"កំហុស​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ បង្កើត​ភាព​រញ៉េរញ៉ៃ​ពេញ​​សវនាការ​"

0:00 / 0:00

សហ​មេធាវី​លោក កឹម សុខា ថា​កំហុស​នៃ​ច្បាប់​ និង​ការ​អនុវត្ត​ បង្កើត​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ពេញ​​សវនាការ​។​ ប្រតិកម្ម​នេះ​ ធ្វើឡើង​ក្រោយ​តុលាការ​ ​បាន​បិទ​បញ្ចប់​សវនាការ​សប្ដាហ៍​ទី​បួនក្នុង​ដំណើរ​ការ​ជំនុំជម្រះ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ​ជុំវិញ​បទ​ចោទ​ប្រកាន់​ នៃ​អំពើ​ក្បត់​ជាតិ​។ ​

​សហ​មេធាវី​មួយរូប​ ក្នុង​ចំណោម​ ៤ រូប​ដែល​ការពារ​ក្តី​លោក កឹម សុខា គឺលោក អាង ឧត្តម សង្កេត​ឃើញនូវ​បញ្ហា​ជាច្រើន ក្នុងកិច្ចដំណើរការ​នីតិវិធីតុលាការ ជុំវិញរឿង​ក្តី​លោក កឹម សុខានេះ។

ថ្លែងប្រាប់​អាស៊ីសេរី ក្នុង​បទសម្ភាសន៍ផ្ទាល់ កាលពីរាត្រីថ្ងៃទី ០៦ ខែ កុម្ភៈ លោកមេធាវី​ ដែល​ធ្លាប់​មានបទពិសោធន៍ តតាំងក្តីឲ្យ​ជនជាប់ចោទ នៅចំពោះមុខសាលាក្តីអន្តរជាតិ​រូបនេះ លើកឡើង​ថា​បញ្ហា​ គឺកើតឡើង​ពីការមិនបាន​បែងចែកគ្នា ឲ្យ​បានច្បាស់​លាស់ និង​ដាច់ស្រឡះ​រវាង​តួនាទី​របស់​ភាគីចោទប្រកាន់ គឺព្រះរាជអាជ្ញា ដែលត្រូវ​តែប្រឹងលើកភ័ស្តុតាងដាក់បន្ទុក និង​ភាគីដើមបណ្តឹងរដ្ឋប្បវេណី​ ដែលជារដ្ឋាភិបាលកម្ពុជា និងមានតំណាង​មេធាវីរបស់​ខ្លួន ដែលត្រូវ​ខំរកតែភ័ស្តុតាង​ទាំងឡាយ​ណា ដែលសម្រាប់​តែបង្ហាញ​ពីព្យសនកម្ម និង​ទុក្ខសោក​របស់​ខ្លួន​ទៅបានហើយ ដោយ​មិន​ត្រូវ​លូក​លាន់ចូលក្នុងកិច្ចការ​របស់​ព្រះរាជអាជ្ញា ដូចអ្វីដែលកំពុង​កើត​មានឡើង​ក្នុងសវនាការនេះ នោះទេ «ខាង​ចោទប្រកាន់យើង ឥឡូវទៅជាពីរក្រុម​។ ចំណែក​ឯមេធាវីការពារក្តីឯកឧត្តម កឹម សុខា មាន​តែមួយក្រុម​»។

លោក អាង ឧត្តមថា ការមិន​បែងចែងតួនាទីភាគីចោទប្រកាន់ និង​ដើមបណ្តឹង​រដ្ឋ​ប្បវេណី ឲ្យ​បាន​ច្បាស់​នេះឯង​ហើយ ដែលបង្កើតឲ្យ​មានការ​​ប្រទូសរ៉ាយ ក្នុង​បន្ទប់​សវនាការ​ ដោយសារ​តែ​ក្រុម​សហមេធាវីការពារក្តីលោក កឹម សុខា ត្រូវ​តតាំងក្តី និង​ជំទាស់​ទៅនឹង​នីតិវិធី​មិនត្រឹមត្រូវនេះ ជាប្រចាំ ដោយ​ប្រឈមភាគីចោទប្រកាន់ដល់ទៅពីរក្រុម គឺក្រុម​ព្រះរាជអាជ្ញា ដែលមានព្រះរាជអាជ្ញពីររូប និងជំនួយការព្រះរាជអាជ្ញាពីររូបទៀត និង​ក្រុម​មេមេធាវីតំណាង​រដ្ឋាភិបាល ដែលមានគ្នា​បួននាក់ រួមទាំង​លោក គី តិច ផង។

ជុំវិញបញ្ហាទីពីរ លោក អាង ឧត្តម សំដៅលើកង្វះខាត​ក្នុងច្បាប់ ដែលជាបញ្ហា​ធំបំផុតមួយ ទាក់ទង​នឹង​ភ័ស្តុតាង។ បញ្ហា​ធំនោះ គឺត្រង់ថា តុលាការអនុញ្ញាត​ឲ្យ​ភាគី ដាក់ភ័ស្តុតាងជាហូរ​ហែរហូត ឡូកឡំគ្នា​ជាមួយនឹង​ការ​ជជែកលើអង្គហេតុ ដែលប្រការនេះបង្កើត​ឲ្យ​មាន​ភាពច្របូក​ច្របល់ខ្លាំង «ក្នុង​ក្រម​យើង​មាន​តែ​មួយ​មាត្រា​គត់។ អ៊‍ីចឹង​បាន​ជាបង្កើត​ភាព​រញ៉េរញ៉ៃ។ ប្រាប់​ថា​ភ័ស្តុតាង​ដាក់នៅពេលណាក៏បាន​ដែរ​ រហូត​ដល់​តុលាការ​សម្រេច​សេចក្តី​។ ដូច្នេះ​ភ័ស្តុតាង​ វាចូល​ជាបណ្តើរៗ ជជែក​តែ​រឿង​ភ័ស្តុតាង។ បើសិន​ត្រឹមត្រូវ គេ​កាត់​លើ​ភ័ស្តុតាង​សិន​ មួយ​សវនាការ​ ចំណាយ​ពេល​ប៉ុន្មានក៏ប៉ុន្មាន​ទៅ​មិន​ដឹងទេ។ ដូចនៅ​សាលាក្តី​ខ្មែរ​ក្រហម​ គេ​កាត់​ភ័ស្តុតាង​ឲ្យ​ដាច់​សិន​។ សម្រេច​បាន​ហើយ​ រកសាក្សី​ណាដែ​ល​ត្រូវ​យក​ ឯកសារ​ណា​ដែលត្រូវដាក់ ភ័ស្តុតាង​ណា​ដែល​ត្រូវ​ច្រានចោល ឬទទួល។ គេធ្វើ​នៅ​អង្គបុរេ ឲ្យ​ដាច់​ស្រឡះស្អាត​តែម្តង ពេលចូល​អង្គសេចក្តី​ឈប់និយាយ​ពីទទួល​ ឬមិន​ទទួល​យក​ភ័ស្តុតាងនេះ គឺជជែក​ដេញដោល​លើតម្លៃនៃភ័ស្តុតាង​វិញ ឈប់​គិត​ពីទម្ងន់នៃ​ភ័ស្តុតាងហើយ។ តែយើង​ឯណេះវិញ ធ្វើ​អត់​ច្បាស់អ៊‍ីចឹង ! ដូច្នេះ​ភ័ស្តុតាង​រត់ចូល​តាមភាគីនឹកឃើញ ដាក់ចូលបណ្តើរៗ នាំឲ្យ​រញ៉េរញ៉ៃបណ្តោយ !​»

នៅក្នុង​បណ្តឹង​ប្តឹង​លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព ឬត្រូវ​រ៉ូវគ្នា​ជាសម្ងាត់ជាមួយរដ្ឋបរទេស ដើម្បីផ្តួល​រំលំរដ្ឋាភិបាលនេះ មានភាគីបីនៅក្នុង​រឿង​ក្តី។​ ភាគីទីមួយ ភាគីដើមចោទ​ គឺព្រះរាជអាជ្ញា ដែលតំណាង​ឲ្យ​ភាគីចោទប្រកាន់។ ភាគីទីពីរ គឺដើមបណ្តឹងរដ្ឋប្បវេណី ក្នុងទីនេះគឺរដ្ឋាភិបាលកម្ពុជា ដែលតាំងខ្លួនជាជនរងគ្រោះនៃព្យសនកម្ម ពីការ​ចោទប្រកាន់នៃ​អំពើផ្តួលរំលំរដ្ឋាភិបាលនោះ។ ទីបីគឺខាង​មេធាវីការពារក្តីលោក កឹម សុខា ដែលជាជនជាប់ចោទ។

ប៉ុន្តែ លោក អាង ឧត្តម ថាភាគីទីពីរ ដែលជាដើមបណ្តឹងរដ្ឋប្បវេណី បែរជាចូលរួម​សួរ​សំណួរ​ដាក់បន្ទុកលើលោក កឹម សុខា ដែលហួសពីតួនាទីរបស់ខ្លួន ដែលត្រឹមតែថ្លែងទុក្ខសោក អំពី​ភាពជាជនរងគ្រោះរបស់ខ្លួន ដើម្បីទាមទារ​សំណង​រដ្ឋប្បវេណីប៉ុណ្ណោះ។

អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីតំណាង​អយ្យការ និង​លោក គី តិច​ ដែលជា​មេធាវីតំណាង​រដ្ឋាភិបាល​បាន​នៅឡើយ​ទេ ដោយសារ​លោក គី តិច​ មិន​ទទួល​​ទូរស័ព្ទ។

ក្នុងសវនាការ​រយៈពេលបួនសប្តាហ៍កន្លងទៅនោះ តុលាការ​បានសួរ​ដេញ​ដោលជា​លក្ខណៈចម្រុះ គឺទាំងដេញដោលរឿង​ភាពអាចទទួលយកបាន និង​តម្លៃនៃភ័ស្តុតាង និង​ទីពីរ​ដេញ​ដោលរឿង​អង្គហេតុ​ ទាក់ទង​នឹង​ការ​ចោទប្រកាន់អំពីបទចោទ នៃការត្រូវរ៉ូវគ្នា​ជាមួយរដ្ឋបរទេស​នោះផង។

បន្ថែមលើបញ្ហាទាំងនេះ លោកមេធាវី អាង ឧត្តម បញ្ជាក់ជំហររួម​របស់ក្រុម​សមេធាវីការពារក្តីលោក កឹម សុខា ថានៅមានការ​រំលោភគោលការណ៍នីត្យានុកូលភាព​​ជាច្រើន​ថែមទៀត តាំងតែពីដើមដំបូងនៃដំណើរការក្តីនេះមកម្ល៉េះ។

ក្នុងនោះ គឺរំលោភគោលការណ៍​មិន​ប្រតិសកម្ម​នៃច្បាប់ ដែលលោក អាង ឧត្តម ចង់សំដៅទៅលើគោលការណ៍ គ្មានបទល្មើស បើ​គ្មាន​ច្បាប់​ចែង។ ក្នុងន័យនេះ លោកយោងទៅលើ ការ​ចោទប្រកាន់លោក កឹម សុខា ពីបទសន្ទិដ្ឋិភាព ដែលច្បាប់នេះ​ទើប​ចូលជាធរមាននៅឆ្នាំ ២០១០ តែប៉ុណ្ណោះ។ ប៉ុន្តែ បទចោទនោះ មាន​រៀបរាប់​សកម្មភាព​លោក កឹម សុខា តាំងពីរឆ្នាំ ១៩៩៣ ដែលពេលនោះ ច្បាប់​មិនទាន់បានចែងអំពីបញ្ហានេះនៅឡើយ «អ៊‍ីចឹង​អំពើ​ទាំងឡាយ​ណា​ ដែលកើត​មុន​ច្បាប់​នេះ មិន​អាច​យក​មកផ្តន្ទាទោស​បានទេ។ នេះជាគោលការណ៍នីត្យានុកូល។ មាត្រា ៩ គេ​និយាយច្បាស់​ទៀត ! ខ្ញុំ​ដឹង​ពួកអស់​លោក​អ្នកច្បាប់ ចៅក្រម​ និង​ព្រះរាជអាជ្ញា​គាត់​ដឹង​ គាត់​ចេះទាំងអស់ហ្នឹង។ ប៉ុន្តែ ខ្ញុំ​មិន​យល់ថាហេតុអ្វីបាន​ជានៅដើរចំណុចហ្នឹង​តទៅទៀត។ មាត្រា ៩ ថា​អំពើ​ដែលប្រព្រឹត្ត​នៅ​មុន​បទប្បញ្ញត្តិនេះ​ ចូល​ជាធរមាន​ មិន​អាច​យក​មក​ចោទប្រកាន់​បាន​ទេ។ គេនិយាយអ៊‍ីចឹង ! ច្បាប់នេះ ជាច្បាប់ព្រហ្មទណ្ឌ​ឆ្នាំ ២០១០ យកមកអនុវត្ត ហើយ​អំពើ​កើត​មុន​ មិន​អាច​យក​ច្បាប់​កើត​ក្រោយ​ទៅ​អនុវត្ត​ អំពើ​ដែលកើតមុន​ទេ​។ គោលការណ៍ធាក់ថយ ឬអប្រតិសកម្មនេះ មិន​អាច​អនុវត្ត​បាន​ទេ»

ទោះបីលោក កឹម សុខា រងការចោទប្រកាន់ថាត្រូវ​រ៉ូវគ្នា​ជាសម្ងាត់​ជាមួយរដ្ឋបរទេស ដើម្បី​ផ្តួលរំលំរដ្ឋាភិបាល​យ៉ាងណាក្តី និងទោះបីមេធាវីតំណាងរដ្ឋាភិបាល គឺលោក គី តិច ធ្លាប់​អះអាងថា មាន​រដ្ឋបរទេសដល់ទៅ ៩ ជាប់ពាក់ព័ន្ធនឹង​រឿង​ក្តីនេះក៏ដោយ ក៏រហូតមកដល់ពេលនេះ តុលាការ ​មិន​ទាន់បាន​កោះហៅសាក្សីណាមួយ​ជាជនបរទេស ឬតំណាង​រដ្ឋបរទេស ដើម្បីចូលបំភ្លឺនៅឡើយទេ។

សវនាការនេះ បើតាម​ការគ្រោងទុក គឺធ្វើតែបីខែប៉ុណ្ណោះ។ ដូច្នេះ តុលាការ​បានប្រើប្រាស់​ពេល ១ភាគ៣ នៃ​ពេលវេលា​ដែលគ្រោងជំនុំជម្រះក្តីនេះហើយ។

ទោះជាយ៉ាងនេះក្តី ខាងព្រះរាជអាជ្ញា ធ្លាប់​លើកឡើង​នៅក្នុង​សវនាការ​ ថាតុលាការ​នេះ មិនចាំបាច់​កោះហៅជនបរទេស ឬតំណាង​រដ្ឋបរទេសណាម្នាក់នោះទេ ព្រោះ​មិន​មែន​កាត់​ទោស​បរទេសទេ គឺកាត់ទោសជនជាតិខ្មែរ ដែលត្រូវបាន​ចោទប្រកាន់ថាបាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ។ តបទៅនឹង​ចំណុចនេះ លោក អាង ឧត្តម ថា​តំណាង​អយ្យាការ បកស្រាយ​ទាំងមើល​រម្លងខ្លឹមសារ​ពិត​នៃ​ក្រមព្រហ្មទណ្ឌកម្ពុជា «គាត់ថាអ៊‍ីចឹង ហើយ​គាត់​អត់មានក្រឡេកមើល មាត្រា​ ៣ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ គឺចែង​ច្បាស់​ថា​ បណ្តឹង​អាជ្ញា​អនុវត្ត​លើ​បុគ្គល​គ្រប់រូប​ ទាំង​រូប​វន្ត​បុគ្គល​ ទាំង​នីតិបុគ្គល​ ដោយ​ឥត​ប្រកាន់​ពូជសាសន៍​ ពណ៌សម្បុរ ជំនឿសាសនា​អ្វីទាំងអស់ សាសន៍ណា​ក៏គេកាត់ដែរ​»។

ដំណើរការក្តី​លោក កឹម សុខា ដែលជាប្រធានគណបក្សប្រឆាំង ដែលជាគណបក្សមានកម្លាំងអាចបង្កហានីភ័យ​ ដល់ការ​ដណ្តើម​ប្រជាប្រិយ ពីគណបក្សកាន់អំណាចបាននេះ រងការ​រិះគន់​ជុំទិស ថា​មានចរិតនយោបាយ និង​ធ្វើគ្រាន់តែដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ដែលចំណាត់ការ​នេះ គឺមិនត្រឹមតែធ្វើឲ្យ​កើតមានអំពើអយុត្តិធម៌សង្គមកាន់តែខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​​ធ្វើឲ្យ​ប៉ះពាល់​ ដល់​សុចរិតភាព​នៃប្រព័ន្ធតុលាការកម្ពុជា ដែលកំពុង​រងការរិះគន់ថា ពុករលួយ​ និង​ជាឧបករណ៍​នយោបាយ របស់​បក្សកាន់អំណាច ក្នុងការធ្វើទុក្ខបុកម្នេញ​សំឡេង​ប្រឆាំង។

ប៉ុន្តែ ក្រុមសហមេធាវីការពារក្តីលោក កឹម សុខា នៅតែ​ប្តេជ្ញាថានឹងបន្តតស៊ូស្វិតស្វាញ​លើ​សមរភូមិ​ច្បាប់ ក្នុង​សំណុំ​រឿង​ ដែល​មាន​ចរិត​នយោបាយ​នេះ ព្រោះគ្មានជម្រើសអ្វីក្រៅពីនេះ។

ចំណែកឯលោក កឹម សុខា ផ្ទាល់វិញ​ ក៏បានថ្លែងសារ​ទៅអ្នកសារព័ត៌មាន កាល​ព្រឹកថ្ងៃទី ០៦ ខែ កុម្ភៈ មុនធ្វើដំណើរទៅតុលាការ ថាលោកក៏នៅតែបន្តបង្ហាញ​វត្តមាន និងចូលរួម​ក្នុងសវនាការ​ ដល់ទីបញ្ចប់ដែរ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់លោក។

លោកស្នើឲ្យ​ទម្លាក់ចោលរាល់បទចោទប្រកាន់មកលើរូបលោក ដើម្បីជាឱកាស ឲ្យ​​រដ្ឋាភិបាលកម្ពុជា បង្ហាញថា​ខ្លួន​ចង់កែទម្រង់​ប្រព័ន្ធយុត្តិធម៌កម្ពុជាមែន«ទោះបីបច្ចុប្បន្ននេះ មានអ្នកខ្លះ​រិះគន់ខ្ញុំ ថាម៉េចបានខ្ញុំ​ត្រូវ​ទៅទុលាការ​ធ្វើអ្វី បើដឹងថា​តុលាការ​អ៊‍ីចឹងទៅហើយ ? ប៉ុន្តែ​ខ្ញុំ​រស់នៅក្រោម​ដំបូល​ព្រះរាជាណាចក្រកម្ពុជា។ ចង់មិនចង់អ្វី ខ្ញុំ​ត្រូវ​តែ​បង្ហាញ​ការ​ពិត​នៅទីនោះ។ ខ្ញុំ​ត្រូវ​តែទៅ ! គេ​សម្រេច​យ៉ាង​ម៉េច​ ជារឿង​របស់​គេ។ សំខាន់ជាពិសេស​ ឲ្យ​តែមាន​សាធារណជន និង​អ្នកព័ត៌មាន​ចូល​ស្តាប់​ទៅ​ នោះយើង​នឹង​ដឹង​ទាំងអស់គ្នា។ ទុក​ឲ្យ​គេ​សម្រេច​យ៉ាង​ម៉េច ក៏សម្រេច​ទៅ ! ដូច្នេះ​ខ្ញុំ​ជឿថា បើ​សិន​ណា​ជាស្រុក​ខ្មែរយើង​ ចង់​បង្ហាញ​ថា​តុលាការ​នេះ មានការ​កែទម្រង់​ល្អហើយ ត្រឹមត្រូវ​ឯករាជ្យ​ហើយ នឹង​បង្ហាញ​ថា​ការ​សម្រេច​នេះ ទម្លាក់ចោលបទចោទលើខ្ញុំ ព្រោះខ្ញុំអត់មានធ្វើខុសអ្វីនោះទេ»។

សវនាការ​សប្តាហ៍ទីបួន បាន​បិទបញ្ចប់ ជាមួយនឹង​ការ​សួរ​ដេញដោល ត្រឹមរយៈពេលពីឆ្នាំ ២០០៧ ដល់ ២០១២ ពេលលោក កឹម សុខា នៅជាប្រធានគណបក្សសិទ្ធិមនុស្ស។ សប្តាហ៍ទីប្រាំ នឹង​ចាប់​​ផ្តើម​នៅថ្ងៃទី ១២ ខែ កុម្ភៈ ដែលត្រូវជា​ថ្ងៃដែលគណៈកម្មការអឺរ៉ុប នឹង​ចេញសេចក្តីសម្រេចុងក្រោយមួយ ជុំវិញការព្យួរការអនុគ្រោះពន្ធ EBA ពី​កម្ពុជា។ នៅនៅសប្តាហ៍ខាងមុខនោះ តុលាការ​នឹងជជែកលើអង្គហេតុ អំពីការបង្កើត​ និង​រចនាសម្ព័ន្ធ​គណបក្សសង្គ្រោះជាតិ​និង​ព្រឹត្តការណ៍​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣៕