រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​៣​ដោយ​មាន​សំឡេង​គាំទ្រ​ពី​បក្ស​ប្រឆាំង

ដោយ ម៉ម មុនីរតន៍
2015.12.16
បក្ស​ប្រឆាំង ចូលរួម​ប្រជុំ​សភា ៦២០ តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ ចូលរួម​ប្រជុំ​រដ្ឋសភា នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Rann Samnang

តំណាង​រាស្ត្រ​ភាគ​ច្រើន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ សម្រេច​ចូលរួម​ប្រជុំ​សភា​ជា​លើក​ដំបូង​ដើម្បី​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ បន្ទាប់​ពី​មាន​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​បក្ស​ជំទាស់ ២​រូប កាល​ពី​ខែ​តុលា។ សេចក្តី​ព្រាង​ច្បាប់​ទាំង​៣ ដែល​ត្រូវ​បាន​សភា​អនុម័ត គឺ​វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​ម៉ារ៉ាកេស ស្ដីពី​ការ​បង្កើត​ពាណិជ្ជកម្ម និង​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​បង្កើត​មជ្ឈមណ្ឌល​ជីវចម្រុះ​អាស៊ាន ហើយ​ចុង​ក្រោយ គឺ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដែល​សំឡេង​គាំទ្រ ១០០​សំឡេង​ក្នុង​ចំណោម​វត្តមាន ១០២​នាក់។

ច្បាប់​ចំនួន​៣ គឺ​ត្រូវ​បាន​អនុម័ត​ទៅ​យ៉ាង​រលូន​ដោយ​ពុំ​មាន​ការ​រំខាន ក្នុង​ការ​ជជែក​ដេញដោល ឬ​ត្រូវ​ឆ្លង​កាត់​ដាក់​ឲ្យ​មាន​ការ​ពិភាក្សា​ដូច​លើក​មុនៗ​ឡើយ ពោល​គឺ​តំណាង​រាស្ត្រ​ទាំង​ពីរ​គណបក្ស​នយោបាយ ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា មាន​នាទី​ត្រឹម​លើក​ដៃ​គាំទ្រ និង​អាន​សេចក្ដី​ថ្លែង​ហេតុ ហើយ​មាន​ការ​សរសើរ​ពី​ខ្លឹមសារ​នៃ​ច្បាប់​ដ៏​តិចតួច​ប៉ុណ្ណោះ។

លោក ហេង សំរិន ប្រធាន​រដ្ឋសភា ដែល​ជា​អ្នក​កាន់​ចង្កូត​នៃ​កិច្ច​ប្រជុំ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ បាន​ប្រកាស​នៅ​នាទី​ចុង​ក្រោយ​នៃ​ការ​អនុម័ត​លើ​សេចក្ដី​ព្រាង​ច្បាប់ ថា ចាប់​ពី​ពេល​នេះ​ទៅ សភា​សុំ​យក​ពេល​សម្រាក​មួយ​រយៈ​សិន ដោយសារ​អង្គ​សភា​ពុំ​ទាន់​មាន​របៀបវារៈ​ថ្មី ដែល​នឹង​ត្រូវ​ពិភាក្សា និង​អនុម័ត​បន្ត។

យ៉ាង​ណា ច្បាប់​ទាំង​៣ ដែល​រដ្ឋសភា​អនុម័ត​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ គឺ​ពុំ​មាន​ការ​ជជែក​រក​ខុស​រក​ត្រូវ​ពី​ខាង​គណបក្ស​ជំទាស់​ឡើយ។ អ្នក​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​វត្តមាន​ចំនួន ៣៤​រូប ក្នុង​ចំណោម ៥៥​នាក់ គឺ​ពុំ​បាន​ផ្ដល់​យោបល់ ឬ​សួរ​ដេញដោល​សូម្បី​មួយ​ម៉ាត់​ទេ ដោយ​គ្រាន់​តែ​អង្គុយ​ចាំ​លើក​ដៃ​គាំទ្រ​ចំពោះ​ការ​អនុម័ត​ច្បាប់​នេះ​ប៉ុណ្ណោះ។

លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា មូលហេតុ​ដែល​គណបក្ស​ប្រឆាំង​មិន​ជំទាស់​លើ​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាំង​៣ នេះ ដោយ​យល់​ថា វា​ជា​ច្បាប់​ដែល​អាច​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ​បាន​ល្អ ដែល​កម្ពុជា ពុំ​ធ្លាប់​មាន។ លោក​បន្ត​ថា «យើង​យល់​ឃើញ​ថា មាន​តម្រូវ​ការ​ចាំបាច់​ដើម្បី​ឲ្យ​កិច្ច​ព្រមព្រៀង​វិសោធនកម្ម​នេះ អាច​យក​ទៅ​អនុវត្ត​បាន​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត»

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន ថ្លែង​ការពារ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដោយ​ប្ដេជ្ញា​នៅ​នាទី​ចុង​ក្រោយ​ថា ក្នុង​នាម​ក្រសួង​សាមី​ដែល​ជា​សេនាធិការ​ចំណុះ​ឲ្យ​រដ្ឋាភិបាល នឹង​ប្រឹងប្រែង​បន្ថែម​ទៀត​ដើម្បី​ប្រាកដ​ថា ផែនការ​សកម្មភាព​ដែល​ដាក់​ចេញ អាច​បំពេញ​តម្រូវ​ការ​ចាំបាច់​បាន​ប្រសើរ​ជាង​មុន។ លើស​ពី​នេះ​ទៀត ក្រសួង​កសិកម្ម ដែល​ដើរ​តួនាទី​ក្នុង​រឿង​នេះ នឹង​បង្កើន​លទ្ធភាព​របស់​ខ្លួន ដើម្បី​ឆ្លើយ​តប​ចំពោះ​ការ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ពី​អង្គ​សភា​នៅ​ពេល​នេះ។ លោក​បន្ត​ថា «ខ្ញុំ​បាទ​នឹង​ខិតខំ​ដើម្បី​ជំរុញ​រៀបចំ​ផែនការ​អភិវឌ្ឍន៍​លើ​វិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដូច​មាន​ចែង​ក្នុង​ជំពូក​ទី​៣ នៃ​ច្បាប់​នេះ»

(ពី​ឆ្វេង) កៅអី​ទំនេរ​របស់​អនុប្រធាន​ទី១ រដ្ឋសភា រូប​ថត​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នៃ​កិច្ច​ប្រជុំ​លើក​ទី​៥រដ្ឋសភា ក្រោម​អធិបតីភាព​ប្រធាន​រដ្ឋសភា លោក ហេង សំរិន។
(ពី​ឆ្វេង) កៅអី​ទំនេរ​របស់​អនុប្រធាន​ទី១ រដ្ឋសភា រូប​ថត​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នៃ​កិច្ច​ប្រជុំ​លើក​ទី​៥រដ្ឋសភា ក្រោម​អធិបតីភាព​ប្រធាន​រដ្ឋសភា លោក ហេង សំរិន។
RFA/Rann Samnang

យ៉ាង​ណា ក្នុង​ពេល​អនុម័ត​ច្បាប់​ទាំង​៣ បាន​ដំណើរ​ការ​ដល់​ពាក់​កណ្ដាល​ជុំ​ទៅ​ហើយ ស្រាប់​តែ លោក កឹម សុខា និង​លោក ស ខេង អវត្តមាន​ពី​អង្គ​ប្រជុំ​ភ្លាម​តែ​ម្ដង។ ព័ត៌មាន​ពី​មន្ត្រី​រដ្ឋសភា បញ្ជាក់​ថា ការ​អវត្តមាន​ពាក់​កណ្ដាល​ទី​របស់​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ទាំង​ពីរ​នេះ ទំនង​ជា​ជួប​ពិគ្រោះ​យោបល់​ក្រៅ​ផ្លូវ​ការ ចំពោះ​ការ​វិវឌ្ឍ​នយោបាយ​ចុង​ក្រោយ​នេះ។ ដោយឡែក លោក យ៉ែម បុញ្ញឫទ្ធិ បដិសេធ​រឿង​នេះ ហើយ​ឆ្លើយ​តប​វិញ លោក កឹម សុខា មាន​ជំនួប​ពាក់​កណ្ដាល​ទី​នៃ​កិច្ច​ប្រជុំ​មែន ប៉ុន្តែ​គេ​មិន​ដឹង​ថា តើ​ជា​ជំនួប​អ្វី​នោះ​ទេ ហើយ​ជាមួយ​អ្នក​ណា​ទៀត​ផង?

ច្បាប់​ចំនួន​២ ក្នុង​ចំណោម​ច្បាប់​ទាំង​៣ គឺ​ច្បាប់​ម៉ារ៉ាកេស ស្ដីពី​ការ​បង្កើត​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​ច្បាប់​ស្ដីពី​ការ​បង្កើត​មជ្ឈមណ្ឌល​ជីវចម្រុះ​អាស៊ាន ដំណើរ​នៃ​ការ​អនុម័ត គឺ​មាន​សន្ទុះ​លឿន​ជាង បើ​ធៀប​នឹង​ច្បាប់​មួយ​ចុង​ក្រោយ គឺ​ច្បាប់​ស្ដីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដោយសារ​ច្បាប់​ចុង​ក្រោយ​នេះ​មាន​រហូត​ដល់ ២២​ជំពូក និង ១២៤​មាត្រា។

យ៉ាង​ណា​ក៏ដោយ នេះ​ជា​កិច្ច​ប្រជុំ​លើក​ទី​មួយ​ហើយ​របស់​គណបក្ស​ប្រឆាំង បន្ទាប់​ពី​មាន​អំពើ​ហិង្សា​លើ​អ្នក​តំណាង​រាស្ត្រ ២​រូប កាល​ពី​ខែ​តុលា នៅ​មុខ​វិមាន​រដ្ឋសភា​រួច​មក។ បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ តំណាង​រាស្ត្រ ២​រូប ដែល​រង​នូវ​អំពើ​ហិង្សា គឺ​ពុំ​បាន​បង្ហាញ​វត្តមាន​ចូលរួម​ប្រជុំ​សភា​ទេ។ ការ​ប្រព្រឹត្ត​ទៅ​នៃ​កិច្ច​ប្រជុំ​សភា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ គឺ​អ្នក​តំណាង​រាស្ត្រ​បក្ស​ជំទាស់ ចូលរួម​ប្រជុំ​ចំនួន ៣៤​រូប​ក្នុង​ចំណោម ៥៥​រូប ខណៈ​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចូលរួម​គ្រប់​ចំនួន​ទាំង ៦៨​រូប។

ពាក់ព័ន្ធ​រឿង​នេះ អ្នក​វិភាគ​នយោបាយ លោក រស់ រ៉ាវុធ យល់​ឃើញ​ថា នេះ​ជា​សញ្ញា​ល្អ​សម្រាប់​បរិយាកាស​នយោបាយ​នៅ​កម្ពុជា ហើយ​ក៏​ជា​ការ​ផ្ដល់​ភាព​កក់​ក្ដៅ និង​បង្កើន​ការ​ជឿ​ទុក​ចិត្ត​មួយ​បន្ថែម​ទៀត​សម្រាប់​ការ​វិនិយោគ។ លោក​បន្ត​ថា ច្បាប់​ដែល​អនុម័ត​រួច​ហើយ​នេះ ថ្វី​បើ​ពុំ​បាន​ឆ្លង​ការ​ពិគ្រោះ​យោបល់​មែន ក៏ប៉ុន្តែ​ប្រហែល​ជា​ពុំ​មាន​ផល​អវិជ្ជមាន ឬ​ចំណោទ​ប៉ុន្មាន​នោះ​ទេ។ ចំណុច​សំខាន់​នោះ គឺ​អ្នក​មាន​នាទី​តាម​ដាន​ចាំ​ឃ្លាំ​មើល​នៅ​ពេល​អនុវត្ត​ច្បាប់​នេះ​វិញ។ លោក​បន្ត​ថា «នៅ​ក្នុង​ក្រុម​ការងារ​បច្ចេកទេស​របស់​រដ្ឋសភា មាន​ទាំង​គណបក្ស​សំឡេង​ភាគ​ច្រើន និង​គណបក្ស​សំឡេង​ភាគ​តិច។ អ៊ីចឹង​យើង​ពិនិត្យ​មើល​ថា កន្លែង​នេះ​ហាក់​បី​ដូចជា​យល់​គ្នា​អស់​ហើយ ហើយ​បាន​ធ្វើ​ឲ្យ​ច្បាប់​នេះ​មាន​ការ​រលូន ដោយ​មិន​ចាំបាច់​មាន​ការ​សួរ​ដេញដោល»

កិច្ច​ប្រជុំ​សភា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ ធ្នូ គឺ​សន្តិសុខ​ត្រូវ​បាន​រឹត​បន្តឹង​ជា​មុន ដែល​ពុំ​ធ្លាប់​មាន។ របាំង​ដែល​គេ​ដាក់​នៅ​ជុំវិញ​បរិវេណ​រដ្ឋសភា ត្រូវ​បាន​ដាក់​ការពារ​អម​ដោយ​កម្លាំង​ចម្រុះ​ជាច្រើន​នាក់​ថែម​ទៀត​ផង ហើយ​កម្លាំង​នគរបាល​ទាំង​នេះ ត្រូវ​គេ​រំសាយ​ទៅ​វិញ​បន្ទាប់​ពី​កិច្ច​ប្រជុំ​សភា​បាន​បិទ​បញ្ចប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ទាមទារ​ចំណែក​កម្ពុជា​នៅ​លើ​កោះគជ់
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។