លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ សម្រេចទៅចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់រួចហើយ ក្រោយពេលលោកត្រូវបានចៅក្រមនៃតុលាការក្រុងភ្នំពេញ ផ្ដន្ទាទោសដាក់ពន្ធនាគារ ៥ខែពីបទមិនចូលខ្លួនបំភ្លឺតាមដីកាកោះរបស់តុលាការក្នុងនាមជាសាក្សី។ លោកបញ្ជាក់ថា មកដល់ពេលនេះ លោកមានឈ្មោះជាផ្លូវការហើយនៅក្នុងបញ្ជីបោះឆ្នោតថ្មីនេះ។
ហ៊ុមព័ទ្ធទៅដោយបណ្ដឹង និងសាលក្រមរបស់តុលាការក្រុងភ្នំពេញផងនោះ លោក កឹម សុខា អះអាងថា ការដែលលោកបន្តក្រាញមិនចាកចេញពីទីស្នាក់ការគណបក្សអស់ពេលជាង ៤ខែកន្លងទៅនេះ ព្រោះលោកចង់ឃើញប្រទេសកម្ពុជា មានការផ្លាស់ប្ដូរក្នុងពេលខាងមុខ តាមរយៈការបោះឆ្នោតដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ថ្លែងក្រោយចុះឈ្មោះជាផ្លូវការរួចកាលពីថ្ងៃទី៥ ខែតុលា លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ប្រសិនបើការបោះឆ្នោតដែលមានបរិយាកាសមិនល្អ មានការគំរាមកំហែង និងបំភិតបំភ័យ គឺជាការបោះឆ្នោតដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋទេ។ លោកបន្តថា គណបក្សប្រឆាំងមិនផ្លាស់ប្ដូរជំហររបស់ខ្លួនទេ គឺបានត្រៀមខ្លួនជាស្រេច ក្នុងគោលដៅធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោត។
ជាងនេះទៀត លោក កឹម សុខា អះអាងថា មូលហេតុដែលលោកបន្តស្នាក់នៅក្នុងទីស្នាក់ការគណបក្សប្រឆាំងទៅនឹងដីកាកោះ និងសាលក្រមរបស់តុលាការអស់ពេលជាង ៤ខែកន្លងទៅនេះ ព្រោះតែចង់ឃើញទិដ្ឋភាពនៃការបោះឆ្នោតមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោកបន្តថា « ក្នុងនាមខ្ញុំជាអ្នកដឹកនាំ ខ្ញុំត្រូវតែចូលរួមនៅដំណើរការបោះឆ្នោតនេះ។ ចូលរួមចុះឈ្មោះបោះឆ្នោត ចូលរួមបោះឆ្នោតនៅពេលខាងមុខនេះទៀត។ ដូច្នេះនេះជាគោលដៅគណបក្សសង្គ្រោះជាតិ ឥតមានកែប្រែ ឥតមានផ្លាស់ប្ដូរទេ គឺធ្វើដំណើរឆ្ពោះទៅរកបោះឆ្នោតដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន »។
នេះជាលើកទីមួយហើយដែលលោក កឹម សុខា ត្រូវធ្វើដំណើរឆ្ងាយពីទីស្នាក់ការគណបក្ស ក្រោយពេលលោកស្នាក់នៅក្នុងទីស្នាក់ការបក្សអស់ពេលជាង ៤ខែកន្លងទៅនេះ។ កាលពីព្រឹកថ្ងៃទី៥ ខែ តុលា ប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ សម្រេចបង្ហាញខ្លួនជាសាធារណៈជាលើកដំបូងក្នុងពេលដែលលោកទៅចុះឈ្មោះនៅការិយាល័យបោះឆ្នោតមួយកន្លែង ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ។
មានកម្លាំងសមត្ថកិច្ចប្រដាប់ដោយអាវុធគ្រប់ដៃ ត្រូវគេដាក់ពង្រាយសម្រួលការធ្វើដំណើរ និងតាមអមដំណើរជាច្រើននាក់ នៅពេលប្រមុខដឹកនាំបក្សប្រឆាំងចេញទៅចុះឈ្មោះ។ កម្លាំងនគរបាលទាំងនោះរំសាយវិញក្រោយពេលក្បួនរបស់លោក កឹម សុខា មកដល់ទីស្នាក់ការគណបក្ស។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា ចំនួនអ្នកដែលបានចុះឈ្មោះបោះឆ្នោតនៅក្នុងស្រុក គិតមកដល់ពេលនេះកើនឡើងហួសពីការរំពឹងទុក បើធៀបនឹងពលករចំណាកស្រុក។ លោកបន្តថា អ្វីដែលជាកង្វល់របស់ គ.ជ.ប គឺចំនួននៃការចុះឈ្មោះរបស់ពលករ នៅតែមានចំនួនទាបនៅឡើយ។ លោកបន្តថា « គិតជាតួលេខទៅជិត ៤៥ភាគរយដែរហើយ។ គ . ជ . ប ក៏សង្ឃឹមថានឹងទទួលបានការចុះឈ្មោះបន្ថែមទៀត ប៉ុន្តែមានការបារម្ភខ្លះដែរ បងប្អូនប្រជាពលរដ្ឋអញ្ជើញទៅធ្វើការនៅក្រៅប្រទេស។ យើងពិនិត្យឃើញថា មានការមកចុះឈ្មោះទាប »។
លោក សំ គន្ធាមី នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច (NICFEC) យល់ឃើញថា ការបើកសិទ្ធិឲ្យមានការប្រកួតប្រជែងដោយស្មើភាពរវាងបក្សប្រឆាំង និងបក្សកាន់អំណាចនេះ ជាសញ្ញាបង្ហាញថា ស្ថានភាពនយោបាយមានភាពល្អប្រសើរ។ លោកបន្តថា « ហាក់ដូចជាគ្មានឧបសគ្គអ្វីទេ គ្មានបញ្ហាអសន្តិសុខសម្រាប់គាត់ទៅចុះឈ្មោះ ឥតមានអីកើតឡើងទេ។ នេះជាសញ្ញាបង្ហាញថា ស្ថានភាពវិលទៅរកការចរចាផ្នែកនយោបាយឡើងវិញហើយ។ ដោយសារសភាពការណ៍ឥឡូវឥតមានអ្វីធ្វើទុក្ខបុកម្នេញគាត់ទៀតទេ »។
តួលេខជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គិតត្រឹមថ្ងៃទី៤ ខែតុលា ចំនួនអ្នកចុះឈ្មោះជាង ៤លាន ៤សែននាក់។ តាមគម្រោង អ្នកដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតគិតចាប់ពីអាយុ ១៨ឆ្នាំឡើង គ.ជ.ប ត្រូវការប្រហែលជាង ៩លាន ៦សែននាក់។ ចំនួននេះ គឺជាការបម្រើឲ្យការចុះឈ្មោះបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។
អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើកិច្ចការបោះឆ្នោត យល់ឃើញថា ការបោះឆ្នោតអាចនឹងមានបរិយាកាសល្អ ប្រសិនបើប្រមុខដឹកនាំបក្សប្រឆាំងមានសិទ្ធិស្មើគ្នា ក្នុងការចុះឃោសនានៅតាមមូលដ្ឋានដូចបក្សដែលគ្រប់គ្រងរដ្ឋាភិបាលដែរ។ ស្ថិតក្នុងបរិយាកាសនយោបាយហាក់វិលទៅរកភាពប្រក្រតីឡើងវិញនេះ ប្រធានស្ដីទីគណបក្សប្រឆាំងគ្រោងនឹងចូលរួមប្រជុំសភាពេញអង្គនៅថ្ងៃទី៧ ខែតុលា ខាងមុខនេះដែរ៕
វីដេអូ៖ លោក កឹម សុខា ទៅចុះឈ្មោះបោះឆ្នោត
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
