ខ្មែរកម្ពុជាក្រោមនៅប្រទេសវៀតណាម ភូមិភាគខាងត្បូង កំពុងត្រៀមខ្លួនចូលឆ្នាំថ្មីប្រពៃណីខ្មែរដូចពលរដ្ឋខ្មែរ ដែលកំពុងរស់នៅកម្ពុជាដែរ ប៉ុន្តែដោយសាររស់នៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរកុម្មុយនីស្ដ វៀតណាមនោះ ពួកគាត់មិនមានសិទ្ធិពេញលេញប្រារព្ធពិធីចូលឆ្នាំថ្មីដូចប្រជាពលរដ្ឋខ្មែរនៅកម្ពុជានេះទេ។
សហគមន៍ខ្មែរកម្ពុជាក្រោម ទាមទារឲ្យរដ្ឋាភិបាលវៀតណាម បើកឱកាសឲ្យសិស្សានុសិស្ស កម្មកររោងចក្រ និងមន្ត្រីរាជការវៀតណាម ដែលមានដើមកំណើតជាខ្មែរនោះ បានឈប់សម្រាកនៅថ្ងៃចូលឆ្នាំខ្មែរ ដូចនឹងរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម បានអនុញ្ញាតឲ្យប្រជាពលរដ្ឋវៀតណាម និងចិន បានឈប់សម្រាកនៅក្នុងថ្ងៃចូលឆ្នាំប្រពៃណីចិន វៀតណាមដែរ។
សហគមន៍ខ្មែរកម្ពុជាក្រោម បានលើកឡើងថា ការអនុញ្ញាតឲ្យពលរដ្ឋខ្មែរកម្ពុជាក្រោម នៅក្នុងប្រទេសវៀតណាម បានឈប់សម្រាកនៅក្នុងពិធីបុណ្យប្រពៃណីរបស់ខ្លួននោះ ជាការឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការគោរពសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ចំពោះគ្រប់ជនជាតិទាំងអស់ ដែលរស់នៅក្រោមការត្រួតត្រារបស់វៀតណាម។
ប្រធានប្រតិបត្តិ នៃសហព័ន្ធខ្មែរកម្ពុជាក្រោមលោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ថា សហព័ន្ធខ្មែរកម្ពុជាក្រោមបាន ចូលរួមប្រជុំមហាសន្និបាតរបស់អង្គការ យូអ៊ិនភីអូ (UNPO) នៅប្រទេសបែលហ្សិក (Belgium) ជម្រាបជូនរដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសអូស្ត្រាលី (Austria) អាមេរិក សមាជិកព្រឹទ្ធសភាប្រទេសបារាំង និងសភាអ៊ឺរ៉ុប ដើម្បីស្នើសុំឲ្យរដ្ឋាភិបាលកុម្មុយនីស្ដវៀតណាមគោរពពលរដ្ឋជនជាតិដើម ដែលរស់នៅលើដែនដីកំណើនរបស់ខ្លួននៅវៀតណាមខាងត្បូង និងស្នើសុំឱ្យរដ្ឋាភិបាលនៃប្រទេសទាំងនោះ ដាក់សម្ពាធទៅដល់រដ្ឋាភិបាលវៀតណាមឱ្យគោរពសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម និងឈប់ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម។
លោកបន្ថែមថា ពលរដ្ឋខ្មែរក្រោមគ្មានសិទ្ធិពេញលេញប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឡើយ ដោយសារបញ្ហាមួយចំនួន ដូចជា យុវជនភាគច្រើនបានចំណាកស្រុកទៅធ្វើការនៅខែត្រផ្សេងៗ និងធ្វើការនៅព្រៃនគរជាដើម ខាងថៅកែមិនអនុញ្ញាតឲ្យឈប់សំរាក និងទីកន្លែងសម្រាប់ធ្វើពិធីចូលឆ្នាំ ចំពោះអ្នកនៅឆ្ងាយពីស្រុកកំណើត ដែលចង់ឆ្លៀតពេលជួបជុំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗ នាឱកាសពិធីបុណ្យចូលឆ្នាំ៖
ទីវត្តអារាមពេលចូលឆ្នាំថ្មីប្រពៃណីជាតិ ឮសំឡេងកងរំពងអំពីការសូត្រធម៌ ការលេងល្បែងប្រជាប្រិយ្យ ហើយពុទ្ធសាសនិកស្លៀកសំលៀកបំពាក់តាមបែបប្រពៃណីយកចង្ហាន់ប្រគេនព្រះសង្ឃ ហើយពលរដ្ឋខ្មែរជាទូទៅមានពេលវេលាច្រើនក្នុងការដើរលេងកំសាន្ត និងរៀបចំពិធីតាមពុទ្ធសាសនាតាមទំនៀមទំលាប់ប្រពៃណីរៀងៗ ខ្លួន។ ការជូបជុំគ្នាមិនថា ក្មេងចាស់ទេ ឱកាសចូលឆ្នាំថ្មីនេះ ជាឱកាសដ៏ពិសេសមួយសម្រាប់ពលរដ្ឋខ្មែរ ដែលមួយឆ្នាំមានម្ដងសម្រាប់ជួបជុំក្រុមគ្រួសារមកពីទីជិតឆ្ងាយ។ លោក ប្រាក់ សេរីវុឌ្ឍ មានប្រសាសន៍ថា ចំពោះពលរដ្ឋខ្មែរក្រោមនៅលើទឹកដីកំណើតរបស់ខ្លួនវិញ គ្មានវាសនាឈប់សំរាកជួបជុំបងប្អូនក្រុមគ្រួសារ និងរៀបចំពិធីផ្សេងៗ នាឱកាសចូលឆ្នាំថ្មីនេះឡើយ ទោះបីជាពលរដ្ឋខ្មែរនៅកម្ពុជាក្រោម វៀតណាមភាគខាងត្បូង ក៏មានប្រពៃណី វប្បធម៌ ទំនៀមទម្លាប់ ភាសា អក្សរសាស្ត្រ និងកាន់ពុទ្ធសាសនា ដូចជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជាក្ដី។
លោក ប្រាក់ សេរីវុឌ្ឍ អះអាងថា វៀតណាម ប្រើនយោបាយត្រជាក់ ដើម្បីបន្សុទ្ធខ្មែរក្រោមឲ្យភ្លេចដើមកំណើត និងប្រពៃណីរបស់ខ្លួនបន្តិចម្ដងៗ ពិសេស គឺអាជា្ញធរវៀតណាម រឹតបន្តឹងមិនឲ្យក្មេងៗ រៀនអក្សរសាស្រ្តខ្មែរ ហើយនៅតាមវត្តអារាមខ្លះ វៀតណាមក៏ឲ្យអាចារ្យវត្តឈប់បង្រៀនអក្សរសាស្រ្តខ្មែរដែរ។
មាត្រា១១ នៃសេចក្ដីប្រកាសអង្គការសហប្រជាជាតិស្ដីពីជនជាតិដើមភាគតិច ចំណុចទី១ ចែងថា ជនជាតិដើមភាគតិចមានសិទ្ធិបង្កើត និងគ្រប់គ្រងស្ថាប័ន និងប្រព័ន្ធអប់រំរបស់ខ្លួន ដោយផ្ដល់ការអប់រំជាភាសារបស់ខ្លួនផ្ទាល់ ក្នុងលក្ខណៈសមស្រប និងវិធីសាស្រ្តតាមវប្បធម៌ នៃការបង្រៀន និងរៀនសូត្ររបស់ពួកគេ។
រីឯចំណុចទី២ នៃមាត្រាដដែលនេះ បញ្ជាក់ថា បុគ្គលជនជាតិដើមភាគតិចគ្រប់រួប ពិសេសកុមារមានសិទ្ធិទទួលបានការអប់រំគ្រប់កំរិត និងគ្រប់រួបភាពនៃការអប់រំរបស់រដ្ឋ ដោយគ្មានការរើសអើងឡើយ។
ដែនដីកម្ពុជាក្រោម ត្រូវបានអាណានិគមបារាំង គ្រប់គ្រងចាប់តាំងពីឆ្នាំ១៨៥៩។ រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ បារាំង បានកាត់ទឹកដីនេះទៅឲ្យស្ដេចវៀតណាម បាវ ដាយ (Bao Dai) គ្រប់គ្រង ដើម្បីជាថ្នូរយកកម្លាំងរបស់ស្ដេច បាវ ដាយ ទៅទប់ទល់នឹងកម្លាំងកុម្មុយនីស្តរបស់លោក ហូ ជីមិញ (Ho Chi Minh)។ ការកាត់ទឹកដីកម្ពុជាក្រោម ទៅឲ្យវៀតណាម គ្រប់គ្រងនេះ បារាំង មិនបានឲ្យពលរដ្ឋខ្មែរជាម្ចាស់ស្រុកបានដឹងឡើយ។ តាំងពីពេលនោះមក ពលរដ្ឋខ្មែរក្រោម ដែលជាជនជាតិដើមម្ចាស់ស្រុក បានក្លាយជាជនជាតិភាគតិច រស់នៅលើដែនដីកំណើតរបស់ខ្លួន ក្រោមការគ្រប់គ្រង និងត្រួតត្រារបស់រដ្ឋាភិបាលវៀតណាម។
ភិក្ខុសុវណ្ណជោតោ យ៉ាន តូន គង់នៅវត្តសូរិយា រង្ស៊ី ទីក្រុង Philadelphia ដែលព្រះអង្គធ្លាប់បានអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារផងនោះ មានថេរដីកាថា រដ្ឋាភិបាលវៀតណាមបានបង្កការលំបាកដល់ពលរដ្ឋខ្មែរក្រោមប្រកបរបរកសិកម្ម ដូចជាផលិតផលកសិកម្មគ្មានទីផ្សារ មិនសូវយកចិត្តទុកដាក់លើកសិករដូចវៀតណាម ទីបំផុតពលរដ្ឋខ្មែរក្រោមមួយចំនួន ក៏ធ្វើចំណាកស្រុក ហើយគ្រួសារមួយចំនួនខ្វះខាតជំពាក់បំណុលគេច្រើន ក៏លក់ដីស្រែ។ នៅទីបំផុតពលរដ្ឋខ្មែរក្រោមគ្មានដី វៀតណាមទិញយក ហើយពលរដ្ឋខ្មែរក្រោមក៏ក្លាយជាអ្នកស៊ីឈ្នួលវៀតណាមវិញ និងភូមិឋានបាត់រចនាដើមដែលសំគាល់ថា ជាភូមិរបស់ខ្មែរ ដោយសារតែការរស់នៅលាយឡំ និងវៀតណាម។ ព្រះតេជគុណបន្ថែមថា នៅពេលបុណ្យទាន អាជ្ញាធរវៀតណាម មិនសូវលើកទឹកចិត្ត ឬបើកទូលាយឲ្យពលរដ្ឋទៅលេងល្បែងប្រជាប្រិយក្នុងវត្តទេ ប៉ុន្តែវៀតណាមពង្វក់យុវជនខ្មែរបើកកម្មវីរាំរែកសប្បាយ ដែលបទចំរៀងលាយឡំ និងបទចំរៀងរបស់វៀតណាមជាដើម។
មាត្រា១២ នៃសេចក្ដីប្រកាសអង្គការសហប្រជាជាតិស្ដីពីជនជាតិដើមភាគតិច ចែងថា ជនជាតិដើមភាគតិច មានសិទ្ធិប្រតិបត្តិ និងធ្វើឲ្យរស់រវើកឡើងវិញនូវប្រពៃណី និងទំនៀមទម្លាប់ជាវប្បធម៌របស់ខ្លួន។ សិទ្ធិនេះ រួមមានទាំងសិទ្ធិក្នុងការថែរក្សាការពារ និងអភិវឌ្ឍន៍អ្វីៗ ដែលបង្ហាញអត្តសញ្ញាណ វប្បធម៌របស់ខ្លួន ដែលមានពីអតីតកាល បច្ចុប្បន្ន និងអនាគត ដូចជាតំបន់បុរាណវិទ្យា និងតំបន់ប្រវត្តិសាស្រ្តបុរាណវត្ថុ រចនាបថ ពិធីបុណ្យ បច្ចេកវិទ្យា និងសិល្បៈ ទស្សនីយភាព និងការសម្ដែងសិល្បៈ និងអក្សរសាស្រ្ត។
រដ្ឋទាំងឡាយ ត្រូវផ្ដល់ឲ្យមានដំណោះស្រាយតាមរយៈយន្តការមានប្រសិទ្ធិភាព ដែលរួមមានទាំងបដិទាន ដោយបានរៀបចំបង្កើតឡើងជាមួយជនជាតិដើមភាគតិច ចំពោះកម្មសិទ្ធិវប្បធម៌បញ្ញា សាសនា និងជំនឿរបស់ពួកគេ ដែលត្រូវបានដកហូតដោយគ្មានការយល់ព្រមដោយសេរី និងដោយមិនបានប្រាប់ឲ្យដឹងជាមុន ឬដែលរំលោភលើច្បាប់ ប្រពៃណី និងទំនៀមទម្លាប់របស់ពួកគេ។
ភិក្ខុសុវណ្ណជោតោ យ៉ាន តូន សម្ដែងក្ដីព្រួយបារម្ភខ្លាចបាត់បង់ប្រពៃណីខ្មែរនៅពេលអនាគត ដោយសារតែរដ្ឋាភិបាលវៀតណាម មិនបើកសិទ្ធិ ឬមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឲ្យបានទូលំទូលាយទេ ព្រោះថា នៅពេលចូលឆ្នាំប្រពៃណីចិនវៀតណាមវិញ អាជ្ញាធរអនុញ្ញាតឲ្យរយៈពេល ១៥ថ្ងៃ។
ពលរដ្ឋខ្មែរក្រោមមួយចំនួនទៀត រៀបការជាមួយជនជាតិវៀតណាម មានទាំងប្រុសទាំងស្រី នៅពេលពួកគាត់បានចូលធ្វើការជាមួយគ្នាក៏បានបង្កើតនូវចំណងអាពាហ៍ពិពាហ៍ ហើយអ្នកខ្លះក៏មិនចេះនិយាយភាសាដើមកំណើតរបស់ខ្លួនក៏មាន។ ពិសេស នៅពេលបុណ្យទានក្មេងៗ មិនសូវយល់ដឹងអំពីប្រពៃណីទំនៀមទម្លាប់របស់ខ្លួនឲ្យបានស៊ីជម្រៅនោះទេ ហើយមេគណខែត្រ និងអ្នកមានតួនាទីមួយចំនួនត្រូវបានវៀតណាមគាបសង្កត់ អ្នកខ្លះបានធ្វើការឲ្យអាជ្ញាធរវៀតណាមថែមទៀត។
វត្តអារាមនៅទឹកដីខ្មែរកម្ពុជាបច្ចុប្បន្នមានជាង ៥០០វត្ត ហើយគ្មានស្ថិតិណាមួយបង្ហាញថា ខ្មែរកម្ពុជាក្រោមនៅលើទឹកដីកំណើតរបស់ខ្លួននៅវៀតណាមភូមិភាគខាងត្បូងថា មានចំនួនប៉ុន្មានពិតប្រាកដឡើយ។ ប៉ុន្តែសៀវភៅប្រវត្តិសាស្រ្តខ្មែរក្រោមចំណងជើងថា អំណាចគ្មានខ្មែរក្រោមសរសរថា ពលរដ្ឋខ្មែរក្រោមមានជាង ១លាននាក់។ សៀវភៅដដែលនេះ បានស្រង់ស្ថិតិពីសៀវភៅដំណោះឆ្ពោះទៅទិសខាងលិច បញ្ជាក់ថា នៅសតវត្សទី២១ នេះ ខ្មែរក្រោមមានជាំង ៤លាននាក់។ រីឯខាងសហព័ន្ធខ្មែរក្រោមវិញ អះអាងថា ខ្មែរក្រោមទាំងអស់មានជាង ៨លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
