គណៈប្រតិភូអឺរ៉ុប បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ មីនា ពាក់ព័ន្ធនឹងការស្វែងរកដំណោះស្រាយបញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA។ ប៉ុន្តែ លោក ហ៊ុន សែន អះអាងថា ជួបអ្នកណាជួបទៅ ប៉ុន្តែសម្រាប់ដំណោះស្រាយរឿង EBA គឺលោកជាអ្នកសម្រេច។ អ្នកវិភាគយល់ថា របបក្រុងភ្នំពេញគួរតែបន្ទន់ឥរិយាបថ និងចាប់ផ្ដើមស្ដារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សឡើងវិញ មុននឹងសហភាពអឺរ៉ុបដាក់ចេញនូវការព្យួរប្រព័ន្ធអនុគ្រោះ EBA ជាផ្លូវការ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ផាត សុផានិត ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា គណៈប្រតិភូអឺរ៉ុប ដែលមកកម្ពុជានៅពេលនេះ គឺមិនមែនមកដក EBA ពីកម្ពុជាទេ ប៉ុន្តែមកធ្វើការជាមួយគ្នា បើកកិច្ចសន្ទនាជាមួយគ្នាស្វែងរកចំណុចរួម និងដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីបម្រើផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។ លោក ផាត សុផានិត បន្តថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានប្រាប់នាយករងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃសហភាពអឺរ៉ុប អ្នកស្រី ផាអូឡា ផេមផេឡូនី (Paola Pampaloni) ថា រដ្ឋាភិបាល កំពុងខិតខំដោះស្រាយបញ្ហានយោបាយ បញ្ហាសិទ្ធិមនុស្ស បញ្ហាសង្គមស៊ីវិល បញ្ហាសិទ្ធិការងារ និងបញ្ហាដីធ្លីជាដើម ទៅតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាល ដែលបានចេញកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ។ លោក ស ខេង ក៏ទទួលស្គាល់ថា ទោះបីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមិនទាន់ល្អក្តី ក៏លោកអះអាងថា កម្ពុជាមិនបោះបង់ផ្លូវលទ្ធិប្រជាធិបតេយ្យនោះទេ។
ដោយឡែកមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន វិញ បានថ្លែងពីកន្លែងជួបជុំជាមួយកម្មករ នៅក្នុងខេត្តពោធិ៍សាត់នៅថ្ងៃដដែលនេះថា លោកមិនខ្វល់រឿងប្រតិភូសហភាពអឺរ៉ុបមកដោះស្រាយរឿង EBA នេះទេ ដោយលោកអះអាងថា ទៅជួបអ្នកណាជួបទៅ ប៉ុន្តែរឿង EBA នេះ គឺលោកជាអ្នកសម្រេច៖ «ប៉ុន្មានថ្ងៃនេះ លឺគេថា បញ្ជូនមកដោះស្រាយរឿង EBA អើ .. មកដោះមក ហ៊ុន សែន ដើរជួបកម្មករនៅតែដើរ ជួបកម្មករ កសិករនៅតែកសិករ។ អ្នកណាធ្វើអីធ្វើហ្នុង។ អ្នកឯងចូលទៅជំនុំជាមួយអ្នកណារឿងអ្នកហ្នុងទៅ តែរឿងសម្រេចចុងក្រោយ គឺ ហ៊ុន សែន តែម្ដង»។
បន្ថែមពីនេះ លោក ហ៊ុន សែន នៅតែថ្លែងថា ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ មិនអាចធ្វើឲ្យប្រទេសកម្ពុជាក្លាយជាអ្នកមាននោះឡើយ គឺមានតែការប្រឹងប្រែងដោយខ្លួនឯងទេ ទើបធ្វើឲ្យប្រទេសនេះក្លាយជាអ្នកមានបាន។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ចច អេដហ្ការ (George Edgar) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិកកាលពីថ្ងៃទី១៩ ខែមីនាថា ក្រុមគណៈប្រតិភូសហភាពអឺរ៉ុប កំពុងធ្វើទស្សនកិច្ចពីរថ្ងៃនៅកម្ពុជា និងជួបជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន។ ក្នុងដំណើរទស្សនកិច្ចខ្លីនេះ គឺជាផ្នែកមួយនៃដំណើរការទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងកម្ពុជា ក្នុងបរិបទនៃ EBA។
អ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ លើកឡើងថា ដំណើរទស្សនកិច្ច និងអ្វីដែលប្រតិភូសហភាពអឺរ៉ុប លើកឡើងជាមួយជាមួយមន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញ គឺជាសញ្ញាបញ្ជាក់ថា សហភាពអឺរ៉ុបកំពុងព្រមានដកប្រព័ន្ធអនុគ្រោះព័ន្ធពីកម្ពុជា ប្រសិនបើរបបក្រុងភ្នំពេញ មិនវិលទៅកាន់ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ៖ «ប្រសិនបើក្រុមលោក ហ៊ុន សែន រឹងទទឹង មិនព្រមវិលទៅកាន់ការណែនាំ ឬក៏ជាអនុសាសន៍ក្នុងពាក្យ សហប្រតិបត្តិការរបស់គេ តាមពិត .. គេប្រើពាក្យប្រតិបត្តិការត្រូវហើយ ព្រោះគេចង់បញ្ជាក់ថា វាទាល់តែកម្ពុជាវិលទៅកាន់ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន សេរីភាពបញ្ចេញមតិ សេរីភាពសង្គមស៊ីវិល ទើបគេអាចធ្វើសហប្រតិបត្តិការបាន»។
លោក គឹម សុខ បន្តថា ការលើកឡើងរបស់លោក ហ៊ុន សែន គឺជាការបង្ហាញភាពពុតត្បុត ដើម្បីអួតថា ខ្លួនឯងខ្លាំងប៉ុណ្ណោះ ប៉ុន្តែធាតុពិតលោក ហ៊ុន សែន ក៏កំពុងភ័យស្លន់ស្លោពីរឿងប្រឈមមុខបាត់បង់ EBA នេះ៖ «ខ្ញុំគិតថា ជាខ្លឹមសារខាងក្នុងពិតប្រាកដ គឺគាត់កំពុងចាត់វិធានការ ស្វែងរកគន្លឹះដើម្បីរក្សា EBA ជាពិសេស ការជជែកក្នុងរូបភាពបិទទ្វារជាមួយមន្ត្រីសហគមន៍អឺរ៉ុប ដើម្បីរកផ្លូវទាំងឡាយណារក្សា EBA បាន ព្រោះ EBA គឺជាបង្អែកធំណាស់សម្រាប់រក្សាមុខមាត់អំណាច របស់លោក ហ៊ុន សែន ដែរ ព្រោះកាលណាបើបាត់ EBA ពិបាកទប់ស្ថានការណ៍ទាំងក្នុងផ្ទៃក្នុងជាតិ និងអន្តរជាតិ»។
សហភាពអឺរ៉ុបបានប្រកាសពីដំណើរការពិចារណាព្យួរប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា កាលពីថ្ងៃទី១១ កុម្ភៈកន្លងទៅ។ ដំណើរការនេះ មានរយៈពេលសរុបទាំងអស់១៨ ខែគិតចាប់ពីថ្ងៃទី១២ កុម្ភៈតទៅ។ សហភាពអឺរ៉ុបបានទុកពេលឱ្យរបបក្រុងភ្នំពេញចំនួន ៦ខែ ដើម្បីស្ការស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្ស បើពុំដូច្នេះទេ ក្នុងរយៈពេល ៦ខែ បន្ទាប់ទៀត អឺរ៉ុបនឹងចាប់ផ្ដើមដំណាក់កាលធ្វើការសម្រេចចិត្តថា តើត្រូវរក្សា ឬព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ បើមានការសម្រេចថា ព្យួរ សហភាពអឺរ៉ុបទុកពេលឱ្យកម្ពុជា ៦ខែទៀត ដើម្បីត្រៀមខ្លួន មុននឹងការព្យួរប្រព័ន្ធអនុគ្រោះពន្ធនោះចូលជាធរមាន។
នៅមុនដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអឺរ៉ុបមួយថ្ងៃ អង្គការ សមាគម សហជីព និងសហគមន៍ ប្រមាណ៧០ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយបានបង្ហាញការព្រួយបារម្ភចំពោះសេចក្ដីសម្រេចជាផ្លូវការនៃដំណើរការនីតិវិធីព្យួរជាបណ្ដោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ ក្រុមសង្គមស៊ីវិលអះអាងថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងមានផលប៉ះពាល់អវិជ្ជមានដោយផ្ទាល់ និងដោយប្រយោល ចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ពលរដ្ឋ ព្រមទាំងការអភិវឌ្ឍជាតិទាំងមូល។ ហេតុដូច្នេះពួកគេ ស្នើឱ្យរបបលោក ហ៊ុន សែន ចាត់វិធានការជាក់ស្ដែង និងម៉ត់ចត់ ក្នុងការស្ដារ ការពារ និងបំពេញលក្ខខណ្ឌសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
