សកម្មជន​តំបន់​អារ៉ែង​ម្នាក់​គេច​ខ្លួន​ចេញ​ពី​ភូមិ​ ក្រោយពី​អាជ្ញាធរ​ឃុំ​ជំនាប់​​គំរាម​ដល់​អាយុជីវិត​

0:00 / 0:00

សកម្ម​ជន​បរិស្ថាន​តំបន់​អារ៉ែង​ម្នាក់ បាន​គេច​ខ្លួន​ចេញ​ពី​ភូមិ​ ក្រោយ​ពេល​លោក​រង​ការ​គំរាម​កំហែង​ដល់​អាយុជីវិត​ពី​សំណាក់​អាជ្ញាធរ​ឃុំ​ជំនាប់។ សកម្ម​ជន​រូប​នោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមត្ថកិច្ច​​រួច​ហើយ​ ដើម្បី​ស្នើសុំ​អន្តរាគមន៍​រឿ​ងនេះ ក៏​ប៉ុន្តែ​មិន​ឃើញ​មាន​ដំណោះ​ស្រាយ​អ្វី​ឡើយ។ មន្ត្រី​សិទ្ធិ​មនុស្ស​អំពាវនាវ​ដល់​​មន្ត្រី​នគរបាល​យុត្តិធម៌​ឱ្យ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​សកម្មជន​រូប​នោះ ដើម្បី​កុំ​ឱ្យ​គាត់​ត្រូវ​រស់​នៅ​គេច​ខ្លួន​បែប​នេះ។

សកម្មជន​បរិស្ថាន​តំបន់​អារ៉ែង លោក វ៉ែន អែត អះអាង​ប្រាប់​អាស៊ី​សេរី​ថា ជំទប់​ទី១ ឃុំ​ជំនាប់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ ទិល ចាន់ បាន​ប្រាប់​លោក​ឱ្យ​លក់​ឥវ៉ាន់​ឡៃឡុង​ឱ្យ​អស់​ពី​ផ្ទះ ដើម្បី​ទៅ​រស់​នៅ​ស្រុក​ខាង​ប្រពន្ធ បើ​មិន​ដូច្នេះ​ទេ លោក​នឹង​ត្រូវ​លា​ចាក​លោក​នេះ​ហើយ ហើយ​បើ​ទោះ​ជា​លោក​ចាក​ចេញ​ពី​ស្រុក​ក៏​ដោយ ក៏​រូប​លោក​នឹង​ត្រូវ​ជាប់​អន្ទាក់​គេ​ដែរ។ លោក​ភ្ញាក់​ផ្អើល និង​ព្រួយ​បារម្ភ​ខ្លាំង​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពេល​ឮ​អាជ្ញាធរ​មូលដ្ឋាន​គំរាម​កំហែង​លោក​បែប​នេះ៖ «ឈ្មោះ​ ទិល​ ចាន់ គាត់​បាន​និយាយ​គំរាម​ខ្ញុំ​ថា ឈ្មោះ អែត ឯង​ហ្នឹង មិន​យូរ​ទេ​នឹង​លា​ចាក​លោក​នេះ​ហើយ។ ខ្ញុំ​ក៏​សួរ​ថា ម៉េច​ក៏​អញ្ចឹង? គាត់​ក៏​ឆ្លើយ​ថា កាល​ពី​មុន​គេ​គ្រាន់​តែ​សង្ស័យ​ថា អែត ឯង​ហ្នឹង ប៉ុន្តែ​ឥឡូវ​នេះ​គេ​ដឹង​អំពី​គំនិត​របស់​អន្ទិត អែត ឯង​អស់​ហើយ ទោះបី​ជា​រត់​ទៅ​ដល់​ទីណា​ក៏​ដោយ ក៏​គេច​មិន​ផុត​ដែរ ព្រោះ​គេ​បាន​រៀប​អន្ទាក់​រួច​ហើយ ទោះជា​រត់​ទៅដល់​ស្រុក​ខាង​ប្រពន្ធ​ក៏​ដោយ។ ខ្ញុំ​ភិត​ភ័យ​ខ្លាំង​ណាស់ ដោយសារ​ការ​ប្រមាថ​ដល់​អាយុ​ជីវិត​នេះ»

លោក​ វ៉ែន អែត គឺ​ជា​អតីត​បេក្ខជន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ជំនាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​អះ​អាង​ថា លោក​បាន​ធ្វើ​​សកម្មភាព​នយោបាយ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ រហូត​ដល់​ពេល​ដែល​គណបក្ស​នេះ​ ត្រូវ​បាន​រំលាយ​តាម​បញ្ជា​របស់​លោក​ ហ៊ុន សែន កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៧ កន្លង​ទៅ។ លោក​​បាន​បញ្ឈប់​សកម្មភាព​នយោបាយ​នៅ​ត្រឹម​ពេល​នោះ​ ហើយ​ក៏​បាន​ងាក​មក​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​រឿង​ការពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​តំបន់​អារ៉ែង​ដូច​ធម្មតា​វិញ ហើយ​កាល​ពី​ដើម​ខែ​មេសា​នេះ លោក​ និង​អ្នក​ភូមិ​មួយ​ចំនួន​ទៀត បាន​​ឡើង​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ដើម្បី​ស្នើសុំ​ឱ្យ​ស្ថាប័ន​ជំនាញ​មួយ​នេះ ​ជួយ​អន្ត​រាគមន៍​​ពន្លឿន​ការ​​ធ្វើ​ស្វ័យ​អត្តសញ្ញាណ​ជន​ជាតិ​ដើម​ភាគ​តិច​ជង​តំបន់​អារ៉ែង ក៏​ប៉ុន្តែ​លោក​បែរ​ជា​ត្រូវ​បាន​លោក​ ទិល​ ចាន់ និង​សកម្មជន​​​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​ទៀត ឈ្មោះ ម៉ឺន ម៉េន ចោទ​ប្រកាន់​​ថា ​ឡើង​មក​ធ្វើ​សកម្មភាព​នយោបាយឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ៖ «ឈ្មោះ ម៉ឺន ម៉េន បាន​និយាយ​ចោទ​ខ្ញុំ​ថា ឡើង​ទៅ​ភ្នំពេញ​អត់​មាន​រឿង​អ្វី​ទេ​ មាន​តែ​ទៅ​ប្រមូល​ផ្តុំ​រឿង​គណបក្ស​សង្គ្រោះជាតិ​ប៉ុណ្ណោះ។ គាត់​បាន​ចោទ​ប្រកាន់​ខ្ញុំ​បែប​នេះ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ធ្វើការ​រឿង​គណបក្ស​​ទេ​ ខ្ញុំ​ធ្វើ​ការ​ដើម្បី​តែ​ជន​ជាតិ​ដើម​ភាគ​តិច​ជង​តែប៉ុណ្ណោះ»

លោក​យល់​ឃើញ​ថា ការ​គំរាម​កំហែង​​​នេះ​ អាច​បណ្តាល​មក​ពី​បុគ្គល​ទាំង​នោះ​មិន​ពេញ​ចិត្ត​លោក ​ដែល​ធ្លាប់​ជា​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ម្យ៉ាង​អាច​ដោយសារ​លោក​ចូល​រួម​សកម្ម​ក្នុង​កិច្ច​ការពារ​បរិស្ថាន​ និង​ព្រៃ​ឈើ​នៅ​តំបន់​អារ៉ែង ដែល​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​បុគ្គល និង​អាជ្ញាធរ​មួយ​ចំនួន ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ។

លោក វ៉ែន អែត អះអាង​ថា លោក​បាន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​សមត្ថកិច្ច​ឃុំ​ជំនាប់​រួច​ហើយ កាល​ពី​ថ្ងៃ​ទី២០ មេសា ហើយ​ខាង​មន្ត្រី​នគរបាល​បាន​សន្យា​ថា នឹង​ជួយ​ដោះ​ស្រាយ​ករណី​នេះ ក៏​ប៉ុន្តែ​ដោយ​មិន​ឃើញ​មាន​អន្តរាគមន៍​ជាក់​លាក់​ណា​មួយ​ពី​សមត្ថកិច្ច លោក​ក៏បាន​សម្រេច​ចិត្ត​​ចាក​ចេញ​ពី​ផ្ទះ​ជា​មួយ​ប្រពន្ធ និង​កូន​របស់​​លោក នៅ​ថ្ងៃ​ទ ២១ ខែមេសា។ លោក​ថ្លែង​ថា លោក​មិន​ហ៊ាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ ដរាប​ណា​មិន​ទាន់​មាន​ការ​ដោះស្រាយ​រឿង​នេះ៖ «ខ្ញុំ​សំណូម​ពរ​ដល់​សមត្ថកិច្ច​ប៉ូលីសឃុំ​ជំនាប់ធ្វើការ​ឱ្យ​បាន​ពេញ​លេញ សូ​ម​ឱ្យ​គាត់​ជួយ​រក​យុត្តធម៌​ឱ្យ​ខ្ញុំ​បាន​ច្បាស់លាស់​ផង ព្រោះ​ខ្ញុំមិន​ចង់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច​បែប​នេះ​ទេ។ ខ្ញុំ​ជា​ប្រជាជន​ ដូច្នេះ​ខ្ញុំ​ពឹង​ផ្អែក​រឿង​សន្តិសុខ​នេះ​ទៅលើ​ប៉ូលីស​ ហើយ​បើ​ប៉ូលីស​ធ្វើ​មិន​បាន​ទេ​នោះ ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ទៅ​ពឹងពាក់​អ្នក​ណា​នោះ​ទេ»

អាស៊ី​សេរី​មិន​អាច​​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ​ពី​​ជំទប់​ទី១ ឃុំ​ជំនាប់ លោក ទិល​ ចាន់ បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ទី២៦ មេសា ចំណែក​​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ជំនាប់​ក៏​មិន​ទាន់​អាច​ទាក់​ទង​បាន​ដូច​គ្នា។

ចំណែក មេឃុំ​ជំនាប់​លោក មាស ជ្រាយ ថ្លែង​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​លោក​ក៏​មិន​មាន​ពាក់ព័ន្ធ​អ្វី​ក្នុង​បញ្ហា​នេះ​ដែរ។ លោក​អះអាង​ថា នឹង​សួរ​នាំ​លោក ទិល ចាន់ អំពី​រឿង​គំរាម​កំហែង​នេះ៖ «ព័ត៌មាន​នេះ​ខ្ញុំ​អត់​ទាន់​បាន​ដឹង អ៊ីចឹង​បាន​ខ្ញុំ​អត់​ទាន់​បាន​ប៉ះពាល់។ ទាល់​តែ​យើង​ស្រាវជ្រាវ ទើប​បាន​ដឹង​រឿង​នេះ»

ប្រធាន​សហគមន៍​ព្រៃ​ឈើ​ជំនាប់​លោក វ៉ែន វ៉ន អះអាង​ថា លោក​ពិត​ជា​បាន​ឮ​លោក ទិល ចាន់ និយាយ​គំរាម​លោក វ៉ែន អែត ពិត​មែន គឺ​នៅ​អំឡុង​ពេល​ដែល​ពួក​លោក​កំពុង​ទទួល​ទាន​អាហារ​ជុំ​គ្នា កាល​ពី​​ថ្ងៃ​ទី១៧ មេសា។ លោក​ចាត់​ទុក​ការ​គំរាម​កំហែង​លើ​លោក​ វ៉ែន អែត ដែល​ជា​សមាជិក​គណៈកម្មការ​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ជង​តំបន់​អារ៉ែង​នេះ​ថា ជា​ការ​វាយ​បំបាក់​ស្មារតី​សកម្មជន​បរិស្ថាន និង​ជា​គំរាម​កំហែង​ដល់​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត​នៅ​ក្នុង​សហគមន៍​របស់​លោក។ លោក​បន្ត​ថា បញ្ហា​នេះ​នឹង​នាំ​ទៅ​រក​ការ​បែក​បាក់​សាមគ្គី​ក្នុង​ចំណោម​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ជង​តំបន់​អារ៉ែង ដ្បិត​ទាំង​លោក ទិល ចាន់ និង​លោក វ៉ែន អែត សុទ្ធ​​សឹង​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ជង និង​ធ្លាប់​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​តាំង​ពី​ដើម​រៀង​មក៖ «វា​អាច​ប៉ះពាល់​ទៅ​ដល់​សតិ​អារម្មណ៍​របស់​ពលរដ្ឋ​មួយ​ចំនួន​ដែលគាត់​ជា​សកម្មជន​បរិស្ថាន និង​សកម្មជន​របស់​បក្ស​ប្រឆាំង​កាល​ពីមុន​មក​ ដូច្នេះ​វា​ធ្វើ​ឱ្យ​មាន​ការ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន មាន​ការ​ភិត​ភ័យ​ពី​សន្តិសុខ​សុវត្ថិភាពរបស់​ក្រុម​គ្រួសារ​ជាដើម។ អាជ្ញាធរ​ដែន​ដីដាក់​សម្ពាធ​លើ​គាត់​ ចេះ​តែ​ថា​គាត់​ខុស​ច្បាប់​ ចេះ​តែ​បំភ័យ​គាត់រឿង​ផ្សេងៗ​អញ្ចឹង​ទៅ ធ្វើ​ឱ្យ​អ្នក​ខ្លះ​បាក់​ទឹក​ចិត្ត​មិន​ហ៊ាន​ចូល​រួម។ និយាយ​រួម​ទៅ គឺ​ប្រឈម​នឹង​ការ​បែក​បាក់​សាមគ្គី​ខ្លាំង​មែន​ទែន​តែ​ម្តង»

មន្ត្រីប្រឹក្សា​ច្បាប់​គម្រោង​ពន្ធនាគារ​នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ (LICADHO) លោក ហ៊ួរ អ៊ីន ថ្លែង​ថា លោក​បាន​ទទួល​​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ពី​លោក​ វ៉ែន អែត ទាក់ទង​នឹង​ការ​គំរាម​កំហែង​នេះ​ហើយ ហើយ​លោក​គ្រោង​នឹង​ចុះ​ស៊ើប​អង្កេត​ករណី​នេះ នៅ​ពេល​ឆាប់ៗ ខាង​មុខ។ លោក​យល់​ឃើញ​ថា នេះ​ជា​ករណី​ធ្ងន់ធ្ងរ ដែល​មន្ត្រី​រាជការ​សាធារណៈ​ទៅ​គំរាម​កំហែង​ពលរដ្ឋ ហើយ​លោក​ជំរុញ​ឱ្យ​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​លើ​ពាក្យ​បណ្តឹង​របស់​លោក វ៉ែន អែត៖ «សម្តេច​នាយក​រដ្ឋមន្ត្រី​ប្រកាស​ផ្តល់​រង្វាន់​ ២ ម៉ឺន​ដុល្លារ ដល់​សហគមន៍​ដែល​ចូល​រួម​ការ​ពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ ប៉ុន្តែ​ចំពោះ​ករណី​លោក​ វ៉ែន អែត នេះបែរ​ជា​ត្រូវ​បាន​ជំទប់​ទី ១ ឃុំ​ជំនាប់ គំរាម​កំហែង​គាត់​រហូត​ដល់​អាយុជីវិត​ ធ្វើ​ឱ្យ​គាត់មាន​ការ​ភ័យខ្លាច រត់​គេចខ្លួន​ដើម្បី​រក​កន្លែង​មាន​សុវត្ថិភាពសម្រាប់​គាត់ អញ្ចឹង​អាជ្ញាធរ​ប៉ូលីស​ប៉ុស្តិ៍​នគរបាល​គួរតែ​​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណាមួយលើ​ពាក្យ​បណ្តឹង​របស់​គាត់ ដែល​បាន​ស្នើ​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​លើ​រឿង​នេះ»

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ជន​ជាតិ​ដើម​ភាគ​តិច​ជង​តំបន់​អារ៉ែង បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​សហគមន៍​របស់​ពួក​គាត់។ បញ្ហា​ទាំង​នោះ​រួម​មាន ​ការ​តស៊ូមតិ​ប្រឆាំង​នឹង​គម្រោង​ទំនប់​វារី​អគ្គិសនី​របស់​ក្រុមហ៊ុន​ចិន ការ​តស៊ូ​មតិ​ដើម្បី​ឱ្យ​មាន​ការ​ទទួល​ស្គាល់​សហគមន៍​របស់​ពួក​គាត់​ជា​ផ្លូវការ និង​ការ​តស៊ូ​មតិ​ដើម្បី​កុំ​ឱ្យ​រុះ​រើ​ទីស្នាក់ការ​សហគមន៍​ជា​ដើម។ សកម្មភាព​ទាំង​អស់​នេះ បាន​ធ្វើ​ឱ្យ​ពួក​គាត់​ខ្លះ​រង​ការ​គំរាម​កំហែង ការ​ធ្វើ​ទុក​បុក​ម្នេញ ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ និង​ការ​ជាប់​បណ្តឹង​នៅ​តុលាការ​ជា​ដើម។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្តី ក៏​ពួក​គាត់​នៅ​តែ​ប្តេជ្ញាចិត្ត​បន្ត​សកម្មភាព​របស់​ខ្លួន​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។