សកម្មជនបរិស្ថានតំបន់អារ៉ែងម្នាក់ បានគេចខ្លួនចេញពីភូមិ ក្រោយពេលលោករងការគំរាមកំហែងដល់អាយុជីវិតពីសំណាក់អាជ្ញាធរឃុំជំនាប់។ សកម្មជនរូបនោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចរួចហើយ ដើម្បីស្នើសុំអន្តរាគមន៍រឿងនេះ ក៏ប៉ុន្តែមិនឃើញមានដំណោះស្រាយអ្វីឡើយ។ មន្ត្រីសិទ្ធិមនុស្សអំពាវនាវដល់មន្ត្រីនគរបាលយុត្តិធម៌ឱ្យចាត់វិធានការតាមផ្លូវច្បាប់ទៅលើពាក្យបណ្តឹងរបស់សកម្មជនរូបនោះ ដើម្បីកុំឱ្យគាត់ត្រូវរស់នៅគេចខ្លួនបែបនេះ។
សកម្មជនបរិស្ថានតំបន់អារ៉ែង លោក វ៉ែន អែត អះអាងប្រាប់អាស៊ីសេរីថា ជំទប់ទី១ ឃុំជំនាប់មកពីគណបក្សប្រជាជនកម្ពុជា ឈ្មោះ ទិល ចាន់ បានប្រាប់លោកឱ្យលក់ឥវ៉ាន់ឡៃឡុងឱ្យអស់ពីផ្ទះ ដើម្បីទៅរស់នៅស្រុកខាងប្រពន្ធ បើមិនដូច្នេះទេ លោកនឹងត្រូវលាចាកលោកនេះហើយ ហើយបើទោះជាលោកចាកចេញពីស្រុកក៏ដោយ ក៏រូបលោកនឹងត្រូវជាប់អន្ទាក់គេដែរ។ លោកភ្ញាក់ផ្អើល និងព្រួយបារម្ភខ្លាំងអំពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពេលឮអាជ្ញាធរមូលដ្ឋានគំរាមកំហែងលោកបែបនេះ៖ «ឈ្មោះ ទិល ចាន់ គាត់បាននិយាយគំរាមខ្ញុំថា ឈ្មោះ អែត ឯងហ្នឹង មិនយូរទេនឹងលាចាកលោកនេះហើយ។ ខ្ញុំក៏សួរថា ម៉េចក៏អញ្ចឹង? គាត់ក៏ឆ្លើយថា កាលពីមុនគេគ្រាន់តែសង្ស័យថា អែត ឯងហ្នឹង ប៉ុន្តែឥឡូវនេះគេដឹងអំពីគំនិតរបស់អន្ទិត អែត ឯងអស់ហើយ ទោះបីជារត់ទៅដល់ទីណាក៏ដោយ ក៏គេចមិនផុតដែរ ព្រោះគេបានរៀបអន្ទាក់រួចហើយ ទោះជារត់ទៅដល់ស្រុកខាងប្រពន្ធក៏ដោយ។ ខ្ញុំភិតភ័យខ្លាំងណាស់ ដោយសារការប្រមាថដល់អាយុជីវិតនេះ»។
លោក វ៉ែន អែត គឺជាអតីតបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំជំនាប់របស់គណបក្សសង្គ្រោះជាតិ។ លោកអះអាងថា លោកបានធ្វើសកម្មភាពនយោបាយឱ្យគណបក្សសង្គ្រោះជាតិ រហូតដល់ពេលដែលគណបក្សនេះ ត្រូវបានរំលាយតាមបញ្ជារបស់លោក ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំ២០១៧ កន្លងទៅ។ លោកបានបញ្ឈប់សកម្មភាពនយោបាយនៅត្រឹមពេលនោះ ហើយក៏បានងាកមកចូលរួមយ៉ាងសកម្មក្នុងរឿងការពារធនធានធម្មជាតិ និងបរិស្ថានតំបន់អារ៉ែងដូចធម្មតាវិញ ហើយកាលពីដើមខែមេសានេះ លោក និងអ្នកភូមិមួយចំនួនទៀត បានឡើងទៅដាក់ញត្តិនៅក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីស្នើសុំឱ្យស្ថាប័នជំនាញមួយនេះ ជួយអន្តរាគមន៍ពន្លឿនការធ្វើស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចជងតំបន់អារ៉ែង ក៏ប៉ុន្តែលោកបែរជាត្រូវបានលោក ទិល ចាន់ និងសកម្មជនគណបក្សប្រជាជនកម្ពុជាម្នាក់ទៀត ឈ្មោះ ម៉ឺន ម៉េន ចោទប្រកាន់ថា ឡើងមកធ្វើសកម្មភាពនយោបាយឱ្យគណបក្សសង្គ្រោះជាតិទៅវិញ៖ «ឈ្មោះ ម៉ឺន ម៉េន បាននិយាយចោទខ្ញុំថា ឡើងទៅភ្នំពេញអត់មានរឿងអ្វីទេ មានតែទៅប្រមូលផ្តុំរឿងគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។ គាត់បានចោទប្រកាន់ខ្ញុំបែបនេះ ប៉ុន្តែខ្ញុំមិនបានធ្វើការរឿងគណបក្សទេ ខ្ញុំធ្វើការដើម្បីតែជនជាតិដើមភាគតិចជងតែប៉ុណ្ណោះ»។
លោកយល់ឃើញថា ការគំរាមកំហែងនេះ អាចបណ្តាលមកពីបុគ្គលទាំងនោះមិនពេញចិត្តលោក ដែលធ្លាប់ជាអតីតសកម្មជនគណបក្សសង្គ្រោះជាតិ និងម្យ៉ាងអាចដោយសារលោកចូលរួមសកម្មក្នុងកិច្ចការពារបរិស្ថាន និងព្រៃឈើនៅតំបន់អារ៉ែង ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បុគ្គល និងអាជ្ញាធរមួយចំនួន ដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅតំបន់នោះ។
លោក វ៉ែន អែត អះអាងថា លោកបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឃុំជំនាប់រួចហើយ កាលពីថ្ងៃទី២០ មេសា ហើយខាងមន្ត្រីនគរបាលបានសន្យាថា នឹងជួយដោះស្រាយករណីនេះ ក៏ប៉ុន្តែដោយមិនឃើញមានអន្តរាគមន៍ជាក់លាក់ណាមួយពីសមត្ថកិច្ច លោកក៏បានសម្រេចចិត្តចាកចេញពីផ្ទះជាមួយប្រពន្ធ និងកូនរបស់លោក នៅថ្ងៃទ ២១ ខែមេសា។ លោកថ្លែងថា លោកមិនហ៊ានវិលត្រឡប់ទៅផ្ទះវិញនោះទេ ដរាបណាមិនទាន់មានការដោះស្រាយរឿងនេះ៖ «ខ្ញុំសំណូមពរដល់សមត្ថកិច្ចប៉ូលីសឃុំជំនាប់ធ្វើការឱ្យបានពេញលេញ សូមឱ្យគាត់ជួយរកយុត្តធម៌ឱ្យខ្ញុំបានច្បាស់លាស់ផង ព្រោះខ្ញុំមិនចង់នៅក្នុងភាពភ័យខ្លាចបែបនេះទេ។ ខ្ញុំជាប្រជាជន ដូច្នេះខ្ញុំពឹងផ្អែករឿងសន្តិសុខនេះទៅលើប៉ូលីស ហើយបើប៉ូលីសធ្វើមិនបានទេនោះ ខ្ញុំមិនដឹងថា ត្រូវទៅពឹងពាក់អ្នកណានោះទេ»។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះពីជំទប់ទី១ ឃុំជំនាប់ លោក ទិល ចាន់ បាននៅឡើយទេ នៅថ្ងៃទី២៦ មេសា ចំណែកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជំនាប់ក៏មិនទាន់អាចទាក់ទងបានដូចគ្នា។
ចំណែក មេឃុំជំនាប់លោក មាស ជ្រាយ ថ្លែងថា លោកមិនបានដឹងរឿងនេះទេ ហើយលោកក៏មិនមានពាក់ព័ន្ធអ្វីក្នុងបញ្ហានេះដែរ។ លោកអះអាងថា នឹងសួរនាំលោក ទិល ចាន់ អំពីរឿងគំរាមកំហែងនេះ៖ «ព័ត៌មាននេះខ្ញុំអត់ទាន់បានដឹង អ៊ីចឹងបានខ្ញុំអត់ទាន់បានប៉ះពាល់។ ទាល់តែយើងស្រាវជ្រាវ ទើបបានដឹងរឿងនេះ»។
ប្រធានសហគមន៍ព្រៃឈើជំនាប់លោក វ៉ែន វ៉ន អះអាងថា លោកពិតជាបានឮលោក ទិល ចាន់ និយាយគំរាមលោក វ៉ែន អែត ពិតមែន គឺនៅអំឡុងពេលដែលពួកលោកកំពុងទទួលទានអាហារជុំគ្នា កាលពីថ្ងៃទី១៧ មេសា។ លោកចាត់ទុកការគំរាមកំហែងលើលោក វ៉ែន អែត ដែលជាសមាជិកគណៈកម្មការសហគមន៍ជនជាតិដើមភាគតិចជងតំបន់អារ៉ែងនេះថា ជាការវាយបំបាក់ស្មារតីសកម្មជនបរិស្ថាន និងជាគំរាមកំហែងដល់ប្រជាពលរដ្ឋផ្សេងទៀតនៅក្នុងសហគមន៍របស់លោក។ លោកបន្តថា បញ្ហានេះនឹងនាំទៅរកការបែកបាក់សាមគ្គីក្នុងចំណោមពលរដ្ឋជនជាតិដើមភាគតិចជងតំបន់អារ៉ែង ដ្បិតទាំងលោក ទិល ចាន់ និងលោក វ៉ែន អែត សុទ្ធសឹងជាជនជាតិដើមភាគតិចជង និងធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីដើមរៀងមក៖ «វាអាចប៉ះពាល់ទៅដល់សតិអារម្មណ៍របស់ពលរដ្ឋមួយចំនួនដែលគាត់ជាសកម្មជនបរិស្ថាន និងសកម្មជនរបស់បក្សប្រឆាំងកាលពីមុនមក ដូច្នេះវាធ្វើឱ្យមានការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន មានការភិតភ័យពីសន្តិសុខសុវត្ថិភាពរបស់ក្រុមគ្រួសារជាដើម។ អាជ្ញាធរដែនដីដាក់សម្ពាធលើគាត់ ចេះតែថាគាត់ខុសច្បាប់ ចេះតែបំភ័យគាត់រឿងផ្សេងៗអញ្ចឹងទៅ ធ្វើឱ្យអ្នកខ្លះបាក់ទឹកចិត្តមិនហ៊ានចូលរួម។ និយាយរួមទៅ គឺប្រឈមនឹងការបែកបាក់សាមគ្គីខ្លាំងមែនទែនតែម្តង»។
មន្ត្រីប្រឹក្សាច្បាប់គម្រោងពន្ធនាគារនៃអង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក ហ៊ួរ អ៊ីន ថ្លែងថា លោកបានទទួលពាក្យបណ្តឹងមួយច្បាប់ពីលោក វ៉ែន អែត ទាក់ទងនឹងការគំរាមកំហែងនេះហើយ ហើយលោកគ្រោងនឹងចុះស៊ើបអង្កេតករណីនេះ នៅពេលឆាប់ៗ ខាងមុខ។ លោកយល់ឃើញថា នេះជាករណីធ្ងន់ធ្ងរ ដែលមន្ត្រីរាជការសាធារណៈទៅគំរាមកំហែងពលរដ្ឋ ហើយលោកជំរុញឱ្យសមត្ថកិច្ចធ្វើអន្តរាគមន៍លើពាក្យបណ្តឹងរបស់លោក វ៉ែន អែត៖ «សម្តេចនាយករដ្ឋមន្ត្រីប្រកាសផ្តល់រង្វាន់ ២ ម៉ឺនដុល្លារ ដល់សហគមន៍ដែលចូលរួមការពារបរិស្ថាន និងធនធានធម្មជាតិ ប៉ុន្តែចំពោះករណីលោក វ៉ែន អែត នេះបែរជាត្រូវបានជំទប់ទី ១ ឃុំជំនាប់ គំរាមកំហែងគាត់រហូតដល់អាយុជីវិត ធ្វើឱ្យគាត់មានការភ័យខ្លាច រត់គេចខ្លួនដើម្បីរកកន្លែងមានសុវត្ថិភាពសម្រាប់គាត់ អញ្ចឹងអាជ្ញាធរប៉ូលីសប៉ុស្តិ៍នគរបាលគួរតែមានចំណាត់ការផ្លូវច្បាប់ណាមួយលើពាក្យបណ្តឹងរបស់គាត់ ដែលបានស្នើសុំឱ្យជួយអន្តរាគមន៍លើរឿងនេះ»។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ជនជាតិដើមភាគតិចជងតំបន់អារ៉ែង បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីប្រឈមមុខនឹងបញ្ហាជាច្រើន ដែលអាចបង្កផលប៉ះពាល់ដល់សហគមន៍របស់ពួកគាត់។ បញ្ហាទាំងនោះរួមមាន ការតស៊ូមតិប្រឆាំងនឹងគម្រោងទំនប់វារីអគ្គិសនីរបស់ក្រុមហ៊ុនចិន ការតស៊ូមតិដើម្បីឱ្យមានការទទួលស្គាល់សហគមន៍របស់ពួកគាត់ជាផ្លូវការ និងការតស៊ូមតិដើម្បីកុំឱ្យរុះរើទីស្នាក់ការសហគមន៍ជាដើម។ សកម្មភាពទាំងអស់នេះ បានធ្វើឱ្យពួកគាត់ខ្លះរងការគំរាមកំហែង ការធ្វើទុកបុកម្នេញ ការចាប់ខ្លួនដាក់ពន្ធនាគារ និងការជាប់បណ្តឹងនៅតុលាការជាដើម។ ប៉ុន្តែទោះជាបែបនេះក្តី ក៏ពួកគាត់នៅតែប្តេជ្ញាចិត្តបន្តសកម្មភាពរបស់ខ្លួនដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
