ទស្សនៈអ្នកវិភាគនិងអ្នកនយោបាយអំពីឥទ្ធិពលនៃលទ្ធផលបោះឆ្នោតនៅភូមាមកលើកម្ពុជា
2015.11.11
នៅក្រោយដំណើរការបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា ឬភូមា បានបញ្ចប់ភ្លាមៗ សារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន បានរាយការណ៍ថា គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ របស់ អ្នកស្រី អ៊ុងសាន ស៊ូជី ទទួលបានសំឡេងឆ្នោតយ៉ាងច្រើនលើសលប់ពីប្រជាពលរដ្ឋមីយ៉ាន់ម៉ា។ ដំណើរឆ្ពោះទៅកាន់ជោគជ័យនៃគណបក្សប្រឆាំងរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានអ្នកជំនាញ និងអ្នកនយោបាយខ្មែរខ្លះអបអរសាទរ និងចង់ឲ្យកម្ពុជា ទាញយកមេរៀនល្អៗពីការបោះឆ្នោតនៅប្រទេសដែលធ្លាប់ប្រកាន់យករបបយោធានិយមមួយនេះ។
ក្រុមអ្នកតាមដាននយោបាយ និងអ្នកនយោបាយខ្មែរ មានការយល់ឃើញផ្សេងៗពីគ្នាចំពោះលទ្ធផលបោះឆ្នោតនៅប្រទេសមីយ៉ាន់ម៉ា ដែលបង្ហាញពីសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ចំពោះគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ របស់ អ្នកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម លោក កែម ឡី មើលឃើញថា ដំណើរជោគជ័យរបស់គណបក្សប្រឆាំងនៅភូមា ធ្វើឲ្យរបបយោធា ឬរបបផ្តាច់ការទទួលស្គាល់ការពិតពីស្ថានភាពមិនល្អនៃការដឹកនាំរបស់ខ្លួន។ លោក កែម ឡី បន្តថា ការផ្លាស់ប្ដូរនៅភូមា អាចពញ្ញាក់អារម្មណ៍ពលរដ្ឋខ្មែរគ្រប់រូបដែលចង់បានការផ្លាស់ប្ដូរ គិតគូរអំពីជោគវាសនារបស់ខ្លួនកាន់តែខ្លាំងជាងមុន។ យ៉ាងណាក៏ដោយចុះ លោក កែម ឡី មិនហ៊ានសន្និដ្ឋានថា គណបក្សប្រឆាំងនៅកម្ពុជា នឹងឈ្នះឆ្នោតដូចបក្សប្រឆាំងនៅភូមា នោះឡើយ។
លោកបញ្ជាក់ថា មេដឹកនាំបក្សប្រឆាំងនៅភូមា ហ៊ានលះបង់ខ្លាំងជាងមេដឹកនាំបក្សប្រឆាំងនៅកម្ពុជា ដែលជាហេតុធ្វើឲ្យពលរដ្ឋភូមា មានទំនុកចិត្តជាមួយមេដឹកនាំរបស់ខ្លួន៖ «ផ្តល់មេរៀនដែលជាបទពិសោធន៍ដល់គណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជា ឬក៏នៅក្នុងតំបន់ ថាការតស៊ូដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យ ត្រូវមានការអត់ធ្មត់ច្រើន ត្រូវមានការតស៊ូវែងឆ្ងាយ ហើយត្រូវមានភាពអហិង្សាជានិច្ច ហើយសូមបញ្ជាក់ប្រាប់ថា មេដឹកនាំនៃគណបក្សរបស់ លោកស្រី អ៊ុងសាន ស៊ូជី ហើយនិងសកម្មជនសំខាន់ៗ អត់ដើរចេញពីប្រទេសទេ។ ភាគច្រើនគាត់នៅភ្ជាប់រវាងមេដឹកនាំគណបក្សប្រឆាំងជាមួយនឹងអ្នកគាំទ្រ»។
ចំណែកប្រធានអង្គការវេទិកាអនាគត និងជាអ្នកតាមដានស្ថានការណ៍នយោបាយ លោក អ៊ូ វីរៈ វិញ យល់ឃើញថា សន្ទុះគាំទ្របក្សប្រឆាំងនៅភូមា នឹងធ្វើឲ្យអ្នកគាំទ្របក្សប្រឆាំងនៅកម្ពុជា មានទឹកចិត្តតស៊ូឡើងវិញ ដើម្បីឈានដល់ការផ្លាស់ប្ដូរសង្គម។ ស្រដៀងនឹង លោក កែម ឡី ដែរ លោក អ៊ូ វីរៈ មិនអាចធ្វើការប៉ាន់ស្មានថា បក្សប្រឆាំងនៅកម្ពុជា អាចនឹងមានវាសនាល្អដូចនៅភូមា នោះទេ ពីព្រោះពេលវេលានៃការបោះឆ្នោតនៅកម្ពុជា នៅសល់រយៈពេលវែងទៅមុខទៀត៖ «ស្ថានភាពនយោបាយនៅភូមា គឺតានតឹងស្រដៀងប្រទេសកម្ពុជា តាមពិតតានតឹងជាងប្រទេសកម្ពុជា ទៀត។ បើសិនជាតានតឹងជាងប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋប្រទេសភូមា ក្នុងការបំភ័យក៏ដោយ នៅតែក្លាហានក្នុងការឈានទៅរកការបោះឆ្នោតបាក់ទឹកបាក់ដី ហ៊ានទៅដល់បោះឆ្នោតដើម្បីដូររដ្ឋាភិបាលទៀត ខ្ញុំថានឹងផ្តល់ក្តីកក់ក្តៅមួយ និងការលើកទឹកចិត្តមួយសម្រាប់ពលរដ្ឋខ្មែរក្នុងការមានភាពក្លាហានដែរ»។
បណ្ដាញផ្សព្វផ្សាយព័ត៌មាន ប៊ី.ប៊ី.ស៊ី (BBC) របស់អង់គ្លេស បានដកស្រង់សម្ដី អ្នកស្រី អ៊ុងសាន ស៊ូជី ថា គណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ របស់អ្នកស្រី បានទទួលសំឡេងគាំទ្រពីប្រជាជនដល់ទៅ ៧៥ភាគរយ។ តាមការពិត គណបក្សប្រឆាំងនៅភូមា ត្រូវការសំឡេងឆ្នោតពី ៦៧ភាគរយឡើងទៅ ដើម្បីឈ្នះការបោះឆ្នោតលើកនេះ។ សភាប្រទេសភូមា ទាំងជាន់ទាប និងជាន់ខ្ពស់មាន ៦៦៤អាសនៈ ប៉ុន្តែ ២៥ភាគរយ ឬស្នើនឹង ១៦៦អាសនៈ ត្រូវបានប្រគល់ទៅឲ្យពួកយោធាដោយស្វ័យប្រវត្តិ ស្របទៅតាមរដ្ឋធម្មនុញ្ញភូមា ឆ្នាំ២០០៨។
លោក ប៉ុល ហំម ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា បានអបអរសាទរចំពោះដំណើរការផ្លាស់ប្ដូរនៅភូមា។ លោក ប៉ុល ហំម បញ្ជាក់ថា មេរៀនដែលកម្ពុជា អាចទាញយកបានពីការបោះឆ្នោតនៅភូមា គឺការអនុវត្តលទ្ធិប្រជាធិបតេយ្យពេញលេញក្នុងដំណើរការបោះឆ្នោត និងការទទួលស្គាល់បរាជ័យនៃលទ្ធផលឆ្នោត។ ស្រដៀងគ្នានឹងអ្នកវិភាគដែរ លោក ប៉ុល ហំម មិនអាចសន្និដ្ឋានថា គណបក្សរបស់លោកនឹងទទួលបានជ័យជម្នះដូចបក្សរបស់ អ្នកស្រី អ៊ុងសាន ស៊ូជី នោះទេ ដោយសារពេលវេលានៅយូរទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨ ខាងមុខ៖ «ការបោះឆ្នោតនេះ គឺជាការផ្លាស់ប្ដូរមួយជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសភូមា ហើយខ្ញុំចង់ឃើញប្រទេសដទៃទៀត ជាពិសេសប្រទេសខ្មែរក៏ដោយ ក៏ឲ្យមានការអនុវត្តលទ្ធិប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវ។ បើគណបក្សណាឈ្នះឆ្នោត សូមឲ្យមានការផ្ទេរអំណាច ការផ្លាស់ប្ដូរហ្នឹងដោយសន្តិវិធីដូចប្រទេសភូមា ដែរ»។
ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចវិញ អះអាងថា លទ្ធផលបោះឆ្នោតនៅភូមា នឹងមិនមានឥទ្ធិពលអ្វីដល់នយោបាយក្នុងប្រទេសកម្ពុជា។ លោក សុខ ឥសាន បានមានប្រសាសន៍ថា មេដឹកនាំបក្សប្រឆាំងនៅភូមា ថាជាអ្នកគិតគូរពីជាតិពិតប្រាកដ ម្ល៉ោះហើយធ្វើឲ្យសាធារណជនភូមា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យសម្រាប់ការដឹកនាំប្រទេស ខុសពីមេដឹកនាំបក្សប្រឆាំងនៅកម្ពុជា វិញ លោក សុខ ឥសាន គិតថាជាអ្នកស្នេហាជាតិក្លែងក្លាយ៖ «មិនអាចផ្សារភ្ជាប់ស្ថានការណ៍មីយ៉ាន់ម៉ា មកកម្ពុជា បានទេ។ កុំឲ្យគណបក្សប្រឆាំងនៅកម្ពុជា ត្រេកអររហូតដល់យល់សប្តិ ឬមួយក៏មានការទស្សន៍ទាយថាការបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រឆាំងនៅកម្ពុជា ក៏ឈ្នះដូចគណបក្សប្រឆាំងនៅភូមា ដែរ។ នេះមិនមែនទេ ពីព្រោះសភាពការណ៍ខុសគ្នា ហើយលក្ខណៈសម្បត្តិរបស់គណបក្សប្រឆាំងរបស់ប្រទេសទាំងពីរ ក៏នៅខុសគ្នាមេឃ និងដីដែរ»។
យោងតាមសារព័ត៌មាន អេ.ប៊ី.ស៊ី (ABC) អូស្ត្រាលី ឲ្យដឹងថា ប្រមុខដឹកនាំយោធាមីយ៉ាន់ម៉ា ដែលរួមមាន លោក ថេន សេន បច្ចុប្បន្នប្រធានាធិបតី និងលោក ស្វេ ម៉ាន់ ដែលជាប្រធានសភា គ្រោងនឹងជួបពិភាក្សាគ្នាជាមួយ អ្នកស្រី អ៊ុងសាន ស៊ូជី នាពេលឆាប់ៗខាងមុខ។ លោក ស្វេ ម៉ាន់ បញ្ជាក់ថា លោកនឹងជួបពិភាក្សាជាមួយ អ្នកស្រី អ៊ុងសាន ស៊ូជី ក្នុងរយៈពេលមួយសប្ដាហ៍ ដើម្បីជជែកពីរឿងផ្សះផ្សាជាតិ និងបញ្ហាមួយចំនួនទៀត។
ការបង្កើតរដ្ឋាភិបាល និងជ្រើសរើសប្រធានាធិបតីថ្មីនៃប្រទេសមីយ៉ាន់ម៉ា នឹងប្រព្រឹត្តទៅនៅខែមីនា ឆ្នាំ២០១៦ ខាងមុខ។ ស្ថិតក្នុងបរិបទនេះ មជ្ឈដ្ឋាននានាកំពុងតាមដានមើលស្ថានការណ៍នយោបាយនៅប្រទេសនេះបន្តទៀត ដោយម្នាក់ៗមិនទាន់ប្រាកដនៅឡើយទេថា តើមេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងផ្ទេរអំណាចឲ្យគណបក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ របស់ អ្នកស្រី អ៊ុងសាន ស៊ូជី ដោយសន្តិវិធី ឬក៏យ៉ាងណានោះទេ៕