នាក្នុងឱកាសនេះ មន្រ្តីរដ្ឋាភិបាលស្ទើរតែគ្រប់ជាន់ថ្នាក់និងប្រជាពលរដ្ឋ បានថ្វាយព្រះពរដល់ព្រះអង្គឲ្យមានព្រះកាយពលរឹងមាំ ព្រះរាជសុខភាពល្អបរិបូរណ៍ និងមានព្រះជន្មាយុយឺនយូរ ដើម្បីទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ បន្តពីព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។
ស្របពេលគ្នានេះដែរ ប្រជាពលរដ្ឋក៏សូមឲ្យព្រះអង្គមានព្រះរាជតម្រិះជួយដោះស្រាយបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងបញ្ចប់វិបត្តិនយោបាយដែលកំពុងកើតមាននៅក្រោយការបោះឆ្នោតនាអាណត្តិទី៥នេះ។ ប្រជាពលរដ្ឋនៅតាមខេត្តក្រុងមួយចំនួនបានសម្តែងសុទិដ្ឋិនិយមចំពោះអង្គព្រះមហាក្សត្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ដែលព្រះអង្គមានព្រះទ័យស្រឡាញ់ប្រជាពលរដ្ឋ ប្រជារាស្រ្តមិនចាញ់ព្រះបិតារបស់ព្រះអង្គ គឺសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋឡើយ។
ចំណែកស្នាព្រះហស្ដរបស់ព្រះអង្គវិញ ទាំងរឿងនយោបាយ និងការកសាងសមិទ្ធផលនានា ពួកគាត់មិនសូវបានយល់ដឹងច្រើននោះទេ ក្រោយពីព្រះអង្គបានឡើងគ្រងរាជសម្បត្តិអស់រយៈពេល ៩ឆ្នាំកន្លងមកនេះ។ ប្រជាពលរដ្ឋខ្លះថា បញ្ហានេះមកពីព្រះអង្គទើបឡើងសោយរាជ្យ ឬក៏អាចមានច្រើនដែរ តែដោយសារមិនសូវមានការផ្សព្វផ្សាយតាមវិទ្យុ និងទូរទស្សន៍នោះ ធ្វើឲ្យប្រជាពលរដ្ឋមិនបានដឹងឭពីស្នាព្រះហស្ដរបស់ព្រះអង្គ។
បុរសរត់ម៉ូតូឌុបម្នាក់ នៅទីក្រុងភ្នំពេញ បានឲ្យដឹងថា ថ្មីៗនេះដោយសារមានបញ្ហាទឹកជំនន់ លោកបានឃើញព្រះរាជសកម្មភាពរបស់ព្រះអង្គខ្លះៗ តាមកញ្ចក់ទូរទស្សន៍ ពេលព្រះអង្គយាងចែកព្រះរាជអំណោយដល់ប្រជារាស្រ្ត ដែលរងគ្រោះនៅតាមខេត្តមួយចំនួនដែលមានទឹកលិចខ្លាំង។

ទាក់ទងស្នាព្រះហស្ដរបស់ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហមុនី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតលេខាផ្ទាល់របស់សម្តេចព្រះ នរោត្តម សីហនុ មានបន្ទូលថា ស្នាព្រះហស្ដរបស់ព្រះមហាក្សត្រថ្មីកសាងបានជាបន្តបន្ទាប់ទាំងនៅខេត្ត និងទីក្រុង ដូចជាព្រះអង្គបានកសាងនិគមសីហមុនីមួយ នៅជាយក្រុងភ្នំពេញ សម្រាប់ជនក្រីក្រ ហើយគម្រោងធំចុងក្រោយរបស់ព្រះអង្គក្នុងរយៈពេល ៩ឆ្នាំនេះ គឺជួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថាពេទ្យរុស្សី ដោយសាងសង់អាគារព្យាបាលជំងឺដល់ជនក្រីក្រ ជាពិសេស ជនចាស់ជរាដោយមិនយកប្រាក់។ អាគារនេះព្រះអង្គបានប្រទានព្រះរាជទ្រព្យប្រមាណមួយលានដុល្លារ។
ក្នុងឱកាសខួប ៩ឆ្នាំនៃការយាងឡើងគ្រងរាជសម្បត្តិ គឺចំពេលប្រទេសកំពុងមានបញ្ហាជាប់គាំងខាងនយោបាយក្រោយបោះឆ្នោត ប្រជារាស្រ្តចង់ឲ្យព្រះមហាក្សត្របង្ហាញស្នាព្រះហស្ដចូលរួមដោះស្រាយបញ្ហានយោបាយដូចអតីតព្រះមហាក្សត្រដែរ គឺធ្វើយ៉ាងណាឲ្យមេដឹកនាំបក្សនយោបាយដែលប្រជារាស្រ្តបោះឆ្នោតឲ្យហើយទទួលបានអាសនៈក្នុងរដ្ឋសភានោះ ទទួលបានយុត្តិធម៌ស្នើគ្នា និងមានឱកាសកសាងជាតិដូចគ្នា។
ប្រជាពលរដ្ឋម្នាក់ មានមុខរបរត់ម៉ូតូកង់បីនៅរាជធានីភ្នំពេញ។ លោក ធន់ រី លោកចង់ឃើញព្រះមហាក្សត្រប្រើព្រះរាជតម្រិះរបស់ព្រះអង្គ អាកាត់រឿងនយោបាយធំៗខ្លះ ដោយទសពិធរាជធម៌ ជួយឲ្យប្រជារាស្រ្តរបស់ព្រះអង្គរស់នៅចាកផុតពីភាពក្រីក្រ មានយុត្តិធម៌ក្នុងសង្គម មានសេរីភាពរស់នៅដោយថ្លៃថ្នូរ។ ទាំងនេះជាអ្វីដែលប្រជារាស្រ្តចង់បានជាស្នាព្រះហស្ដពីព្រះអង្គ។ ចំណែកប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងវិញ ក៏មានសំណូមពរទៅព្រះមហាក្សត្រស្រដៀងគ្នានេះដែរ គឺជួយឲ្យបញ្ចប់ជម្លោះនយោបាយក្រោយការបោះឆ្នោតឲ្យបានឆាប់។
ព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី បានយាងគង់លើព្រះរាជបល្ល័ង្កសោយរាជ្យបន្តពីព្រះបិតា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីសម្ដេចឪ ព្រះបាទ នរោត្ដម សីហនុ បានសម្រេចដាក់រាជ្យ ដោយហេតុផលថា ព្រះអង្គចាស់ជរា ដែលត្រូវចូលនិវត្តន៍ ហើយបើមានការបោះឆ្នោតរបស់ក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសព្រះមហាក្សត្រថ្មី។ កាលណោះ គ្មានច្បាប់ណាមួយបានចែកអំពីករណីដែលព្រះមហាក្សត្រដាក់រាជ្យនោះឡើយ ហើយពេលនោះ រដ្ឋសភាក៏ប្រញាប់ប្រញាល់រៀបចំតាក់តែងច្បាប់ដើម្បីអនុញ្ញាតឲ្យក្រុមប្រឹក្សារាជសម្បត្តិ កោះប្រជុំបោះឆ្នោតជ្រើសរើសព្រះមហាក្សត្រថ្មី។ ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលថា តាំងពីមុនឡើងគ្រងរាជ្យទៅទៀត ព្រះមហាក្សត្រមិនសព្វព្រះរាជហទ័យនឹងរឿងនយោបាយទេ ព្រះអង្គចង់គង់ឲ្យឆ្ងាយពីរឿងនយោបាយ ដោយគោរពទៅតាមរដ្ឋធម្មនុញ្ញ។

កាលពីមុនៗកន្លងមក ព្រះរាជាខ្មែរធ្លាប់មានរាជសិទ្ធិអំណាចធំធេង ក៏ប៉ុន្តែយោងតាមច្បាប់ ព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន គង់នៅជានិមិត្តរូបប៉ុណ្ណោះ គឺគ្មានអំណាចឡើយ។ យោងតាមរដ្ឋធម្មនុញ្ញកម្ពុជា ជំពូក២ ស្ដីពីព្រះមហាក្សត្រ ត្រង់មាត្រា ៧ មានចែងថា ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រទ្រង់គង់ជាព្រះប្រមុខរដ្ឋមួយជីវិត។ រីឯនៅមាត្រា ៨ មានចែងថា ព្រះមហាក្សត្រទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។
ប្រធានអង្គការ «ស៊ីអិនរូ» លោក បណ្ឌិត ហ៊ាង ឬទ្ធី មានប្រសាសន៍ពន្យល់ទៅលើមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដែលទាក់ទងនឹងព្រះមហាក្សត្រថា នៅមានចំនុចខ្លះ ដែលព្រះមហាក្សត្រនៅតែមានអំណាចព្រះរាជបុព្វសិទ្ធិ ហើយព្រះអាចដោះស្រាយបាន នៅពេលភាគីនយោបាយមានជម្លោះបើសិនព្រះអង្គសព្វព្រះរាជហឬទ័យ។
កាលក្នុងឱកាសរាជាភិសេកនាឆ្នាំ២០០៤នោះ ព្រះមហាក្សត្រព្រះបាទ ព្រះបរមនាថ នរោត្ដម សីហមុនី បានមានបន្ទូលតាំងសច្ចាថា ៖ «នឹងប្រព្រឹត្តតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយ នៃព្រះរាជាណាចក្រ ហើយនិងតាំងព្រះទ័យធ្វើផលប្រយោជន៍ដល់រដ្ឋ និងប្រជារាស្រ្ដ »។ កាលនោះដែរ ព្រះអង្គមានបន្ទូលទៀតថា ព្រះអង្គស្មោះត្រង់និងបម្រើប្រជារាស្រ្ត ហើយថា ព្រះអង្គនឹងមិនគង់នៅឆ្ងាយពីប្រជានុរាស្រ្ដជាទីស្នេហារបស់ព្រះអង្គឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។