សង្គមស៊ីវិល និងពលរដ្ឋខេត្តព្រះសីហនុស្នើទៅរបបលោក ហ៊ុន សែន និងអាជ្ញាធរខេត្តព្រះសីហនុពិនិត្យនិងពិចារណាឡើងវិញ ចំពោះការកាត់ដីព្រែកទប់ជិត ១២ហិកតារ ចេញពីដីអភិរក្សដែលអាចបណ្ដាលប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។
សង្គមស៊ីវិល និងពលរដ្ឋនៅខេត្តព្រះសីហនុ ជាពិសេសពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុបានអះអាងថា ការបាត់បង់ប្រពន្ធទឹកសំខាន់នេះ នឹងធ្វើឲ្យបញ្ហាខ្វះទឹកសាបប្រើប្រាស់កាន់ធ្ងន់ធ្ងរឡើង។
ពួកគេលើកឡើងថា បឹងព្រែកទប់ជាប្រភពទឹកមួយដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់នៅក្នុងខេត្តនេះ។
ម្ចាស់ផ្ទះសំណាក់នៅខេត្តព្រះសីហនុម្នាក់លោក សំ ដំឌិន ឲ្យអាស៊ីសេរី ដឹងកាលថ្ងៃទី១៩ ខែតុលាថា ការផ្គត់ផ្គង់ទឹកសាបសព្វថ្ងៃនេះមិនបានគ្រប់គ្រាន់ទេគឺទឹកចេញមកតិចៗ មានពេលខ្លះទឹកនោះកខ្វក់ថែមទៀតផង។ លោកបន្តថា ប្រភពទឹកស្អាតដែលចេញពីតំបន់ក្បាលឆាយ សម្រាប់ផ្គត់ផ្គង់នៅក្រុងព្រះសីហនុរាល់ថ្ងៃនេះ មិនគ្រប់គ្រាន់ទៅនឹងតម្រូវការនៅក្នុងក្រុងនោះទេ៖ «បើអស់បឹងព្រែកទប់មិនដឹងទៅរកទឹកនៅឯណាទេ និយាយតាមត្រង់នៅម្តុំអូរឈើទាលម៉ោង១២យប់ បានមានទឹកប្រើ ក្រៅពីនឹងគឺអត់ហើយពេលថ្ងៃអីជួនកាលមានជួនកាលអត់»។
ពលរដ្ឋម្នាក់ទៀតលោក ស៊ុន សុផាត បារម្ភថា នៅរដូវប្រាំងពលរដ្ឋនឹងខ្វះខាតទឹកប្រើប្រាស់បន្ថែមទៀតដោយសារតែបាត់បង់បឹងធម្មជាតិ។ លោកស្នើទៅរបបលោក ហ៊ុន សែន អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធស្រាវជ្រាវឡើងវិញពីផលប៉ះពាល់នៃការកាត់ដីបឹងព្រែកទប់ ជិត១២ហិកតារចេញពីដីអភិរក្ស៖ «យើងខ្ញុំជាពលរដ្ឋព្រួយបារម្ភណាស់ចំពោះបញ្ហាកង្វះទឹកប្រើប្រាស់នៅរដូវប្រាំង ស្នើទៅរដ្ឋាភិបាលឲ្យគាត់ពិនិត្យមើលលិខិតដែលកំណត់កាត់ដី ១២ហិកតារនឹងដើម្បីស្រាវជ្រាវឡើងវិញ»។
របបលោក ហ៊ុន សែន បានកាត់ដីជិត ១២ហិកតារ (១១,៥០ហិកតារ) ចេញពីតំបន់អភិរក្សទឹកសាបព្រែកទប់ដែលស្ថិតក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយរក្សាទុកផ្ទៃដីទំហំ ៤,៨០ហិកតារប៉ុណ្ណោះសម្រាប់ជាតំបន់អភិរក្ស។
អាស៊ីមិនទាន់មានប្រភពពីមន្ត្រីរដ្ឋាករទឹកខេត្តព្រះសីហនុ ដើម្បីឆ្លើយបំភ្លឺបាននៅឡើយទេ នៅថ្ងៃទី២០ ខែតុលា រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែតុលា បានសរសេរក្នុងទំព័រហ្វេសបុក (Facebook) ប្រាប់ទៅពលរដ្ឋកុំឲ្យមានការបារម្ភពីកង្វះទឹកស្អាតប្រើប្រាស់ ដោយអះអាងថា ប្រភពទឹកស្អាតដែលត្រូវផ្គត់ផ្គង់ឲ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ ត្រូវបានយកចេញពីអាងស្តុកទឹកតំបន់ក្បាលឆាយដែលជាប្រភពទឹកធម្មជាតិ និងមានវិសាលភាពផ្គត់ផ្គង់គ្រប់គ្រាន់នឹងមិនបង្កឲ្យមានក្តីបារម្ភ ដោយសារតែបឹងព្រែកទប់ បានគោករាក់និងបាត់បង់គុណភាព។
ទោះបីជាយ៉ាងណា អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ថា ប្រភពទឹកពីតំបន់ក្បាលឆាយមិនអាចផ្ដល់ទឹក គ្រប់គ្រាន់ដល់តម្រូវការពលរដ្ឋបាននោះទេ៖ «យើងសង្ឃឹមថា ប្រភពទឹកពីក្បាលហ្នឹងតើគ្រប់គ្រាន់ឲ្យយើងប្រើអត់ក្បាលឆាយរដូវប្រាំងអត់មានទឹកទេ ហើយដីតំបន់នោះកំពុងរកការទន្ទ្រានយកទៀត ពួកខ្ញុំឃើញអនុក្រឹត្យនោះយើងខ្ញុំព្រួយបារម្ភមែនទែន»។
អ្នកស្រី ជៀប សុធារី ឲ្យដឹងទៀតថា ភូមិសាស្ត្រខេត្តព្រះសីហនុ តំបន់ខ្លះជីកអណ្ដូងមិនចេញ ទឹក ឬប្រើមិនកើត។ សង្គមស៊ីវិលរូបនេះ ទទូចដល់របបក្រុងភ្នំពេញពិនិត្យឡើងវិញ និងចុះមកស្រាវជ្រាវពីសារៈសំខាន់នៃបឹងព្រែកទប់នេះ៖ «ខេត្តព្រះសីហនុនេះជីកអណ្ដូងចេញដោយកន្លែងហើយសំបូរជាតិអាសូនិកច្រើនដែលយើងមិនអាចយកប្រើដើម្បីហូបចុកបានទេ ព្រោះសារជាតិនេះ ធ្វើឲ្យគ្រោះក្នុងតម្រងនោមហើយខូចក្រពះទៀត ហើយកន្លែងខ្លះទឹកជីកមកខាប់ កន្លែងខ្លះទៀតជីកចេញតែខែវស្សាទេ ខែប្រាំងអត់មានទៀត»។
អភិបាលខេត្ត លោក យន្ត មីន បដិសេធធ្វើអតា្ថធិប្បាយជុំវិញក្តីបារម្ភរបស់ពលរដ្ឋ នៅពេលអាស៊ីសេរីសាកសួរ។
ប៉ុន្តែ ហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨ ខែតុលា បានសរសេរថា ទឹកបឹងព្រែកទប់ លែងជាប្រភពផ្គត់ផ្គង់ទឹកស្អាតសម្រាប់ក្រុងព្រះសីហនុប្រើប្រាស់ទៀតហើយ ព្រោះរបបលោក ហ៊ុន សែន បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនដោយកាត់ផ្ទៃដីមួយចំណែក សម្រាប់ធ្វើការអភិវឌ្ឍ និងមួយភាគធំទៀតសម្រាប់ កែលម្អឲ្យទៅជាសួនរមណីយដ្ឋានទេសចរណ៍។
អ្នកនាំពាក្យរបបលោក ហ៊ុន សែន លោក ផៃ ស៊ីផាន និយាយថា របបក្រុងភ្នំពេញ នៅតែបើកចំហរភាពជាដៃគូរវាងពលរដ្ឋ និងសង្គមស៊ីវិល ដូច្នេះលោកថា បើសង្គមស៊ីវិល និងពលរដ្ឋមានការព្រួយបារម្ភចំពោះការកាត់ដីបឹងព្រែកទប់នេះ ពួកគេអាចដាក់ញត្តិទៅសាលាខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធដើម្បីពិនិត្យឡើងវិញលើអនុក្រឹត្យនៃការកាត់ដីបឹងព្រែកទប់នេះ៖ «យោបល់ខ្ញុំគួរធ្វើញត្តិមួយទៅសាលាខេត្តទៅក្រសួងដែនដី ដើម្បីសុំឲ្យមានការពិចារណាឡើងវិញ ខ្ញុំគាំទ្រនូវការបញ្ចេញយោបល់សង្គមស៊ីវិលទៅនឹងការយកចិត្តទុកចំពោះបញ្ហាទឹកហ្នឹងណា»។
មុននឹងរបបលោក ហ៊ុន សែន ចេញអនុក្រឹត្យកាត់ដីជិត ១២ហិកតារចេញពីតំបន់អភិរក្សទឹកសាបព្រែកទប់នេះ មន្ត្រីជាន់ខ្ពស់នៃរបបនេះ និងមន្ត្រីជាន់ខ្ពស់នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងឈ្មួញរកស៊ីដីមួយចំនួនបាននាំគ្នារំលោភយកដីបឹងព្រែកនេះ ហើយក៏គ្មានស្ថាប័នណាចេញមុខបង្ក្រាបករណីនេះទេ។
ពលរដ្ឋ និងសង្គមស៊ីវិលយល់ថា ការកាត់ផ្ទៃដីព្រែកទប់ដ៏ធំធេងចេញពីតំបន់អភិរក្សនេះអាចជាប់ពាក់ព័ន្ធនិងតម្លៃដីនៅក្នុងតំបន់នេះ ព្រោះបឹងព្រែកទប់ ស្ថិតនៅកណ្ដាលក្រុងព្រះសីហនុហើយហាងឆេងដីនៅតំបន់នេះមានតម្លៃប្រមាណ ២.០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ខណៈដីនៅក្នុងខេត្តនេះកំពុងឡើងថ្លៃកប់ពពក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
