អ្នកឃ្លាំមើលដំណើរការបោះឆ្នោតសង្ស័យថា សេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃឱ្យគណបក្សអំណាចខ្មែរប្ដូរឈ្មោះអាចទាក់ទិននឹងរឿងនយោបាយ។ ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៦ កុម្ភៈ បានប្រាប់ទៅលោក សួង សុភ័ណ្ឌ ប្រធានគណបក្សពលរដ្ឋខ្មែរឱ្យប្ដូរឈ្មោះគណបក្សចេញ ដោយលើកយកហេតុផលថា ក្រសួងបានទទួលពាក្យបណ្ដឹងពីអតីតថ្នាក់ដឹកនាំគណបក្សអំណាចខ្មែរដែលសំណូមពរឱ្យក្រសួងមហាផ្ទៃធ្វើការហាមឃាត់បុគ្គលមួយចំនួនដែលបានបន្តប្រើប្រាស់ឈ្មោះគណបក្សអំណាចខ្មែរកន្លងមក។ ការសម្រេចរបស់ក្រសួងមហាផ្ទៃបានកើតមានឡើងបន្ទាប់ពីលោក សួន សេរីរដ្ឋា បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) រិះគន់លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលខកខានមិនបានវិលចូលប្រទេសតាមការសន្យា។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិក និយាយប្រាប់អាស៊ីសេរីកាលពីថ្ងៃទី២៦ កុម្ភៈថា សេចក្ដីសម្រេចក្រសួងមហាផ្ទៃឱ្យគណបក្សអំណាចខ្មែរប្តូរឈ្មោះរបស់ខ្លួនវាមិនសមស្របទៅនឹងស្ថានភាពបច្ចុប្បន្នទេ៖ «ជាការលម្អៀងមួយដែរបើជម្រើសហ្នឹងធ្វើសេចក្ដីសម្រេចចិត្ត គឺមិនសមស្របនឹងអយុត្តិធម៌សម្រាប់គណបក្សអំណាចខ្មែរ»។
ប្រធានគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ បញ្ជាក់ថា លោកបានឃើញលិខិតរបស់ក្រសួងមហាផ្ទៃរួចហើយ ។ លោកបញ្ជាក់ថា នៅថ្ងៃទី០៥ ខែមិនា ខាងមុខ គណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សនឹងប្រជុំសម្រេចប្ដូរឈ្មោះគណបក្សថ្មី។
លោកបញ្ជាក់ថា មានឈ្មោះគណបក្សបីដែលនឹងត្រូវប្រជុំសម្រេចនាពេលខាងមុខគឺ គណបក្សខ្មែរឈ្នះ គណបក្សខ្មែរដើម្បីខ្មែរ និងគណបក្សជោគវាសនាជាតិខ្មែរ៖ «ហេតុផលសំខាន់ដែលយើងមើលឃើញតែម្ដង គឺគណបក្សអំណាចខ្មែរបានកសាងក្រេឌីត (Credit) បានល្អ វាជាការព្រួយបារម្ភដែរ បើយើងប្រៀបធៀបទៅប្រទេសវេណេហ្ស៊ុយអេឡាដែលយើងមើលប្រធានគណបក្សប្រឆាំងអាយុ ៣៥ឆ្នាំ បើប្រៀបធៀបមកខ្ញុំ ៣២ឆ្នាំ ដូច្នេះជាធម្មតារដ្ឋាភិបាលគឺមិនធ្វើឱ្យគណបក្សអំណាចខ្មែរស្រួលខ្លួនទេ គឺត្រូវតែមានបញ្ហាអ្វីដូចទង្វើដែលធ្វើជាមួយគណបក្សសង្គ្រោះជាតិ»។
គណបក្សអំណាចខ្មែរធ្លាប់ដឹកនាំដោយលោក សួន សេរីរដ្ឋា ក៏ប៉ុន្តែក្រោយមកគណបក្សនេះបានផ្ទេរទៅឱ្យលោក សួង សុភ័ណ្ឌ បន្តដឹកនាំជំនួសវិញដោយសារតែលោក សួន សេរីរដ្ឋា ត្រូវបានរបបក្រុងភ្នំពេញចាប់ខ្លួនហើយក្រោយមកបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បន្ទាប់ពីតុលាការរកឃើញថា ជាប់ពាក់ព័ន្ធ និងញុះញង់កងទ័ពមិនឱ្យស្ដាប់បទបញ្ជា។
ប៉ុន្តែក្រោយមក លោក សួន សេរីរដ្ឋា ត្រូវបានព្រះមហាក្សត្រលើកលែងទោសបន្ទាប់ពីបានអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១ឆ្នាំ១០ថ្លៃ។
លោក សួន សេរីរដ្ឋា ប្រាប់អាស៊ីសេរីថា លោកអបអរសារទរចំពោះសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ។លោកបានច្រានចោលរាល់ការចោទប្រកាន់ទាំងឡាយណាថាការសម្រេចឱ្យប្ដូរឈ្មោះគណបក្សថា ជាប់ទាក់ទិននឹងរឿងនយោបាយ៖ «ពួកគាត់គ្រាន់តែផ្កាប់ខួរក្បាលលម្អៀងទៅក្រុម សម រង្ស៊ី និយម ដែលអត់មើលឃើញការពិតន័យជាបញ្ហានឹងដំណោះស្រាយជុំវិញរឿងហ្នឹងទេ ពីព្រោះសុំឱ្យបញ្ចប់ ប្រើប្រាស់ឈ្មោះគណបក្សអំណាចខ្មែរនេះ មិនមែនយើងទើបតែសុំមួយថ្ងៃពីរថ្ងៃទេតាំងពីខ្ញុំចេញពីពន្ធនាគារ»។
ការសម្រេចរបស់ក្រសួងមហាផ្ទៃឱ្យប្ដូរឈ្មោះគណបក្សអំណាចខ្មែរ បានកើតឡើងក្រោយពីលោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរបានសរសេរសារនៅលើទំព័រហ្វេសប៊ុក ដោយបានរិះគន់លោក សម រង្ស៊ី ថា មិនហ៊ានចូលស្រុកដោយលោកបានភ្ជាប់ករណីនេះទៅនឹងរឿង EBA៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
