តំណាងរាស្ត្របក្សប្រជាជនបោះឆ្នោតដកលោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា
2015.10.30
គណបក្សសង្គ្រោះជាតិ ចាត់ទុកការដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១ រដ្ឋសភាដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ថាជាការរំលោភរដ្ឋធម្មនុញ្ញ និងរំលោភកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំង២។ ប្រតិកម្មភ្លាមៗនេះ គឺនៅបន្ទាប់ពីសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ទាំង ៦៨រូប បានសម្រេចបោះឆ្នោតដកលោក កឹម សុខា ចេញពីតំណែងកាលពីព្រឹកថ្ងៃទី៣០ ខែតុលា។
ការបោះឆ្នោតដកតំណែងអនុប្រធានទី១រដ្ឋសភាពីលោក កឹម សុខា នេះ ធ្វើឡើង ៣ថ្ងៃប៉ុណ្ណោះ ក្រោយពីមានបាតុកម្មរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលបណ្ដាលឲ្យតំណាងរាស្ត្រគណបក្សប្រឆាំងរងរបួសខ្លាំងធ្ងន់ពីរនាក់។ ចំណែកតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប បានធ្វើពហិការមិនចូលប្រជុំនោះទេ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ថា ការបោះឆ្នោតទម្លាក់លោក កឹម សុខា មិនប៉ះពាល់វប្បធម៌សន្ទនាទេ។ លោក ស ខេង ថ្លែងឲ្យវិទ្យុអាស៊ីសេរី ដឹងក្រោយកិច្ចប្រជុំសភាថ្ងៃទី៣០ ខែតុលា ថា លោកបានផ្ញើលិខិតជូនដំណឹងទៅលោក សម រង្ស៊ី ថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាវប្បធម៌សន្ទនា៖ «អត់មានប៉ះពាល់អីទេ! ខ្ញុំបានផ្ញើលិខិតទៅគាត់ថា បក្សប្រជាជនកម្ពុជា នៅតែថែរក្សាវប្បធម៌សន្ទនា»។
នៅថ្ងៃទី៣០ ខែតុលា ដដែលនេះ ប្រធានរដ្ឋសភា លោក ហេង សំរិន បានផ្ញើលិខិតទៅកាន់លោក សម រង្ស៊ី ប្រាប់ពីការបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែង។ នៅក្នុងលិខិតនោះ លោក ហេង សំរិន បានស្នើឲ្យលោក សម រង្ស៊ី បញ្ជូនឈ្មោះបេក្ខជនសម្រាប់តំណែងអនុប្រធានទី១ រដ្ឋសភា ដើម្បីឲ្យសភារៀបចំការបោះឆ្នោតជ្រើសតាំងបេក្ខជននោះជំនួសលោក កឹម សុខា។
ភ្លាមៗនោះដែរ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាដែលជាមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា បានធ្វើសន្និសីទសារព័ត៌មានដោយបញ្ជាក់បន្ថែមថា ការដកតំណែងលោក កឹម សុខា មិនមែនធ្វើតាមបាតុកម្មរបស់ពលរដ្ឋនោះទេ ប៉ុន្តែយោងលើញត្តិតំណាងរាស្ត្រ កិច្ចព្រមព្រៀងនយោបាយ ២២ ខែកក្កដា និងវប្បធម៌សន្ទនា។ លោក ឈាង វុន ថា ប្រសិនបើទុកលោក កឹម សុខា ធ្វើជាអនុប្រធានសភាបន្តទៀត នឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ស្ថានការណ៍ទូទៅនៅកម្ពុជា៖ «ប៉ះពាល់ច្រើនណាស់ ព្រោះពេលគាត់ចេញទៅក្នុងតួនាទីគាត់ជាថ្នាក់ដឹកនាំរដ្ឋសភា គាត់និយាយទៅវាយប្រហារក្នុងនាមជាអនុប្រធានទី១ គាត់វាយប្រហារពីគណបក្សមួយទៅគណបក្ស១ មិនសមទេ»។
ឆ្លើយតបចំណាត់ការរបស់គណបក្សប្រជាជនកម្ពុជា បែបនេះ គណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ថា ការបោះឆ្នោតទម្លាក់លោក កឹម សុខា មានភាពមិនប្រក្រតីធ្ងន់ធ្ងរ និងផ្ទុយនឹងមាត្រា ៨៧ នៃរដ្ឋធម្មនុញ្ញ។
មាត្រា៨៧ នៃរដ្ឋធម្មនុញ្ញ កថាខណ្ឌទី៣ ចែងថា ករណីប្រធាន និងអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម ត្រូវបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធាន។ ផ្ទុយទៅវិញ រដ្ឋសភាចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ថា ការដកតំណែងលោក កឹម សុខា នេះ គឺស្របតាមមាត្រា ៨២ថ្មី នៃរដ្ឋធម្មនុញ្ញដែលចែងពីការជ្រើសតាំងតំណែងប្រធាន និងអនុប្រធានរដ្ឋសភា គឺធ្វើឡើងដោយការបោះឆ្នោតពីសមាជិករដ្ឋសភាទាំងមូលនៃសំឡេងភាគច្រើនដាច់ខាត។
ដូចគ្នានេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង និយាយថា នៅរដ្ឋធម្មនុញ្ញរបស់កម្ពុជា គ្មានមាត្រាណាមួយចែងអំពីការដកតួនាទីថ្នាក់ដឹកនាំរដ្ឋសភានោះទេ ហើយជាការរំលោភកិច្ចព្រមព្រៀងនយោបាយរបស់គណបក្សទាំងពីរ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ ទោះបែបនេះក្តី លោក អេង ឆៃអ៊ាង អះអាងថា គណបក្សសង្គ្រោះជាតិ មិនបោះបង់វប្បធម៌សន្ទនាដែរ៖ «អ្វីដែល រដ្ឋសភាដែលដឹកនាំដោយគណបក្សប្រជាជនបោះឆ្នោតដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១រដ្ឋសភា ជាការរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ»។
ស្របពេលជាមួយគ្នា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង ក៏បានអញ្ជើញអង្គទូតនានាប្រចាំនៅកម្ពុជា ឲ្យចូលជួបដើម្បីជម្រាបអំពីការវិវត្តន៍នយោបាយនៅកម្ពុជា ក្នុងពេលថ្មីៗ។ លោកថា ការទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា ព្រោះលោក កឹម សុខា ញុះញង់ប្រជាពលរដ្ឋឲ្យប្រឆាំងរដ្ឋាភិបាល។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ យល់ថា ការទម្លាក់តំណែងលោក កឹម សុខា នៅពេលនេះ បង្ហាញពីការបែកបាក់ផ្ទៃក្នុងសង្គមខ្មែរ។ លោកថា ស្ថានការណ៍បែបនេះនឹងធ្វើឲ្យប្រទេសជិតខាងកាន់តែប្រមាថប្រទេសកម្ពុជា ពីបែកបាក់នេះ៖ «ជារឿងគួរឲ្យសោកស្ដាយ មួយក្នុងការបែកបាក់សង្គមខ្មែរ ការដកតំណែងលោក កឹម សុខា ធ្វើឡើងក្នុងពេលមានជម្លោះផ្ទៃក្នុងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ»។
លោក អេង ឆៃអ៊ាង ព្រមានថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនចូលប្រជុំសភានោះទេ ប្រសិនបើតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ធ្វើមិនត្រឹមត្រូវ ខុសបទបញ្ជាផ្ទៃក្នុងសភា និងធ្វើខុសរដ្ឋធម្មនុញ្ញ ដូចការដកតំណែងលោក កឹម សុខា៕