រដ្ឋសភា​បោះឆ្នោត​គាំទ្រ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​សំណុំ​រឿង​លោក អ៊ុំ សំអាន

0:00 / 0:00

រដ្ឋសភា​សម្រេច​បោះឆ្នោត​លើក​ដៃ​គាំទ្រ​ឲ្យ​តុលាការ​បន្ត​​សំណុំ​រឿង​តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន ដោយ​សំឡេង​៦៣ នៃ​សមាជិក​រដ្ឋសភា​បក្ស​អំណាច​ដែល​ចូលរួម​ប្រជុំ នៅ​រសៀល​ថ្ងៃ​ទី​១២ មេសា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Brach Chev (RFA/Brach Chev)

ចំណែក​លោក ហ៊ុន សែន ក៏​ប្រកាស​ពី​ខេត្ត​សៀមរាប​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ យោធិនពិការ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ សម្តេច​តេជោ ហ៊ុន សែន ៣១៧គូលេន ថា នឹង​មិន​បោះឆ្នោត​ឱ្យ​តុលាការ​ផ្អាក​នីតិវិធី ទៅ​លើ​ករណី​នេះ​នោះ​ទេ។ លោក ហ៊ុន សែន ក៏​ប្រកាស និង​ព្រមាន​សាជាថ្មី​ដោយ​បញ្ជា​ឲ្យ​ចាប់​ខ្លួន​អ្នកណា​នៅ​តែ​ហ៊ាន​និយាយ​ថា ផែនទី​ក្លែងក្លាយ។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ចប់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា កាល​ពី​ព្រឹក​មិញ សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ថ្លែង​ថា លោក​គាំទ្រ​ឲ្យ​តុលាការ​បន្ត​នីតិវិធី ព្រោះ ករណី​លោក អ៊ុំ សំអាន គឺ​ជា​បទល្មើស​ជាក់ស្ដែង​ពាក់ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​រឿង​ព្រំដែន នៅ​លើ​បណ្ដាញ​ហ្វេសប៊ុក​ជា​បន្តបន្ទាប់។

លោក ឈាង វុន ចាត់​ទុក​ថា ទង្វើ​របស់​លោកអ៊ុំ សំអាន ដែល​មាន​សញ្ជាតិ​អាមេរិក គឺ​បង្ក​ឲ្យ​មាន បញ្ហា​ប្រឈម​ជាមួយ​ប្រទេស​ជិតខាង និង​ធ្វើ​ឲ្យ​មហាជន មាន​ការ​យល់​ច្រឡំ ដើម្បី​ទាញ​យក​សន្លឹក ឆ្នោត​ពី​បក្ស​នយោបាយ​ផ្សេងៗ។

ចំពោះ​សំណើ​របស់​ស្ថានទូត​អាមេរិក ដែល​សុំ​ឲ្យ​ពន្យល់​ពី​ការ​ចាប់​ខ្លួន​លោក អ៊ុំ សំអាន នោះ ត្រូវ បាន​លោក ឈាង វុន បដិសេធ​ដោយ​បញ្ជាក់​ថា រដ្ឋសភា គ្មាន​កាតព្វកិច្ច​ត្រូវ​ពន្យល់​ទៅ​ស្ថានទូត​នោះ​ទេ​។

ទោះ​យ៉ាងណា​គណបក្ស​សង្គ្រោះជាតិ អ្នកច្បាប់ សង្គម​ស៊ីវិល នៅ​តែ​ចាត់​ទុក​ការ​ចាប់​ខ្លួន​តំណាង រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ថា ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ។ ពួក​គេ​ថា​សកម្មភាព​តំណាងរាស្ត្រ​របស់​ខ្លួន លោក អ៊ុំ សំអាន ជា​ការ​បញ្ចេញ​មតិ​ស្រប​ច្បាប់​ក្នុង​នាម​ជា​តំណាងរាស្ត្រ និង​ប្រកប​ដោយ​ការ​ទទួលខុស​ត្រូវ។

ចំណែក​គណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ បាន​ធ្វើ​ពហិការ​មិន​ចូលរួម​កិច្ច​ប្រជុំ​ពេញ​អង្គ​រដ្ឋសភា​នៅ​ល្ងាច​នេះ​ឡើយ ព្រោះ​ក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​មានការ​ពិភាក្សា​លើ​ករណី​ចាប់ខ្លួន​លោក អ៊ុំ សំអាន អ្នក​តំណាងរាស្ត្រ​របស់​ខ្លួន។

សូម​ស្ដាប់​អ្នក​យក​ព័ត៌មាន​នៃ​វិទ្យុ​អាស៊ីសេរី លោក ថា កិត្យា ដែល​បាន​តាមដាន​កិច្ច​ប្រជុំ​របស់​រដ្ឋសភា រាយការណ៍​អំពី​រឿង​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។