លោក សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​ថា​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី

ដោយ ម៉ម មុនីរតន៍
2016.08.03
សម រង្ស៊ី ៨៥៥ ២០១៥ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។
RFA/Brach Chev

ប្រធាន​គណបក្ស​ប្រឆាំង​អះអាង​ថា លោក​នឹង​មិន​រាថយ​ឡើយ​ចំពោះ​ការ​ចោទ​ប្រកាន់​រដ្ឋាភិបាល ថា​ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី។ មន្ត្រី​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច សប្បាយ​ចិត្ត​ចំពោះ​ភាព​ស្មោះ​ត្រង់ និង​ការ​មិន​គេចវេះ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់នៅ​ដោយ​និរទេស​ខ្លួន នៅ​តែ​ប្រកាន់​ជំហរ​មិន​ចុះ​ញ៉ម​ឡើយ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ខណៈ​លោក ហ៊ុន សែន សម្រេច​ប្ដឹង​ប្រឆាំង​ការ​លើក​ឡើង​នេះ​រួច​ហើយ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ។

នៅ​ក្នុង​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល​របស់​លោក សម រង្ស៊ី ដែល​អាស៊ីសេរី ទទួល​បាន​សរសេរ​ថា លោក​នៅ​តែ​មាន​ជំនឿ​ថា រដ្ឋាភិបាល​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតក​ដែល​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី។ លោក សម រង្ស៊ី ប្រៀបធៀប​ថា បញ្ហា​នេះ​មិន​ខុស​ពី​ព្រឹត្តិការណ៍​គប់​គ្រាប់បែក​កាល​ពី​ឆ្នាំ​១៩៩៧ ដែល​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ១៦​នាក់​ស្លាប់។ នៅ​មាន​ករណី​បន្ថែម​ទៀត ដូចជា​ឃាតកម្ម​លើ​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​២០០៤ និង​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កាល​ពី​ឆ្នាំ​២០១២ ជាដើម។ ស្ថិត​ក្រោម​ហេតុផល​នេះ លោក សម រង្ស៊ី ហៅ​ថា​ជា​អំពើ​ភេរវកម្ម​ដែល​រៀបចំ​ដោយ​រដ្ឋ​អំណាច។

ប្រតិកម្ម​នឹង​ការ​ចោទ​ប្រកាន់​នេះ មន្ត្រី​នាំ​ពាក្យ​គណបក្ស​គ្រប់គ្រង​អំណាច លោក សុខ ឥសាន យល់​ឃើញ​ថា នេះ​ជា​ភាព​ក្លាហាន​មួយ​របស់​លោក សម រង្ស៊ី ដែល​ហ៊ាន​ប្រឈម​មុខ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក។ លោក​បន្ត​ថា ការ​ចេញ​មុខ​មិន​រាថយ​បែប​នេះ មាន​ន័យ​ថា​ជា​ការ​បើក​ផ្លូវ​ឲ្យ​តុលាការ ចាត់​វិធានការ និង​តតាំង​គ្នា​តាម​ផ្លូវ​ច្បាប់។ លោក សុខ ឥសាន ឲ្យ​ដឹង​ទៀត​ថា អ្វី​ដែល​លោក​ព្រួយ​បារម្ភ​នោះ គឺ​ខ្លាច​ក្រែង​តែ​មេ​ដឹកនាំ​បក្ស​ប្រឆាំង គេចវេះ​មិន​ហ៊ាន​ទទួល​ខុស​ត្រូវ​ពី​ទង្វើ​របស់​ខ្លួន​ដូច​កន្លង​ទៅ​ប៉ុណ្ណោះ។ លោក​បន្ត​ថា «ខ្ញុំ​មាន​ការ​ត្រេកអរ​ដែល​គាត់​ទទួល​ស្គាល់ ហើយ​មិន​កែប្រែ​ពាក្យ​សម្ដី​គាត់​ធ្លាប់​ធ្វើ​កន្លង​ទៅ។ ឥឡូវ​នេះ យើង​ដឹង​ហើយ​គាត់​ទទួល​ស្គាល់​ពាក្យ​សម្ដី​របស់​គាត់ ដែល​បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​គាត់។ អ៊ីចឹង​ទេ​ខ្ញុំ​យល់​ថា ជា​ការ​ល្អ​ហើយ​គាត់​ត្រូវ​តែ​មក​តទល់​ជាមួយ​ពាក្យ​បន្តឹង​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន ចំពោះ​មុខ​តុលាការ»

ដោយឡែក លោក សម រង្ស៊ី នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។ នៅ​ក្នុង​សារ​នយោបាយ​ដ៏​វែង​របស់​លោក​សរសេរ​ថា ប្រមុខ​ដឹកនាំ​បក្ស​ប្រឆាំង​យល់​ឃើញ​ថា មិន​មាន​មូលហេតុ​អ្វី​ផ្សេង​ពី​នេះ ដែល​អាច​ពន្យល់​ពី​ឃាតកម្ម​ទាំងអស់​នោះ​បាន​ឡើយ។ លោក​បន្ថែម​ថា ឈរ​លើ​លក្ខណៈ​សម្គាល់ គឺ​ដូច​គ្នា​ចំពោះ​ការ​ជ្រើសរើស​មុខ​សញ្ញា និង​ការ​ជ្រើសរើស​របៀប​បាញ់​សម្លាប់​ជន​រងគ្រោះ។ ម្យ៉ាង​វិញ​ទៀត មាន​តែ​រដ្ឋាភិបាល​ទេ​ដែល​មាន​មធ្យោបាយ និង​មាន​លទ្ធភាព​វាយ​ប្រហារ​បែប​នេះ ហើយ​បិទ​បាំង​ការ​ពិត និង​ធានា​ឲ្យ​មាន​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ចំពោះ​ជន​ដៃ​ដល់ និង​អ្នក​នៅ​ពី​ក្រោយ។

ជុំវិញ​បញ្ហា​ចំពោះ​មុខ​នេះ អ្នក​ឃ្លាំ​មើល​ស្ថានភាព​នយោបាយ​យល់​ឃើញ​ថា អ្នក​នយោបាយ​មិន​ត្រូវ​ចាប់​ថ្នាក់​គ្នា​មុន​ពេល​មិន​ទាន់​បាន​ឃើញ​ស​ខ្មៅ​នៅ​ឡើយ​នោះ​ទេ។

លោក​បណ្ឌិត មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម មាន​ប្រសាសន៍​ថា នេះ​វា​ហាក់​ដូចជា​ប្រញាប់​ណាស់​ពេក​ហើយ ដែល​អ្នក​នយោបាយ​រក​ត្រូវ​រៀង​ខ្លួន​ក្នុង​អំពើ​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី នេះ។ លោក មាស នី ហៅ​ការ​ចង់​ឈ្នះ​ចាញ់​គ្នា​របស់​បក្ស​ទាំង​ពីរ​នេះ ថា​ជា​ការ​បង្ហាញ​ពី​ភាព​មិន​រឹងមាំ​របស់​ខ្លួន​ទៅ​វិញ​ទេ។ លោក​បន្ត​ថា «យើង​មើល​ទៅ​គណបក្ស​នយោបាយ​ទាំង​ពីរ​ក្នុង​ករណី​ឃាតកម្ម​លើ​លោក កែម ឡី នេះ គឺ​ស្ថិត​នៅ​លើ​ចំណុច​ខ្សោយ​ទាំង​សង​ខាង។ ក្នុង​ស្ថានភាព​បែប​នេះ បើ​សិន​ជា​ករណី​នៃ​ការ​សម្លាប់​ហ្នឹង​វា​អាច​មាន​អ្នក​ទី​បី​មក​ពី​ក្រៅ​មក​ទៀត គេ​មើល​មក​មេ​ដឹកនាំ​ខ្មែរ​ដូច​សត្វ​អង្ក្រង​អ៊ីចឹង គឺ​ក្ដិច​កន្ទុយ​ឲ្យ​ខាំ​គ្នា ប៉ុន្តែ​មិន​ព្រម​រក​ការ​ពិត»

ទាក់ទង​អំពើ​ឃាតកម្ម​នេះ លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា មាន​ហេតុផល​ពីរ​ដែល​ជា​មន្ទិល​សង្ស័យ​នៃ​ការ​បាញ់​ប្រហារ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ​នេះ។ ទី​១ មិន​មែន​ជា​ការ​បាញ់​ដោយ​ផ្ទាល់​របស់​រដ្ឋាភិបាល តែ​អាច​ជា​ក្រុម​ផ្សេង​ដែល​ប៉ះពាល់​ផល​ប្រយោជន៍ ក្រោយ​លោក​បណ្ឌិត កែម ឡី លាត​ត្រដាង​ការ​ពិត និង​ចំណុច​ទី​២ អាច​ជា​ឥទ្ធិពល​ប្រទេស​ជិត​ខាង​ជា​អ្នក​ធ្វើ ហើយ​ទង្វើ​នេះ​ប្រៀប​ដូច​ក្ដិច​សត្វ​សង្អារ​ឲ្យ​ខាំ​គ្នា។

ជុំវិញ​រឿង​នេះ រដ្ឋាភិបាល​កំពុង​ដំណើរ​ការ​បណ្ដឹង​របស់​ខ្លួន​រួច​ហើយ ដែល​ប្ដឹង​ប្រឆាំង​លោក សម រង្ស៊ី ទៅ​តុលាការ។ ទន្ទឹម​នឹង​នេះ នៅ​មាន​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ទៀត គឺ​អ្នកស្រី ថាក់ ឡានី ក្នុង​សំណុំ​រឿង​ដូច​គ្នា​នេះ ក៏​រដ្ឋាភិបាល​បាន​ប្ដឹង​ដែរ។

បើ​ទោះ​ជា​បែប​ណា ប្រធាន​គណបក្ស​ប្រឆាំង​រក​ឃើញ​ថា ការ​វាយ​ប្រហារ​ទាំងអស់​នេះ គឺ​សំដៅ​ទៅ​ដល់​អ្នក​ដែល​ហ៊ាន​ទិតៀន​រដ្ឋាភិបាល​ខ្លាំង​ជាង​គេ ហើយ​ការ​ទិតៀន​នេះ​ដែល​ជា​គ្រោះថ្នាក់​សម្រាប់​រដ្ឋាភិបាល និង​បក្ស​កាន់​អំណាច។ លើស​ពី​នេះ លោក សម រង្ស៊ី ចាត់​ទុក​ថា ការ​បាញ់​សម្លាប់​នេះ គឺ​ប្រើ​វិធី​បច្ចេកទេស​ដូច​គ្នា​ទាំងអស់ ដូចជា​ការ​តាម​ដាន និង​បាញ់​សម្លាប់​ជន​រងគ្រោះ​ក្នុង​រយៈពេល ២០​ឆ្នាំ​ចុង​ក្រោយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។