"ការ​គ្រង​រាជ​សម្បត្តិ ១៤ឆ្នាំ​របស់​ព្រះមហាក្សត្រ ទ្រង់​មិន​បាន​អនុវត្ត​ព្រះរាជ​តួនាទី​ពេញលេញ​ទៅ​តាម​រដ្ឋធម្មនុញ្ញ"

0:00 / 0:00

អ្នកវិភាគនយោបាយ និង​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ការ​គ្រងរាជ​សម្បត្តិ​រយៈ​ពេល ១៤ឆ្នាំ​របស់​ព្រះមហាក្សត្រ ទ្រង់​មិន​បាន​អនុវត្ត​ព្រះរាជ​តួនាទី​របស់​ព្រះអង្គ​បាន​ពេញលេញ​ដូច​រដ្ឋធម្មនុញ្ញ​បាន​ចែង​នោះ​ទេ។ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​អ្នកឃ្លាំ​មើល​សង្គម ក្នុង​ឱកាស​ខួប​លើក​ទី១៤ នៃ​ការ​យាង​គ្រង​រាជ​សម្បត្តិ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី។

អ្នកឃ្លាំ​មើល​សង្គម​លើក​ឡើង​ថា បើ​ប្រៀបធៀប​ការ​គ្រង​រាជ​សម្បត្តិ​របស់​ព្រះបរមនាថ នរោត្ដម សីហមុនី ទៅ​នឹង​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​ជា​ព្រះរាជបិតា​របស់​ព្រះអង្គ គឺ​ទ្រង់​មិន​បាន​បំពេញ​ព្រះរាជ​តួនាទី​ដូច​ព្រះបិតា​របស់​ព្រះ​អង្គ​ឡើយ។

អ្នក​សិក្សា​ការ​អភិវឌ្ឍ គឺ​បណ្ឌិត មាស នី សង្កេត​ឃើញ​ថា ក្នុងការគ្រងរាជសម្បត្តិរបស់​សម្តេច​នរោត្ដម សីហមុនី កន្លង​ទៅ ព្រះអង្គ​មិន​សូវ​បាន​ឆ្លើយ​តប​ចំពោះ​សំណើ​របស់​ពលរដ្ឋ​ដែល​ជា​បញ្ហា​សង្គម ឬ​ខ្វល់ខ្វាយ​ពី​បញ្ហា​អ្វី​មួយ​ឡើយ។ លោក​បណ្ឌិត​បន្ត​ទៀត​ថា ព្រះអង្គ​មិន​បាន​ជួប​សវន​ការ​ជាមួយ​រដ្ឋាភិបាល​ឲ្យ​បាន​ពេញលេញ ដូច​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​ចែង​នោះ​ទេ៖ «ទាក់ទង​ការ​ជួបជុំ និង​ក្នុង​នាម​ព្រះអង្គ​ជា​និមិត្ត​រូប​នៃ​ឯកភាព​ជាតិ​ក្តី នៅ​ពេល​អ្នក​នយោបាយ​ឈ្លោះ​គ្នា​ក្តី​គេ​មិន​បាន​ឃើញ​ព្រះអង្គ​ចេញ​មក​ផ្តល់​ព្រះរាជ​តម្រិះ​មាន​ប្រតិកម្ម និង​ឬ​សម្របសម្រួល​ឃើញ​ថា ព្រះអង្គ​នៅ​ស្ងប់ស្ងៀម»

បណ្ឌិត មាស នី មិន​ហ៊ាន​ថ្លែង​ឲ្យ​ស៊ី​ជម្រៅ​ពី​មូលហេតុ​ដែល​ព្រះមហាក្សត្រ​មិន​អាច​អនុវត្ត​ព្រះរាជ​តួនាទី​របស់​ទ្រង់​ឡើយ។ បណ្ឌិត​រូប​នេះ​បន្ត​ថា កង្វះ​ចន្លោះ​ទាំង​នេះ​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បន្ត​អូស​បន្លាយ ព្រោះ​គ្មាន​អាជ្ញា​កណ្តាល ដើម្បី​សម្របសម្រួល​ជម្លោះ​ទាំង​នោះ៖ «ឃើញ​ថា​នៅ​ក្នុង​ជម្លោះ​នយោបាយ​ខ្មែរ​ អ្នក​ខ្លាំង​អាច​ធ្វើ​បាប​អ្នក​ខ្សោយ​តាម​អំពើ​ចិត្ត​ដោយ​មិន​មាន​យន្តការ​ណា​មួយ​ចូល​មក​ជួយ​សម្របសម្រួល»

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា ព្រះមហាក្សត្រ​មិន​សូវ​មាន​ទំនាក់ទំនង​ជាមួយ​ប្រជារាស្រ្ត​របស់​ព្រះអង្គ​បាន​ច្រើន​ទេ បើ​ធៀប​ទៅ​នឹង​ព្រះរាជ​សកម្មភាព​ព្រះបិតា​របស់​ព្រះអង្គ។ មន្រ្តី​សង្គម​ស៊ីវិល​រូប​នេះ ចង់​ឃើញ​ព្រះមហាក្សត្រ​បង្ហាញ​ព្រះរាជ​វត្តមាន​របស់​ទ្រង់​ឲ្យ​បាន​ច្រើន​ជាង​នេះ​នៅ​ក្នុង​ការងារ​សង្គម ការងារ​មនុស្សធម៌ និង​ការ​រក​ដំណោះ​ស្រាយ​នយោបាយ៖ «យើង​ចង់​ឃើញ​សកម្មភាព​សង្គម​ធ្វើ​ម៉េច​ឲ្យ​ព្រះអង្គ​មាន​ការ​ជួបជុំ​ជាមួយ​ប្រជា​ពលរដ្ឋ ជាមួយ​ក្រុម​ដែល​ហៅ​ថា​ត្រូវ​ការ​ជួយ​លើក​ទឹក​ចិត្ត»

ទោះរដ្ឋធម្មនុញ្ញចែងថា ព្រះមហាក្សត្រ​ទ្រង់​គ្រង​រាជ​សម្បត្តិ និង​មិន​កាន់​អំណាច​ក្ដី រដ្ឋធម្មនុញ្ញ​ក៏ចែង​ថា ព្រះមហាក្សត្រ​មាន​ព្រះរាជ​តួនាទី​សំខាន់ៗ​ មួយ​ចំនួន ដូចជា​ ព្រះអង្គ​ជា​ឧត្ដម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ជា​ឧត្ដម​ក្រុម​ប្រឹក្សា​ការពារ​ជាតិ ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​ នៅ​ពេល​ប្រទេស​មាន​បញ្ហា​ផ្នែក​នយោបាយព្រះអង្គ​មាន​តួនាទី​ដ៏​ខ្ពង់ខ្ពស់​ជា​អាជ្ញា​កណ្ដាល និង​រក្សា​សន្តិសុខ​សាធារណៈ ពី​ព្រោះ​ទ្រង់​ជា​និមិត្តរូប​នៃ​ឯកភាព​ជាតិ និរន្តរភាព​ជាតិ ហើយ​ទ្រង់​ជា​អ្នក​ធានា​ការ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ ​ការ​គោរព​សន្ធិសញ្ញា​អន្តរជាតិ​ជាដើម។

ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ ដែល​ក្នុង​នោះ​មាន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ គ្រង​រាជ​សម្បត្តិ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០០៤ បន្ទាប់​ពី​ព្រះបិតា​របស់​ព្រះអង្គ​ដាក់​រាជ្យ។

ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី មិន​ដែល​មាន​ព្រះទ័យ​ចង់​សោយរាជ​ជា​ស្តេច​នោះ​ឡើយ។ បើ​តាម​កាសែត Khmer Time ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧​ ខែតុលា ឆ្នាំ២០១៧ នៅ​មុន​សោយរាជ្យ​ ​ព្រះអង្គម្ចាស់ នរោត្ដម សីហមុនី កាល​ពី​ឆ្នាំ១៩៩៥ បាន​មាន​បន្ទូល​ប្រាប់​អ្នក​កាសែត ឈ្មោះ ដេននីស ហ៊ីវូដ (Denise Heywood) ថា​ ព្រះអង្គ​មិន​ចង់​ធ្វើ​ជា​ព្រះមហាក្សត្រ​ទេ គឺ​ព្រះអង្គ​ចង់​ធ្វើ​កិច្ចការ​លើក​ស្ទួយ​វិស័យ​វប្បធម៌ នាដសាស្ត្រ ឬ​វិជ្ជា​របាំ និង​ខ្សែ​ភាពយន្ត​វិញ។

ទោះជាយ៉ាងណា ការគ្រង​រាជសម្បត្តិ​រយៈ​ពេល ១៤ឆ្នាំ​មក​នេះ ជាពិសេស​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ខណៈ​កម្ពុជា​មាន​វិបត្តិ​នយោបាយ គេ​ឃើញ​ព្រះអង្គ​បាន​ចេញ​ព្រះរាជសារ​ស្នើ​ទៅ​កាន់​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្រ្គោះ​ជាតិ​ ឲ្យ​ដោះ​ស្រាយ​នយោបាយ​​​ដោយ​សន្តិវិធី និង​ត្រូវ​មាន​​ដំណោះ​ស្រាយ​នយោបាយ​​ដោយ​គោរព​​តាម​​រដ្ឋ​ធម្មនុញ្ញតាម​រយៈ​​ការ​ប្រើ​ប្រាស់​​ច្បាប់​​ និង​​ស្ថាប័ន​ជាតិ​ដែល​មាន​ស្រាប់។ ប៉ុន្តែ​ព្រះរាជសារ​របស់​ព្រះអង្គ​មិន​បាន​ធ្វើ​ឲ្យ​វិបត្តិ​នយោ​បាយ​នោះ​អាច​បញ្ចប់​បាន​នៅ​ឡើយ​ទេ រហូត​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។