តុលាការ​រាជធានី​ភ្នំពេញ​​​ចេញ​ដី​បញ្ជា​ឱ្យ​នាំ​ខ្លួន​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​ចូល​បំភ្លឺ​រឿង​តវ៉ា​ឱ្យ​ដោះលែង​លោក ​ រ៉ុង​ ឈុន

0:00 / 0:00

តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បញ្ជា​ឱ្យ​សមត្ថកិច្ច​នាំ​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ចូល​បំភ្លឺ​​ប៉ូលិស​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​​ រឿង​ចូល​រួម​តវ៉ា​ឱ្យ​ទាមទារ​តុលាការ​ដោះលែង​លោក រ៉ុង ឈុន​ កាល​ពី​ថ្ងៃ​ទី​១៣​សីហា។​ ​មន្ត្រី​​គណបក្ស​ប្រឆាំង​ ​ចាត់ទុក​​​ចំណាត់​ការ​របស់​តុលាការ​នេះ​ ថា ជា​ការ​ធ្វើ​​​ផ្គាប់​ចិត្ត​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ដើម្បី​បាន​បន្ត​​អំណាច​​ទៅ​មុខ​។

ប្រធាន​យុវជន​​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជធានី​ភ្នំពេញ​​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ លោក ឃិន រឿន ​ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​២១ សីហា​ថា វិធានការ​របស់​តុលាការ​​ចំពោះ​សកម្មជន​បក្ស​ប្រឆាំង​នេះ​ ពុំ​មែន​ជា​ការ​​អនុវត្ត​វត្ត​ច្បាប់​នោះ​ឡើយ។​លោក​បន្ត​ថា​ ​​សមាជិក​ក្រុម​ប្រឹក្សា​ខណ្ឌ​ដូនពេញ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក​ ប៉ែន ច័ន្ទ​សង្គ្រាម គឺ​ជា​មនុស្ស​ស្លូតត្រង់​ ដែល​តែង​តែ​ខ្វល់ខ្វាយ​អំពី​រឿង​ជាតិ​​ ដោយ​ពុំ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​​អ្វី​ឡើយ។ លោក​បន្ថែម​ថា​ លោក​ ប៉ែន ច័ន្ទ​សង្គ្រាម​ បាន​គេច​ខ្លួន​រក​កន្លែង​សុវត្ថិភាព​​ហើយ​ ​បន្ទាប់​ពី​លោក​បាន​ទទួល​ដំណឹង​តុលាការ​​បញ្ជា​ឱ្យ​ប៉ូលិស​នាំ​ខ្លួន​លោក​ចូល​បំភ្លឺ​ដោយ​អយុត្តិធម៌​។ មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​​បញ្ជាក់​ថា ​ការ​រត់​គេច​ខ្លួន​នេះ​ពុំ​មែន​លោក​ភ័យ​ខ្លាច​នោះ​ទេ ប៉ុន្តែ​​​ដោយសារ​លោក​ចង់​រក្សា​ធនធាន​មនុស្ស​​ដើម្បី​ចូល​រួម​​តស៊ូ​មតិ​ទាមទារ​យុត្តិធម៌​សង្គម​នៅ​ថ្ងៃ​ក្រោយ​ទៀត៖ «តុលាការ​ស្រុក​ខ្មែរ​ជា​តុលាការ​តេឡេ​ ធ្វើ​តាម​ការ​បញ្ជា​របស់​លោក​ ហ៊ុន សែន ទាំង​អស់​ បញ្ជា​ឱ្យ​ចាប់​គឺ​ចាប់​​ព្រោះ​ថ្មី​នេះ​លោក​ហ៊ុន សែន​ បាន​បញ្ជា​ឱ្យ​ចាប់​ប្រធាន​គណបក្ស​មួយ​ គឺ​លោក សួង សុភ័ណ​ គឺ​លោក​ហ៊ុន​ សែន​ និយាយ​ផ្ទាល់​មាត់​។អីចឹង​ស្រុក​ខ្មែរ​វា​គ្មាន​ភាព​ឯករាជ្យ​ ដែល​យើង​តែង​ថា​ជា​ប្រទេស​ប្រធាន​អធិបតេយ្យ​​សេរីភាព​ពហុបក្ស​ហ្នឹង​គឺ​នៅ​តែ​លើ​ក្រដាស​សៀវភៅ​ ប៉ុន្តែ​អនុវត្តន៍​ផ្ទាល់​គឺ​ផ្ដាច់​ការ​កុម្មុយនិស្ត​តែម្ដង»

កាល​ពី​ថ្ងៃ​ទី​១៣​សីហា​​​មន្ត្រី​គណបក្ស​ប្រឆាំង​ លោក ប៉ែន ច័ន្ទ​សង្គ្រាម ចូល​រួម​តវ៉ា​ជា​មួយ​ក្រុម​យុវជន​ខ្មែរ​ថាវរៈ​​​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន។ ក្នុង​ពេល​តវ៉ា​នោះ លោក​បាន​​​និយាយ​​​ចំពោះ​មុខ​អាជ្ញាធរ ​ដោយ​អំពាវនាវ​ឱ្យ​រួម​គ្នា​​ស្រលាញ់​ជាតិ និង​កុំ​ឱ្យ​បើ​ហិង្សា​បង្ក្រាប​ក្រុម​បាតុករ៖ «អ្នក​បញ្ជា​អ្នក​លោក​ហ្នឹង​គឺ​អ្នក​ដែល​មាន​វីឡា​ស្ដុកស្ដម្ភ​ អ្នក​ដែល​មាន​ឡាន​ជិះ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​ គឺ​ជា​អ្នក​បញ្ជា​មក​បំបិទ​មាត់​នូវ​យុត្តិធម៌​ទាំង​ហ្នឹង។ ពួក​ខ្ញុំ​​មក​ទី​នេះ​ខ្ញុំ​ចង់​ប្រាប់​អស់​លោក​ឱ្យ​ខ្លី​ថា​ បើ​អត់​មាន​បញ្ហា​ខ្ញុំ​មិន​ចង់​យក​ក្បាល​ខ្ញុំ​មក​រង​នឹង​ដំបូង​និង​ស្បែកជើង​របស់​លោក​ទេ»

​​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក សេង ហៀង បញ្ជា​ឱ្យ​​​​ប៉ូលិស​នាំ​ខ្លួន​ លោក ប៉ែន ច័ន្ទ​សង្គ្រាម ​រស់​នៅ​ខណ្ឌ​ឫស្សីកែវ​ចូល​ទៅ​បង្ហាញ​ខ្លួន​នៅ​ការិយាល័យ​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឱ្យ​បាន​មុន​ថ្ងៃ​ទី​៧ ខែកញ្ញា ខាង​មុខ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។

គិត​មក​ដល់​ពេល​នេះ អ្នក​តស៊ូ​មតិ​ដោយ​អហិង្សា​ទាមទារ​ឱ្យ​ដោះ​លែង​លោក រ៉ុង ឈុន មាន​ចំនួន ៦ នាក់​ហើយ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ ក្នុង​នោះ​មាន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់ យុវជន​ខ្មែរ​ថាវរៈ​២​នាក់ និង​ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ លោក សួង សុភ័ណ្ឌ ម្នាក់។ រីឯ​យុវជន​៦នាក់​ទៀត ត្រូវ​បាន​អាជ្ញាធរ​បង្ខំ​ឲ្យ​ធ្វើ​កិច្ច​សន្យា​ឈប់​ចូលរួម​តវ៉ា។ ជាមួយ​គ្នា​នោះ ព្រះសង្ឃ​ចំនួន ៨អង្គ មក​ពី​ខេត្ត​បាត់ដំបង ដើម្បី​ចូលរួម​ការ​តវ៉ា​ក៏​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បង្ខំ​ឱ្យ​និមន្ត​ត្រឡប់​ទៅ​វិញ។ ក្នុង​គ្រា​នោះ ព្រះសង្ឃ​៦​អង្គ ដែល​ធ្លាប់​បាន​ចូលរួម​ការ​តវ៉ា​នេះ ក៏​ត្រូវ​បាន​រាយការណ៍​ថា ភៀស​ព្រះកាយ​ដោយ​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​ពី​សុវត្ថិភាព ខណៈ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ​អ្នកស្រី អ៊ុក ឆាយ៉ាវី ដែល​ជា​ដឹក​នាំ​តវ៉ា​ឲ្យ​ដោះ​លែង​លោក រ៉ុង ឈុន ក៏​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ទាញ​ម៉ូតូ​ផ្ដួល​បណ្ដាល​ឲ្យ​របួស​ធ្ងន់។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ លោក នី សុខា ​មាន​ប្រសាសន៍​ថា​ ចំណាត់​ការ​របស់​តុលាការ​នេះ ​​ជា​ការ​គំរាមកំហែង​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ​ដោយ​ខុស​ច្បាប់​ ពីព្រោះ​​​​​​​ការ​ចូល​រួម​តវ៉ា គឺ​​ជា​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​​ស្របតាម​រដ្ឋធម្មនុញ្ញ៖ «ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​គឺ​គេ​គោរព​ទៅ​លើ​សិទ្ធិ​បញ្ចេញ​មតិ​ ទៅ​លើ​សេរីភាព​ក្នុង​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​។ប៉ុន្តែ​យើង​​អនុវត្ត​ច្បាប់​យ៉ាង​ម៉េច​បើ​សិន​ជា​យើង​ទៅ​រឹតត្បិត​​សេរីភាព​ទាំង​អស់​ហ្នឹង​ម៉េច​គេ​ហៅ​ថា​ការ​អនុវត្ត​ច្បាប់​ទៅ​កើត​ ដូច្នេះ​នេះ​មិន​មែន​ជា​ការ​អនុវត្ត​ច្បាប់​ទេ​។ ដូច្នេះ​ហើយ​​បាន​យើង​ទទូច​ស្នើ​ឱ្យ​រដ្ឋាភិបាល​ឈប់​បន្ត​សកម្មភាព​ហ្នឹង​បន្ត​ទៅ​ទៀត​។ នេះ​ជា​សកម្មភាព​មួយ​ដែល​យើង​ចាត់​ទុក​សកម្មភាព​ក្នុង​ការ​​គំរាមកំហែង​ បំភិតបំភ័យ ចំពោះ​អ្នក​ហ៊ាន​ចូល​រួម​ចំណែក​ការ​កសាង​​សង្គម​ទៅ​វិញ​ទេ»

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក ប៉ែន ច័ន្ទ​សង្គ្រាម​ ធ្លាប់​ភៀសខ្លួន​​ទៅ​ប្រទេស​​ថៃ​ជិត​មួយ​​ឆ្នាំ​ម្ដង​រួច​មក​ហើយ ​អំឡុង​ឆ្នាំ២០១៩ ដោយសារ​អាជ្ញាធរ​តាម​ធ្វើ​ទុក្ខបុកម្នេញ​រូប​លោក​​។ ​ប៉ុន្តែ​លោក​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​​ បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​​​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​​ទាំង​អស់​​​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​ពុំ​​មាន​ការ​ចាប់​ចង​ កាល​ពី​​ចុង​ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។