មេធាវី​សង្ឃឹមថា តុលាការ​អាច​បញ្ចប់​នីតិវិធី​ស៊ើបសួរ លោក កឹម សុខា នៅ​ពេល​ឆាប់ៗ​នេះ

មេធាវី​ការពារ​ក្ដី​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ជំនឿថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បិទ​បញ្ចប់​នីតិវិធី​ស៊ើបសួរ លើ​កូនក្ដី​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។ អ្នកវិភាគ​ថា របប​ក្រុងភ្នំពេញ នឹង​អាច​បិទ​បញ្ចប់​នីតិវិធី​ស៊ើបសួរ ហើយ​ឈប់​លេង​ល្ខោន​មួយ​នេះ ព្រោះ​មិន​អាច​បោកប្រាស់​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​បាន។

មេធាវី​ម្នាក់ ក្នុងចំណោម​សហ​មេធាវី​ការពារ​ឲ្យ លោក កឹម សុខា គឺ លោក ផែង ហេង មាន​សុទិដ្ឋិនិយម​ថា ចៅក្រម​ស៊ើបសួរ អាច​នឹង​បិទ​បញ្ចប់​នីតិវិធី ព្រោះ​ការ​ស៊ើបសួរ​បាន ធ្វើ​ឡើង​ជាង​មួយ​ឆ្នាំ​ហើយ ដោយ​មិន​មាន​ភស្តុតាង​ដាក់​បន្ទុក​ក្រៅ​តែ​ពី​វីដេអូ ដែល​គេ​ធ្លាប់​បញ្ចេញ​តាម​ហ្វេសប៊ុក ហើយ​ត្រូវ​សហគមន៍​អន្តរជាតិ បកស្រាយ​ថា គ្មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​ទោស​ក្បត់ជាតិ​ដូច​ការចោទប្រកាន់​ឡើយ៖ «កាលដែល​ស៊ើបសួរ​នឹង​វា​ជាង​មួយ​ឆ្នាំ​មក ហើយ​តុលាការ​សាលាដំបូង​ចៅក្រម​ស៊ើបសួរ​នឹង​បើ​តាម​ការ​ស៊ើបសួរ ភស្តុតាង វីដេអូ ដែល​ព្រះរាជ អាជ្ញា​ដាក់​អោយ​បាន​កោះហៅ​សាក្សី​មួយ​ចំនួន​មក​ឆ្លើយ​អញ្ចឹង​ហើយ​ចៅក្រម​ស៊ើបសួរ និង​អាច​បិទ​ការ​ស៊ើបសួរ ប៉ុន្តែ​បិទ​នៅ​ពេល​ណា​ថ្ងៃ​ណា យើង​មិនទាន់​ដឹង​ទេ​បើ​ចង់​ដឹង មាន​តែ​នៅ​លើ​ចៅក្រម​ស៊ើបសួរ»។

គិត​ត្រឹម​ថ្ងៃ​ទី​១៤ តុលា លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​របប​ក្រុងភ្នំពេញ ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង និង​ឃុំខ្លួន​ក្នុង​ផ្ទះ រយៈពេល​៤០៧ ថ្ងៃ ឬ​ស្មើនឹង ១​ឆ្នាំ ៤២​ថ្ងៃ ក្នុង​បទ​ចោទ​សន្ទិដ្ឋិភាព ឬ ក្បត់ជាតិ ប៉ុន្តែ ក្រុម​អ្នក​ប្រជាធិបតេយ្យ​និយម និង​សហគមន៍​អន្តរជាតិ ហៅ​បទ​ចោទ​នេះ ជា​ការ​ប្រឌិត​ឡើង​ដោយ​របប​លោក ហ៊ុន សែន ព្រោះ​ខ្លាច​ចាញ់​ឆ្នោត នៅ​អាណត្តិ​ទី​៦។

ក្រោយពេល លោក កឹម សុខា ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​ជាង​១​ឆ្នាំ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា នៅ​ម៉ោង​ប្រមាណ​៣​ទៀបភ្លឺ សមត្ថកិច្ច​របប​ក្រុងភ្នំពេញ បាន​ដឹក​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុង មកដល់​បន្ត​ឃុំខ្លួន​នៅ​គេហដ្ឋាន​របស់​លោក នៅ​ទីក្រុង​ភ្នំពេញ​វិញ ដោយ​ស្ងាត់ៗ ទាំង​យប់។ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឬទ្ធី បាន​ព្រមាន មិន​ឲ្យ​លោក កឹម សុខា ជួប​និយាយ​ជាមួយ​បុគ្គល​ណា​ទាំងអស់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ចៅក្រម។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជា​អ្នក​បង្ហើប​ថា លោក​ជា​អ្នក​រៀបចំ​យុទ្ធសាស្ត្រ​ឃុំខ្លួន លោក កឹម សុខា ក្នុង​ផ្ទះ ស្រប​ពេល​របប​ក្រុងភ្នំពេញ មិនទាន់​បង្កើត​ច្បាប់​ឃុំខ្លួន​មនុស្ស​នៅ​ក្នុង​ផ្ទះ។

អាស៊ីសេរី មិន​មាន​ប្រភព​សុំ​ការ​បញ្ជាក់​ពី ចៅក្រម​ស៊ើបសួរ លោក គី ឬ​ទ្ធី បានទេ។ ចំណែក អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា មិន​លើក​ទូរស័ព្ទ។

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត យល់ថា តាម​ស្ថានភាព​នយោបាយ​សព្វថ្ងៃ របប​ក្រុងភ្នំពេញ អាច​កំពុង​រៀបចំ​យុទ្ធសាស្ត្រ បញ្ចប់​ព្រឹត្តិការណ៍​ចោទប្រកាន់ លោក កឹម សុខា ព្រោះ​សេនារីយោ ល្ខោន​ចាប់ចង​មួយ​នេះ មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ជឿ​បាន តែ​ទទួល​បាន​មកវិញ​នូវ​ការព្រមាន និង​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ ជា​របប​ផ្ដាច់ការ ដែល​ប្រទេស​លោក​សេរី គេ​បញ្ឈប់​ផ្ដល់​ទិដ្ឋាការ មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក។ អ្នកវិភាគ​រូប​នេះ សង្កេត​ឃើញ​ថា របប​ក្រុងភ្នំពេញ កំពុង​សសៀរ​ទៅ​រក​សហរដ្ឋអាមេរិក និង​គ្រោង​ឱនលំទោន​ដាក់​សហភាព​អឺរ៉ុប ដើម្បី​ចង់​ស្ដារ​សេដ្ឋកិច្ច ដែល​ជា​គ្រឹះ នៃ​អំណាច​របស់​ខ្លួន៖ «ដែល​យើង​បាន​ឃើញ​ថ្មីៗ​នេះ​ថា​មិន​អោន​ក្បាល​ចំពោះ បរទេស​ណា​អោយ​ជាន់​ក្បាល​ខ្លួន​នោះ​ទេ ប៉ុន្តែ​ឥលូវ​គេ​ចាប់ផ្ដើម​ទៅ​រណប​សហរដ្ឋអាមេរិក​វិញ គេ កំពុង​បោកប្រាស់​ភ្នែក​ពលរដ្ឋ​គេ​កំពុង​រៀបចំ​កន្លែង​អស់ទាំង​នឹង»។

លោក​មេធាវី ផែង ហេង ឲ្យ​ដឹង​ថា មកដល់ពេលនេះ សុខភាព លោក កឹម សុខា អាច​ហាត់ប្រាណ​បាន​ច្រើន​នៅ​ក្នុង​ផ្ទះ ហើយ​សុខភាព សម្ពាធ​ឈាម ជាតិ​ស្ករ គឺ​មាន​ស្ថានភាព​ដូច​អ្នកជំងឺ​ទូទៅ​ដែរ។ ប៉ុន្តែ ជំងឺ​សរសៃ​របស់​លោក កឹម សុខា នៅ​មិនទាន់​អាច​ព្យាបាល​បានទេ គឺ​ទាល់តែ​ពេទ្យ​ជំនាញ នៅ​ក្រៅ​ប្រទេស ដែល​ធ្លាប់​តាមដាន​ជំងឺ​នេះ តាំង​ពី​ដើម​មក ទើប​ដឹង​ច្បាស់​ពី​ស្ថានភាព​ជំងឺ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។