គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​គ្រោង​កោះ​ហៅ​អាជ្ញាធរ​អប្សរា​មក​ឆ្លើយ​បំភ្លឺ

0:00 / 0:00

គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា ទទួល​បន្ទុក​អង្កេត និង​ប្រឆាំង​អំពើ​ពុក​រលួយ គ្រោង​នឹង​កោះ​ហៅ​អាជ្ញាធរ​អប្សរា មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា ឬ​ក៏​ចុះ​ទៅ​អង្កេត​មើល​ជាក់ស្តែង​ដល់​កន្លែង ពី​ចំណូល​នានា​របស់​អាជ្ញាធរ​អប្សរា។ នៅ​ពេល​នេះ ក្រុម​ការងារ​សភា កំពុង​ប្រមូល​ឯកសារ​ពាក់ព័ន្ធ​មក​ពិនិត្យ​ជា​មុន​សិន។

ក្រោយ​ពី​រក​ឃើញ​ថា ប្រាក់​ចំណូល​របស់​អាជ្ញាធរ​អប្សរា​បាន​ពី​ភ្ញៀវ​ទេសចរ នៅ​តែ​មាន​ភាព​មិន​ប្រក្រតី គណៈកម្មការ​ទី​១០​រដ្ឋសភា គ្រោង​ចុះ​ទៅ​ពិនិត្យ​ជាក់ស្តែង​នៅ​កន្លែង​ការងារ​របស់​អាជ្ញាធរ​អប្សរា ឬ​ក៏​កោះ​អញ្ជើញ​ក្រុម​ការងារ​នេះ​មក​ឆ្លើយ​បំភ្លឺ​នៅ​មន្ទីរ​រដ្ឋសភា នៅ​ខែ​មីនា ខាង​មុខ។

ថ្លែង​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ប្រធាន​គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា លោក ហូរ វ៉ាន់ មាន​ប្រសាសន៍​ថា នៅ​ពេល​នេះ​លោក​មាន​ឯកសារ​មួយ​ចំនួន​ក្នុង​ដៃ ដែល​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ស្ដីពី​ចំណូល​របស់​អាជ្ញាធរ​អប្សរា។ លោក​បន្ត​ថា ទោះ​អាជ្ញាធរ​អប្សរា​មិន​ព្រម​មក​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា ក៏​ក្រុម​ការងារ​លោក​ទាំង​ពីរ​គណបក្ស នឹង​ចុះ​ទៅ​ខេត្ត​សៀមរាប ដើម្បី​ជួប​អាជ្ញាធរ​នេះ​តែ​ម្តង៖ «ចង់​ដឹង​ឲ្យ​បាន​ច្បាស់​ពី​អ្វី​ដែល​យើង​សង្ស័យ។ ករណី​យើង​ឃើញ​ច្បាស់លាស់​ហើយ នឹង​បញ្ជូន​ទៅ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ តុលាការ និង​នគរបាល​យុត្តិធម៌»

ទាក់ទង​ចំណូល​ចំណាយ​របស់​អាជ្ញាធរ​អប្សរា​នេះ​ដែរ កាល​ពី​ខែ​ធ្នូ គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា បាន​ចុះ​ទៅ​អង្កេត​ម្តង​រួច​ហើយ​ពី​ចំណូល​ចំណាយ​របស់​អាជ្ញាធរ​អប្សរា។ នៅ​ពេល​នោះ អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ឯកភាព​ចំពោះ​ការ​បង្ហាញ​របស់​អាជ្ញាធរ​នេះ។ ប៉ុន្តែ​អ្នក​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង មិន​ទាន់​ឯកភាព​ចំពោះ​របាយការណ៍​របស់​អាជ្ញាធរ​អប្សរា​ទេ និង​ថា​អាជ្ញាធរ​នេះ​លាក់លៀម​ព័ត៌មាន​ពិត​ពី​ការ​លក់​សំបុត្រ​ភ្ញៀវ​ចូល​ទស្សនា​នៅ​តំបន់​អង្គរ។

លោក ហូរ វ៉ាន់ បញ្ជាក់​ថា ក្រុម​ការងារ​លោក​ទៅ​អង្កេត ឬ​សាកសួរ​នៅ​កន្លែង​ណា​មួយ​របស់​អាជ្ញាធរ​អប្សរា ដែល​លោក​សង្ស័យ​ថា​មាន​លាក់លៀម​ព័ត៌មាន ឬ​មាន​អំពើ​ពុក​រលួយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធិ បាន​ទេ ដោយ​ទូរស័ព្ទ​លោក​នៅ​ក្រៅ​តំបន់​សេវា។

អាជ្ញាធរ​អប្សរា បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៤ មាន​ភ្ញៀវ​ទេសចរ​ជាង ៥​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ជាង ២​លាន​នាក់ បាន​ទៅ​ទស្សនា​តំបន់​អង្គរ​ដោយ​ទិញ​ប័ណ្ណ​ក្នុង​ប្រាក់​ចំណូល​ទទួល​បាន​ជិត ៦០​លាន​ដុល្លារ។ ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​អះអាង​ថា ចំណូល​បាន​ពី​លក់​សំបុត្រ​យ៉ាង​ហោច​ណាស់​អាច​បាន ១៥០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។