លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់ថា មកដល់ពេលនេះនៅមិនទាន់មានមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិណាម្នាក់ ដាក់សំណើសុំសិទ្ធិធ្វើនយោបាយឡើងវិញនៅឡើយ ដ្បិតច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនៅមិនទាន់ចូលជាធរមាននៅឡើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី៣ ខែមករា ថា លោក ស ខេង លើកឡើងទៀតថា ករណីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ វិញគឺមិនអាចនិយាយថា យ៉ាងណាបានឡើយនៅពេលដែលសំណុំរឿងនេះកំពុងឋិតក្នុងនីតិវិធីរបស់តុលាការ៖ «ដោយសារតែច្បាប់ហ្នឹងមិនទាន់បានព្រះករុណាព្រះអង្គលោកឡាយព្រះហស្ថលេខាប្រកាសអោយប្រើប្រាស់ចូលជាធរមាននៅឡើយ ក្រោយច្បាប់ចូលជាធរមាននោះយើងនឹងដឹង។ សំនួរ៖តើបុគ្គលបក្សប្រឆាំងណាខ្លះ ដែលមិនអាចស្ដារនីតិសម្បទាឡើងវិញបាន ? បញ្ហានេះខ្ញុំក៏មិនអាចនិយាយបាន ពីព្រោះវាមានបញ្ហាត្រង់ថាយើងមិនអាចធ្វើការវាយតម្លៃស្មានកើតទេ ទាល់តែមានឯកសារ។ សំនួរ៖ ឯកឧត្ដម កឹម សុខា តើអាចជាបេក្ខភាពត្រូវពិចារណា ឬក៏បែបម៉ិចដែរ ? បញ្ហាយើងត្រូវមើលបញ្ហាពីដើមថា មូលហេតុអីបានជាគាត់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តើមកដល់ហ្នឹងដំណើរការដល់ណា នីតិវិធីតុលាការគឺនៅមិនទាន់ចប់នៅឡើយទេ។ សំនួរ៖ ប្រសិនបើមិនជាប់នីតិវិធីតុលាការទេ គឺគាត់អាចស្នើសុំធ្វើនយោបាយ ឬក៏បែបម៉ិច ? អាហ្នឹងខ្ញុំមិនដឹងទេ ពីព្រោះឥឡូវគាត់ស្ថិតនៅក្នុងនីតិវិធីតុលាការ»។
នេះជាលើកទី១ហើយ ដែលលោក ស ខេង លើកឡើងពីសំណុំរឿងរបស់ លោក កឹម សុខា នៅក្រោយពេលដែល លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានព្រមព្រៀងគ្នាលេងល្បែងភ្នាល់ទៅតាមសម្ដីរបស់លោក សម រង្ស៊ី។ ល្បែងភ្នាល់នោះបញ្ជាក់ ប្រសិនបើមានការដោះលែងលោក កឹម សុខា មែននោះ លោក ហ៊ុន សែន សុខចិត្តចុះចេញពីតំណែងតាមការបបួលភ្នាល់របស់លោក សម រង្ស៊ី ប៉ុន្តែបើលោក កឹម សុខា មិនត្រូវបានដោះលែងវិញនោះ នៅចន្លោះពីថ្ងៃទី២៩ធ្នូ ឆ្នាំ ២០១៨ ដល់ ថ្ងៃទី០៣ ខែមីនា ទេលោក សម រង្ស៊ី ចុះចាញ់ហើយចូលអោយចាប់ខ្លួនភ្លាមបន្ទាប់ពីបញ្ចប់ការភ្នាល់។
លោក ហ៊ុន សែនកាលពីពេលថ្មីៗនេះថា បានបញ្ជាឲ្យអាជ្ញាធរលោកអនុញ្ញាតឲ្យលោក សម រង្ស៊ី មកស្រុកវិញដើម្បីចាប់ដាក់ពន្ធនាគារ។ បើតាមសម្ដីរបស់លោក ស ខេង ហាក់ចង់បង្ហាញថា ករណីលោក កឹម សុខា គឺឋិតក្នុងនីតិវិធីតុលាការ ហើយប្រសិនបើមានការដោះលែង ឬបន្តការឃុំខ្លួនលោកនៅចន្លោះពេលនៃល្បែងភ្នាល់នេះគឺជាសមត្ថកិច្ចរបស់តុលាការ ដែលមិនពាក់ព័ន្ធអ្វីសោះនឹងលោក ហ៊ុន សែន ពោលគឺមិនមែនលោក ហ៊ុន សែន ជាអ្នកដោះលែងនោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
