ប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសវនាការដោយមិនកំណត់ ក្នុងសំណុំរឿងព្រះសង្ឃមួយអង្គ ដែលជាម្ចាស់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្សដ៏ល្បីល្បាញ។
ការពន្យារពេលទាំងមិនដឹងពីសំណុំរឿង និងបទចោទអ្វីបន្តនោះ តុលាការនៅរក្សាការចោទប្រកាន់ប្រឆាំងព្រះតេជព្រះគុណ លួន សុវ៉ាត ដដែល បើទោះជាមេធាវីការពារក្ដីរបស់ព្រះអង្គ ទទូច និងស្នើសុំឲ្យទម្លាក់បទចោទយ៉ាងណាក៏ដោយ។
ក្រោយចេញពីបន្ទប់សវនាការ ម្ចាស់ពានរង្វាន់ផ្នែកការពារសិទ្ធិមនុស្ស ព្រះសង្ឃ លួន សុវ៉ាត មានថេរដីកាថា មូលហេតុដែលតុលាការសម្រេចមិនបើកសវនាការដូចការគ្រោងទុកនេះ ព្រោះតែមានកំហុសនីតិវិធីក្នុងសំណុំរឿងព្រហ្មទណ្ឌប្រឆាំងព្រះអង្គ ហើយសម្រេចចិត្តលើកពេលភ្លាមៗក្នុងការជំនុំជម្រះ ទៅថ្ងៃក្រោយវិញដោយមិនកំណត់ពេល។
បើទោះបីជាប្រធានចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង ដែលទទួលបន្ទុកលើសំណុំរឿងនេះ មិនបានបើកសវនាការនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ដូចដីកាកោះក្ដី ក៏តុលាការនៅរក្សាជំហរក្នុងការចោទប្រកាន់ប្រឆាំងព្រះតេជព្រះគុណ លួន សុវ៉ាត ដដែល។
ព្រះតេជព្រះគុណ លួន សុវ៉ាត ជាញឹកញយ ព្រះអង្គតែងចូលរួមតស៊ូមតិ និងនិមន្តថតពីសកម្មភាពនានាក្នុងពេលមានបាតុកម្មម្ដងៗនោះ ព្រះអង្គមានថេរដីកាថា ការចោទប្រកាន់ប្រឆាំងព្រះអង្គពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ បទក្បត់ជាតិ និងប្រឆាំងការបោះឆ្នោតនោះ គឺជារឿងអយុត្តិធម៌បំផុត និងផ្ទុយពីការពិតទាំងស្រុង។ ព្រះអង្គបន្តថា លើសពីនេះទៀត សវនាការនៅថ្ងៃនេះ ហាក់ដូចកំប្លែងណាស់ ដោយហេតុថា ការពន្យារពេលជំនុំជម្រះក្រោមហេតុផលកំហុសបច្ចេកទេស និងរក្សាបទចោទទាំងស្រពិចស្រពិលបន្តប្រឆាំងព្រះអង្គហើយ ថែមទាំងមិនបានឆ្លើយនឹងសំណួរមេធាវីការពារក្តីថា សំណុំរឿងអ្វីបន្ត ហើយចៅក្រមស៊ើបសួរណាមួយដែលកាន់សំណុំរឿងនេះថែមទៀតផង៖ «គេបាននិមន្តអាត្មាឲ្យមកចូលម៉ោង៨ ថ្ងៃ២៥ វិច្ឆិកា ប៉ុន្តែមកបន្ទប់សវនាការគេថាខុសបច្ចេកទេស។ អាខុសបច្ចេកទេសហ្នឹង ប៊ិះអាត្មាត្រូវជាប់គុក។ ប៊ិះអាត្មាត្រូវបានគេចាប់ផ្សឹក»។
រឿងខុសបច្ចេកទេសនេះ ហាក់កំពុងពេញនិយមសម្បើមណាស់នៅពេលនេះ។ សូម្បីនៅក្នុងវីដេអូឃ្លិបនៃបណ្ដាញសង្គមហ្វេសប៊ុក (facebook) ក៏ត្រូវគេផលិតជាតួថ្លុកទិនហ្វី និយាយពីរឿងខុសបច្ចេកទេសនេះដែរ។ នៅមានរឿងរ៉ាវដទៃទៀតក្រៅពីនេះ ដូចជាមានយុវជនម្នាក់ស្លាប់មុនថ្ងៃបុណ្យអុំទូក ព្រោះតែកាំជ្រួច ក៏កំហុសបច្ចេកទេស។ រីឯស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលកំពុងធ្វើដំណើរ ដោយដែកធ្លាក់ពីលើអគារចំនៅក្បែរការដ្ឋានស្តាតអូឡាំពិក ក៏ព្រោះតែកំហុសបច្ចេកទេសដែរ។
បើទោះជាយ៉ាងណា មានមនុស្សប្រមាណ ៣០០នាក់ ក្នុងនោះមានអ្នកនយោបាយ គណបក្សសង្គ្រោះជាតិ ព្រះសង្ឃ ប្រជាពលរដ្ឋសហគមន៍ទំនាស់ដីធ្លី អង្គការជាតិ និងអន្តរជាតិផង បានបន្តឃ្លាំមើលសវនាការនៅខាងក្រៅរបងនៃបរិវេណតុលាការ។
អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង អ្នកស្រី មូរ សុខហួរ ដែលឃ្លាំមើលសវនាការនេះ យល់ឃើញថា នេះជាវិធីនៃការគំរាមផ្នែកស្មារតីប្រឆាំងព្រះអង្គ លួន សុវ៉ាត។ បន្ថែមពីលើនេះ លោកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅតំបន់បឹងកក់ ចាត់ទុកថា អ្នកនយោបាយកាន់អំណាច តែងប្រើប្រាស់ប្រព័ន្ធតុលាការប្រឆាំងអ្នកតស៊ូមតិ និងជាមធ្យោបាយនៃការបំបិទសិទ្ធិសេរីភាព។
ដោយឡែកកម្លាំងចម្រុះ មិនត្រូវបានគេដាក់ពង្រាយច្រើនដូចលើកមុនៗទេនៅថ្ងៃសវនាការនេះ ប៉ុន្តែកម្លាំងប្រដាប់អាវុធមួយចំនួន ត្រូវគេដាក់ត្រៀមរួចខ្លះដែរនៅក្នុងស្តាតអូឡាំពិក។
បើទោះជាមានការប្រមូលផ្ដុំមនុស្សជាច្រើននៅពេលនេះ បើប្រៀបធៀបទៅនឹងសវនាការកន្លងទៅថ្មីៗនេះ ក៏ពុំមានការបង្ក្រាបណាមួយពីកម្លាំងចម្រុះដូចលើកមុនៗឡើយ។
លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការលីកាដូ (Licadho) ចាត់ទុកថា បើពិនិត្យលើអង្គហេតុ ព្រះតេជព្រះគុណ លួន សុវ៉ាត ពុំមានបទល្មើសដែលត្រូវចោទប្រកាន់ណាមួយទាល់តែសោះ។ លោកយល់ឃើញថា ការភ្ជាប់ព្រះអង្គទៅនឹង លោក សួន សេរីរដ្ឋា នេះ គឺគ្រាន់តែជាដើមទុនមួយប៉ុណ្ណោះ ដើម្បីងាយទាញហេតុផលក្នុងការដាក់បន្ទុក។ លោកថ្លែងថា ផ្ទុយទៅវិញរឿងដែលសំខាន់នោះ គឺទិសដៅប្រឆាំងសកម្មភាពតវ៉ា និងតស៊ូមតិរបស់ព្រះអង្គក្នុងសង្គមឯណោះទេ៖ «ខ្ញុំគិតថា អានេះវាគ្រាន់តែថាការភ្ជាប់ព្រះតេជព្រះគុណ លួន សុវ៉ាត និងលោក សួន សេរីរដ្ឋា ឲ្យមានករណីតែប៉ុណ្ណោះទេ។ តាមពិតទៅ ព្រះតេជព្រះគុណ លួន សុវ៉ាត មិនពាក់ព័ន្ធនឹង លោក សួន សេរីរដ្ឋា ដូចការចោទប្រកាន់ទេ។ អ្វីដែលគេចោទប្រកាន់លោក ដោយសារតែព្រះតេជព្រះគុណចូលរួមយ៉ាងសកម្មទីមួយបញ្ហាដីធ្លីនៅសៀមរាប នៅជីក្រែង»។
បើទោះជាសំណុំរឿងព្រះតេជព្រះគុណ លួន សុវ៉ាត ត្រូវលើកពេលសវនាការ ក៏សំណុំរឿង លោក សួន សេរីរដ្ឋា ចោទពីបទក្បត់ជាតិ និងមនុស្ស ៣នាក់ផ្សេងទៀតដែលចាប់ខ្លួននៅខេត្តបន្ទាយមានជ័យ ក្រោមបទចោទប្រកាន់រួមគ្នាក្បត់ជាតិ នៅតែបន្តសវនាការ។
ពាក់ព័ន្ធបទចោទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ បទក្បត់ជាតិ និងប្រឆាំងការបោះឆ្នោតនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការដោយកំបាំងមុខម្ដងរួចហើយចំពោះព្រះអង្គ លួន សុវ៉ាត និងលោក សួន សេរីរដ្ឋា កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១២។ កាលណោះ ចៅក្រមជំនុំជម្រះបានសម្រេចចាត់របៀបឲ្យបំបែកសំណុំរឿងនេះជាពីរផ្សេងគ្នា ហើយបានបង្វិលរឿងឲ្យចៅក្រមស៊ើបសួរ និងព្រះរាជអាជ្ញាបន្តនីតិវិធីជាថ្មីទៀត។ ប៉ុន្តែសវនាការនៅថ្ងៃទី២៥ សំណុំរឿងទាំងនេះនៅមូលដូចដើម។ ឋិតក្រោមហេតុផលនេះហើយ ដែលអង្គការសង្គមស៊ីវិលយល់ឃើញថា គឺជានីតិវិធីដែលនាំឲ្យប្រធានចៅក្រមជំនុំជម្រះ សម្រេចលើកពេលដោយមិនកំណត់ថ្ងៃសវនាការជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។