ទស្សនៈ​របស់​បក្ស​នយោបាយ​ដែល​មិន​ជាប់​ឆ្នោត​ចំពោះ​ការ​បង្កើត​គ.ជ.ប​ថ្មី

ដោយ ខែ សុណង
2014.07.30
គ.ជ.ប ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)
RFA

កិច្ច​ព្រមព្រៀង​ក្នុង​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី សម្រាប់​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ខាង​មុខ​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធានបទ​ដែល​សាធារណជន​លើក​យក​មក​វែកញែក​យ៉ាង​ផុលផុស។

តើ​គណបក្ស​នយោបាយ​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ យល់​យ៉ាង​ណា​ចំពោះ​សមាសភាព​ថ្មី​របស់ គ.ជ.ប?

គណបក្ស​នយោបាយ​មួយ​ចំនួន ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នីតិកាល​ទី​៥ ក្រៅ​អំពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​មាន​អាសនៈ​ក្នុង​រដ្ឋសភា បាន​ចាប់​អារម្មណ៍​ប្រហាក់​ប្រហែល​គ្នា​ចំពោះ​សមាសភាព គ.ជ.ប ថ្មី ដើម្បី​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​នោះ ថា​មិន​បាន​ផ្ដល់​យុត្តិធម៌​ដល់​ពួក​គេ និង​មិន​អាច​ជឿ​ទុក​ចិត្ត​បាន​សម្រាប់​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​បន្ត​នៅ​អាណត្តិ​ថ្មី។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ កាល​ពី​ឆ្នាំ​២០១៣ មាន​គណបក្ស​នយោបាយ​ចំនួន​៨ ចូលរួម​ប្រកួត​ប្រជែង។

គណបក្ស​ដែល​ធ្លាប់​តែ​មាន​សំឡេង​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​កាល​ពី​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​ជា​ការ​បោះ​ឆ្នោត​ដំបូង​នៅ​កម្ពុជា នោះ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​មាន លោក ញឹក ប៊ុនឆៃ ជា​អគ្គលេខាធិការ​នៃ​គណបក្ស​នេះ។ លោក ញឹក ប៊ុនឆៃ បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រៀបចំ គ.ជ.ប តាម​វិធី​ដែល​បាន​ព្រមព្រៀង​គ្នា​ដោយ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​សមាសភាព​ម្ខាង​៤ និង​មាន​សមាជិក​ទី​៩ ជា​សង្គម​ស៊ីវិល ដែល​ស្នើ​ដោយ​បក្ស​ទាំង​ពីរ។ ហើយ​បច្ចុប្បន្ន គេ​ដឹង​ថា គឺ​អ្នកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ នោះ។ លោក​បាន​ដាក់​ការ​សង្ស័យ​ចំពោះ​សមាជិក​ទី​៩ គ.ជ.ប រូប​នេះ​ថា តើ​មាន​ភាព​ឯករាជ្យ​ពិត​ប្រាកដ​ឬ​យ៉ាង​ណា? ហើយ​ប្រាកដ​ណាស់ បក្ស​នយោបាយ​ទាំង​សង​ខាង​នឹង​ស្វែង​រក​ប្រយោជន៍​ឲ្យ​បក្ស​ខ្លួន។

លោក ញឹក ប៊ុនឆៃ៖ «បើ​និយាយ​រឿង​ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច ខ្ញុំ​ថា​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត ដូច​ជា​ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ ព្រោះ​អា​នេះ​វា​ជា​ការ​មួយ​ដែល​បែង​ចែក​គ្នា តើ​គណបក្ស​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា វា​មិន​មែន​ជា គ.ជ.ប មួយ​ដែល​ឯករាជ្យ អព្យាក្រឹត្យ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ មិន​មែន​គ្រាន់​ជា​ប្រជាពលរដ្ឋ និង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ។ សួរ​ថា​ខ្ញុំ​ចង់​បាន​ម៉េច? ខ្ញុំ​ចង់​បាន គ.ជ.ប មួយ​ដែល​ឯករាជ្យ​ពិត​ប្រាកដ មិន​លម្អៀង​មាន​និន្នាការ​ទៅ​រក​បក្ស​នយោបាយ​ណា​មួយ​នោះ អា​ហ្នឹង​ជា​ការ​ប្រសើរ សម្រាប់​ការ​បោះ​ឆ្នោត​ទូទៅ​ទាំងអស់​គ្នា»

ទន្ទឹម​នឹង​គ្នា​នេះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ដែល​មាន លោក ខឹម វាសនា ជា​ប្រធាន ក៏​បាន​រិះគន់ គ.ជ.ប ថ្មី​នេះ​ដែរ​ថា ពុំ​មែន​ជា គ.ជ.ប ដែល​ឯករាជ្យ និង​មាន​ភាព​អព្យាក្រឹត្យ​នោះ​ទេ គឺ​ជា គ.ជ.ប ដែល​មាន​ការ​សុខ​ព្រម​ពី​គណបក្ស​ទាំង​ពីរ​នោះ​តែ​ប៉ុណ្ណឹង។ លោក ខឹម វាសនា យល់​ថា គ.ជ.ប ប្រភេទ​នេះ គឺ​មិន​មែន​ជា គ.ជ.ប សម្រាប់​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ដែល​ចង់​បាន​យុត្តិធម៌​សន្លឹក​ឆ្នោត​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គឺ​ជា គ.ជ.ប របស់​គណបក្ស​នយោបាយ។

លោក ខឹម វាសនា៖ «ខ្ញុំ​វិញ​វា​មិន​សូវ​ផ្ដោត​ទៅ​លើ ថា​យើង​មាន​គណបក្ស​មួយ​ដែរ​រួច​ហើយ គេ​មិន​បាន​ឲ្យ​យើង​ចូល វា​អយុត្តិធម៌​សម្រាប់​យើង​ខ្ញុំ មិន​ចង់​និយាយ​ចឹង​ទេ ខ្ញុំ​ចង់​និយាយ​ថា តើ​ប្រជាពលរដ្ឋ​ខ្មែរ​កាត់​ចូល​ចិត្ត​តែ​លម្អៀង​អ៊ីចឹង ហើយ​គាត់​យល់​ថា​ហ្នឹង​មិន​មែន​ជា​ភាព​អយុត្តិធម៌​សម្រាប់​ខ្លួន​គាត់​ទេ ទុក​នៅ​តែ​អ៊ីចឹង​ទៅ សម្រាប់​ខ្ញុំ បង្កើត​គណបក្ស​មក​នៅ​ក្នុង​ចេតនា ដើម្បី​ជួយ​មនុស្ស​អ៊ីចឹង។ ខ្ញុំ​ដូច​អត់​មាន​អី​ដែល​ត្រូវ​ទោមនស្ស​ជា​ជាង​ប្រជាពលរដ្ឋ​នៃ​ពូជសាសន៍​មួយ​ហ្នឹង បើ​គាត់​យល់​ថា​អ៊ីចឹង គាត់​ទទួល​បាន ខ្ញុំ​យល់​ថា​វា​មិន​មែន​ជា​ផល​ល្អ​ទេ​សម្រាប់​ប្រជាពលរដ្ឋ​ទេ បើ​សិន​ណា​និយាយ​ក្នុង​នាម​យើង​ជា​ប្រជាពលរដ្ឋ យើង​ចង់​ឃើញ គ.ជ.ប ដែល​ជា​របស់​ជាតិ​មួយ គឺ​ជា​របស់​មួយ​ល្អ របស់​មួយ​ទាំងអស់​គ្នា​បាន»

ដោយ​ឡែក​ពី​គណបក្ស​មួយ​ទៀត លោក សេង សុខេង ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា បាន​បង្ហាញ​ភាព​ស្ទាក់ស្ទើរ​សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង​នៅ​អាណត្តិ​ក្រោយ។ ភាព​ស្ទាក់ស្ទើរ​របស់​គណបក្ស​លោក នៅ​ត្រង់​របៀប​របប​នៃ​ការ​ធ្វើ​ការ​របស់ គ.ជ.ប ថ្មី​នេះ ដែល​លោក​នឹង​ស្ទង់​មើល​ជា​មុន​សិន។

លោក សេង សុខេង៖ «ខ្ញុំ​ចង់​បញ្ជាក់​ថា ពី​មុន​មក​វា​មិន​មាន​សង្គម​ស៊ីវិល​ចូលរួម​ទេ វា​មាន​តែ​គណបក្ស​ពីរ។ ពី​មុន​ឡើយ​មាន​តែ​គណបក្ស​ដែល​ឈ្នះ​មាន​តែ សម រង្ស៊ី មាន​តែ​គណបក្ស​ប្រជាជន អ៊ីចឹង ប៉ុន្តែ​ឥឡូវ​នេះ​វា​មាន​ចំណុច​វិជ្ជមាន​មួយ ត្រង់​ថា​វា​មាន​សង្គម​ស៊ីវិល​ចូលរួម គណបក្ស​ដទៃ​ទៀត​គេ​មិន​ឲ្យ​ចូល​មិន​ឲ្យ​អី អា​ហ្នឹង​ខាង​គណបក្ស​គេ​អ្នក​ឈ្នះ សិទ្ធិ​របស់​គេ​អ្នក​ឈ្នះ អា​ហ្នឹង​រឿង​របស់​គេ។ ប៉ុន្តែ​គ្រាន់​តែ​បញ្ចូល​សង្គម​ស៊ីវិល​ទៅ​ប៉ុន្មាន​ក៏ដោយ របៀប​របប​នៃ​ការ​ធ្វើ​ការ​នោះ​វា​របៀប​ម៉េច យើង​មិន​ទាន់​ដឹង អ៊ីចឹង​បាន​ខ្ញុំ​ថា​ចំណុច​ចាប់​ផ្ដើម​ឃើញ​ថា​វា​ល្អ ប៉ុន្តែ​ការ​អនុវត្ត​យ៉ាង​ម៉េច​នោះ យ៉ាង​ណា​យើង​មិន​ទាន់​ថា​បាន​ទេ»

ផ្ទុយ​ទៅ​វិញ អនុ​ប្រធាន​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ លោក ចាន់ យ៉េត បាន​គាំទ្រ​ចំពោះ​ការ​រៀបចំ គ.ជ.ប ថ្មី​នេះ ប៉ុន្តែ​លោក​ទទូច​ឲ្យ​គណបក្ស​ទាំង​ពីរ​ធ្វើ​ការ​ប្រកប​ដោយ​តម្លាភាព ឥត​លម្អៀង​ទៅ​គណបក្ស​ខ្លួន៖ «សំណើ​ឲ្យ​ធ្វើ​យ៉ាង​ណា គណបក្ស​ទាំង​ពីរ​ក្រៅ​ពី​ការ​មាន​តួនាទី​ក្នុង គ.ជ.ប សុំ​ឲ្យ​គណបក្ស​ទាំង​ពីរ​ហ្នឹង ធ្វើ​យ៉ាង​ណា​ឲ្យ​អព្យាក្រឹត្យ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​មាន​ការ​លម្អៀង គណបក្ស​នយោបាយ​ម្ខាងៗ ធ្វើ​យ៉ាង​ណា​ឲ្យ​ស្រប​ទៅ​តាម​សន្ដាន​ចិត្ត​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​ប៉ុណ្ណឹង​ទៅ»

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដើម្បី​បញ្ចេញ​ទស្សនៈ​ជុំវិញ​ការ​បង្កើត គ.ជ.ប ថ្មី​នេះ តែ​មិន​អាច​ទាក់ទង​បាន។

រីឯ លោក ក្រវ៉ាញ ដារ៉ន ដែល​ជា​ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​សាទរ​ចំពោះ​ការ​ផ្ដល់​ឱកាស​ឲ្យ​លោក​បញ្ចេញ​សំឡេង​នៅ​ពេល​នេះ ដោយ​មិន​បំភ្លេច​គណបក្ស​ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង។ លោក ក្រវ៉ាញ ដារ៉ន ដែល​កំពុង​រស់នៅ​សហរដ្ឋ​អាមេរិក មាន​មតិ​ថា ការ​រៀបចំ​បង្កើត គ.ជ.ប ថ្មី​នៅ​ពេល​នេះ គឺ​ជា​ការ​ឥត​ប្រយោជន៍​ទទេ។ បញ្ហា​ចម្បង គឺ​ការ​ដោះស្រាយ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​តែ​រង​ទុក្ខ​ក្នុង​ពេល​បច្ចុប្បន្ន ដូច​ជា ការ​បាត់​បង់​ដីធ្លី គ្មាន​ទីលំនៅ និង​រស់នៅ​ក្នុង​ភាព​ក្រីក្រ ជាដើម។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ក៏​លោក​បាន​រំលឹក​ថា លទ្ធផល​ឆ្នោត​អាណត្តិ​ទី​៥​នេះ គឺ​ត្រូវ​បាន​លោក​តវ៉ា​តាំង​ពី​ដំបូង តាម​រយៈ​ការ​សរសេរ​សំបុត្រ​ទៅ គ.ជ.ប ថា​លទ្ធផល​មិន​បញ្ជាក់​ពី​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

លោក ក្រវ៉ាញ ដារ៉ន៖ «ហេតុ​អី​បាន​ជា​ខ្ញុំ​ថា​អត់​ប្រយោជន៍ ពីព្រោះ​៤​បូក​នឹង​៤ វា​ស្មើ​នឹង​១ មិន​មែន​ស្មើ​នឹង​៨​ទេ នោះ​មាន​ន័យ​ថា មនុស្ស​តែ​១​ទេ។ អ៊ីចឹង ៤​បូក​៤ វា​ស្មើ​នឹង​១ យើង​ឃើញ​ហើយ​ខ្ញុំ​សួរ​ទៅ​វិញ​ថា ថា​ការ​ដែល​ចូលរួម​ហ្នឹង វា​ពេញ​នឹង​បំណង​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​បះបោរ ចំណាយ​ពេល​វេលា​លក់​ស្រែ​ឆ្កែ​ឆ្មារ សព្វ​បែប​យ៉ាង​ហ្នឹង​លក់​ជាតិ​មាតុភូមិ​ទេ តើ​លោក​ពេញ​ចិត្ត​ទេ ក្នុង​ការ​ចូលរួម​គ្នា​ហ្នឹង? ខ្ញុំ​ចង់​ជូន​យោបល់​ហ្នឹង​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​វិញ ពីព្រោះ​លោក​ចង់​បាន​សេរីភាព យុត្តិធម៌​រៀបចំ​បោះ​ឆ្នោត​ជ្រើស​រើស​រាប់​សន្លឹក​ឆ្នោត​ហ្នឹង​ឡើង​វិញ ប៉ុន្តែ​ផល​ដែល​បាន​វា​អត់​បាន​ទៅ​វិញ»

បើ​ទោះ​ជា​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង បាន​សម្ដែង​ក្ដី​បារម្ភ​ផ្សេងៗ​គ្នា​ជុំវិញ​ការ​បង្កើត គ.ជ.ប សម្រាប់​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ ថា​យ៉ាង​នេះ​ក្ដី ក៏​មាន​អ្នក​វិភាគ​មួយ​ចំនួន​លើក​ឡើង​ថា បញ្ហា​នេះ​វា​អាស្រ័យ​ទៅ​លើ​ការ​អនុវត្ត​របស់ គ.ជ.ប ដែល​នឹង​បង្កើត​ថ្មី​នេះ ថា​តើ​ពួក​គេ​នឹង​អនុវត្ត​តួនាទី​របស់​ខ្លួន​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ យុត្តិធម៌ និង​ឯករាជ្យ មិន​ប្រកាន់​បក្ខពួក​ដែរ ឬ​យ៉ាង​ណា?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។