាងរាស្ត្ររបស់ខ្លួន លោក អ៊ុំ សំអាន ជាការបញ្ចេញមតិស្របច្បាប់ក្នុងនាមជាតំណាងរាស្ត្រ និងប្រកបដោយការទទួលខុសត្រូវ។
ចំណែកគណបក្សប្រឆាំងសង្គ្រោះជាតិ បានធ្វើពហិការមិនចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភានៅល្ងាចនេះឡើយ ព្រោះក្នុងរបៀបវារៈនៃកិច្ចប្រជុំមានការពិភាក្សាលើករណីចាប់ខ្លួនលោក អ៊ុំ សំអាន អ្នកតំណាងរាស្ត្ររបស់ខ្លួន។
សូមស្ដាប់អ្នកយកព័ត៌មាននៃវិទ្យុអាស៊ីសេរី លោក ថា កិត្យា ដែលបានតាមដានកិច្ចប្រជុំរបស់រដ្ឋសភា រាយការណ៍អំពីរឿងនេះដូចតទៅ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
