លោក សម រង្ស៊ី​ ថា ​ការវាយកម្ទេច​អាគារ​ជំនួយ​របស់​អាមេរិក​បង្ហាញ​ថា​ចិន​បានចូល​កាន់តែជ្រៅ​ទៅក្នុង​ទំនាក់ទំនង​ផ្នែក​យោធា​នៅ​កម្ពុជា

0:00 / 0:00

ប្រធានស្ដីទីគណបក្ស​សង្រ្គោះជាតិ​ថា​ការវាយកម្ទេច​អាគារ​ដែល​ជាជំនួយ​របស់​សហរដ្ឋអាមេរិក បង្ហាញ​ថា​ចិន​បានចូល​កាន់តែជ្រៅ​ទៅក្នុង​ទំនាក់ទំនង​ផ្នែក​យោធា​ជាមួយ​កម្ពុជា ដែលទំនង​អាច​បង្ក​ឱ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់។

ចំណែក​អ្នកជំនាញ​ផ្នែកវិទ្យាសាស្រ្ត​នយោបាយ​ថា ​កម្ពុជា​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការបំផ្លាញ​អាគារ ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ នៃ​ទឹកដី​របស់​ខ្លួន ប៉ុន្តែ​ការសម្រេចចិត្ត​ធ្វើបែបនេះ​នៅ​ក្នុង​កាលៈទេសៈ​នេះ​ក៏​អាច​ធ្វើឱ្យ​មាន​ក្ដី​បារម្ភ​ពី​ការគំរាម​កំហែង​ដល់​ស្ថិរភាព​ក្នុង​តំបន់ ដែល​កំពុង​ប្រទាញប្រទង់​ដោយ​មហាអំណាច​ពិភព​លោកទាំង​២ គឺអាមេរិក និង​ចិននេះ។

ប្រធាន​ស្ដីទី​គណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានសរសេរ​សារ​តាម​បណ្ដាញ​សង្គម ធ្វីតធឺ (Twitter) របស់​លោក កាល​ពីថ្ងៃ ទី៣ ខែ​តុលា​​ថា ការវាយ​កម្ទេច​អាគារ​ដែល​ជាជំនួយ​របស់​សហរដ្ឋអាមេរិក​គឺ​ជាសញ្ញា​បង្ហាញ​កាន់តែច្បាស់​បន្ថែមទៀត​ ពីទំហំ​នៃទំនាក់ទំនង​របស់ចិន​ទៅ​ក្នុង​វិស័យ​យោធា​កម្ពុជា។

លោក សម រង្ស៊ី សរសេរ​បន្តថា​ទំនាក់ទំនង​បែបបនេះ​កំពុង​រំលោភ​ទៅលើ​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​បង្កគ្រោះថ្នាក់​ដល់​ស្ថិរភាព​ក្នុង​តំបន់។

A further sign that China's involvement in has a military dimension, which is in breach of the constitution and a danger to regional stability.

ការបង្ហោះសារ​របស់​លោក សម រង្ស៊ី​នេះ​គឺ​ភា្លមៗ​បន្ទាប់ពី​មាន​ការទម្លាយព័ត៌មាន​ថា ​អគារ​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ដែល​ជា​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ត្រូវ​បានវាយ​កម្ទេចចោល។

គំនិតផ្តួចផ្តើម​តម្លាភាព​លំហ​សមុទ្រ​អាស៊ី (Asia Maritime Transparency Initiative)នៃ​មជ្ឈមណ្ឌល​សិក្សា​អំពី​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (Center for International and Strategic Studies - CSIS) ដែល​មាន​មូលដ្ឋាន នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បានបង្ហាញ​រូបថត​តាម​ប្រព័ន្ធ​ផ្កាយ​រណប កាល​ពី​ថ្ងៃ​ទី២ ខែ​តុលា ថា អគារ​មួយ​នោះ​អាចត្រូវ​វាយកម្ទេច​រវាង​ថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែ​កញ្ញា។

តែទោះ​ជាយ៉ាងណា លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​សៅរ៍​ថា មូលហេតុ​ដែល​វាយ​កម្ទេច​នេះ គឺ​ដោយសារ​តែ​កម្ពុជា​មាន​គម្រោង​​អភិវឌ្ឍកំពង់ផែ​យោធា​រាម ឱ្យ​មាន​លក្ខណៈ​ទំនើប​ជាង​មុន។ លោកថា​នេះ​ជា​ការរុះរើ​អគារ​ពី​ទីតាំង​ចាស់​ទៅ​ធ្វើ​នៅ​កន្លែង​ថ្មី ដែល​វា​សម​ស្រប​ទៅ​តាម​តម្រូវការ​របស់​ទីបញ្ជាការ​មូលដ្ឋាន​កងទ័ព​ជើង​ទឹក សម្រាប់​សន្តិសុខ លំហ​សមុទ្រ។ លោក​បន្ថែម​ថា អគារ​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នេះ គឺ​ជា​អគារ​ចាស់ ដែល​ជា​កម្មសិទ្ធិ​របស់​កងទ័ព​ជើង​ទឹក​កម្ពុជា ហើយ​សហរដ្ឋ​អាមេរិក បាន​ជួយ​ជួសជុល និង​បំពាក់​ឧបករណ៍​បន្តិចបន្តួច ដើម្បី​បម្រើការ​ឱ្យ​ទី​បញ្ជាការ​សន្តិសុខ​លំហ​សមុទ្រ ដូច​នេះ វា​មិន​មាន​អ្វី​ជា​ដុំ​កំភួន​ទេ៖ «អស់​លោក​ទាំង​អស់​សុទ្ធតែ​និយាយ​ថា ជា​អគារ​អាមេរិក​គេ​វ៉ៃ​ចោល អា​ហ្នឹង​នៅ​ក្នុង​អធិបតេយ្យ​កម្ពុជា។ កម្ពុជា​មាន​សិទ្ធិ នឹង​ចាត់​ចែង​រៀបចំ ទុក​ដាក់​ធ្វើ​កន្លែង​ណា វា​គ្មាន​អ្វី​ទៅ​ចម្លែក​ទាល់​តែ​សោះ។ ដូច្នេះ​យើង​ត្រូវ​តែ​ អភិវឌ្ឍន៍​កំពង់​ផែ​រាម​នេះ ឱ្យ​វា​មាន​លក្ខណៈ​ទូលំទូលាយ​បន្តិច តាំង​ពី​ផែ តាំង​ពី​អ៊ូ​ តាំង​ពី​ជម្រៅ​ទឹក​ ឥឡូវ​ហ្នឹង​ទឹក​វា​រាក់ វា​តូច វា​ចង្អៀត វា​មិន​អាច​គេ​ហៅ​ថា​ បម្រើ​សេចក្ដី​ត្រូវ​ការ​បាន​ទេ​។​យើង​មាន​ផែន​ការ​អភិវឌ្ឍន៍ ដូច្នេះ​គឺ​យើង​ត្រូវ​តែ​រៀបចំ​ឲ្យ​វា​សម​ស្រប»

រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់​ (ហ្វេសប៊ុក)។ មន្ដ្រី​កងទ័ពជើងទឹក​កម្ពុជា ចូលរួមពិធី​ក្រោយ​ពេលធ្វើ​សមយុទ្ធយោធារួច កាលពី​ថ្ងៃទី២៦ ខែ​កុម្ភៈ​ឆ្នាំ២០១៦ (Reuters)។
រដ្ឋមន្ដ្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់​ (ហ្វេសប៊ុក)។ មន្ដ្រី​កងទ័ពជើងទឹក​កម្ពុជា ចូលរួមពិធី​ក្រោយ​ពេលធ្វើ​សមយុទ្ធយោធារួច កាលពី​ថ្ងៃទី២៦ ខែ​កុម្ភៈ​ឆ្នាំ២០១៦ (Reuters)។ (ហ្វេសប៊ុក/Reuters)

អ្នកជំនាញ​ខាងវិទ្យាសាស្រ្ត​នយោបាយ លោក ឯម សុវណ្ណារ៉ា ទទួល​ស្គាល់​ថា​កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុង​ការចាត់ចែង​ការងារ និង​ប្រើប្រាស់​សមិទ្ធិផល​ជំនួយ​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន ​រាប់ទាំង​ជំនួយ​របស់​សហរដ្ឋ​អាមេរិកនេះ​ដោយ​មិនបាច់​ជូនដំណឹង​ណាមួយ​ទៅ​ម្ចាស់ជំនួយ​ឡើយ។ ប៉ុន្តែ​លោក​ថា កម្ពុជា​គួរតែ​បំភ្លឺ​អោយ​បាន​ច្បាស់លាស់ដែរក្នុង​រឿង​នេះ ដើម្បី​រក្សាទំនាក់ទំនង​ស្មោះត្រង់​រវាងរដ្ឋ និង​រដ្ឋ។ លោក​ថា​អំឡុង​ពេល​មហាអំណាច​ពិភពលោក​ទាំង២ គឺចិន និង​អាមេរិក​កំពុង​មានការប្រទាំងប្រទើសគ្នា​ក្នុង​តំបន់​អាស៊ី​នេះ ទង្វើ​របស់​អាជ្ញាធរ​ពេលនេះ​អាច​ចោទ​ជា​បញ្ហា​ទៅដល់​ស្ថិរភាព​ក្នុង​តំបន់​ដែរ៖ «ក្នុង​ភាព​មិនទាន់​មាន​ជំនឿ​ទុកចិត្ត​គ្នា​ពេញលេញ ឬ​ស្មោះត្រង់​រវាង​គ្នា និង​គ្នា​ទេ វានឹង​អាចឈាន​ទៅ​ដល់​ការមាន​ការលំបាក​ក្នុង​ទំនាក់​ទំនង​រវាងរដ្ឋ​ និងរដ្ឋ។ បើកាលណា​បាត់​ជំនឿ​ក្នុង​ការកសាង​ទំនាក់​ទំនង ហើយ​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ជា​តួអង្គ​រដ្ឋ​មួយ​ដែល​មានឥទ្ធិពល និង​ជា​មហាអំណាច​ធំ​នៅ​ក្នុង​សាកលលោក​ហ្នឹងផង ហើយ​កំពុងតែ​ដាក់​សំពាធ​ទៅលើ​ភាគីចិន​ដែល​កំពុង​តែ​ព្យាយាម​ត្រួតត្រា​នៅ​ក្នុង​តំបន់ អ៊ីញ្ចឹង​រដ្ឋតូចៗ​ក្នុង​តំបន់​ដូចជា​កម្ពុជា​អាចនឹង​ទទួលឥទ្ធិពល​ណាមួយ​ផ្សេង​ទៀត ពី​ដែល​ហៅថា​រដ្ឋធំៗ​ហ្នឹងឯង​ដែល អ៊ីញ្ចឹង​រដ្ឋតូចៗ​គួរតែ​មាន​យន្តការណ៍​ហៅ​ថា​ប្រយ័ត្នប្រយែង និង​ច្បាស់លាស់។»

កាលពី​ខែកក្កដា ឆ្នាំ២០១៩ មន្រ្តីជាន់ខ្ពស់​យោធាអាមេរិក​បាន​ស្នើ​អោយ​កម្ពុជា​ពន្យល់​ពី​មូលហេតុដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​បដិសេធ​ជំនួយ​អាមេរិក ដើម្បី​ជួសជុល​អាគារ​នៅ​មូលដ្ឋានទ័ពរាម​នោះ។ រដ្ឋមន្រ្តី ក្រសួងការពារជាតិ លោក ទៀ បាញ់​ឆ្លើយតបថា កម្ពុជា​ស្វាគមន៍​ចំពោះ​ជំនួយ​នោះ​នៅ​ទីតាំង​ថ្មី ប៉ុន្តែ​អគារ ដែល​បម្រុង​នឹង​ជួសជុល​នោះ​ ត្រូវ​ផ្លាស់ប្តូរ​ទៅ​ទីកន្លែង​ផ្សេងទៀត ដើម្បី​អភិវឌ្ឍន៍​តំបន់​រាម។ នេះ​ប្រហែល​ជា​មូលហេតុមួយ ដែល​អគារជំនួយ​នោះត្រូវ​វាយកម្ទេចចោល ដើម្បី​ទុក​តំបន់រាម​នៅក្រោម​ជំនួយ​របស់​ប្រទេសចិន។

លោក ទៀ បាញ់ បានអោយ​ដឹង​កាលពី​ថ្ងៃសៅរ៍ ទី៣ កញ្ញា​ថា គំរោង​កសាង​ផែរាម​ថ្មី​នេះ នឹង​ត្រូវ​គេ​ប្រើប្រាស់​ថវិកា​ច្រើន​ជាង​​រាប់រយ​ដង នៃ​តម្លៃ​អគារ​សាងសង់​ដោយ​សហរដ្ឋ​អាមេរិក។ លោក​ថា កម្ពុជា​នៅ​តែ​រក្សា​សិទ្ធិ ដើម្បី​ស្នើសុំ​ជំនួយ​បរទេស រួម​ទាំង​ជំនួយ​យោធា​ផង ដើម្បី​ការពារ​ទឹក​ដី។

ទាក់ទង​នឹង​ការវាយកម្ទេច​អគារ​ជំនួយ​ពី​អាមេរិកនេះ កាល​ពី​ថ្ងៃ​សុក្រ ទី២ តុលា មន្ទីរ​បញ្ចកោណ (Pentagon) យោធា​អាមេរិក បាន​ស្នើ​ឲ្យ​កម្ពុជា​ពន្យល់​ជុំវិញ​បញ្ហា​នេះ ដោយ​បញ្ជាក់​ថា ការ​កម្ទេច​អគារ​ជា​ជំនួយ​របស់​អាមេរិក​នេះ អាច​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​វត្តមាន​យោធា​ចិន ក្នុង​មូលដ្ឋាន​យោធា​ជើង​ទឹក​រាម។

តែទោះជាយ៉ាងណា​អាជ្ញាធររដ្ឋាភិបាល រួមទាំង រដ្ឋមន្រ្តីការពារជាតិ លោក ទៀ បាញ់ ផង​បាន​ច្រានចោល​ការចោទប្រកាន់នានា អំពីបញ្ហា​នេះ​ដោយ​សំអាង​ថារដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ធានា​មិនអោយមាន​មូលដ្ឋាន​ទ័ពបរទេស​នៅ​ក្នុងទឹកដីកម្ពុជា​ឡើយ។ លោក​ចោទ​ប្រកាន់​ថា ការលើកឡើងទាំងនោះ ជា​​សារធាតុ​របស់​ប្រទេស​មហា​អំណាច ដែល​មាន​បំណង​មក​រារាំង និង​ចោទ​ប្រកាន់​មក​លើ​កម្ពុជា។

ផ្ទុយពីនេះ​ សារព័ត៌មាន​របស់​អាមេរិក​ឈ្មោះ ឌឹ វ៉លស្រ៊ីត ជឺរណល ( The Wall Street Journal) បាន​ទម្លាយ​ព័ត៌មាន​ឲ្យ​ពិភពលោក​ដឹង​មុនគេ​ថា ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លួច​ចុះ​កិច្ចសន្យា​យោធា​សម្ងាត់​អនុញ្ញាត​ឲ្យ​ចិន​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​រយៈពេល​៣០ឆ្នាំ។

ជាមួយគ្នានេះ​រដ្ឋាភិបាលកម្ពុជា​​កាល​ពី​ខែកុម្ភៈ ឆ្នាំ២០២០ ក៏បាន​ផ្ដល់​សិទ្ធិវិនិយោគ​ទៅអោយ​ក្រុមហ៊ុនចិន(Canopy Sands Development Co., Ltd ) សាងសង់​រីស៊ត មានទំហំវិនិយោគ ១៦ លានដុល្លារ នៅក្នុង​តំបន់​រាម ហើយ​ការបូមខ្សាច់​នៅ​បរិវេណ​កំពង់ផែ​រាម ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​នេះ​បាន​ចាប់​ផ្ដើម នៅ​៤ថ្ងៃក្រោយ​គម្រោង​នេះ​អនុម័ត ដែល​ត្រូវ​គេសង្ស័យ​ថា​អាចជាការចាប់ផ្ដើម​ជំហាន​ដំបូង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផែ​ទឹកជ្រៅ​នៅ​ទីនោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។