តំណាង​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ការ​រិះគន់​របស់​មន្ត្រី​អ.ស.ប​ថា​ជា​រឿង​នយោបាយ

ដោយ យ៉ង ចាន់តារា
2017-08-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) ថ្លែង​​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of UN.org
អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) ថ្លែង​​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ Photo courtesy of UN.org
Photo courtesy of UN.org

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ (..) និង​ប្រចាំ​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ចាត់​ទុក​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ពាក់ព័ន្ធ​នឹង​ការ​វិវឌ្ឍន៍​ថ្មីៗ​នៃ​សភាពការណ៍​នៅ​កម្ពុជា នោះ ថា​ពុំ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​ការពិត​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ ប៉ុន្តែ​គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ពាក្យ​ចចាមអារ៉ាម និង​ប្រភព​ដែល​មិន​ច្បាស់លាស់ និង​មាន​ចរិត​នយោបាយ។

សេចក្តី​ថ្លែងការណ៍​របស់​តំណាង​រដ្ឋាភិបាល​កម្ពុជា ប្រចាំ​អង្គការ​សហប្រជាជាតិ នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) បាន​សម្ដែង​កង្វល់​អំពី​ការ​ចាត់​វិធានការ​យ៉ាង​ឆាប់​រហ័ស និង​បន្តបន្ទាប់​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ផ្អាក​កម្មវិធី និង​អាជ្ញាប័ណ្ណ​វិទ្យុ​ដែល​ចាក់​ផ្សាយ​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD) និង​កម្មវិធី​នយោបាយ​របស់​បក្ស​ប្រឆាំង ការ​គំរាម​បិទ​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​ការ​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ចេញ​ពី​កម្ពុជា ក្នុង​រយៈពេល ៧​ថ្ងៃ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ សីហា នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​ខ្លួន ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា អះអាង​ថា នៅ​ពេល​និយាយ​ពី​បញ្ហា​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ រួម​បញ្ចូល​ទាំង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​នៃ​ការ​ចូលរួម និង​កាតព្វកិច្ច​ផ្សេងៗ​ទៀត កម្ពុជា មិន​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​កុមារភាព​ទៀត​ទេ ពោល​គឺ​កម្ពុជា មាន​ភាព​ចាស់​ទុំ​គ្រប់គ្រាន់​ក្នុង​ការ​ប្រឈម​ដោះស្រាយ​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ត្រូវការ​ការ​ប្រៀន​ប្រដៅ​គ្រប់​បែប​យ៉ាង​នោះ​ឡើយ។

ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បកស្រាយ​ថា ការ​វិវឌ្ឍន៍​ថ្មីៗ​នៃ​សភាពការណ៍​នៅ​កម្ពុជា ដូចជា​ការ​បិទ​ការ​ផ្សាយ​របស់​វិទ្យុ​ក្នុង​ស្រុក​ជិត ២០​ស្ថានីយ ការ​គំរាម​បិទ​កាសែត​ភាសា​អង់គ្លេស ឌឹ ខេមបូឌា ដេលី និង​ការ​បិទ​អង្គការ NDI ជាដើម​នោះ មិន​មែន​ជា​ការ​គំរាម​កំហែង​ស្ថាប័ន​ទាំងនោះ​ទេ តែ​វា​ជា​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​បទបញ្ញត្តិ​នានា។ ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា បដិសេធ​ថា វិធានការ​ទាំងនេះ​មិន​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ឆ្នាំ​ក្រោយ​ដូច​ដែល​អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) បាន​លើក​ឡើង​នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី​២៥ សីហា កន្លង​ទៅ អ្នក​នាំ​ពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អ្នកស្រី លីហ្ស ស្រូសហ្សែលល៍ (Liz Throssell) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សង្ខេប​មួយ ដោយ​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​កាន់​តែ​យ៉ាប់យ៉ឺន​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដោយសារ​ចំណាត់ការ​ដ៏​លឿន​រហ័ស​នៃ​រដ្ឋាភិបាល​កម្ពុជា។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ធានា​ឲ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ និង​សេរីភាព​សារព័ត៌មាន​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ។ ស្ថាប័ន​សិទ្ធិ​មនុស្ស​អន្តរជាតិ​កំពូល​មួយ​នេះ ក៏​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានា​នូវ​ដំណើរការ​អនុវត្ត​នីតិវិធី​ដោយ​ត្រឹមត្រូវ​ចំពោះ​រាល់​ចំណាត់ការ​របស់​ខ្លួន ដែល​បាន​ដាក់​ចេញ រាប់​ទាំង​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍ ហើយ​ក៏​សូម​ឲ្យ​គោរព​សិទ្ធិ​សេរីភាព​នៃ​ជួប​ប្រជុំ និង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ផង​ដែរ។

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Sorn Chanratha

អ្នក​វិភាគ​នយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ មើល​ឃើញ​ថា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ លំហ​នៃ​សេរីភាព​បញ្ចេញ​មតិ និង​សារព័ត៌មាន​នៅ​កម្ពុជា កាន់​តែ​រួម​តូច ចំណែក​ឯ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​មាន​កាន់​តែ​តិច​ទៅៗ ដោយសារ​តែ​វិធានការ​របស់​រដ្ឋាភិបាល។

លោក​អះអាង​ថា ប្រឈម​មុខ​នឹង​បញ្ហា​បែប​នេះ អង្គការ​សហប្រជាជាតិ អាច​ធ្វើ​សេចក្តី​ថ្លែងការណ៍​នានា​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​ដូច​ដែល​មាន​ចែង​ក្នុង​សន្ធិសញ្ញា និង​កតិកាសញ្ញា​នានា​ស្តី​អំពី​សិទ្ធិ​មនុស្ស ដោយសារ​កម្ពុជា គឺ​ជា​ភាគី​ហត្ថលេខី​នៃ​បទដ្ឋាន​អន្តរជាតិ​ទាំងនោះ។ ចំណែក​ឯ​ភាគី​កម្ពុជា ក៏​មាន​សិទ្ធិ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សហប្រជាជាតិ វិញ​ដែរ តាម​រយៈ​ការ​ផ្តល់​ភស្តុតាង​ដែល​ឆ្លុះ​បញ្ចាំង​ការពិត​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង។

អ្នក​វិភាគ​នយោបាយ​រូប​នេះ ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ពិនិត្យ​ឡើង​វិញ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ ដើម្បី​កុំ​ឲ្យ​ការ​អនុវត្ត​ទាំងនោះ​ផ្ទុយ​ពី​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​នានា«យើង​ផ្ទៀងផ្ទាត់​ទៅ​ថា​សកម្មភាព​ទាំង​ប៉ុន្មាន​របស់​រដ្ឋាភិបាល តើ​វា​ត្រឹមត្រូវ និង​សមស្រប​នឹង​អ្វីៗ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង​ឬ​ទេ រឿង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​និង​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​កតិកាសញ្ញា​អន្តរជាតិ និង​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​ដែល​យើង​ទទួល​ស្គាល់ និង​សន្យា​ថា​អនុវត្ត​តាម»

ស្ថានភាព​សិទ្ធិ​មនុស្ស និង​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅ​ពេល​នេះ បាន​ដើរ​មក​ដល់​ដំណាក់កាល​មួយ​ដែល​សហគមន៍​ជាតិ និង​អន្តជាតិ បាន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់ៗ និង​លើក​ឡើង​ពី​ក្តី​ព្រួយ​បារម្ភ​របស់​ពួក​គេ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា បាន​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ ចេញ​ពី​កម្ពុជា ដោយ​ដាក់​ឱសានវាទ​មិន​ឲ្យ​ហួស​ពី​មួយ​សប្ដាហ៍ គំរាម​បិទ​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី និង​បញ្ឈប់​សកម្មភាព​របស់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​ជាច្រើន ដែល​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី (RFA) វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក វីអូអេ (VOA) វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី (VOD) និង​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រឆាំង ដោយ​ខាង​ក្រសួង​ព័ត៌មាន អះអាង​ថា ស្ថានីយ​វិទ្យុ​ទាំងនោះ​រំលោភ​លើ​ការ​ណែនាំ​របស់​ក្រសួង។

សហគមន៍​ជាតិ និង​អន្តរជាតិ រិះគន់​ថា នេះ​ជា​ការ​ព្យាយាម​បំបិទ​សំឡេង​អ្នក​ឯករាជ្យ និង​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា ដែល​ជា​ការ​ធ្លាក់​ចុះ​ដុនដាប​នៃ​បរិយាកាស​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ពួក​គេ​អំពាវនាវ​យ៉ាង​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​នូវ​យុទ្ធនាការ​ធ្វើ​បាប សម្លុត​បំភ័យ និង​គំរាម​កំហែង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក


ស្តាប់សំដីរបស់អ្នកការទូតខ្មែរចុះព្រះម្ចាស់ តើខ្មែរយកមុខទៅទុកឯណា! អញ្ចឹងហើយបានជាប្រទេសដ៍ទៃទៀតគេមាក់ងាយខ្មែរ។ ចោទ អ.ស.ប. ថាគេ “មិនផ្អែកទៅលើការពិត” តែយកពាក្យ “ចចាមអារ៉ាម” មកធ្វើជាការពិតវិញ ថែមទាំងលាបពណ៍គេថាជារឿងនយោបាយ។ ដូច្នេះចង់និយាយថា មានតែរបបផ្តាច់ការ ហ៊ុន សែន ទេដែលស្គាល់ការពិត ក្រៅពីរបបនេះគេមិនស្គាល់ការពិតទាំងអស់មែនទេ? អញ្ចឹងតើបានជាប្រទេសគេរីកចម្រើនដើរទៅមុខមុនខ្មែររាប់ពាន់ឆ្នាំ។ ចាប់កូនក្មេងលេងហ្វេសប៊ុកដាក់គុករាល់ថ្ងៃថាខ្លួនជាអ្នកចាស់ទុំ គួរឲ្យអស់សំណើចណាស់អ្នកចាស់ទុំអើយ!

សូមជំរាបថា ប្រទេសជឿនលឿនដែលមិនស្គាល់ការពិតគេមិនប្រើគោភ្ជួរដីដូចខ្មែរដែលស្គាល់ការពិតនោះទេ គេប្រើមាស៊ីន។ ខ្មែរស្គាល់ការពិតនៃរបៀបធ្វើម៉ាស៊ីនភ្ជួរហើយឬនៅ ឬមួយក៍ទិញពីគេ? គេមិនយកធ្នូបាញ់ខ្មាំងទេ គេយកមីស៊ីល គេមិនប្រដៅកម្ពុជាទេ គេថាចំៗ ឃើញខុសថាខុសត្រូវថាត្រូវ បើខ្លួនខុសហើយ ប្រាប់គេថា “ខ្ញុំខុសហើយលោកស្រី” ឬមួយក៍រឹងមាត់និយាយមិនចេញ?

រាល់ពេលឆ្លើយតបទៅ អ.ស.ប. យកពាក្យកូនក្មេងមកនិយាយដ៍ដែលៗ។ សូមឲ្យមានគំនិតចាស់ទុំខ្លះផងបានទេអ្នកចាស់ទុំ?

Aug 29, 2017 08:55 PM

ចំរើន

ពី បាវិត

ទោះបីគេរាល់គ្នាថាលាមកស្អុយ ក៏រដ្ឋាភិបាលខ្មែរថាលាមកក្រអូបដែរ,បើគេរាល់គ្នាថាថ្ងៃរះពីទិសខាងកើត ក៏រដ្ឋាភិបាលខ្មែរថាថ្ងៃរះពីទិសខាងលិចដែរ .

Aug 29, 2017 01:42 PM

អ្នក​អាន​អនាមិក

Hun Sen govt has done the same way Sihanouk did it in 1963 because if Hun Sen doesn't kick those radios or organization out, Hun Sen cannot hide his evil acts against Khmer innocent people.

Aug 29, 2017 10:06 AM

គេហទំព័រ​ទាំងមូល